របាយការណ៍របស់អង្គការឃ្លាំមើលពិភពលោក ឬភាសាអង់គ្លេសហៅថា គ្លបល វីនេស (Global Witness) ក្រោមចំណងជើងថា រ៉ាប់ប៊ឺ បារ៉ិនស៍ «Rubber Barons» ចេញផ្សាយកាលពីថ្ងៃទី១៣ ខែឧសភា នេះ បានទម្លាយឲ្យពិភពលោកដឹងអំពីសកម្មភាពបំពានច្បាប់ជាតិ បំផ្លាញធនធានធម្មជាតិ និងរំលោភសិទ្ធិមនុស្សនៅកម្ពុជា និងឡាវ ដោយក្រុមហ៊ុនដំណាំកៅស៊ូវៀតណាមធំៗពីរ គឺក្រុមហ៊ុនឯកជន ហ័ង អាញ យ៉ាឡាយ (Hoang Anh Gia Lai) និងក្រុមហ៊ុនរដ្ឋ វៀតណាម រ៉ាប់ប៊ឺ គ្រូប (Vietnam Rubber Group)។
ថ្មីៗនេះ អង្គការឃ្លាំមើលធនធានធម្មជាតិលើពិភពលោកមួយនេះ បានច្រានចោលសេចក្ដីថ្លែងការណ៍របស់ក្រុមហ៊ុនវៀតណាម ហ្វាង អាន់ យ៉ាឡាយ ដែលអះអាងថា បានកសាងសមិទ្ធផលជាច្រើននៅក្នុងតំបន់ដែលខ្លួនទទួលបានដីសម្បទាននៅកម្ពុជា។
អង្គការឃ្លាំមើលពិភពលោកបដិសេធការអះអាងរបស់ក្រុមហ៊ុនវៀតណាម
អង្គការឃ្លាំមើលពិភពលោក ដែលមានបេសកកម្មស៊ើបអង្កេតបទល្មើសព្រៃឈើនៅជុំវិញពិភពលោក បានបដិសេធការអះអាងរបស់ក្រុមហ៊ុនសម្បទានដីសេដ្ឋកិច្ចរបស់វៀតណាម ឈ្មោះ ហ័ង អាញ យ៉ាឡាយ ដែលថ្មីៗនេះប្រកាសថា បានធ្វើកិច្ចអភិវឌ្ឍន៍ជាច្រើននៅក្នុងតំបន់ដែលខ្លួនបានវិនិយោគ។
ប្រតិកម្មរបស់អង្គការឃ្លាំមើលពិភពលោក ធ្វើឡើងបន្ទាប់ពីកាសែតវៀតណាម មួយឈ្មោះ វៀត ស្តុក (Vietstock) បានដកស្រង់សេចក្ដីថ្លែងការណ៍របស់ក្រុមហ៊ុន ហ័ង អាញ យ៉ាឡាយ កាលពីថ្ងៃទី១៣ ខែឧសភា ទទូចឲ្យអង្គការឃ្លាំមើលពិភពលោក បង្ហាញភស្តុតាងពីការរកឃើញរបស់ខ្លួន ហើយក្រុមហ៊ុននេះនឹងចូលរួមដោះស្រាយនូវបញ្ហាទាំងអស់ដែលកើតមាននៅកម្ពុជា។
ក្នុងសម្រង់សេចក្ដីថ្លែងការណ៍ដដែលនោះ ក្រុមហ៊ុន ហ័ង អាញ យ៉ាឡាយ ទទួលស្គាល់ថា អង្គការ ឃ្លាំមើលពិភពលោកពិតជាបានផ្ញើសំណួរឲ្យក្រុមហ៊ុន ហើយក្រុមហ៊ុនបានឆ្លើយតបទាំងអស់ ព្រមទាំងបានអញ្ជើញឲ្យភាគីអង្គការឃ្លាំមើលពិភពលោក មកមើលគម្រោងវិនិយោគរបស់ក្រុមហ៊ុនថែមទៀត ប៉ុន្តែអង្គការមួយនេះ មិនបានមកតាមការណាត់ជួបនៅក្នុងខែឧសភា ឆ្នាំ២០១៣ នេះទេ។ ក្រុមហ៊ុន ហ្វាង អាន់ យ៉ាឡាយ ក៏បានលើកឡើងថា ក្រុមហ៊ុនបានអភិវឌ្ឍក្នុងតំបន់ដែលវិនិយោគនៅកម្ពុជា រួមមានការសាងសង់ប្រព័ន្ធហេដ្ឋារចនាសម្ព័ន្ធផ្លូវ ថ្នល់ សង់ស្ពានជាដើម។
