GW បំភ្លឺ​បន្ថែម​អំពី​ការ​កាប់​ព្រៃ​ឈើ​នៅ​កម្ពុជា​ដោយ​ក្រុមហ៊ុន​វៀតណាម

ដោយ ជី វិតា
2013-05-29
អ៊ីម៉ែល
មតិ
ចែករំលែក
បោះពុម្ព
  • បោះពុម្ព
  • ចែករំលែក
  • មតិ
  • អ៊ីម៉ែល
កាប់​ឈើ រតនគិរី ៦១០
កុម្ភៈ-២០១៣៖ ដើម​ឈើ​ច្បោះ ឬ​ដើម​ឈើ​របស់​ពលរដ្ឋ​ផលិត​ជ័រ​ទឹក​នៅ​ក្នុង​ដែន​ជម្រក​សត្វ​ព្រៃ​លំផាត់ ខេត្ត​រតនគិរី ដែល​ប្រភព​ពី​ពលរដ្ឋ​អះអាង​ថា ត្រូវ​កាប់​ដោយ​ក្រុមហ៊ុន ហ័ង អាញ លំផាត់ (Hoang Anh Lumphat) ​ជា​សាខា​របស់​ក្រុមហ៊ុន ហ័ង អាញ យ៉ាឡាយ (HAGL)។
រូប​ផ្ដល់​ឲ្យ​ដោយ​សហគមន៍​ឃុំ​ស្រែអង្គ្រង

របាយការណ៍​របស់​អង្គការ​ឃ្លាំមើល​ពិភពលោក ឬ​ភាសា​អង់គ្លេស​ហៅ​ថា គ្លបល វីនេស (Global Witness) ក្រោម​ចំណង​ជើង​ថា រ៉ាប់ប៊ឺ បារ៉ិនស៍ «Rubber Barons» ចេញ​ផ្សាយ​កាល​ពី​ថ្ងៃ​ទី​១៣ ខែ​ឧសភា នេះ បាន​ទម្លាយ​ឲ្យ​ពិភពលោក​ដឹង​អំពី​សកម្មភាព​បំពាន​ច្បាប់​ជាតិ បំផ្លាញ​ធនធាន​ធម្មជាតិ និង​រំលោភ​សិទ្ធិ​មនុស្ស​នៅ​កម្ពុជា និង​ឡាវ ដោយ​ក្រុមហ៊ុន​ដំណាំ​កៅស៊ូ​វៀតណាម​ធំៗ​ពីរ គឺ​ក្រុមហ៊ុន​ឯកជន ហ័ង អាញ យ៉ាឡាយ (Hoang Anh Gia Lai) និង​ក្រុមហ៊ុន​រដ្ឋ វៀតណាម រ៉ាប់ប៊ឺ គ្រូប (Vietnam Rubber Group)

ថ្មីៗ​នេះ អង្គការ​ឃ្លាំមើល​ធនធាន​ធម្មជាតិ​លើ​ពិភពលោក​មួយ​នេះ បាន​ច្រានចោល​សេចក្ដី​ថ្លែងការណ៍​របស់​ក្រុមហ៊ុន​វៀតណាម ហ្វាង អាន់ យ៉ាឡាយ ដែល​អះអាង​ថា បាន​កសាង​សមិទ្ធផល​ជា​ច្រើន​នៅ​ក្នុង​តំបន់​ដែល​ខ្លួន​ទទួល​បាន​ដី​សម្បទាន​នៅ​កម្ពុជា។

អង្គការ​ឃ្លាំមើល​ពិភពលោក​បដិសេធ​ការ​អះអាង​របស់​ក្រុមហ៊ុន​វៀតណាម

អង្គការ​ឃ្លាំមើល​ពិភពលោក ដែល​មាន​បេសកកម្ម​ស៊ើប​អង្កេត​បទល្មើស​ព្រៃ​ឈើ​នៅ​ជុំវិញ​ពិភពលោក បាន​បដិសេធ​ការ​អះអាង​របស់​ក្រុមហ៊ុន​សម្បទាន​ដី​សេដ្ឋកិច្ច​របស់​វៀតណាម ឈ្មោះ ហ័ង អាញ យ៉ាឡាយ ដែល​ថ្មីៗ​នេះ​ប្រកាស​ថា បាន​ធ្វើ​កិច្ច​អភិវឌ្ឍន៍​ជា​ច្រើន​នៅ​ក្នុង​តំបន់​ដែល​ខ្លួន​បាន​វិនិយោគ។

ប្រតិកម្ម​របស់​អង្គការ​ឃ្លាំមើល​ពិភពលោក ធ្វើ​ឡើង​បន្ទាប់​ពី​កាសែត​វៀតណាម មួយ​ឈ្មោះ វៀត ស្តុក (Vietstock) បាន​ដក​ស្រង់​សេចក្ដី​ថ្លែងការណ៍​របស់​ក្រុមហ៊ុន ហ័ង អាញ យ៉ាឡាយ កាល​ពី​ថ្ងៃ​ទី​១៣ ខែ​ឧសភា ទទូច​ឲ្យ​អង្គការ​ឃ្លាំមើល​ពិភពលោក បង្ហាញ​ភស្តុតាង​ពី​ការ​រក​ឃើញ​របស់​ខ្លួន ហើយ​ក្រុមហ៊ុន​នេះ​នឹង​ចូល​រួម​ដោះស្រាយ​នូវ​បញ្ហា​ទាំង​អស់​ដែល​កើត​មាន​នៅ​កម្ពុជា។

ក្នុង​សម្រង់​សេចក្ដី​ថ្លែងការណ៍​ដដែល​នោះ ក្រុមហ៊ុន ហ័ង អាញ យ៉ាឡាយ ទទួល​ស្គាល់​ថា អង្គការ ឃ្លាំមើល​ពិភពលោក​ពិត​ជា​បាន​ផ្ញើ​សំណួរ​​​ឲ្យ​ក្រុមហ៊ុន ហើយ​ក្រុមហ៊ុន​បាន​ឆ្លើយ​តប​ទាំង​អស់ ព្រម​ទាំង​បាន​អញ្ជើញ​ឲ្យ​ភាគី​អង្គការ​ឃ្លាំមើល​ពិភពលោក មក​មើល​គម្រោង​វិនិយោគ​របស់​ក្រុមហ៊ុន​ថែម​ទៀត ប៉ុន្តែ​អង្គការ​មួយ​នេះ មិន​បាន​មក​តាម​ការ​ណាត់​ជួប​នៅ​ក្នុង​ខែ​ឧសភា ឆ្នាំ​២០១៣ នេះ​ទេ។ ក្រុមហ៊ុន ហ្វាង អាន់ យ៉ាឡាយ ក៏​បាន​លើក​ឡើង​ថា ក្រុមហ៊ុន​បាន​អភិវឌ្ឍ​ក្នុង​តំបន់​ដែល​វិនិយោគ​នៅ​កម្ពុជា រួម​មាន​ការ​សាងសង់​ប្រព័ន្ធ​ហេដ្ឋារចនាសម្ព័ន្ធ​ផ្លូវ ថ្នល់ សង់​ស្ពាន​ជាដើម។

