សហគមន៍​ការពារ​ព្រៃឈើ​នៅ​ឧត្តរមានជ័យ​រង​ការ​គំរាមកំហែង​ពី​អ្នក​កាប់​ឈើ

0:00 / 0:00

ឧក្រិដ្ឋកម្ម​ព្រៃឈើ​នៅ​ខេត្ត​ឧត្តរមានជ័យ មិន​ត្រឹម​តែ​គំរាម​កំហែង​ទៅ​លើ​​បរិស្ថាន​ធម្មជាតិ និង​សត្វព្រៃ ឱ្យ​បាត់បង់​ទី​ជម្រក និង​ទីកន្លែង​រស់​នៅ​ប៉ុណ្ណោះ​ទេ គឺ​ថែម​ទាំង​កំពុង​គំរាម​កំហែង​ទៅ​លើ​​ក្រុម​សកម្មជន​អ្នក​​ការពារ​ព្រៃ​ឈើ​​ទៀត​ផង។

ចាប់​តាំង​ពី​ពាក់​កណ្ដាល​ខែ​មិថុនា កន្លង​ទៅ ​ក្រុម​អ្នក​លួច​ចូល​ទៅ​កាប់​ឈើ​ខុសច្បាប់​នៅ​ក្នុង​តំបន់​ព្រៃ​ការពារ​របស់​សហគមន៍ សង្ឃរុក្ខវ័ន្ត បាន​គំរាម​កំហែង​ផ្ទួនៗ ទៅ​លើ​ក្រុម​អ្នក​ការពារ រួម​មាន​ការ​លួច​ដុត​បំផ្លាញ​ផ្ទះ​របស់​សមាជិក​គណៈកម្មការ និង​ដុត​បំផ្លាញ​ទីស្នាក់ការ​របស់​សហគមន៍​ការពារ​ព្រៃឈើ​សង្ឃរុក្ខវ័ន្ត នៅ​ក្នុង​ភូមិ​បាក់នឹម ជាដើម។

សមាជិក​គណៈកម្មការ​សហគមន៍​ការពារ​ព្រៃឈើ សង្ឃ​រុក្ខវ័ន្ត ម្នាក់​នៅ​ភូមិ​បាក់នឹម សង្កាត់​កូនក្រៀល នៃ​ក្រុង​សំរោង កំពុង​ត្រូវ​ការ​ឱ្យ​សមត្ថកិច្ច​របស់​រដ្ឋាភិបាល ជួយ​ការពារ​សុវត្ថិភាព​ផ្ទាល់​ខ្លួន​របស់​គាត់ និង​ក្រុម​គ្រួសារ។

ការ​ទាមទារ​ឱ្យ​មាន​កិច្ច​ការពារ​សន្តិសុខ​នេះ បាន​កើត​ឡើង​បន្ទាប់ពី​មនុស្ស​មិន​ស្គាល់​មុខ​បាន​លួច​ចូល​ទៅ​ដុត​បំផ្លាញ​ផ្ទះ​របស់​គាត់ ដើម្បី​គំរាមកំហែង​ឱ្យ​គាត់​ដក​ខ្លួន​ចេញ​ពី​សកម្មជន​ការពារ​ព្រៃឈើ។