ទោះជាយ៉ាងណា មន្ត្រីគ្រប់គ្រងយុទ្ធនាការដីធ្លីនៃអង្គការឃ្លាំមើលពិភពលោក អ្នកស្រី ម៉េកហ្កេន ម៉ាកឃីនណេស (Megan MacInnes) បកស្រាយថា អង្គការឃ្លាំមើលពិភពលោក ធ្លាប់បានទៅជួបក្រុមហ៊ុន ហ័ង អាញ យ៉ាឡាយ នៅវៀតណាម កាលពីឆ្នាំ២០១២ ហើយបានដាក់បង្ហាញភស្តុតាងកាប់បំផ្លាញធនធានធម្មជាតិ និងអំពើរំលោភច្បាប់នៅប្រទេសកម្ពុជា របស់ក្រុមហ៊ុននេះ ព្រមទាំងបានស្នើឲ្យក្រុមហ៊ុន ហ័ង អាញ យ៉ាឡាយ យ៉ាងហោចណាស់គោរពច្បាប់កម្ពុជា បន្ទាប់ពីទទួលបានសម្បទានដីសេដ្ឋកិច្ច។
អ្នកស្រី ម៉េកហ្កេន ម៉ាកឃីនណេស៖ «យើងបានសរសេរលិខិតដ៏វែងទៅឲ្យក្រុមហ៊ុន ហ័ង អាញ យ៉ាឡាយ សុំចម្លើយពីក្រុមហ៊ុននេះពីបញ្ហាផ្សេងៗ។ ក្រុមហ៊ុន ហ័ង អាញ យ៉ាឡាយ បានឆ្លើយតបមកយើងដោយអញ្ជើញយើងឲ្យទៅមើលគម្រោងការងាររបស់ក្រុមហ៊ុននៅប្រទេសវៀតណាម។ យើងក៏បានឆ្លើយតបទៅពួកគេថា យើងចង់ទៅជួបពួកគេណាស់ ដោយនឹងបញ្ជាក់ប្រាប់កាលបរិច្ឆេទ ដោយសារតែពេលក្រុមហ៊ុន ហ័ង អាញ យ៉ាឡាយ អញ្ជើញយើងនោះ គឺនៅដើមខែមេសា ឆ្នាំ២០១៣ ជាពេលដែលយើងមិនទាន់អាចធ្វើដំណើរទៅប្រទេសវៀតណាម បាន។ ដូច្នេះយើងមិនយល់ទេ នៅពេលឮក្រុមហ៊ុន ហ័ង អាញ យ៉ាឡាយ និយាយថា យើងមិនបានឆ្លើយតបពួកគេនោះ។ រឿងសំខាន់មួយទៀតដែលខ្ញុំចង់បញ្ជាក់ គឺថាយើងបានជួបក្រុមហ៊ុន ហ័ង អាញ យ៉ាឡាយ ម្ដងរួចទៅហើយកាលពីខែសីហា ពីឆ្នាំ២០១២។ នៅពេលនោះ យើងបានដាក់បង្ហាញភស្តុតាងដល់ក្រុមហ៊ុន ជាភស្តុតាងដូចដែលយើងបង្ហាញក្នុងរបាយការណ៍នេះ ហើយសុំឲ្យពួកគេឆ្លើយតប ទទូចឲ្យចាត់វិធានការដើម្បីដោះស្រាយបញ្ហាប្រឈមនានា រួមមានកង្វល់របស់ប្រជាសហគមន៍ ជម្លោះដីធ្លីដែលកំពុងបន្តកើតមាន អំពើហិង្សា ការគំរាមកំហែង និងបញ្ហារំលោភសិទ្ធិមនុស្ស ដែលកើតមានឡើងនៅជុំវិញទីតាំងដីសម្បទានសេដ្ឋកិច្ចរបស់ក្រុមហ៊ុននៅក្នុងប្រទេសកម្ពុជា និងប្រទេសឡាវ។ ប៉ុន្តែមិនមានការឆ្លើយតបណាមួយពីក្រុមហ៊ុនឡើយ»។