ទោះ​ជា​យ៉ាង​ណា មន្ត្រី​គ្រប់គ្រង​យុទ្ធនាការ​ដីធ្លី​នៃ​អង្គការ​ឃ្លាំមើល​ពិភពលោក អ្នកស្រី ម៉េកហ្កេន ម៉ាកឃីនណេស (Megan MacInnes) បកស្រាយ​ថា អង្គការ​ឃ្លាំមើល​ពិភពលោក​ ធ្លាប់​បាន​ទៅ​ជួប​ក្រុមហ៊ុន ហ័ង អាញ យ៉ាឡាយ នៅ​វៀតណាម កាល​ពី​ឆ្នាំ​២០១២ ហើយ​បាន​ដាក់​បង្ហាញ​ភស្តុតាង​កាប់​បំផ្លាញ​ធនធាន​ធម្មជាតិ និង​អំពើ​រំលោភ​ច្បាប់​នៅ​ប្រទេស​កម្ពុជា របស់​ក្រុមហ៊ុន​នេះ ព្រម​ទាំង​បាន​ស្នើ​ឲ្យ​ក្រុមហ៊ុន ហ័ង អាញ យ៉ាឡាយ យ៉ាង​ហោច​ណាស់​គោរព​ច្បាប់​កម្ពុជា បន្ទាប់​ពី​ទទួល​បាន​សម្បទាន​ដី​សេដ្ឋកិច្ច។

អ្នកស្រី ម៉េកហ្កេន ម៉ាកឃីនណេស៖ «យើង​បាន​សរសេរ​លិខិត​ដ៏​វែង​ទៅ​ឲ្យ​ក្រុមហ៊ុន ហ័ង អាញ យ៉ាឡាយ សុំ​ចម្លើយ​ពី​ក្រុមហ៊ុន​នេះ​ពី​បញ្ហា​ផ្សេងៗ។ ក្រុមហ៊ុន ហ័ង អាញ យ៉ាឡាយ បាន​ឆ្លើយ​តប​មក​យើង​ដោយ​អញ្ជើញ​យើង​ឲ្យ​ទៅ​មើល​គម្រោង​ការងារ​របស់​ក្រុមហ៊ុន​នៅ​ប្រទេស​វៀតណាម។ យើង​ក៏​បាន​ឆ្លើយ​តប​ទៅ​ពួកគេ​ថា យើង​ចង់​ទៅ​ជួប​ពួកគេ​ណាស់ ដោយ​នឹង​បញ្ជាក់​ប្រាប់​កាលបរិច្ឆេទ ដោយសារ​តែ​ពេល​ក្រុមហ៊ុន ហ័ង អាញ យ៉ាឡាយ អញ្ជើញ​យើង​នោះ គឺ​នៅ​ដើម​ខែ​មេសា ឆ្នាំ​២០១៣ ជា​ពេល​ដែល​យើង​មិន​ទាន់​អាច​ធ្វើ​ដំណើរ​ទៅ​ប្រទេស​វៀតណាម បាន។ ដូច្នេះ​យើង​មិន​យល់​ទេ នៅ​ពេល​ឮ​ក្រុមហ៊ុន ហ័ង អាញ យ៉ាឡាយ និយាយ​ថា យើង​មិន​បាន​ឆ្លើយ​តប​ពួក​គេ​នោះ។ រឿង​សំខាន់​មួយ​ទៀត​ដែល​ខ្ញុំ​ចង់​បញ្ជាក់ គឺ​ថា​យើង​បាន​ជួប​ក្រុមហ៊ុន ហ័ង អាញ យ៉ាឡាយ ម្ដង​រួច​ទៅ​ហើយ​កាល​ពី​ខែ​សីហា ពី​ឆ្នាំ​២០១២។ នៅ​ពេល​នោះ យើង​បាន​ដាក់​បង្ហាញ​ភស្តុតាង​ដល់​ក្រុមហ៊ុន ជា​ភស្តុតាង​ដូច​ដែល​យើង​បង្ហាញ​ក្នុង​របាយការណ៍​នេះ ហើយ​សុំ​ឲ្យ​ពួកគេ​ឆ្លើយ​តប ទទូច​ឲ្យ​ចាត់​វិធានការ​ដើម្បី​ដោះស្រាយ​បញ្ហា​ប្រឈម​នានា រួម​មាន​កង្វល់​របស់​ប្រជា​សហគមន៍ ជម្លោះ​ដីធ្លី​ដែល​កំពុង​បន្ត​កើត​មាន អំពើ​ហិង្សា ការ​គំរាមកំហែង និង​បញ្ហា​រំលោភ​សិទ្ធិ​មនុស្ស ដែល​កើត​មាន​ឡើង​នៅ​ជុំវិញ​ទីតាំង​ដី​សម្បទាន​សេដ្ឋកិច្ច​របស់​ក្រុមហ៊ុន​នៅ​ក្នុង​ប្រទេស​កម្ពុជា និង​ប្រទេស​ឡាវ។ ប៉ុន្តែ​មិន​មាន​ការ​ឆ្លើយ​តប​ណា​មួយ​ពី​ក្រុមហ៊ុន​ឡើយ»

ចំពោះ​ការ​អះអាង​របស់​ក្រុមហ៊ុន ហ័ង អាញ យ៉ាឡាយ ដែល​ថា បាន​អភិវឌ្ឍ​សាងសង់​ហេដ្ឋារចនាសម្ព័ន្ធ​​ក្នុង​តំបន់​ដែល​ខ្លួន​វិនិយោគ​នោះ មន្ត្រី​អង្គការ​ឃ្លាំមើល​ពិភពលោក រូប​នេះ​បាន​បញ្ជាក់​ថា ក្នុង​អំឡុង​ពេល​ជាង​មួយ​ឆ្នាំ​នៃ​ការ​ចុះ​អង្កេត​ស្រាវជ្រាវ​សកម្មភាព​កាប់​រាន​ព្រៃ​ឈើ​នៅ​កម្ពុជា ដោយ​ក្រុមហ៊ុន ហ័ង អាញ យ៉ាឡាយ និង​ក្រុមហ៊ុន​វៀតណាម រ៉ាប់ប៊ឺ គ្រូប (Vietnam Rubber Group=VRG) អង្គការ​ឃ្លាំមើល​ពិភពលោក មិន​បាន​ប្រទះ​ឃើញ​ការ​អភិវឌ្ឍ​ហេដ្ឋារចនាសម្ព័ន្ធ​អ្វី​ទេ។ ទោះ​ជា​យ៉ាង​ណា អ្នកស្រី​បាន​ត្រឹម​ឮ​គេ​និយាយ​ថា ក្រុមហ៊ុន​វៀតណាម ទាំង​ពីរ បាន​ឆូស​ឆាយ​ដី​ធ្វើ​ផ្លូវ​លំ​ដើម្បី​ងាយ​ស្រួល​ក្នុង​ការ​ដឹក​ជញ្ជូន​ឈើ​ហុប​ចេញ​ពី​ព្រៃ។

