ក្រុមអាជ្ញាធរចម្រុះបានចុះជម្លៀសប្រជាពលរដ្ឋចំនួន ១៨៣គ្រួសារថែមទៀត ទៅកាន់ទីទួលសុវត្ថិភាពនៅវត្តឯកភ្នំ ស្ថិតនៅស្រុកឯកភ្នំ ខេត្តបាត់ដំបង។ អ្នកភូមិទាំងនោះត្រូវទឹកដែលហូរចេញពីកំពីងពួយ បន្តទៅជន់លិចនៅព្រឹកថ្ងៃទី១២ ខែតុលា ឆ្នាំ២០១៣។
នាយករដ្ឋបាលសាលាខេត្តបាត់ដំបង លោក សឿម ប៊ុនរិទ្ធ បញ្ជាក់ថា ក្រុមការងារលេខាធិការដ្ឋាននៃគណៈកម្មាធិការគ្រប់គ្រងគ្រោះមហន្តរាយ បានចុះទៅជួយសង្គ្រោះអ្នកភូមិទាំងនោះ ទៅកាន់ទីទួលសុវត្ថិភាពទាន់ពេលវេលា នៅថ្ងៃទី១២ ខែតុលា ហើយបានរៀបចំជំនួយមនុស្សធម៌ជូនពួកគាត់។
ចំណែកឯក្រុមការងារនៅបន្តធ្វើរបាយការណ៍បូកសរុបជុំវិញផលប៉ះពាល់ដោយគ្រោះទឹកជំនន់ នៅទូទាំងខេត្ត៖ «របាយការណ៍បូកសរុបល្ងាចមិញហើយ អ្នកបូកសរុបកំពុងចុះទៅមើលកើតគ្រោះមហន្តរាយធ្លាក់ទឹកមកខាងស្រុកឯកភ្នំ ខាងទំនប់អាងភាស នៅវត្តឯកភ្នំ នេះ អាហ្នឹងអត់បានបូកសរុប រវល់ដើរមើលស្ថានភាពហ្នឹងទៀត។ របាយការណ៍ចាស់ធ្វើបច្ចុប្បន្នភាពមិនអាចយកទៅផ្សាយបានទេ ព្រោះវាពាក់ព័ន្ធការវាយតម្លៃឲ្យបានច្បាស់លាស់ មុខនឹងនិយាយទៅអ្នកសារព័ត៌មានក៏ដូចជាវិទ្យុទូរទស្សន៍»។
ក្រុមមន្ត្រីជំនាញបញ្ជាក់ថា គ្រោះទឹកជំនន់ក្នុងខេត្តបាត់ដំបង នៅឆ្នាំ២០១៣ នេះ មានស្ថានភាពធ្ងន់ធ្ងរជាងបណ្ដាលឆ្នាំមុន។ លំនៅឋានជាច្រើនម៉ឺនខ្នង រងការលិចលង់ ប្រជាពលរដ្ឋច្រើនពាន់គ្រួសារ ត្រូវបានជម្លៀសចេញទៅកាន់ទីទួលសុវត្ថិភាព។ ប្រភពពីមន្ត្រីមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តបាត់ដំបង ឲ្យដឹងថា ហេដ្ឋារចនាសម្ព័ន្ធផ្លូវថ្នល់ ៥០% ត្រូវទឹកជន់លិច ក្នុងនោះផ្លូវលំតាមស្រុកនានា រងការខូចខាត ៣០% និងផ្លូវថ្នល់ខូចខាត ១០%។ ក្រុមមន្ត្រីនៃមន្ទីរសាធារណការ បានផ្ដើមជួសជុលផ្លូវថ្នល់ដែលរងការខូចខាតនោះ នៅក្នុងក្រុងឡើងវិញបណ្ដើរៗហើយ។
ក្រៅពីហេដ្ឋារចនាសម្ព័ន្ធផ្លូវថ្នល់ នៅមានសាលារៀន អនុវិទ្យាល័យ និងវិទ្យាល័យ មានចំនួន ២៦០សាលា ត្រូវទឹកជន់លិច បង្រៀនសិស្សមិនកើត។