ចំពោះការអះអាងរបស់ក្រុមហ៊ុន ហ័ង អាញ យ៉ាឡាយ ដែលថា បានអភិវឌ្ឍសាងសង់ហេដ្ឋារចនាសម្ព័ន្ធក្នុងតំបន់ដែលខ្លួនវិនិយោគនោះ មន្ត្រីអង្គការឃ្លាំមើលពិភពលោក រូបនេះបានបញ្ជាក់ថា ក្នុងអំឡុងពេលជាងមួយឆ្នាំនៃការចុះអង្កេតស្រាវជ្រាវសកម្មភាពកាប់រានព្រៃឈើនៅកម្ពុជា ដោយក្រុមហ៊ុន ហ័ង អាញ យ៉ាឡាយ និងក្រុមហ៊ុនវៀតណាម រ៉ាប់ប៊ឺ គ្រូប (Vietnam Rubber Group=VRG) អង្គការឃ្លាំមើលពិភពលោក មិនបានប្រទះឃើញការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធអ្វីទេ។ ទោះជាយ៉ាងណា អ្នកស្រីបានត្រឹមឮគេនិយាយថា ក្រុមហ៊ុនវៀតណាម ទាំងពីរ បានឆូសឆាយដីធ្វើផ្លូវលំដើម្បីងាយស្រួលក្នុងការដឹកជញ្ជូនឈើហុបចេញពីព្រៃ។
អ្នកស្រី ម៉េកហ្កេន ម៉ាកឃីនណេស៖ «នៅពេលយើងចុះស្រាវជ្រាវ យើងបានជួបសម្ភាសន៍ជាមួយប្រជាសហគមន៍ដែលរស់នៅជិត និងក្បែរក្រុមហ៊ុន ហ័ង អាញ យ៉ាឡាយ។ យើងពិនិត្យមើលព្រៃឈើ យើងប្រមូលភស្តុតាងនៃអំពើល្មើសច្បាប់ ព្រៃឈើ។ យើងជួបសម្ភាសជាមួយកម្មករ និងអ្នកមូលដ្ឋាន ដែលរស់នៅក្នុងនិងជុំវិញតំបន់ដីសម្បទានសេដ្ឋកិច្ចជាច្រើនកន្លែងដែលគ្រប់គ្រងដោយក្រុមហ៊ុន។ យើងបានសួរអំពីចំណុចវិជ្ជមាននិងអវិជ្ជមាន ដែលគេទទួលបានពីក្រុមហ៊ុន។ តាមដែលខ្ញុំចាំបាន សហគមន៍ទាំងអស់ដែលយើងចុះជួប មានតែភូមិមួយប៉ុណ្ណោះដែលពលរដ្ឋបានប្រាប់យើងថា ក្រុមហ៊ុន ហ័ង អាញ យ៉ាឡាយ បានកសាងសាលារៀនមួយឲ្យអ្នកភូមិ។ ក្រៅពីហ្នឹង សហគមន៍ដែលយើងជួបទាំងអស់ សុទ្ធតែបានប្រាប់យើងថា គេទទួលបានតែលទ្ធផលអវិជ្ជមាន ឬផលវិបាកពីការវិនិយោគដីសម្បទានសេដ្ឋកិច្ចពីក្រុមហ៊ុន ហ័ង អាញ យ៉ាឡាយ។ យើងក៏មិនបានឃើញមានស្ពាន ឬថ្នល់អ្វីសាងសង់ដោយក្រុមហ៊ុន ហ័ង អាញ យ៉ាឡាយ ដែរ»។
អ្នកយកព័ត៌មានវិទ្យុអាស៊ីសេរី ប្រចាំការនៅភូមិភាគឦសានក៏មិនបានឃើញការអភិវឌ្ឍអ្វីរបស់ក្រុមហ៊ុន ហ័ង អាញ យ៉ាឡាយ គួរឲ្យកត់សំគាល់ទេ។
ក្រុមហ៊ុន ហ័ង អាញ យ៉ាឡាយ បានវិនិយោគលើវិស័យដំណាំកៅស៊ូនៅក្នុងប្រទេសកម្ពុជា ខេត្តរតនគិរី ជាប់ខេត្តយ៉ាឡាយ ប្រទេសវៀតណាម។ ក្រុមហ៊ុននេះកាន់កាប់ដីនៅខេត្តរតនគិរី ក្រោមផ្លាកសម្បទានដីសេដ្ឋកិច្ចចំនួនជិត ៥ម៉ឺនហិកតារ (៤៧.៣៧០) នៅខណៈច្បាប់កម្ពុជា កំណត់មិនឲ្យលើសពី ១ម៉ឺនហិកតារ (១០.០០០) សម្រាប់ក្រុមហ៊ុនមួយ។