អ្នកស្រី ម៉េកហ្កេន ម៉ាកឃីនណេស៖ «នៅ​ពេល​យើង​ចុះ​ស្រាវជ្រាវ យើង​បាន​ជួប​សម្ភាសន៍​ជាមួយ​ប្រជាសហគមន៍​ដែល​រស់​នៅ​ជិត និង​ក្បែរ​ក្រុមហ៊ុន ហ័ង អាញ យ៉ាឡាយ។ យើង​ពិនិត្យ​មើល​ព្រៃ​ឈើ យើង​ប្រមូល​ភស្តុតាង​នៃ​អំពើ​ល្មើស​ច្បាប់ ព្រៃ​ឈើ។ យើង​ជួប​សម្ភាស​ជាមួយ​កម្មករ និង​អ្នក​មូលដ្ឋាន ដែល​រស់​នៅ​ក្នុង​និង​ជុំវិញ​តំបន់​ដី​សម្បទាន​សេដ្ឋកិច្ច​ជា​ច្រើន​កន្លែង​ដែល​គ្រប់គ្រង​ដោយ​ក្រុមហ៊ុន។ យើង​បាន​សួរ​អំពី​ចំណុច​វិជ្ជមាន​និង​អវិជ្ជមាន ដែល​គេ​ទទួល​បាន​ពី​ក្រុមហ៊ុន។ តាម​ដែល​ខ្ញុំ​ចាំ​បាន សហគមន៍​ទាំង​អស់​ដែល​យើង​ចុះ​ជួប មាន​តែ​ភូមិ​មួយ​ប៉ុណ្ណោះ​ដែល​ពលរដ្ឋ​បាន​ប្រាប់​យើង​ថា ក្រុមហ៊ុន ហ័ង អាញ យ៉ាឡាយ បាន​កសាង​សាលា​រៀន​មួយ​ឲ្យ​អ្នក​ភូមិ។ ក្រៅ​ពី​ហ្នឹង សហគមន៍​ដែល​យើង​ជួប​ទាំង​អស់ សុទ្ធ​តែ​បាន​ប្រាប់​យើង​ថា គេ​ទទួល​បាន​តែ​លទ្ធផល​អវិជ្ជមាន ឬ​ផលវិបាក​ពី​ការ​វិនិយោគ​ដី​សម្បទាន​សេដ្ឋកិច្ច​ពី​ក្រុមហ៊ុន ហ័ង អាញ យ៉ាឡាយ។ យើង​ក៏​មិន​បាន​ឃើញ​មាន​ស្ពាន ឬ​ថ្នល់​អ្វី​សាងសង់​ដោយ​ក្រុមហ៊ុន ហ័ង អាញ យ៉ាឡាយ ដែរ»

អ្នក​យក​ព័ត៌មាន​វិទ្យុ​អាស៊ីសេរី ប្រចាំការ​នៅ​ភូមិ​ភាគ​ឦសាន​ក៏​មិន​បាន​ឃើញ​ការ​អភិវឌ្ឍ​អ្វី​របស់​ក្រុមហ៊ុន ហ័ង អាញ យ៉ាឡាយ គួរ​ឲ្យ​កត់​សំគាល់​ទេ។

ក្រុមហ៊ុន ហ័ង អាញ យ៉ាឡាយ បាន​វិនិយោគ​លើ​វិស័យ​ដំណាំ​កៅស៊ូ​នៅ​ក្នុង​ប្រទេស​កម្ពុជា ខេត្ត​រតនគិរី ជាប់​ខេត្ត​យ៉ាឡាយ ប្រទេស​វៀតណាម។ ក្រុមហ៊ុន​នេះ​កាន់​កាប់​ដី​នៅ​ខេត្ត​រតនគិរី ក្រោម​ផ្លាក​សម្បទាន​ដី​សេដ្ឋកិច្ច​ចំនួន​ជិត ៥​ម៉ឺន​ហិកតារ (៤៧.៣៧០) នៅ​ខណៈ​ច្បាប់​កម្ពុជា កំណត់​មិន​ឲ្យ​លើស​ពី ១​ម៉ឺន​ហិកតារ (១០.០០០) សម្រាប់​ក្រុមហ៊ុន​មួយ។

របាយការណ៍​របស់​អង្គការ​ឃ្លាំមើល​ពិភពលោក កម្រាស់ ៤៩​ទំព័រ បញ្ជាក់​ថា ភាព​អាថ៌កំបាំង ឬ​ការ​លាក់លៀម​មិន​បង្ហាញ​ព័ត៌មាន​ពិត​របស់​ក្រុមហ៊ុន ហ័ង អាញ យ៉ាឡាយ និង​ក្រុមហ៊ុន វៀតណាម រ៉ាប់ប៊ឺ គ្រូប គឺ​គន្លឹះ​ក្នុង​ការ​ជួយ​លាក់​បាំង​ទ្រព្យសម្បត្តិ និង​សកម្មភាព​របស់​ក្រុមហ៊ុន​ និង​​មុខ​មាត់​ពិត​នៃ​ម្ចាស់​ក្រុមហ៊ុន​ទាំង​ពីរ។ លើស​ពី​នេះ​ទៀត ចេតនា​មិន​បង្ហាញ​ពី​តម្លាភាព ក៏​ជា​មធ្យោបាយ​ជួយ​ឲ្យ​ក្រុមហ៊ុន ហ័ង អាញ យ៉ាឡាយ ទទួល​បាន​សម្បទាន​ដី​សេដ្ឋកិច្ច​លើស​ច្បាប់​កំណត់ ៥​ដង និង​ជួយ​ក្រុមហ៊ុន វៀតណាម រ៉ាប់ប៊ឺ គ្រូប ទទួល​បាន​សម្បទាន​ដី​សេដ្ឋកិច្ច​លើស​ច្បាប់​កំណត់ ១៦​ដង។

