អ្នក​ជំនាញ​រ៉ែ​និង​ថាមពល​នៃ​ប្រទេស​ចំនួន​១៤​ប្រជុំ​ពិភាក្សា​រយៈពេល​៤​ថ្ងៃ​នៅ​ខេត្ត​សៀមរាប

0:00 / 0:00

អ្នក​ជំនាញ​ផ្នែក​រ៉ែ និង​ថាមពល ដែល​ជា​សមាជិក​របស់​គណៈកម្មាធិការ​សម្រប​សម្រួល​កម្មវិធី​វិទ្យាសាស្ត្រ និង​ភូគព្ភសាស្ត្រ ប្រចាំ​តំបន់​អាស៊ី​អាគ្នេយ៍ និង​អាស៊ី​បូព៌ា មក​ពី ១៤​ប្រទេស កំពុង​ជួប​ពិភាក្សា​គ្នា​រយៈពេល ៤​ថ្ងៃ​នៅ​ខេត្ត​សៀមរាប ចាប់​ពី​ថ្ងៃ​ទី​៩ រហូត​ដល់​ថ្ងៃ​ទី​១២ ខែ​មីនា។

ប្រទេស​ទាំង​១៤ នោះ​មាន​ដូចជា កម្ពុជា ថៃ ឡាវ វៀតណាម មីយ៉ាន់ម៉ា ម៉ាឡេស៊ី ហ្វីលីពីន សិង្ហបុរី ឥណ្ឌូនេស៊ី ព្រម​ទាំង​ប្រទេស​ជប៉ុន និង​កូរ៉េ​ខាង​ត្បូង។ល។

បណ្ដា​ប្រទេស​ប្រជាជាតិ​អាស៊ី​អាគ្នេយ៍ ដែល​ហៅ​កាត់​ថា អាស៊ាន (ASEAN) ទាំង ១០​ប្រទេស រួម​ជាមួយ​នឹង​ប្រទេស ៤ ផ្សេង​ទៀត​នៅ​តំបន់​អាស៊ី​បូព៌ា បាន​បង្ហាញ​ជំហរ​កាល​ពី​ព្រឹក​ថ្ងៃ​ពុធ ទី​៩ ខែ​មីនា ថា នឹង​រួម​គ្នា​អភិវឌ្ឍ​សេដ្ឋកិច្ច លើក​ស្ទួយ​កម្រិត​ជីវភាព​របស់​ប្រជាពលរដ្ឋ​នៅ​ក្នុង​តំបន់​ឲ្យ​កាន់​តែ​ប្រសើរ​ឡើង​សម្រាប់​អនាគត តាម​រយៈ​ការ​កាត់​បន្ថយ​គ្រោះ​ធម្មជាតិ និង​ការ​ទាញ​យក​ធនធាន​រ៉ែ​ពី​ក្រោម​ដី​មក​ប្រើប្រាស់។

ការ​បង្ហាញ​ពី​ជំហរ​រួម​គ្នា​នេះ ធ្វើ​ឡើង​នៅ​ក្នុង​កិច្ច​ប្រជុំ​នៃ​គណៈកម្មាធិការ​សម្រប​សម្រួល​កម្មវិធី​វិទ្យាសាស្ត្រ និង​ភូគព្ភសាស្ត្រ​ប្រចាំ​តំបន់​អាស៊ី​អាគ្នេយ៍ និង​អាស៊ី​បូព៌ា ដែល​ហៅ​កាត់​ថា ស៊ី.ស៊ី.អូ.ភី (CCOP) ដែល​កំពុង​ប្រព្រឹត្ត​ទៅ​នៅ​ខេត្ត​សៀមរាប។