របាយការណ៍របស់អង្គការឃ្លាំមើលពិភពលោក កម្រាស់ ៤៩ទំព័រ បញ្ជាក់ថា ភាពអាថ៌កំបាំង ឬការលាក់លៀមមិនបង្ហាញព័ត៌មានពិតរបស់ក្រុមហ៊ុន ហ័ង អាញ យ៉ាឡាយ និងក្រុមហ៊ុន វៀតណាម រ៉ាប់ប៊ឺ គ្រូប គឺគន្លឹះក្នុងការជួយលាក់បាំងទ្រព្យសម្បត្តិ និងសកម្មភាពរបស់ក្រុមហ៊ុន និងមុខមាត់ពិតនៃម្ចាស់ក្រុមហ៊ុនទាំងពីរ។ លើសពីនេះទៀត ចេតនាមិនបង្ហាញពីតម្លាភាព ក៏ជាមធ្យោបាយជួយឲ្យក្រុមហ៊ុន ហ័ង អាញ យ៉ាឡាយ ទទួលបានសម្បទានដីសេដ្ឋកិច្ចលើសច្បាប់កំណត់ ៥ដង និងជួយក្រុមហ៊ុន វៀតណាម រ៉ាប់ប៊ឺ គ្រូប ទទួលបានសម្បទានដីសេដ្ឋកិច្ចលើសច្បាប់កំណត់ ១៦ដង។
ទំនាក់ទំនងរវាងក្រុមហ៊ុនវៀតណាមនិងឧកញ៉ាកម្ពុជា
លទ្ធផលស្រាវជ្រាវរបស់អង្គការឃ្លាំមើលពិភពលោកបង្ហាញថា ក្រុមហ៊ុន ហ័ង អាញ យ៉ាឡាយ គឺជាក្រុមហ៊ុនមេដែលមានក្រុមហ៊ុនតូចៗ ឬក្រុមហ៊ុនសាខារបស់ខ្លួនចំនួនយ៉ាងតិច ៦ នៅកម្ពុជា។ ប៉ុន្តែក្រុមហ៊ុន ហ័ង អាញ យ៉ាឡាយ អះអាងប្រាប់អង្គការឃ្លាំមើលពិភពលោកថា មានក្រុមហ៊ុនសាខាត្រឹមតែបីប៉ុណ្ណោះ។ ទី១ គឺក្រុមហ៊ុន ហ័ង អាញ អូរយ៉ាដាវ ទី២ ក្រុមហ៊ុន ស៊ី.អ.ឌី (CRD) និងទី៣ ក្រុមហ៊ុន ហេង ប្រាឌ័រ (Heng Brother)។
ក្រុមហ៊ុន ហេង ប្រាឌ័រ មានទីស្នាក់ការរួមគ្នាជាមួយក្រុមហ៊ុនមេ ហ័ង អាញ យ៉ាឡាយ នៅក្នុងខេត្តរតនគិរី ហើយនាយកគ្រប់គ្រងក្រុមហ៊ុនទាំងបី គឺមនុស្សតែម្នាក់ ឈ្មោះ ង្វៀន វ៉ាន់មិញ ជាជនជាតិវៀតណាម។ ទោះយ៉ាងណា ក្រុមហ៊ុនមេ ហ័ង អាញ យ៉ាឡាយ បដិសេធថា មិនមានសម្ពន្ធភាពជាប់ពាក់ព័ន្ធជាមួយផ្សេងទៀតទេ គឺក្រុមហ៊ុន រ័ត្ន សុខន ក្រុមហ៊ុន ហ័ង អាញ ម៉ាន់យ៉ាង ឬក្រុមហ៊ុន គិរី ឌីវេលឡុបមិន (Kiri Development)។
អង្គការឃ្លាំមើលពិភពលោក បានផ្ញើលិខិតសុំការបំភ្លឺពីក្រុមហ៊ុន រ័ត្ន សុខន ប៉ុន្តែមិនទទួលបានការឆ្លើយតបទេ។
