ក្រសួងបរិស្ថានមានគម្រោងប្រគល់ថវិកាជាតិចំនួន ៥លានដុល្លារ ឲ្យទៅបណ្តាក្រុងចំនួន២៦ ដើម្បីគ្រប់គ្រងសំរាម ឬសំណល់រឹងនិងរាវ។
ថ្លែងក្នុងសន្និសីទកាសែតក្នុងថ្ងៃទី៦ ខែមករា រដ្ឋមន្រ្តីក្រសួងបរិស្ថាន លោក សាយ សំអាល់ ឲ្យដឹងថា ថវិកាដែលត្រូវផ្តល់ឲ្យថ្នាក់ជាតិនេះ ដើម្បីធានាបានថា បណ្តាទីក្រុងមានអគ្គិសនីខ្យល់ស្អាត ទឹកស្អាតជួនដល់ប្រជាពលរដ្ឋ។ លោកថា ការផ្តល់ថវិកានេះដើម្បីជំរុញឲ្យក្រុងនីមួយៗប្រឡងប្រជែងគ្នាអភិវឌ្ឍន៍ ហើយថវិកានេះនឹងជំរុញឲ្យក្រុមការងារពួកគេធ្វើទៅកាន់តែរលូនទៅមុខ។
លោ សាយ សំអាល់ ថា កន្លងមក គម្រោងនេះក៏មានដែរ ប៉ុន្តែទើបឆ្នាំ២០១៥ នេះ ក្រសួងបរិស្ថានស្នើឲ្យមានថវិកាជាតិឲ្យផ្គត់ផ្គង់បន្ថែម៖ «យើងផ្តល់ថវិកាទៅតាមចំនួនប្រជាជនក្នុងក្រុងនីមួយ»។
ក្រុងដែលទទួលថវិកានេះរួមមាន ក្រុងតាខ្មៅ កំពង់ចាម ដូនកែវ បាត់ដំបង សួង ព្រៃវែង សៀមរាប ច្បារមន ប៉ោយប៉ែត សិរីសោភណ្ឌ ស្វាយរៀង បាវិត កំពត កំពង់ឆ្នាំង ស្ទឹងសែន ព្រះសីហនុ ពោធិ៍សាត់ ក្រចេះ បានលុង សំរោង កែប ខេមរៈភូមិន្ទ ប៉ៃលិន ព្រះវិហារ ស្ទឹងត្រែង និងក្រុងសែនមនោរម្យ។
លោក សាយ សំអាល ថា ពេលនេះក្រសួងបរិស្ថានកំពុងធ្វើការងារជាមួយក្រសួងសេដ្ឋកិច្ច និងក្រសួងមហាផ្ទៃ ដើម្បីទម្លាក់លុយទៅដល់បណ្តាក្រុងនានាឲ្យបានលឿន។ លោកថា នៅឆ្នាំ២០១៦ ក្រសួងនឹងបន្ថែមថវិកាទៅទីប្រជុំជននានាទៀត៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖
ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។