រដ្ឋលេខាធិការ​ក្រសួង​រ៉ែ និង​ថាមពល នៃ​ប្រទេស​កម្ពុជា គឺ​លោក សុខ សុខាវ៉ាន់។ លោក​បាន​ថ្លែង​នៅ​ក្នុង​កិច្ច​ប្រជុំ​គណៈកម្មាធិការ​សម្រប​សម្រួល​កម្មវិធី​វិទ្យាសាស្ត្រ និង​ភូគព្ភសាស្ត្រ​ប្រចាំ​តំបន់​អាស៊ី​អាគ្នេយ៍ និង​អាស៊ី​បូព៌ា ថា កិច្ច​ប្រជុំ​លើក​ទី​៦៦ នេះ នឹង​ជជែក​អំពី​គម្រោង​ផែនការ​ធំៗ​ស្ដីពី​ធនធាន​រ៉ែ និង​ប្រេង​កាត សម្រាប់​យក​ទៅ​អនុវត្ត​ការងារ​របស់​គណៈកម្មាធិការ​អន្តរ​រដ្ឋាភិបាល​នៅ​ឆ្នាំ​ក្រោយ ក៏ប៉ុន្តែ​វា​ជា​ឱកាស​ល្អ​សម្រាប់​កម្ពុជា ដែល​ទទួល​បាន​បទពិសោធន៍​ច្រើន​ពី​បណ្ដា​ប្រទេស​ដែល​ឈាន​មុខ​ផ្នែក​វិស័យ​រ៉ែ និង​ថាមពល។ លោក សុខ សុខាវ៉ាន់ បញ្ជាក់​ថា បច្ចុប្បន្ន អ្នក​ជំនាញ​បាន​រុក​រក​ឃើញ​ធនធាន​រ៉ែ​ជាច្រើន​ប្រភេទ​នៅ​ក្រោម​ដី​នៃ​ប្រទេស​កម្ពុជា ដូចជា រ៉ែ​មាស រ៉ែ​ដែក និង​រ៉ែ​ប្រេង​កាត ជាដើម ហើយ​កម្ពុជា កំពុង​រៀន​សូត្រ​យក​បទពិសោធន៍​ពី​ប្រទេស​ជាច្រើន ដើម្បី​ទាញ​យក​ធនធាន​រ៉ែ​ទាំង​នោះ​សម្រាប់​ការ​អភិវឌ្ឍ​សេដ្ឋកិច្ច ប៉ុន្តែ​ក៏​ត្រូវ​ធានា​ឲ្យ​បរិស្ថាន​ធម្មជាតិ​មាន​និរន្តរភាព និង​ធ្វើ​ឲ្យ​ផែនដី​នៅ​មាន​ពណ៌​បៃតង​ដដែល៖ « ធនធាន​ រ៉ែ​របស់ ​យើង​ ឥឡូវ​នេះ គឺ​បាន​ឈាន​ទៅ​ដល់​ការ​មាន​កម្រិត​នៃ​ការ​ធ្វើ​អាជីវកម្ម​រ៉ែ ឥឡូវ​នេះ ក្រុមហ៊ុន​មួយ​ចំនួន​បាន​ឈាន​ទៅ​ដល់​ការ​ធ្វើ​អាជីវកម្ម​ហើយ »

ឯកសារ​ជំនួយ​ស្មារតី​របស់​កិច្ច​ប្រជុំ​នៃ​គណៈកម្មាធិការ​សម្រប​សម្រួល​កម្មវិធី​វិទ្យាសាស្ត្រ និង​ភូគព្ភសាស្ត្រ​ប្រចាំ​តំបន់​អាស៊ី​អាគ្នេយ៍ និង​អាស៊ី​បូព៌ា ឲ្យ​ដឹង​ថា ក្រុម​អ្នក​ជំនាញ​ផ្នែក​រ៉ែ និង​ថាមពល មក​ពី​ប្រទេស​ចំនួន​១៤ ក្នុង​តំបន់​អាស៊ី​អាគ្នេយ៍ និង​អាស៊ី​បូព៌ា នឹង​ចំណាយ​ពេល ៤​ថ្ងៃ​ចាប់​ពី​ថ្ងៃ​ទី​៩ រហូត​ដល់​ថ្ងៃ​ទី​១២ មីនា ដើម្បី​ពិភាក្សា​គ្នា​ទៅ​លើ​គម្រោង​សិក្សា​ធនធាន​ប្រេង​កាត ឧស្ម័ន​ដែល​មិន​ធម្មតា និង​កំណត់​តំបន់​សិលា​ខ្មៅ​នៅ​ក្នុង​ប្រទេស​ដែល​ជា​សមាជិក។

