សហគ្រិនភាព​យុវជន​បៃតង​ចង់​ឃើញ​ស្ត្រី​នៅ​ខេត្ត​ឧត្តរមានជ័យ​ចូលរួម​ការពារ​ព្រៃ​ឈើ

ដោយ ហង្ស សាវយុត
2017.03.08
រណារ​អារ​ឈើ​ឧត្ដរមានជ័យ ៦២០ ក្រុម​គណៈកម្មការ​សហគមន៍​ការពារ​ព្រៃ​ឈើ​សង្ឃ​រុក្ខវ័ន្ត រឹប​អូស​យក​ម៉ាស៊ីន​អារ​ឈើ​របស់​អ្នក​លួច​កាប់​ឈើ​ខុស​ច្បាប់ នៅ​តំបន់​ភ្នំ​រូងដែក ឃុំ​លំទង ស្រុក​អន្លង់វែង ខេត្ត​ឧត្ដរមានជ័យ កាល​ពី​ថ្ងៃ​ទី​៦ ខែ​មិថុនា ឆ្នាំ​២០១៥។
Photo Provided

ប្រធាន​សហគមន៍​ការពារ​ព្រៃ​ឈើ​សង្ឃ​រុក្ខ​វ័ន្ត នៅ​ក្រុង​សំរោង ខេត្ត​ឧត្តរមានជ័យ ឲ្យ​ដឹង​ថា បច្ចុប្បន្ន​គណៈកម្មការ​ដែល​បង្កើត​ឡើង​សម្រាប់​ការពារ​ព្រៃ​ឈើ​ទំហំ​ជាង ១​ម៉ឺន ៦​ពាន់​ហិកតារ គឺ​មាន​ស្ត្រី​ចំនួន​តិចតួច​បំផុត​ដែល​ចូលរួម​ក្នុង​សកម្មភាព​ការពារ។

ប្រធាន​សហគមន៍​ការពារ​ព្រៃ​ឈើ​សង្ឃ​រុក្ខ​វ័ន្ត​ដដែល ចង់​ឃើញ​ស្ត្រី​ចូលរួម​ក្នុង​កិច្ច​ការពារ​ព្រៃ​ឈើ​ឲ្យ​បាន​ច្រើន ពីព្រោះ​តែ​បច្ចុប្បន្ន​ក្នុង​ចំណោម​សមាជិក​សហគមន៍​ដែល​ជា​ស្ត្រី​ចំនួន​ជាង ២.០០០​នាក់ គឺ​មាន​ស្ត្រី​ចំនួន​តែ ៩​នាក់​ទេ​ដែល​សកម្ម​ក្នុង​កិច្ច​ការពារ​ព្រៃ​ឈើ។

ក្រុម​សហគ្រិនភាព​យុវជន​បៃតង​ប្រមាណ​ជាង ២០​នាក់ បាន​ចេញ​ដំណើរ​ពី​ទីក្រុង​ភ្នំពេញ សំដៅ​ទៅ​ខេត្ត​ឧត្តរមានជ័យ នៅ​ថ្ងៃ​ពុធ ទី​៨ ខែ​មីនា ក្នុង​គោល​បំណង​ជួប​ជាមួយ​នឹង​ស្ត្រី​ជាច្រើន​ដែល​រស់នៅ​ជុំវិញ​តំបន់​ព្រៃ​សហគមន៍​សង្ឃ​រុក្ខ​វ័ន្ត ហើយ​លើក​ទឹក​ចិត្ត​ឲ្យ​ស្ត្រី​ទាំងនោះ​ចូលរួម​ក្នុង​កិច្ច​ការពារ​ព្រៃ​ឈើ​ឲ្យ​បាន​កាន់​តែ​ច្រើន។

បណ្ដាញ​សហគ្រិនភាព​យុវជន​បៃតង ដែល​ជា​អ្នក​ដឹកនាំ​ដំណើរ​ទស្សនកិច្ច​ទៅ​កាន់​ខេត្ត​ឧត្តរមានជ័យ នោះ គឺ​លោក ឃី ពីសី។ លោក​មាន​ប្រសាសន៍​នៅ​ព្រឹក​ថ្ងៃ​ពុធ ទី​៨ ខែ​មីនា ថា ក្រុម​របស់​លោក​ដែល​មាន​សកម្មជន​ស្ត្រី​ការពារ​ព្រៃ​ឈើ​មក​ពី​តំបន់​អារ៉ែង ខេត្ត​កោះកុង និង​ស្ត្រី​មក​ពី​ខេត្ត​កំពង់ឆ្នាំង ផង មាន​គម្រោង​នឹង​ជួប​សន្ទនា​គ្នា​ជាមួយ​ស្ត្រី​នៅ​ខេត្ត​ឧត្តរមានជ័យ ជាមួយ​មន្ត្រី​រដ្ឋបាល​ព្រៃ​ឈើ និង​ប្រធាន​សហគមន៍​ព្រៃ​ឈើ​សង្ឃ​រុក្ខ​វ័ន្ត នៅ​ថ្ងៃ​ទី​៩ ខែ​មីនា។ កិច្ច​សន្ទនា​នោះ ក្នុង​បំណង​លើក​កម្ពស់​ស្ត្រី​នៅ​ក្នុង​ខេត្ត​ឧត្តរមានជ័យ ឲ្យ​មាន​ចំនួន​កាន់​តែ​ច្រើន​ថែម​ទៀត​ចូលរួម​ការពារ​ព្រៃ​ឈើ៖ «ពីព្រោះ​អី​នៅ​ក្នុង​សហគមន៍​ហ្នឹង​ផ្ទាល់​តែ​ម្ដង គឺ​ស្ត្រី​អត់​សូវ​មាន​ភាព​ក្លាហាន។ ក្នុង​សកម្មភាព​ដើរ​ល្បាត​ការពារ​ព្រៃ​ឈើ​សង្ឃ​រុក្ខ​វ័ន្ត​ម្ដងៗ ដែល​មាន​គ្នា​ពី ២០ ទៅ ៣០​នាក់ គឺ​ពេល​ខ្លះ​មិន​មាន​ស្ត្រី​ចូលរួម​សោះ​តែ​ម្ដង»