សមាជិក​គណៈកម្មការ​សហគមន៍​ការពារ​ព្រៃឈើ សង្ឃ​រុក្ខវ័ន្ត ម្នាក់ ក្នុង​ចំណោម ៤​រូប​ផ្សេង​ទៀត នៅ​ក្នុង​ភូមិ​បាក់នឹម គឺ​លោក លឿត ឡោះ។ លោក​អះអាង​ថា កាល​ពី​រាត្រី​ថ្ងៃ​ទី​១៥ ខែ​មិថុនា កន្លង​ទៅ មាន​ជន​មិន​ស្គាល់​មុខ​បាន​លួច​ដុត​បំផ្លាញ​ផ្ទះ​របស់​លោក​ឱ្យ​ឆេះ​គ្មាន​សល់ ក្នុង​ពេល​ដែល​ប្រពន្ធ និង​រូប​លោក​មិន​បាន​នៅ​ផ្ទះ។ បុរស​ដដែល​ចាត់​ទុក​ការ​លួច​ដុត​ផ្ទះ​នេះ គឺ​ជា​ការ​គំរាមកំហែង​មក​លើ​រូប​គាត់ ដែល​ជា​គណៈកម្មការ​សហគមន៍​ការពារ​ព្រៃឈើ​សង្ឃរុក្ខវ័ន្ត។ មូលហេតុ​ដែល​លោក​សន្និដ្ឋាន​បែប​នេះ ដោយសារ​តាំង​តែ​ពី​អំឡុង​ខែ​មេសា កន្លង​ទៅ គឺ​លោក​បាន​ចុះ​ល្បាត​ការពារ​ព្រៃឈើ ហើយ​ធ្លាប់​ចាប់​ដក​ហូត​យក​កាំភ្លើង​ខ្យល់​ចំនួន ១០​ដើម ពី​ក្រុម​អ្នក​ដែល​លួច​ចូល​ទៅ​បាញ់​សត្វ​ខុសច្បាប់ ហើយ​លើក​ទី​២ លោក​ក៏​ប្រទះ​ឃើញ​អ្នក​ភូមិ​ជា​ច្រើន​ដែល​ចូល​ទៅ​លួច​កាប់​ឈើ​ក្នុង​ព្រៃ​សហគមន៍ លោក​ក៏​ចាប់​បញ្ជូន​ទៅ​ឱ្យ​រដ្ឋបាល​ព្រៃឈើ​ដែរ។ ក្រោយ​មក​ទៀត លោក​បាន​ឃើញ​អ្នក​ភូមិ​ជាច្រើន នាំ​គ្នា​ជិះ​គោយន្ត​ចូល​ទៅ​ក្នុង​ព្រៃ​សហគមន៍​ដើម្បី​កាប់​ឈើ ហើយ​លោក​ក៏​បាន​តាម​ទៅ​ថតរូប ធ្វើ​ឱ្យ​អ្នក​ភូមិ​ទាំង​នោះ​ខឹង ក៏​ដេញ​តាម​កាប់​រូប​លោក ព្រមទាំង​មាន​អ្នក​តាម​គំរាម​ដល់​ផ្ទះ​ផង។

លោក លឿត ឡោះ បញ្ជាក់​ទៀត​ថា រាល់​ការ​គំរាមកំហែង​មក​លើ​រូប​លោក​នេះ គឺ​លោក​ធ្លាប់​ប្ដឹង​ទៅ​ប៉ុស្តិ៍​នគរបាល​រដ្ឋបាល​សង្កាត់​​កូនក្រៀល ក៏ប៉ុន្តែ​រហូត​ដល់​គេ​លួច​ដុត​ផ្ទះ​របស់​លោក​ទៀត គឺ​មិន​ដែល​ឃើញ​សមត្ថកិច្ច​ណា​ហៅ​ទៅ​សួរ​នាំ​ទេ៖ «ឪ​ក្មេក​ឈឺ​នៅ​ស្រុក នៅ​ឯ​ស្វាយចេក ខ្ញុំ​បាន​ឱ្យ​ប្រពន្ធ​ទៅ​មើល​ឪ​ក្មេក ហើយ​ខ្ញុំ​នៅ​ផ្ទះ ហើយ​ខ្ញុំ​ពេល​ដែល​ប្រពន្ធ​មិន​នៅ ខ្ញុំ​មិន​បាន​ដាំ​បាយ​ហូប ក៏​ខ្ញុំ​ទៅ​ហូប​បាយ​ផ្ទះ​បង។ ល្ងាច​ប្រហែល​ជា​ម៉ោង ៥​ខ្ញុំ​ចេញ​ពី​ផ្ទះ ដល់​ម៉ោង ៧​យប់ ស្រាប់តែ​ភ្លើង​ឆេះ​ផ្ទះ​របស់​ខ្ញុំ»