មន្ត្រី​បច្ចេកទេស​នៃ​អគ្គលេខាធិការ​គណៈកម្មាធិការ​សម្រប​សម្រួល​កម្មវិធី​វិទ្យាសាស្ត្រ និង​ភូគព្ភសាស្ត្រ​ប្រចាំ​តំបន់​អាស៊ី​អាគ្នេយ៍ និង​អាស៊ី​បូព៌ា លោក​បណ្ឌិត អាឌីឆាត ស៊ូរិនឃុម (Adichat Surinkum) បាន​ចាត់​ទុក​ប្រទេស​កម្ពុជា គឺ​ជា​ចំណុច​កណ្ដាល​នៃ​គោលដៅ​ពិសេស​មួយ​របស់​សេដ្ឋកិច្ច​អាស៊ាន ដែល​ពោរពេញ​ដោយ​ធនធាន​រ៉ែ​ប្រេង​កាត និង​រ៉ែ​ដទៃ​ទៀត។ ធនធាន​ធម្មជាតិ​ដែល​កម្ពុជា មាន​នេះ មិន​ត្រឹម​តែ​អាច​ជួយ​អភិវឌ្ឍ​សេដ្ឋកិច្ច​កម្ពុជា ប៉ុណ្ណោះ​ទេ គឺ​ថែម​ទាំង​អាច​ជួយ​ដល់​សេដ្ឋកិច្ច​អាស៊ាន ប្រសិន​បើ​ចេះ​ប្រើប្រាស់ និង​ការពារ​ធនធាន​ធម្មជាតិ​ទាំង​នោះ​ឲ្យ​បាន​ត្រឹមត្រូវ៖ « ដើម្បី​ការពារ​ធនធាន​រ៉ែ ព្រម​ទាំង​ជៀសវាង​មិន​ឲ្យ​មាន​ការ​បំពុល​បរិស្ថាន​ដោយសារ​ការ​ធ្វើ​អាជីវកម្ម​រ៉ែ​ទាំង​នោះ​ផង កម្ពុជា គួរ​បណ្ដុះបណ្ដាល​សមត្ថភាព​ប្រជាពលរដ្ឋ​ឲ្ យ​យល់​ដឹង​ថា តើ​វា​ នឹង​មាន​ការ​ប៉ះពាល់​ អ្វី​ខ្លះ នៅ​ពេល​ ដែល​គេ​ ជីក និង​ធ្វើ​ អាជីវកម្ម​រ៉ែ ហើយ​ក៏​គួរ​បណ្ដុះបណ្ដាល​សមត្ថភាព​ពលរដ្ឋ​ឲ្យ​យល់​ដឹង​អំពី​វិធី​ដ៏​ប្រសើរ​ក្នុង​ការ​ប្រើប្រាស់​ធនធាន​រ៉ែ​ទាំង​នោះ​ដែរ »

គណៈកម្មាធិការ​សម្រប​សម្រួល​កម្មវិធី​វិទ្យាសាស្ត្រ និង​ភូគព្ភសាស្ត្រ​ប្រចាំ​តំបន់​អាស៊ី​អាគ្នេយ៍ និង​អាស៊ី​បូព៌ា យល់​ថា ថ្វីត្បិតតែ​ធនធាន​រ៉ែ ឧស្ម័ន និង​ប្រេង​កាត មាន​សារសំខាន់​ជួយ​ដល់​ការ​អភិវឌ្ឍ​សេដ្ឋកិច្ច ក៏ប៉ុន្តែ​កិច្ច​ការពារ​ធនធាន​ទឹក សុវត្ថិភាព​ចំណី​អាហារ និង​បរិស្ថាន ដែល​អាច​នឹង​ប៉ះពាល់​ពី​ការ​ទាញ​យក​ធនធាន​រ៉ែ​ទាំង​នោះ ក៏​ត្រូវ​តែ​គិតគូរ​ឲ្យ​បាន​ហ្មត់ចត់​ដែរ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖

ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។