ប្រធានមន្ទីរអប់រំខេត្តបាត់ដំបង លោក ងី សែត ថ្លែងថា នៅក្នុងខេត្តបាត់ដំបង មានសាលារៀនជាង ៧០០កន្លែង។ បច្ចុប្បន្ននេះ ទឹកបានស្រកវិញហើយ បណ្ដាសាលាមួយចំនួនធំនឹងចាប់បើកទ្វារបង្រៀនសិស្សឡើងវិញនៅថ្ងៃច័ន្ទ ដើមសប្ដាហ៍ក្រោយនេះ៖ «ឥឡូវហ្នឹងកំពុងឲ្យតាមស្រុកនីមួយៗស្រង់របាយការណ៍ខូចខាត យើងអត់បានទទួលនៅឡើយទេ សាលាខ្លះនៅខាងស្រុកថ្មគោល កំពុងតែលិចលង់ អ៊ីចឹងគាត់អត់ទាន់ធ្វើរបាយការណ៍មកទេ»។
ក្រៅពីសាលារៀន លំនៅឋានរបស់ប្រជាពលរដ្ឋដែលទឹកជន់លិច នៅមានផលដំណាំស្រូវជាច្រើនម៉ឺនហិកតារទៀត រងប៉ះពាល់។ ប្រធានមន្ទីរកសិកម្មខេត្តបាត់ដំបង លោក ឈឹម វិជ្ជរ៉ា បញ្ជាក់ថា គិតត្រឹមថ្ងៃទី១១ ខែតុលា ផលដំណាំស្រូវដែលរងជន់លិចដោយសារទឹកជំនន់ មានផលប៉ះពាល់ជាង ១០២.២១៣ហិកតារ នៅទូទាំងខេត្ត។ ក្នុងនោះ ស្រូវដែលទុំ និងចេញផ្ការងការខូចខាតទាំងស្រុងចំនួន ១.២០៨ហិកតារ។ ការអនុវត្តការបង្កបង្កើនផលស្រូវ ឆ្នាំ២០១៣ នៅខេត្តបាត់ដំបង មានចំនួន ២៩៦.៩៩៣ហិកតារ។
លោក ឈឹម វិជ្ជរ៉ា៖ «បញ្ហានេះយើងនៅតែតាមដានជាប្រចាំ ដើម្បីពិនិត្យទៅលើគ្រប់ស្រុកទាំងអស់ដែលប៉ះពាល់ ហើយតាមបណ្ដាស្រុក យើងចាត់ឲ្យគាត់រាយការណ៍ជាប្រចាំថ្ងៃ ហើយបន្តឃ្លាំមើលក្រែងមានជំងឺឆ្លងសត្វ ប៉ះពាល់លិចលង់ បើយើងប្រៀបធៀបជាមួយឆ្នាំ២០១៣ នេះ ជាលើកទីមួយហើយសម្រាប់ខេត្តបាត់ដំបង ជំនន់ទឹកភ្លៀងវាប៉ះពាល់ជាង២០១១។ ឆ្នាំ២០១១ យើង ទឹកជំនន់ពីទន្លេ យើងប៉ះពាល់ជាង ៥ម៉ឺនទេ ខូចខាតជាង ៣ម៉ឺនហិកតារ ប៉ុន្តែលើកនេះ យើងប៉ះពាល់ជាង ១០ម៉ឺនហិកតារ»។
ទន្ទឹមគ្នានេះ មន្ទីរកសិកម្មអំពាវនាវដល់អង្គភាពពាក់ព័ន្ធផ្សេងៗ អង្គការដៃគូជាតិ និងអន្តរជាតិ ឲ្យចូលរួមឧបត្ថម្ភស្រូវពូជដល់ប្រជាកសិករ ធ្វើយ៉ាងម៉េចដើម្បីឲ្យពួកគាត់មានលទ្ធភាពបង្កបង្កើនផលនៅពេលទឹកស្រកអស់ កសិករអាចស្ដារឡើងវិញ។ ក្នុងនោះ មន្ទីរកសិកម្មក៏មានស្រូវពូជខ្លះសម្រាប់ឲ្យកសិករខ្ចី ដើម្បីស្ដារការដាំដុះឡើងវិញ។ ក្រៅពីការបំផ្លាញលំនៅឋាន ទ្រព្យសម្បត្តិ ផ្លូវថ្នល់ ដំណាំស្រូវ ទឹកជំនន់នៅឆ្នាំ២០១៣ នេះ បានបណ្ដាលឲ្យមានមនុស្សស្លាប់ជាច្រើននាក់ផ្សេងទៀត៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖
ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។