ទំនាក់​ទំនង​រវាង​ក្រុមហ៊ុន​វៀតណាម​និង​ឧកញ៉ា​កម្ពុជា

លទ្ធផល​ស្រាវជ្រាវ​របស់​អង្គការ​ឃ្លាំមើល​ពិភពលោក​បង្ហាញ​ថា ក្រុមហ៊ុន ហ័ង អាញ យ៉ាឡាយ គឺ​ជា​ក្រុមហ៊ុន​មេ​ដែល​មាន​ក្រុមហ៊ុន​តូចៗ ឬ​ក្រុមហ៊ុន​សាខា​របស់​ខ្លួន​ចំនួន​យ៉ាង​តិច ៦ នៅ​កម្ពុជា។ ប៉ុន្តែ​ក្រុមហ៊ុន ហ័ង អាញ យ៉ាឡាយ អះអាង​ប្រាប់​អង្គការ​ឃ្លាំមើល​ពិភពលោក​ថា មាន​ក្រុមហ៊ុន​សាខា​ត្រឹម​តែ​បី​ប៉ុណ្ណោះ។ ទី​១ គឺ​ក្រុមហ៊ុន ហ័ង អាញ អូរយ៉ាដាវ ទី​២ ក្រុមហ៊ុន ស៊ី.អ.ឌី (CRD) និង​ទី​៣ ក្រុមហ៊ុន ហេង ប្រាឌ័រ (Heng Brother)។

ក្រុមហ៊ុន ហេង ប្រាឌ័រ មាន​ទីស្នាក់ការ​រួម​គ្នា​ជាមួយ​ក្រុមហ៊ុន​មេ ហ័ង អាញ យ៉ាឡាយ នៅ​ក្នុង​ខេត្ត​រតនគិរី ហើយ​នាយក​គ្រប់គ្រង​ក្រុមហ៊ុន​ទាំង​បី គឺ​មនុស្ស​តែ​ម្នាក់ ឈ្មោះ ង្វៀន វ៉ាន់មិញ ជា​ជន​ជាតិ​វៀតណាម។ ទោះ​យ៉ាង​ណា ក្រុមហ៊ុន​មេ ហ័ង អាញ យ៉ាឡាយ បដិសេធ​ថា មិន​មាន​សម្ពន្ធភាព​ជាប់​ពាក់ព័ន្ធ​ជាមួយ​ផ្សេង​ទៀត​ទេ គឺ​ក្រុមហ៊ុន រ័ត្ន សុខន ក្រុមហ៊ុន ហ័ង អាញ ម៉ាន់យ៉ាង ឬ​ក្រុមហ៊ុន គិរី ឌីវេលឡុបមិន (Kiri Development)។

អង្គការ​ឃ្លាំមើល​ពិភពលោក បាន​ផ្ញើ​លិខិត​សុំ​ការ​បំភ្លឺ​ពី​ក្រុមហ៊ុន រ័ត្ន សុខន ប៉ុន្តែ​មិន​ទទួល​បាន​ការ​ឆ្លើយ​តប​ទេ។

របាយការណ៍​របស់​អង្គការ​ឃ្លាំមើល​ធនធាន​ធម្មជាតិ​លើ​ពិភពលោក​មួយ​នេះ​បញ្ជាក់​ថា ក្រុមហ៊ុន​វៀតណាម ទាំង​នោះ អាច​បំពាន​ច្បាប់​ រំលោភ​សិទ្ធិ​មនុស្ស និង​កាប់​បំផ្លាញ​ព្រៃ​ឈើ​នៅ​កម្ពុជា ក៏​ដោយសារ​មាន​ការ​ការពារ​ពី​កង​យោធពល​ខេមរភូមិន្ទ កងរាជអាវុធហត្ថ ឬ​ប៉ូលិស​ជាដើម។ កង​ប្រដាប់​អាវុធ​កម្ពុជា ដែល​មាន​តួនាទី​អនុវត្ត និង​ការពារ​ច្បាប់ ដើម្បី​រក្សា​ធនធាន​ធម្មជាតិ​កម្ពុជា ឲ្យ​នៅ​គង់វង្ស​ បាន​ក្លាយ​ជា​ឧបករណ៍​ដ៏​មាន​ប្រសិទ្ធភាព​របស់​ក្រុមហ៊ុន​សម្បទាន​ដី​សេដ្ឋកិច្ច​វៀតណាម សម្រាប់​បាញ់​សម្លុត គំរាម​កំហែង ការ​តវ៉ា​ណា​មួយ​ពី​ប្រជាពលរដ្ឋ​ខ្មែរ។

របាយការណ៍​លំអិត​ចេញ​ផ្សាយ​នៅ​ថ្ងៃ​ទី​១៣ ឧសភា ឆ្នាំ​២០១៣ ដដែល​បន្ត​ថា សកម្មភាព​ទាំង​នេះ​កំពុង​បន្ត​កើត​មាន​ក៏​ដោយសារ​តែ​មាន​មន្ត្រី​ជាន់​ខ្ពស់ និង​ឧកញ៉ា​មហា​សេដ្ឋី​របស់​គណបក្ស​ប្រជាជន​កម្ពុជា ជួយ​បិទបាំង ឃុបឃិត និង​ការពារ​ពី​ក្រោយ។

ឧទាហរណ៍៖ ក្រុមហ៊ុន​វៀតណាម ឈ្មោះ ហេង ប្រាឌ័រ មាន​ខ្សែ ឬ​សម្ពន្ធភាព​ជាមួយ​ឧកញ៉ា រ័ត្ន សុខន។ ឧកញ៉ា រ័ត្ន សុខន គឺ​ជា​ទីប្រឹក្សា​របស់​ប្រធាន​រដ្ឋ​សភា លោក ហេង សំរិន ហើយ ឧកញ៉ា រ័ត្ន សុខន ក៏​មាន​ក្រុមហ៊ុន​ខ្លួន​ឯង​មួយ​ឈ្មោះ រ័ត្ន សុខន ដែរ។ ក្រុមហ៊ុន ហេង ប្រាឌ័យ បច្ចុប្បន្ន​ចុះ​បញ្ជី​អាសយដ្ឋាន​ក្រុមហ៊ុន​រួម​គ្នា​ជាមួយ​ក្រុមហ៊ុន រ័ត្ន សុខន នៅ​ភ្នំពេញ។

