អង្គការជាតិ និងអន្តរជាតិ ចំនួន៤ ជាដៃគូរួមគ្នាបង្កើតគម្រោងមួយ ដើម្បីគាំទ្រសហគមន៍ព្រៃឈើ និងនេសាទនៅខេត្តតាមដងទន្លេមេគង្គចំនួនពីរ គឺខេត្តស្ទឹងត្រែង និងខេត្តក្រចេះ។ គម្រោងនេះ បានផ្សព្វផ្សាយ និងប្រកាសអនុវត្តចាប់ពីថ្ងៃទី៩ ខែមករា ឆ្នាំ២០១៥ នេះតទៅ ដោយមានការចូលរួមគាំទ្រពីមន្ត្រីជាន់ខ្ពស់រដ្ឋាភិបាល និងអាជ្ញាធរមូលដ្ឋានផ្ទាល់។
នេះជាលើកទីមួយហើយដែលអង្គការមានទស្សនវិស័យប្រហាក់ប្រហែលគ្នា ក្នុងការអភិរក្សធនធានធម្មជាតិ និងបរិស្ថាន ធ្វើការរួមគ្នាក្នុងគោលដៅតែមួយ ដើម្បីជួយសហគមន៍ការពារព្រៃឈើ និងធនធានជលផលដែលនៅសេសសល់ចុងក្រោយនេះ មិនឲ្យបាត់បង់បន្តទៀត។
ខេត្តចំនួនពីរដែលគម្រោងបានចាប់ផ្ដើមនេះ គឺជាខេត្តដែលធ្លាប់មានសក្ដានុពលព្រៃឈើ និងធនធានជលផលសម្បូរបែប ប៉ុន្តែបច្ចុប្បន្នត្រូវគេមើលឃើញថា កំពុងរងនូវការបំផ្លិចបំផ្លាញយ៉ាងធ្ងន់ធ្ងរ។
ធនធានធម្មជាតិ និងប្រជាពលរដ្ឋនៅតំបន់នោះកំពុងយាយីដោយក្រុមល្មើសច្បាប់ ជាពិសេសសម្ពាធពីក្រុមហ៊ុនដែលទទួលបានដីសម្បទានសេដ្ឋកិច្ច និងគម្រោងសាងសង់ទំនប់វារីអគ្គិសនីជាដើម។
សំឡេងពីសហគមន៍បានបង្ហាញពីទុក្ខសោក ការលំបាកវេទនារបស់ពលរដ្ឋ ដោយសារបញ្ហាដីធ្លី ការកាប់ព្រៃឈើធ្វើអាជីវកម្ម និងបទល្មើសនេសាទ បានកើតមានអត់ស្រាកស្រាន្តឡើយក្នុងរយៈពេលប្រមាណជា ២០ឆ្នាំចុងក្រោយនេះ។
តំណាងសហគមន៍ព្រៃឈើខេត្តក្រចេះ លោក សួន វិចិត្រ រីករាយចំពោះការរួមគ្នាគាំទ្រសហគមន៍នៅជនបទ ប៉ុន្តែលោកថាហាក់ដូចជាចង់ហួសពេលទៅហើយ ហើយក៏មិនប្រាកដថាអាជ្ញាធរបើកចំហបេះដូង សហការទប់ស្កាត់បទល្មើសក្នុងកិច្ចការពារធនធានធម្មជាតិឲ្យគង់វង្សនោះដែរ៖ «សំឡេង»។
កម្មវិធីដៃគូដើម្បីពង្រីកការគាំទ្រលើសហគមន៍ព្រៃឈើ និងសហគមន៍នេសាទ នៅខេត្តក្រចេះ និងស្ទឹងត្រែង នឹងត្រូវអនុវត្តដោយអង្គការដៃគូជាតិ និងអន្តរជាតិចំនួន៤ រួមមាន អង្គការកម្មវិធីផ្លាស់ប្ដូរបទពិសោធន៍អនុផលព្រៃឈើ (NTFP-EP) អង្គការមជ្ឈមណ្ឌលសម្រាប់មនុស្ស និងព្រៃឈើ (RECOFTC) អង្គការ ដាប់ប៊លយូ.ដាប់ប៊លយូ.អែហ្វ (WWF) និងអង្គការសមាគមថែរក្សាវប្បធម៌ និងបរិស្ថាន (CEPA)។ អង្គការទាំងនេះ បានប្រកាសផ្សព្វផ្សាយ និងដំណើរការកម្មវិធីរបស់ខ្លួនកាលពីថ្ងៃទី៩ មករា ដោយមានការចូលរួមប្ដេជ្ញាចិត្តពីមន្ត្រីជាន់ខ្ពស់របស់រដ្ឋាភិបាល និងអាជ្ញាធរខេត្តទាំងពីរ គឺខេត្តក្រចេះ និងខេត្តស្ទឹងត្រែង ក្នុងការអនុវត្តគម្រោងនេះ។