អ្នក​គ្រប់គ្រង​សហគមន៍​ការពារ​ព្រៃ​ឈើ​សង្ឃ​រុក្ខ​វ័ន្ត ទទួល​ស្គាល់​ថា បច្ចុប្បន្ន​ពិត​ជា​មិន​សូវ​មាន​ស្ត្រី​ចូលរួម​ការពារ​ព្រៃ​ឈើ​មែន។

ប្រធាន​សហគមន៍​ការពារ​ព្រៃ​ឈើ​សង្ឃ​រុក្ខ​វ័ន្ត ព្រះ​ភិក្ខុ ប៊ុន សាលួត មាន​ព្រះ​ថេរ​ដីកា​ថា បច្ចុប្បន្ន​នៅ​ជុំវិញ​តំបន់​ព្រៃ​សហគមន៍​របស់​ព្រះអង្គ​ដែល​មាន​ប្រជាពលរដ្ឋ​រស់នៅ​ចំនួន ៨​ភូមិ ហើយ​មាន​ស្ត្រី​ចំនួន​ដល់​ទៅ​ជាង ២.០០០​នាក់ គឺ​មាន​ស្ត្រី​ចំនួន​តែ ៩​នាក់​ទេ​ដែល​ចូលរួម​ការពារ​ព្រៃ​ឈើ។ ព្រះអង្គ​ចង់​ឃើញ​ស្ត្រី​កាន់​តែ​ច្រើន​ថែម​ទៀត​ចូលរួម​ក្នុង​កិច្ច​ការពារ​ព្រៃ​សហគមន៍​ជាង ១​ម៉ឺន ៦​ពាន់​ហិកតារ​ឲ្យ​បាន​គង់វង្ស សម្រាប់​ផ្ដល់​អនុផល​ដល់​អ្នក​ភូមិ​ដែល​រស់នៅ​ជុំវិញ​នោះ៖ «អាត្មា​ចង់​ឲ្យ​មាន​ស្ត្រី​ចូលរួម​ការងារ​ការពារ​ព្រៃ​ឈើ​ឲ្យ​បាន​ច្រើន ពីព្រោះ​អាត្មា​ឃើញ​ថា​នៅ​ពេល​ដែល​ដើរ​ល្បាត​ការពារ​ព្រៃ​ឈើ ហើយ​ជួប​នឹង​បទល្មើស​ជាដើម គឺ​ស្ត្រី​មាន​ភាព​ក្លាហាន​ជាង​បុរស​ដោយ​គាត់​ស្ដី​ឲ្យ ហើយ​ជន​ល្មើស​មិន​ហ៊ាន​តបត​ទេ»

ព្រះ​ភិក្ខុ ប៊ុន សាលួត យល់​ថា បច្ចុប្បន្ន​នេះ​ស្ត្រី​ដែល​មិន​ចង់​ចូលរួម​ការងារ​ការពារ​ព្រៃ​ឈើ គឺ​ដោយសារ​តែ​កិច្ច​ការពារ​ព្រៃ​ឈើ​ទទួល​រង​ការ​គំរាម​កំហែង​ច្រើន​ពី​ជន​ល្មើស​ច្បាប់ ព្រម​ទាំង​ស្ត្រី​ខ្លួន​ឯង ក៏​ទទួល​រង​ការ​គាប​សង្កត់​ពី​ប្ដី​របស់​ពួក​គេ​ដែរ។

ព្រះ​ភិក្ខុ ប៊ុន សាលួត ក៏​ចង់​ឲ្យ​សហគ្រិនភាព​យុវជន​បៃតង ជួយ​រិះរក​មធ្យោបាយ​ដ៏​មាន​ប្រសិទ្ធភាព​ដើម្បី​លើក​ទឹក​ចិត្ត​ស្ត្រី​ឲ្យ​ចូលរួម​កិច្ច​ការពារ​ព្រៃ​ឈើ​ឲ្យ​បាន​ច្រើន​ដែរ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

បញ្ចេញ​មតិយោបល់៖

បញ្ចូលមតិរបស់អ្នកដោយបំពេញទម្រង់ខាងក្រោមជាអក្សរសុទ្ធ។ មតិនឹងត្រូវសម្រេចដោយអ្នកសម្របសម្រួល និងអាចពិនិត្យកែប្រែឲ្យស្របតាម លក្ខខណ្ឌនៃការប្រើប្រាស់ របស់វិទ្យុអាស៊ីសេរី។ មតិនឹងមិនអាចមើលឃើញភ្លាមៗទេ។ វិទ្យុអាស៊ីសេរី មិនទទួលខុសត្រូវចំពោះខ្លឹមសារនៃមតិដែលបានចុះផ្សាយឡើយ។ សូមគោរពមតិរបស់អ្នកដទៃ ហើយប្រកាន់ខ្ជាប់នូវការពិត។