ក្រុមហ៊ុន រ័ត្ន សុខន តែ​ម្នាក់​ឯង​មាន​សម្បទាន​ដី​សេដ្ឋកិច្ច​សម្រាប់​ដំណាំ​កៅស៊ូ​ពីរ​កន្លែង សរុប​ចំនួន​ជិត ២ម៉ឺន​ហិកតារ (១៨.០០០) នៅ​តំបន់​អភិរក្ស​ដែន​ជម្រក​សត្វ​ព្រៃ ស្រុក​លំផាត់ ខេត្ត​រតនគិរី។ យោង​តាម​ផែនទី​សម្បទាន​ដី​សេដ្ឋកិច្ច​របស់​ក្រសួង​បរិស្ថាន ក្រុមហ៊ុន រ័ត្ន សុខន ទទួល​បាន​ដី​សម្បទាន​សេដ្ឋកិច្ច​ពីរ​កន្លែង​នេះ គឺ​នៅ​ក្រោយ​បទ​បញ្ជា​របស់​លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន ប្រកាស​ផ្អាក​ការ​ផ្ដល់​សម្បទាន​ដី​សេដ្ឋកិច្ច​ថ្មី។

លើស​ពី​នេះ ក្រុមហ៊ុន រ័ត្ន សុខន ក៏​បាន​ល្មើស​ច្បាប់​ពីរ​ចំណុច​ផ្សេង​ទៀត។ ទី​មួយ គឺ​ទំហំ​ដី​ទទួល​បាន​ជិត​ពីរ​ម៉ឺន​ហិកតារ នៅ​ខណៈ​ច្បាប់​កម្ពុជា កំណត់​មិន​ឲ្យ​លើស​ពី​មួយ​ម៉ឺន​ហិកតារ​សម្រាប់​ក្រុមហ៊ុន​មួយ។ ទី​ពីរ គឺ​សម្បទាន​ដី​សេដ្ឋកិច្ច​ដែល​ទទួល​បាន​នោះ ស្ថិត​នៅ​ក្នុង​ដែន​អភិរក្ស​ជម្រក​សត្វ​ព្រៃ​ដែល​ត្រូវ​ច្បាប់​ការពារ។

របាយការណ៍​ដដែល​បញ្ជាក់​ថា ពាក្យ​ថា អភិវឌ្ឍ​ដី​សម្បទាន​សេដ្ឋកិច្ច គឺ​គ្រាន់​តែ​ជា​ឈ្មោះ​សម្រាប់​បិទបាំង​ការ​កាប់​បំផ្លាញ​ព្រៃ​ឈើ​ល្អ​ប្រណិត​ដ៏​មាន​តម្លៃ​របស់​ប្រទេស​កម្ពុជា យក​ទៅ​លក់។ ក្រោម​ផ្លាក​សម្បទាន​ដី​សេដ្ឋកិច្ច ក្រុមហ៊ុន​ទាំង​នេះ​បាន​កាប់​រាន​រំលំ​ដើម​ឈើ​ធំ​តូច​ទាំង​អស់។ បន្ទាប់​មក​ប្រមូល និង​ដឹក​ឈើ​ល្អ​ប្រណិត​ដែល​មាន​តម្លៃ​ខ្ពស់​ទៅ​កាន់​ប្រទេស​វៀតណាម ហើយ​ដុត​បំផ្លាញ​ចោល​នូវ​ព្រៃ​ឈើ​ដែល​នៅ​សេសសល់​ឲ្យ​ស្រឡះ ដើម្បី​សំគាល់​ដី​ជា​កម្មសិទ្ធិ​របស់​ក្រុមហ៊ុន។

ក្នុង​បេសកកម្ម​ស្វែង​រក​ការពិត​អំពី​​ព្រៃ​ឈើ​នៅ​​កម្ពុជា អង្គការ​ឃ្លាំមើល​ពិភពលោក បាន​ប្រើប្រាស់​ផ្កាយ​រណប​ថត​រូបភាព ហើយ​រក​ឃើញ​ថា ព្រៃឈើ​ដែល​មាន​ស្លឹក​ពណ៌​បៃតង​គ្រប់​រដូវ​កាល (evergreen) ត្រូវ​បាន​កាប់​រំលំ​អស់​ជា​ច្រើន​សន្ធឹកសន្ធាប់ នៅ​ក្នុង​តំបន់​សម្បទាន​ដី​សេដ្ឋកិច្ច​របស់​ក្រុមហ៊ុន ហ័ង អាញ យ៉ាឡាយ។

ឧទាហរណ៍៖ នៅ​ខេត្ត​រតនគិរី រូបភាព​ផ្កាយរណប​បាន​បង្ហាញ​ថា ព្រៃឈើ​ដែល​មាន​ស្លឹក​ពណ៌​បៃតង​គ្រប់​រដូវ​កាល ស្ថិត​ក្នុង​តំបន់​សម្បទាន​ដី​សេដ្ឋកិច្ច​របស់​ក្រុមហ៊ុន ហ័ង អាញ អូរយ៉ាដាវ ក្រុមហ៊ុន ហេង ប្រាឌ័រ និង​ក្រុមហ៊ុន ស៊ី.អ.ឌី ត្រូវ​បាន​កាប់​រាន​យ៉ាង​ធ្ងន់ធ្ងរ​ក្នុង​ចន្លោះ​ខែ​មករា ឆ្នាំ​២០១១ និង​ខែ​កុម្ភៈ ឆ្នាំ​២០១៣។ ក្នុង​កិច្ច​សន្យា​សម្បទាន​ដី​សេដ្ឋកិច្ច​សម្រាប់​ដំណាំ​កៅស៊ូ​រវាង​ក្រសួង​កសិកម្ម និង​ក្រុមហ៊ុន ស៊ី.អ.ឌី ចុះ​ថ្ងៃ​ទី​២៥ មីនា ឆ្នាំ​២០១១ អង្គការ​ឃ្លាំមើល​ពិភពលោក ពិនិត្យ​ឃើញ​ថា បាន​តម្រូវ​ឲ្យ​ក្រុមហ៊ុន​រក្សា​ការពារ​ព្រៃ​ឈើ​ទាំង​នេះ នៅ​ក្នុង​តំបន់​សម្បទាន​ដី​សេដ្ឋកិច្ច​របស់​ខ្លួន។

ទោះ​ជា​យ៉ាង​ណា ក្រុមហ៊ុន ហ័ង អាញ យ៉ាឡាយ បាន​បដិសេធ​ថា មិន​បាន​ពាក់ព័ន្ធ​ជាមួយ​ក្រុមហ៊ុន​សាខា​របស់​ខ្លួន​ទាំង​នេះ ក្នុង​ការ​កាប់​ឈើ​ខុស​ច្បាប់​ទេ។ ប៉ុន្តែ​សាក្សី​ឃើញ​ផ្ទាល់​ភ្នែក​ចំនួន​បី​ភូមិ នៅ​ជិត​ក្រុមហ៊ុន​សាខា​របស់​ក្រុមហ៊ុន ហ័ង អាញ យ៉ាឡាយ បាន​ប្រាប់​អង្គការ​ឃ្លាំមើល​ពិភពលោក​ថា ក្រុមហ៊ុន​វៀតណាម បាន​ជ្រើសរើស​យក​ឧកញ៉ា ទ្រី ភាព ដែល​មាន​ភាគហ៊ុន​ស្រាប់​ជាមួយ​ក្រុមហ៊ុន​វៀតណាម​ទាំង​នោះ​ធ្វើ​ជា​ដៃគូ​ក្នុង​ស្រុក ដើម្បី​ឲ្យ​កាប់​រាន​ព្រៃ​ឈើ។