ក្រុម​អ្នក​លួច​កាប់​ឈើ​ខុស​ច្បាប់​នៅ​ក្នុង​តំបន់​ព្រៃ​ការពារ​នៃ​សហគមន៍​សង្ឃរុក្ខវ័ន្ត មិន​មែន​គំរាម​កំហែង​តែ​លើ​សមាជិក​គណៈកម្មការ​ម្នាក់​នេះ​ទេ។ កាល​ពី​សប្ដាហ៍​មុន មាន​សេចក្ដី​រាយការណ៍​ថា ក្រុម​អ្នក​លួច​កាប់​ឈើ​ទាំង​នោះ មាន​ការ​ខឹងសម្បា​ជាមួយ​សហគមន៍​ទាំង​មូល ហើយ​បាន​លួច​ដុត​បំផ្លាញ​ទីស្នាក់ការ សហគមន៍​ការពារ​ព្រៃឈើ​សង្ឃរុក្ខវ័ន្ត​១ កន្លែង​នៅ​ក្នុង​ឃុំ​បាក់នឹម សង្កាត់​កូនក្រៀល នោះ​ដែរ។

​ទោះ​យ៉ាង​ណា វិទ្យុ​អាស៊ីសេរី មិន​អាច​ទាក់ទង​ព្រះភិក្ខុ ប៊ុន សាលួត ប្រធាន​សហគមន៍​សង្ឃរុក្ខវ័ន្ត ដែល​កំពុងតែ​ខិតខំ​ប្រឹងប្រែង​ការពារ​ព្រៃឈើ ទំហំ​ជាង ១៨.០០០​ហិកតារ​នោះ បាន​ថា​យ៉ាង​ណា​នៅ​ឡើយ។

អ្នក​សម្របសម្រួល​សមាគម​ការពារ​សិទ្ធិមនុស្ស​អាដហុក (ADHOC) ខេត្ត​ឧត្តរមានជ័យ លោក ស្រី ណារ៉េន មាន​ប្រសាសន៍​ថា លោក​បាន​ដឹង​ព័ត៌មាន​ស្ដីពី​ជន​មិន​ស្គាល់​មុខ​ដែល​ចូល​ទៅ​ដុត​ផ្ទះ​របស់​សមាជិក​គណៈកម្មការ​សហគមន៍​ព្រៃឈើ តាម​រយៈ​ព្រះ​ភិក្ខុ ប៊ុន សាលួត ក៏ប៉ុន្តែ​លោក​មិន​ទាន់​បាន​ចុះ​ស៊ើប​អង្កេត​ករណី​នេះ​នៅ​ឡើយ។

ទោះ​យ៉ាង​ណា សមាគម​ការពារ​សិទ្ធិមនុស្ស​អាដហុក ជំរុញ​ឱ្យ​សមត្ថកិច្ច​រដ្ឋាភិបាល ត្រូវ​តែ​ស៊ើប​អង្កេត​រឿង​នេះ​ឱ្យ​បាន​ហ្មត់ចត់​ដើម្បី​ជួយ​លើក​ទឹក​ចិត្ត​ដល់​អ្នក​ការពារ​ព្រៃឈើ៖ «សូម​ឱ្យ​អាជ្ញាធរ​ហ្នឹង​គាត់​ជួយ​ចាត់​វិធានការ ធ្វើការ​ស៊ើប​អង្កេត​ឱ្យ​បាន​ហ្មត់ចត់ ដើម្បី​ឱ្យ​លើក​ទឹក​ចិត្ត​ដល់​សហគមន៍​ការពារ​ព្រៃឈើ»

មួយ​រយៈ​ពេល​ចុង​ក្រោយ​នេះ នៅ​ពេល​ដែល​ព្រៃឈើ​ជា​ច្រើន​កន្លែង​ក្នុង​ខេត្ត​ឧត្តរមានជ័យ បាន​វិនាស​សាបសូន្យ​អស់ ដោយសារ​តែ​ការ​កាប់​ធ្វើ​អាជីវកម្ម​ខុស​ច្បាប់ គឺ​ក្រុម​អ្នក​កាប់​ឈើ​បាន​សម្លឹង​ឃើញ​ឈើ​នៅ​ក្នុង​ព្រៃ​សហគមន៍ សង្ឃរុក្ខវ័ន្ត គឺ​ជា​ព្រៃ​ដែល​រដ្ឋាភិបាល​បាន​ចុះ​កិច្ច​សន្យា​លក់​ឥណទាន​កាបូន​ទៅ​ឱ្យ​ពិភពលោក​ទៀត។ ជា​ញយៗ​ក្រុម​អ្នក​កាប់​ឈើ​ខុស​ច្បាប់ ទាំង​ទាហាន និង​ស៊ីវិល តែង​លួច​ចូល​ទៅ​កាប់​បំផ្លាញ។

