មនុស្ស​៤​នាក់​ស្លាប់​ដោយ​ទឹក​ជំនន់​នៅ​ស្ទឹងត្រែង​និង​រតនគិរី​គិត​ត្រឹម​ថ្ងៃ​៥​សីហា

មន្ត្រី​អាជ្ញាធរ ឲ្យ​ដឹង​ថា គិត​មក​ទល់​ថ្ងៃ​ទី​៥ សីហា មាន​មនុស្ស ៤​នាក់ បាន​ស្លាប់​ក្នុង​គ្រា​មាន​ទឹក​ជំនន់​នៅ​ខេត្ត​ស្ទឹងត្រែង និង​ខេត្ត​រតនគិរី។

ជន​រងគ្រោះ​ដែល​ស្លាប់​ក្នុង​ទឹក​ជំនន់​នៅ​ខេត្ត​ស្ទឹងត្រែង មាន ៣​នាក់ ក្នុង​នោះ​ក្មេង ២​នាក់ និង​មនុស្ស​ចាស់​ម្នាក់។ ចំណែក​នៅ​ខេត្ត​រតនគិរី ជន​រងគ្រោះ​ដែល​លង់​ទឹក​ស្លាប់ គឺ​ជនជាតិ​វៀតណាម ជា​មេការ​ក្រុមហ៊ុន​សម្បទាន​សេដ្ឋកិច្ច​ឈ្មោះ ហ័ងអាញ់ លំផាត់។

អភិបាល​រង​ខេត្ត​ស្ទឹងត្រែង លោក យ៊ូ បាសិទ្ធ មាន​ប្រសាសន៍​បញ្ជាក់​ថា ទឹក​ជំនន់​ទន្លេ​សេសាន និង​ទន្លេ​ស្រែពក នៅ​ខេត្ត​ស្ទឹងត្រែង ចាប់​ស្រក​វិញ​ហើយ ក៏ប៉ុន្តែ​ទឹក​បាន​ឡើង​នៅ​ទន្លេ​សេកុង ដែល​កំពុង​ហូរ​ចាក់​ទៅ​ទន្លេ​មេគង្គ​ក្រោម៖ «ស្ទឹងត្រែង ស្រក​ហើយ តែ​ល្បឿន​ហូរ​ហ្នឹង គឺ​ខ្លាំង ព្រោះ​សេកុង ឡើង​ខ្ពស់​មក​ពី​លើ​មក​លិច​ពី​លើ​មកៗ​ពី​សៀមប៉ាង មក​ពី​ខាង​ឡាវ មក។ ថ្ងៃ​នេះ​កំពុង​បន្ត​ស្រក ថ្ងៃ​នេះ​ក្មេង​ជំទង់​ម្នាក់​អត់​ស្គាល់​អត្តសញ្ញាណ គឺ​បាន​លង់​ទឹក​ស្លាប់។ករណី​ពីរ​ទៀត ក្មេង​១ ចាស់​១ គឺ​រឿង​ផ្សេងៗ​គ្នា​ក្នុង​រដូវ​ទឹក​ជំនន់​តែ​ម្តង»

ចំណែក​អភិបាល​ស្រុក​លំផាត់ លោក គង់ ស៊្រុន បញ្ជាក់​ដែរ​ថា ទឹក​ស្រក​ផុត​ដង​ផ្លូវ​ជាតិ​លេខ​៧៦ ដែល​បាន​ជន់​លិច​កាល​ពី​ថ្ងៃ​ទី​៤ កន្លង​ទៅ។ លោក​បន្ត​ថា អាជ្ញាធរ​ខេត្ត​បាន​ដឹក​នាំ​ជំនួយ​សង្គ្រោះ​ទៅ​ចែក​ជូន​ប្រជាពលរដ្ឋ​កំពុង​ស្នាក់​នៅ​បណ្ដោះអាសន្ន នៅ​ទី​ទួល​សុវត្ថិភាព​នៅ​រសៀល​ថ្ងៃ​ដដែល​នេះ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖

ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។