ឧកញ៉ា ទ្រី ភាព បាន​ចុះ​ហត្ថលេខា​រំលំ​ដើម​ឈើ​ជាមួយ​ក្រុមហ៊ុន​វៀតណាម ហេង ប្រាឌ័រ។ នៅ​ក្នុង​កិច្ច​សន្យា​សរសេរ​ថា ក្រុមហ៊ុន ហេង ប្រាឌ័រ មាន​តួនាទី​កាប់​រាន​យក​ឈើហុប ចំណែក​ឧកញ៉ា ទ្រី ភាព មាន​តួនាទី​ដូច​ត​ទៅ៖ ជា​អ្នក​បង់​ប្រាក់​ទទួល​សិទ្ធិ​ធ្វើ​អាជីវកម្ម​ទៅ​ឲ្យ​រដ្ឋបាល​ព្រៃ​ឈើ រៀបចំ​ឲ្យ​មាន​ការ​បោះ​ត្រា​លើ​ឈើហុប ជួយ​ចាត់ចែង​ឲ្យ​ឈ្មួញ​ក្នុង​ស្រុក ដំឡើង​រោង​ម៉ាស៊ីន​អារ​ឈើ​នៅ​ក្នុង​តំបន់​ដែល​ទទួល​បាន​ដី​សម្បទាន។ បន្ទាប់​មក ឧកញ៉ា ទ្រី ភាព ទទួល​ខុស​ត្រូវ​ដឹក​ជញ្ជូន​ឈើហុប​ដែល​កែច្នៃ​ហើយ​ទៅ​ក្រុង​ភ្នំពេញ។

ក្រុម​អ្នក​ភូមិ​ដែល​បាន​ឃើញ​ផ្ទាល់​ភ្នែក​និយាយ​ថា ឈើហុប​ប្រមាណ ១០០​ម៉ែត្រគូប ដឹក​តាម​រថយន្ត​ធំៗ​ចេញ​ពី​តំបន់​ដី​សម្បទាន​របស់​ក្រុមហ៊ុន ហេង ប្រាឌ័រ ជា​រៀង​រាល់​ថ្ងៃ។ ភស្តុតាង​ដែល​បញ្ជាក់​ថា ក្រុមហ៊ុន ហេង ប្រាឌ័រ ពាក់ព័ន្ធ​ក្នុង​ប្រតិបត្តិការ​នៃ​បទល្មើស​ព្រៃ​ឈើ​នេះ មិន​មែន​ជា​លើក​ទី​មួយ​ទេ។ នៅ​ក្នុង​ឆ្នាំ​២០០៥ ក្រុមហ៊ុន​វៀតណាម​មួយ​នេះ​បាន​ទទួល​សិទ្ធិ​ពិសេស​ឲ្យ​កាប់​រំលំ​ដើម​ឈើ​ប្រណិត​នៅ​ខេត្ត​រតនគិរី ដើម្បី​យក​ទៅ​សាងសង់​អគារ​រដ្ឋ​សភា​ថ្មី។ ប៉ុន្តែ​យោង​តាម​ប្រភព​សង្គម​ស៊ីវិល​ដែល​ឃ្លាំមើល​ធនធាន​ធម្មជាតិ និង​ប្រភព​សម្ងាត់​ជិតដិត​នឹង​ក្រុមហ៊ុន ឈើហុប​ជា​ច្រើន​ត្រូវ​បាន​ក្រុមហ៊ុន ហេង ប្រាឌ័រ កាប់​និង​ដឹក​ចេញ​ឆ្លង​កាត់​ព្រំដែន​ចូល​ទៅ​ប្រទេស​វៀតណាម។

ទោះ​ជា​យ៉ាង​ណា ក្រុមហ៊ុន ហ័ង អាញ យ៉ាឡាយ បាន​បដិសេធ​ថា មិន​មាន​ទំនាក់ទំនង ឬ​រក​ស៊ី​ដឹក​ជញ្ជូន​ឈើ​ខុស​ច្បាប់​ជាមួយ​ឧកញ៉ា ទ្រី ភាព ទេ។

ចំពោះ​សំណួរ​របស់​អង្គការ​ឃ្លាំមើល​ពិភពលោក ទាក់​ទង​នឹង​ការ​ទន្ទ្រាន​យក​ដី​ស្រែ​ចម្ការ​របស់​ប្រជា​សហគមន៍ ការ​បំផ្លាញ​ព្រៃ​ដូនតា ឬ​ដី​កប់​ខ្មោច​ដែល​ជា​ទី​គោរព​សក្ការ​របស់​ជនជាតិ​ដើម​ភាគតិច បណ្ដាល​ឲ្យ​មាន​ការ​ធ្លាក់​ចុះ​របប​ស្បៀង​អាហារ​យ៉ាង​គំហុក​របស់​អ្នក​ភូមិ​វិញ ក្រុមហ៊ុន ហ័ង អាញ យ៉ាឡាយ ក៏​បាន​បដិសេធ​ដោយ​ឆ្លើយ​ថា ​គឺ​ជា​ការ​ទទួល​ខុស​ត្រូវ​របស់​រដ្ឋាភិបាល​កម្ពុជា ក្នុង​ការ​ធានា​ថា ដី​និង​ព្រៃ​របស់​សហគមន៍​មិន​ត្រូវ​ស្ថិត​ក្នុង​តំបន់​សម្បទាន​ដី​សេដ្ឋកិច្ច។