ប្រតិភូរាជរដ្ឋាភិបាល ទទួលបន្ទុកជាប្រធានរដ្ឋបាលជលផល លោក ណៅ ធួក។ លោកមានប្រសាសន៍ថា គម្រោងនេះ គឺគាំទ្រដល់គោលនយោបាយរបស់រដ្ឋាភិបាលដែលបានធ្វើកំណែទម្រង់គោលនយោបាយលើវិស័យជលផល និងវិស័យព្រៃឈើកន្លងមក និងបានបង្កើតឲ្យមានសហគមន៍ជាច្រើនចូលរួមក្នុងកិច្ចការនេះ។ លោកបន្តថា សហគមន៍ដែលធ្វើការលើវិស័យទាំងពីរនេះ មានច្រើនជាងគេនៅខេត្តក្រចេះ និងខេត្តស្ទឹងត្រែង៖ «សំឡេង»។
ទាក់ទងបញ្ហានេះ នាយកអង្គការ ដាប់ប៊លយូ.ដាប់ប៊លយូ.អែហ្វ ប្រចាំប្រទេសកម្ពុជា លោក ឈិត សំអាត ជាអង្គការដៃគូមួយក្នុងចំណោម៤ បានពន្យល់ថា គម្រោងនេះដំណើរការទៅបានជោគជ័យ ចាំបាច់មានការចូលរួមពីប្រជាសហគមន៍។ ទន្ទឹមគ្នានេះ ភាគីពាក់ព័ន្ធ ជាពិសេសរដ្ឋាភិបាល អាជ្ញាធរមូលដ្ឋាន ត្រូវផ្តល់សិទ្ធិអំណាច និងសមត្ថភាពជូនពួកគាត់៖ «សំឡេង»។
អ្នកវិភាគឯករាជ្យ និងជាអ្នកសិក្សាលើការអភិវឌ្ឍសង្គម លោកបណ្ឌិត កែម ឡី ស្វាគមន៍ចំពោះគម្រោងរួមគ្នារវាងអាជ្ញាធររដ្ឋាភិបាល សង្គមស៊ីវិល គាំទ្រដល់សហគមន៍ក្នុងកិច្ចការពារធនធានធម្មជាតិនេះ ប៉ុន្តែលោកយល់ថា សម្រាប់ស្ថានភាពបច្ចុប្បន្ន លោកមានសង្ឃឹមថាមានប្រសិទ្ធភាពតិចតួចណាស់៖ «សំឡេង»។
លោកបន្តថា ជាងនេះទៅទៀត តំបន់ព្រៃឈើទាំងឡាយត្រូវបានលក់ ឬជួលស្ទើរតែទាំងស្រុងទៅហើយ។ ម្យ៉ាងទៀត ការផ្តល់សិទ្ធិអំណាចដល់សហគមន៍ឲ្យមានប្រសិទ្ធភាពទៅបាន ទាល់តែរដ្ឋាភិបាលធ្វើវិមជ្ឈការតួនាទី និងភារកិច្ចទាំងស្រុងក្នុងការថែទាំធនធានធម្មជាតិទៅក្រុមប្រឹក្សាឃុំសង្កាត់ ដូចមានចែងក្នុងច្បាប់គ្រប់គ្រងរដ្ឋបាលឃុំសង្កាត់ នោះអាចនឹងទទួលបានជោគជ័យ។
សេចក្តីប្រកាសព័ត៌មានពីអង្គការទាំង៤ ជាដៃគូ នៅថ្ងៃទី៩ មករា ឲ្យដឹងថា ប្រទេសស្វីស (Swiss) បានផ្តល់ជំនួយបដិភាគ ២,១លានដុល្លារអាមេរិក ដើម្បីពង្រីកការគាំទ្រលើសហគមន៍ព្រៃឈើ និងសហគមន៍នេសាទនៅខេត្តក្រចេះ និងស្ទឹងត្រែង នេះ។
សេចក្តីប្រកាសព័ត៌មានដដែលបានឲ្យដឹងទៀតថា កម្មវិធីដៃគូនេះមានបំណងបង្កើន និងពង្រីកការគាំទ្រដល់សហគមន៍ព្រៃឈើ និងសហគមន៍នេសាទ ជាពិសេសសហគមន៍ជនជាតិដើមភាគតិច និងស្ត្រី ធានានូវស្ថិរភាពប្រើប្រាស់ធនធានធម្មជាតិដែលជាមធ្យោបាយ ដើម្បីបង្កើនសន្តិសុខស្បៀងអាហារ និងប្រាក់ចំណូលគ្រួសារ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖
ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។