កាល​ពី​ថ្ងៃ​ទី​៦ ខែ​មិថុនា កន្លង​ទៅ ព្រះ​ភិក្ខុ ប៊ុន សាលួត ជា​ប្រធាន​សហគមន៍​សង្ឃរុក្ខវ័ន្ត បាន​ដឹកនាំ​គណៈកម្មការ​សហគមន៍​ចុះ​បង្ក្រាប​បទល្មើស​ព្រៃឈើ នៅ​តំបន់​ភ្នំ​រូង​ដែក ក្នុង​ភូមិសាស្ត្រ-​ភូមិ​ចារ នៃ​ឃុំ​លំទង ស្រុក​អន្លង់វែង។ កាលណា​ណោះ សហគមន៍​ចាប់​បាន​ម៉ាស៊ីន​អារ​ឈើ​ខុស​ច្បាប់​ជា​ច្រើន​គ្រឿង ប៉ុន្តែ ២-​៣​ម៉ោង​ក្រោយ​មក ក៏​មាន​ទាហាន​នៅ​ក្នុង​វរៈលេ ៤២១ នៃ​កងពលតូច​លេខ​៤២ បាន​មក​ដណ្ដើម​យក​វត្ថុតាង​នៃ​បទ​លើ្មស​ព្រៃឈើ​ទាំង​នោះ​ទៅ​វិញ​អស់។

អភិបាល​ខេត្ត​ឧត្តរមានជ័យ លោក ស ថាវី មាន​ប្រសាសន៍​ថា លោក​មិន​បាន​ដឹង​ពី​ព័ត៌មាន​ដែល​ជន​មិន​ស្គាល់​មុខ​បាន​លួច​ដុត​ផ្ទះ សមាជិក​សហគមន៍​ការពារ​ព្រៃឈើ​សង្ឃរុក្ខវ័ន្ត នោះ​ទេ ក៏ប៉ុន្តែ​លោក​បាន​ដឹង​រឿង​ដែល​ជន​មិន​ស្គាល់​មុខ លួច​ដុត​បំផ្លាញ​ទីស្នាក់ការ​របស់​សហគមន៍​ការពារ​ព្រៃឈើ​សង្ឃរុក្ខវ័ន្ត នៅ​ក្នុង​ភូមិ​បាក់​នឹម​នោះ​ដែរ។

លោក​អភិបាល​ខេត្ត​ឧត្តរមានជ័យ បញ្ជាក់​ថា សមត្ថកិច្ច​បាន​កំណត់​មុខ​សញ្ញា​ជន​ដែល​ពាក់ព័ន្ធ​នឹង​សកម្មភាព​នោះ​ហើយ៖ «ខ្ញុំ​បាន​បញ្ជា​ទៅ​ស្នងការ​នគរបាល​ឱ្យ​ចាត់​កម្លាំង​ចុះទៅ​ស្រាវជ្រាវ ជា​បន្ទាន់។ អ៊ីចឹង​កម្លាំង​ស្នងការ​បាន​ចុះ​ហើយ គឺ​មុខ​សញ្ញា​កំពុងតែ​តាម​រក​ដើម្បី​យក​មក​ចាត់ការ​តាម​ច្បាប់»

​អាជ្ញាធរ​ខេត្ត​ឧត្តរមានជ័យ បង្ហាញ​ជំហរ​ថា បើ​ទោះ​បី​ជា​ពេល​នេះ ក្រុម​អ្នក​កាប់​ឈើ​ខុស​ច្បាប់​កំពុងតែ​គំរាមកំហែង​ទៅ​លើ​សហគមន៍​ការពារ​ព្រៃឈើ​សង្ឃរុក្ខវ័ន្ត ក៏ដោយ ក៏​សមត្ថកិច្ច​រដ្ឋាភិបាល​រួម​និង​ខណ្ឌ​រដ្ឋបាល​ព្រៃឈើ ខេត្ត​ឧត្តរមានជ័យ នៅ​តែ​សហការ​ជាមួយ​គណៈកម្មការ​សហគមន៍​ដើម្បី​ការពារ​ព្រៃឈើ ទំហំ​ជាង ១៨.០០០​​ហិកតារ​ឱ្យ​បាន​គង់វង្ស៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖

ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។