ចំណែក​រដ្ឋាភិបាល​កម្ពុជា​វិញ មិន​ខុស​ពី​ពេល​មុនៗ​ទេ តែង​តែ​ច្រាន​ចោល​របាយការណ៍​អង្គការ​សិទ្ធិ​មនុស្ស ឬ​អង្គការ​ការពារ​ព្រៃ​ឈើ ដូចជា​អង្គការ​ឃ្លាំមើល​ពិភពលោក​ជាដើម។ រដ្ឋាភិបាល​មិន​ត្រឹមតែ​មិន​លើក​យក​របាយការណ៍​ទៅ​សិក្សា​ជា​មូលដ្ឋាន ដើម្បី​ស៊ើប​អង្កេត​បញ្ជាក់​ការ​ពិត​ប៉ុណ្ណោះ​ទេ ថែម​ទាំង​ប្រើ​ភាសា​ដដែលៗ​​ប្រកែក​បដិសេធ​ចោល​ភ្លាមៗ​ថា "របាយការណ៍​នោះ​មិន​បាន​ឆ្លុះ​បញ្ចាំង​ពី​ការ​ពិត​នៅ​កម្ពុជា"។ ប៉ុន្តែ​ទន្ទឹម​គ្នា​នោះ ក៏​មិន​អាច​ផ្ដល់​ការ​បក​ស្រាយ​ណា​មួយ​ប្រកប​ដោយ​ហេតុផល​ទៅ​នឹង​របាយការណ៍​ដែរ។

រដ្ឋាភិបាល​កម្ពុជា មិន​គ្រាន់​តែ​មិន​ឆក់​ឱកាស​ទាញ​យក​ផលប្រយោជន៍​ពី​អង្គការ​ឃ្លាំមើល​ពិភពលោក ដើម្បី​ធ្វើ​ជា​ដៃគូ​ក្នុង​ការ​ការពារ​ធនធាន​ព្រៃ​ឈើ​នៅ​កម្ពុជា ប៉ុណ្ណោះ​ទេ ថែម​ទាំង​ចាត់​ទុក​អង្គការ​ឃ្លាំមើល​ពិភពលោក​ជា​សត្រូវ​របស់​ខ្លួន​ទៀត​ផង។

ក្រោយ​ពេល​អង្គការ​ឃ្លាំមើល​ពិភពលោក ចេញ​របាយការណ៍​ដែល​មាន​ភ្ជាប់​ជាមួយ​នូវ​អនុសាសន៍​ផង អ្នក​នាំ​ពាក្យ​​ទីស្ដីការ​គណៈ​​រដ្ឋមន្ត្រី លោក ផៃ ស៊ីផាន បាន​បដិសេធ​ភ្លាម ហើយ​ថែម​ទាំង​ពន្យុះ​ឲ្យ​ម្ចាស់​របាយការណ៍​ដាក់​ពាក្យ​ប្ដឹង​រដ្ឋាភិបាល​កម្ពុជា ទៅ​វិញ៖ «ការ​លើក​ជា​របាយការណ៍​មិន​មែន​ជា​វិធានការ​ជួយ​ដោះស្រាយ​កម្ពុជា ទេ មិន​មែន​ជា​លក្ខណៈ​ដៃគូ​ក្នុង​ការ​ទប់ស្កាត់​នូវ​អំពើ​ទាំង​ឡាយ​ទាំង​ដែល​យើង​យល់​ថា​រំលោភ​ផ្លូវ​ច្បាប់​ទេ ការ​លើក​ឡើង​នេះ​គ្រាន់តែ​ជា​និន្នាការ​នយោបាយក្នុង​ការ​វាយ​ប្រហារ។ អាស្រ័យ​ហេតុដូច្នេះ ខ្ញុំ​អំពាវនាវ​ថា បើ​ឃើញ​ច្បាស់​ហើយ ច្បាប់​នៅ​កម្ពុជា លើក​ទឹក​ចិត្ត​ឲ្យ​យើង​លើក​ឡើង​តាម​ផ្លូវ​ច្បាប់​ក្នុង​ការ​ទប់ស្កាត់​នូវ​អំពើ​ឆ្គាំឆ្គង​​នៃ​ការ​រំលោភ​ច្បាប់​នេះ​ឯង»

មន្ត្រី​គ្រប់គ្រង​យុទ្ធនាការ​ដីធ្លី​នៃ​អង្គការ​ឃ្លាំមើល​ពិភពលោក អ្នកស្រី ម៉េកហ្កេន ម៉ាកឃីនណេស មាន​ប្រសាសន៍​ថា ភារកិច្ច​របស់​អង្គការ​ឃ្លាំមើល​ពិភពលោក គឺ​ត្រឹម​ជួយ​ស៊ើប​អង្កេត និង​ដាក់​បង្ហាញ​នូវ​ភស្តុតាង​នៃ​វិនាសកម្ម​ធនធាន​ធម្មជាតិ​នៅ​កម្ពុជា ជូន​ទៅ​រដ្ឋាភិបាល​កម្ពុជា ដែល​ជា​អ្នក​ទទួល​ខុស​ត្រូវ និង​មាន​កាតព្វកិច្ច​ផ្លូវ​ច្បាប់​ក្នុង​ការ​ការពារ​ធនធាន​ធម្មជាតិ​របស់​ប្រទេស​ខ្លួន​ដោយ​ខ្លួន​ឯង​តែប៉ុណ្ណោះ។

អ្នកស្រី ម៉េកហ្កេន ម៉ាកឃីនណេស៖ «យើង​មិន​យល់​ស្រប​ចំពោះ​ការ​ជំរុញ​ឲ្យ​យើង​ដាក់​ពាក្យ​ប្ដឹង​រដ្ឋាភិបាល​កម្ពុជា នោះ​ទេ។ អង្គការ​ឃ្លាំមើល​ពិភពលោក​មិន​មែន​សរសេរ​របាយការណ៍​នេះ​ឡើង​ក្នុង​គោលបំណង​ឲ្យ​យើង​ចូល​ជាប់​ពាក់ព័ន្ធ​ជាមួយ​នយោបាយ​នៅ​កម្ពុជា​ទេ។ យើង​សរសេរ​របាយការណ៍​នេះ​គឺ​មាន​បំណង​បង្ហាញ​នូវ​បញ្ហា​នានា​ដែល​ប្រជា​សហគមន៍ និង​ពលរដ្ឋ​ដែល​ងាយ​រង​គ្រោះ​នៅ​ក្នុង​ប្រទេស​ឡាវ និង​កម្ពុជា កំពុង​ប្រឈម។ របាយការណ៍​យើង​ក៏​ចង់​បង្ហាញ​ថា វិនាសកម្ម​ព្រៃឈើ​ធ្ងន់ធ្ងរ​កំពុង​កើត​មាន​នៅ​ក្នុង​ប្រទេស​ទាំង​ពីរ ដោយសារ​តែ​នយោបាយ​ដី​សម្បទាន​នេះ។ដូច្នេះ​យើង​សរសេរ​របាយការណ៍​នេះ ដោយ​មាន​ភ្ជាប់​ជាមួយ​នូវ​អនុសាសន៍​ផង គឺ​ក្នុង​គោលបំណង​ទាញ​ការ​ចាប់​អារម្មណ៍​របស់​រដ្ឋាភិបាល​កម្ពុជា និង​ឡាវ ដើម្បី​ឲ្យ​ចាត់​វិធានការ​សមស្រប​ដោះស្រាយ​បញ្ហា​ទាំង​នោះ។ នៅ​ពេល​យើង​លើក​ឡើង​អំពី​ការ​ផ្ដន្ទាទោស​នៅ​ក្នុង​របាយការណ៍​យើង គឺ​យើង​សំដៅ​ដល់​រដ្ឋាភិបាល​ជា​អ្នក​មាន​កាតព្វកិច្ច​ចាត់​វិធានការ​ផ្លូវ​ច្បាប់​ដើម្បី​ប្រឆាំង​នឹង​ក្រុមហ៊ុន»

