សកម្មភាពកាប់ឈើខុសច្បាប់នៅព្រៃសហគមន៍ជាំពេន នាឃុំរម្យទម ស្រុករវៀង ខេត្តព្រះវិហារ កំពុងកើតមានយ៉ាងខ្លាំង ប៉ុន្តែអាជ្ញាធរ និងសមត្ថកិច្ចដែលពាក់ព័ន្ធហាក់យកចិត្តទុកដាក់បង្ក្រាបតិចតួច។
ប្រភពពីសហគមន៍ការពារព្រៃឈើ ឱ្យដឹងថា បច្ចុប្បន្នមានមនុស្សជាច្រើនក្រុមដែលឆ្លងមកពីស្រុកប្រាសាទបល្ល័ង្គ ខេត្តកំពង់ធំ តែងលួចចូលទៅកាប់ឈើនៅក្នុងតំបន់ការពារទាំងនោះ។
សហគមន៍ការពារព្រៃឈើជាំពេន ភូមិបង្កើនផល ស្រុករវៀង នៃខេត្តព្រះវិហារ អំពាវនាវឱ្យអាជ្ញាធរនៃខេត្តនេះ ព្រមទាំងស្ថាប័នជំនាញមួយចំនួនទៀតជួយចាត់វិធានការបង្ក្រាបក្រុមអ្នកកាប់ឈើខុសច្បាប់ដែលកំពុងតែកើតមាននៅក្នុងតំបន់ការពាររបស់ពួកគេ។
តំណាងសហគមន៍ការពារព្រៃឈើជាំពេន គឺលោក រស់ លីន។ លោកមានប្រសាសន៍នៅរសៀលថ្ងៃអង្គារ ទី៧ ខែកុម្ភៈ ថា បច្ចុប្បន្នក្រុមមនុស្សមកពីខេត្តផ្សេងកំពុងលួចចូលកាប់ឈើធំៗនៅក្នុងតំបន់ព្រៃសហគមន៍របស់លោក។ តំណាងសហគមន៍ដដែលបញ្ជាក់ថា ស្ទើរតែរៀងរាល់ថ្ងៃ សមាជិកសហគមន៍របស់លោក រួមជាមួយនឹងមន្ត្រីឧទ្យានអនុរក្សបរិស្ថាន តែងដើរល្បាតការពារព្រៃឈើ ហើយជួបក្រុមអ្នកកាប់ឈើដែលឆ្លងមកពីស្រុកប្រាសាទបល្ល័ង្គ ខេត្តកំពង់ធំ ប៉ុន្តែអ្នកកាប់ឈើទាំងនោះមានគ្នាច្រើនក្រុម មិនខ្លាចញញើតសហគមន៍ និងសមត្ថកិច្ចទេ។
លោក រស់ លីន បញ្ជាក់ថា ពេលខ្លះកម្លាំងសហគមន៍ និងមន្ត្រីឧទ្យានុរក្សបរិស្ថាន មានគ្នាតិចដើរល្បាត ត្រូវក្រុមអ្នកកាប់ឈើខុសច្បាប់ទាំងនោះគំរាមសម្លាប់ក៏មាន៖ «ជនល្មើសខ្លាំង ប្រមាថពួកខ្ញុំ សុទ្ធតែគំរាម បើឃើញមន្ត្រី ឬក៏កម្លាំងសហគមន៍ដើរម្នាក់ ពីរនាក់អីគឺគេនឹងសម្លាប់ចោលក្នុងព្រៃ»។
កាលពីថ្ងៃទី៥-៦ ខែកុម្ភៈ សហគមន៍ការពារព្រៃឈើជាំពេន និងមន្ត្រីឧទ្យានុរក្សបរិស្ថានបានសហការគ្នាដើរល្បាតការពារព្រៃ ព្រមទាំងចាប់ដកហូតយកឈើហ៊ុបចំនួន ៤ដើម ពីអ្នកកាប់ឈើខុសច្បាប់ ប៉ុន្តែក្រុមអ្នកកាប់ឈើទាំងនោះមិនព្រមចាកចេញពីព្រៃឡើយ។
តំណាងសហគមន៍ការពារព្រៃឈើជាំពេន ព្រួយបារម្ភថា ប្រសិនក្រុមអ្នកកាប់ឈើមិនខ្លាចញញើតកម្លាំងសហគមន៍ និងមន្ត្រីបរិស្ថាន ដូច្នេះមិនយូរមិនឆាប់ តំបន់ការពាររបស់លោកនឹងបាត់បង់ធនធានធម្មជាតិទាំងស្រុង។
ព្រៃជាំពេន មានទំហំ ២.០០០ហិកតារ ជាប់នឹងព្រំប្រទល់ដែនជម្រកសត្វព្រៃបឹងពែរ ត្រូវបានក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ប្រគល់មកឱ្យសហគមន៍ប្រជាពលរដ្ឋនៅភូមិបង្កើនផល ការពារតាំងពីឆ្នាំ២០១០។
នាយប៉ុស្តិ៍នគរបាលរដ្ឋបាលឃុំរម្យទម លោក ស៊ិន ថន ទទួលស្គាល់ថា បច្ចុប្បន្នពិតជាមានមនុស្សឆ្លងមកពីខេត្តកំពង់ធំ ចូលទៅកាប់ឈើនៅក្នុងព្រៃសហគមន៍ជាំពេន នោះមែន។ នាយប៉ុស្តិ៍ដដែលបញ្ជាក់ថា ពេលខ្លះ ប៉ូលិសប៉ុស្តិ៍ក៏បញ្ជូនកម្លាំងទៅចូលរួមដើរល្បាតជាមួយសហគមន៍ដែរ ក៏ប៉ុន្តែបច្ចុប្បន្ន កម្លាំងប៉ូលិសនៅឃុំរម្យទម មិនគ្រប់គ្រាន់ទេ៖ «ពួកខ្ញុំការងារស្នូលផង ការងារសហគមន៍ត្រូវការផង គឺមិនអាចបំពេញតាមតម្រូវការឱ្យរលូនទេ។ សហគមន៍គួរតែស្នើសុំកម្លាំងប៉ូលិសពីស្នងការនគរបាលខេត្ត ទើបអាចបង្ក្រាបបទល្មើសកាប់ព្រៃឈើនោះបាន»។
មន្ត្រីផ្នែកតស៊ូមតិរបស់អង្គការពន្លកខ្មែរ លោក ប៉ិក សោភ័ណ ឱ្យដឹងថា សកម្មភាពចូលកាប់ឈើខុសច្បាប់នៅតំបន់ព្រៃសហគមន៍ជាំពេននោះ បានកើតមានខ្លាំងតាំងតែពីឆ្នាំ២០១៥ មក។
លោក ប៉ិក សោភ័ណ ព្រួយបារម្ភថា ព្រៃឈើនៅជាំពេន អាចនឹងបាត់បង់ឆាប់ៗ ពីព្រោះលោកឃើញមន្ត្រីជាច្រើនមិនយកចិត្តទុកដាក់បង្ក្រាបទៅលើការកាប់បំផ្លាញព្រៃឈើនោះទេ ហើយមន្ត្រីខ្លះក៏ប្រហែលជាអាចមានជាប់ពាក់ព័ន្ធ និងឃុបឃិតក្នុងអំពើកាប់ឈើទាំងនោះផង៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖
ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។