អ្នកស្រី ម៉េកហ្កេន ម៉ាកឃីនណេស នៃ​អង្គការ​ឃ្លាំមើល​ពិភពលោក បន្ត​ថា សម្រាប់​ប្រជាជាតិ​កម្ពុជា អ្វី​ដែល​គួរ​ឲ្យ​តក់ស្លុត និង​ខក​ចិត្ត​បំផុត​នោះ គឺ​ការ​ចាត់ចែង​ប្រាក់​ចំណូល​ពី​វិស័យ​សម្បទាន​ដី​សេដ្ឋកិច្ច​មិន​មាន​តម្លាភាព ឬ​និយាយ​ដោយ​ខ្លី គឺ​អំពើ​ពុករលួយ​ដែល​នាំ​ឲ្យ​ប្រាក់​ចំណូល​ពី​ឧស្សាហកម្ម​នេះ​ធ្លាក់​ចូល​ក្នុង​ដៃ​មនុស្ស​អ្នក​កាន់​អំណាច​តែ​មួយ​ក្តាប់​តូច។

អង្គការ​ឃ្លាំមើល​ពិភពលោក និង​អង្គការ​សង្គម​ស៊ីវិល​ផ្សេង​ទៀត មិន​អាច​ស្រាវជ្រាវ​រក​ឃើញ​ថា តើ​ប្រាក់​ចំណូល​បាន​មក​ពី​ការ​កាប់​ព្រៃ​ឈើ និង​ការ​ផ្ដល់​សម្បទាន​ដី​សេដ្ឋកិច្ច​បាន​ប៉ុន្មាន និង​ទៅ​ទី​ណា​ខ្លះ​នោះ​ទេ ទោះ​ជា​ដី​ចំនួន ២.៦​លាន​ហិកតារ ត្រូវ​បាន​រដ្ឋ​ជួល​ទៅ​ឲ្យ​ក្រុមហ៊ុន  វិនាសកម្ម​ព្រៃ​ឈើ​មាន​សភាព​ធ្ងន់ធ្ងរ ឈើ​កម្រ​ល្អ​ប្រណិត​តម្លៃ​ខ្ពស់​ជា​ច្រើន​ឆ្នាំ ត្រូវ​បាន​ដឹក​ចេញ​ទៅ​លក់​នៅ​ទីផ្សារ​អន្តរជាតិ​ជា​រៀង​រាល់​ថ្ងៃ ហើយ​ពលរដ្ឋ​ខ្មែរ​រាប់​សែន​នាក់ ជា​ពិសេស​ប្រជា​សហគមន៍​ដែល​ពឹង​អាស្រ័យ​លើ​អនុផល​ព្រៃឈើ ត្រូវ​រង​គ្រោះ​ក៏ដោយ។ បញ្ហា​នេះ​​ទំនង​ជា​អាច​និយាយ​បាន​ថា វា​មាន​សភាព​ធ្ងន់ធ្ងរ​ជាង​ពាក្យ​ស្លោក​ខ្មែរ​មួយ​ឃ្លា​ដែល​ថា "ត្រី​រ៉ស់​ក៏​រួច​ទន្សាយ​ក៏​រួច"។

អង្គការ​ឃ្លាំមើល​ពិភពលោក ទទូច​ឲ្យ​រដ្ឋាភិបាល​កម្ពុជា ស៊ើប​អង្កេត​និង​ផ្ដន្ទាទោស​ក្រុមហ៊ុន និង​ជនល្មើស​ច្បាប់​ដើម្បី​បញ្ចប់​វិនាសកម្ម​ព្រៃឈើ និង​អំពើ​រំលោភ​សិទ្ធិ​មនុស្ស​ក្នុង​វិស័យ​សម្បទាន​ដី​សេដ្ឋកិច្ច​នៅ​កម្ពុជា៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

មតិ (17)
  • បោះពុម្ព
  • ចែករំលែក
  • អ៊ីម៉ែល

Meta

ពី Buntey Meanchey

I AGREE WITH BOPHA COMMENT. IT IS NOT ONLY THE FOREST CRIMINAL BUT ALSO ALL KIND DESTRUCTION MUST TAKEN FULL RESPONSIBLITY BY THE CURRENT GOVERNMENT TO THIS GENERATION AND THE NEXT.

Aug 29, 2013 11:33 PM

Meta

ពី Buntey Meanchey

ពិតហើយរដ្ឋាភិបាលជំនាន់នេះត្រូវតែទទួលខុសត្រូវនូវរាល់វិនាសកម្មព្រៃឈើ បន្ទាប់មកអ្នកទទួលផលពីការបំផ្លិចបំផ្លាញនេះ ហើយជាចុងក្រោយគឺយើងទាំងអស់គ្នាដែលមិនបានទទួលផលក៏មានចំណែកទទួលខុសត្រូវចំពោះមុខប្រវត្តិសាស្រ្តដែលជាមរតអាក្រក់ហួសស្មានសំរាប់អ្នកជំនាន់ក្រោយ!!

Aug 29, 2013 11:24 PM

BOPHA

ពី PP

Hun Sen must be responsible for this deforestation. The natural resources in Cambodia have been destroyed by Hun Sen. Hen Sen is a forest criminal.

Jul 23, 2013 01:44 AM

អ្នក​អាន​អនាមិក

Hun Sen has led Cambodia to all kinds of destructions! It's heartbreaking and why Cambodian people still need such a leader? Be fair to yourself, to others long suffering, hopeless, very depressed people and to the country!

Jun 18, 2013 05:06 AM

អ្នក​អាន​អនាមិក

All caused by Hun Sen , He Hun sen doesn't know how long the tree grow up , i tell you Hun sen it would thousands years to grow up , may be next 100 generations , but i don't scold you ,because you khmeng Wat No have study , now you let youn and stupid okna Try Pheap to devastate the ancient tree one you will be cursed by the trees .

Jun 09, 2013 02:04 AM

មើល​មតិ​ទាំង​អស់.