របាយការណ៍របស់អង្គការឃ្លាំមើលធនធានធម្មជាតិលើពិភពលោកមួយនេះបញ្ជាក់ថា ក្រុមហ៊ុនវៀតណាម ទាំងនោះ អាចបំពានច្បាប់ រំលោភសិទ្ធិមនុស្ស និងកាប់បំផ្លាញព្រៃឈើនៅកម្ពុជា ក៏ដោយសារមានការការពារពីកងយោធពលខេមរភូមិន្ទ កងរាជអាវុធហត្ថ ឬប៉ូលិសជាដើម។ កងប្រដាប់អាវុធកម្ពុជា ដែលមានតួនាទីអនុវត្ត និងការពារច្បាប់ ដើម្បីរក្សាធនធានធម្មជាតិកម្ពុជា ឲ្យនៅគង់វង្ស បានក្លាយជាឧបករណ៍ដ៏មានប្រសិទ្ធភាពរបស់ក្រុមហ៊ុនសម្បទានដីសេដ្ឋកិច្ចវៀតណាម សម្រាប់បាញ់សម្លុត គំរាមកំហែង ការតវ៉ាណាមួយពីប្រជាពលរដ្ឋខ្មែរ។
របាយការណ៍លំអិតចេញផ្សាយនៅថ្ងៃទី១៣ ឧសភា ឆ្នាំ២០១៣ ដដែលបន្តថា សកម្មភាពទាំងនេះកំពុងបន្តកើតមានក៏ដោយសារតែមានមន្ត្រីជាន់ខ្ពស់ និងឧកញ៉ាមហាសេដ្ឋីរបស់គណបក្សប្រជាជនកម្ពុជា ជួយបិទបាំង ឃុបឃិត និងការពារពីក្រោយ។
ឧទាហរណ៍៖ ក្រុមហ៊ុនវៀតណាម ឈ្មោះ ហេង ប្រាឌ័រ មានខ្សែ ឬសម្ពន្ធភាពជាមួយឧកញ៉ា រ័ត្ន សុខន។ ឧកញ៉ា រ័ត្ន សុខន គឺជាទីប្រឹក្សារបស់ប្រធានរដ្ឋសភា លោក ហេង សំរិន ហើយ ឧកញ៉ា រ័ត្ន សុខន ក៏មានក្រុមហ៊ុនខ្លួនឯងមួយឈ្មោះ រ័ត្ន សុខន ដែរ។ ក្រុមហ៊ុន ហេង ប្រាឌ័យ បច្ចុប្បន្នចុះបញ្ជីអាសយដ្ឋានក្រុមហ៊ុនរួមគ្នាជាមួយក្រុមហ៊ុន រ័ត្ន សុខន នៅភ្នំពេញ។
ក្រុមហ៊ុន រ័ត្ន សុខន តែម្នាក់ឯងមានសម្បទានដីសេដ្ឋកិច្ចសម្រាប់ដំណាំកៅស៊ូពីរកន្លែង សរុបចំនួនជិត ២ម៉ឺនហិកតារ (១៨.០០០) នៅតំបន់អភិរក្សដែនជម្រកសត្វព្រៃ ស្រុកលំផាត់ ខេត្តរតនគិរី។ យោងតាមផែនទីសម្បទានដីសេដ្ឋកិច្ចរបស់ក្រសួងបរិស្ថាន ក្រុមហ៊ុន រ័ត្ន សុខន ទទួលបានដីសម្បទានសេដ្ឋកិច្ចពីរកន្លែងនេះ គឺនៅក្រោយបទបញ្ជារបស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ប្រកាសផ្អាកការផ្ដល់សម្បទានដីសេដ្ឋកិច្ចថ្មី។
លើសពីនេះ ក្រុមហ៊ុន រ័ត្ន សុខន ក៏បានល្មើសច្បាប់ពីរចំណុចផ្សេងទៀត។ ទីមួយ គឺទំហំដីទទួលបានជិតពីរម៉ឺនហិកតារ នៅខណៈច្បាប់កម្ពុជា កំណត់មិនឲ្យលើសពីមួយម៉ឺនហិកតារសម្រាប់ក្រុមហ៊ុនមួយ។ ទីពីរ គឺសម្បទានដីសេដ្ឋកិច្ចដែលទទួលបាននោះ ស្ថិតនៅក្នុងដែនអភិរក្សជម្រកសត្វព្រៃដែលត្រូវច្បាប់ការពារ។
របាយការណ៍ដដែលបញ្ជាក់ថា ពាក្យថា អភិវឌ្ឍដីសម្បទានសេដ្ឋកិច្ច គឺគ្រាន់តែជាឈ្មោះសម្រាប់បិទបាំងការកាប់បំផ្លាញព្រៃឈើល្អប្រណិតដ៏មានតម្លៃរបស់ប្រទេសកម្ពុជា យកទៅលក់។ ក្រោមផ្លាកសម្បទានដីសេដ្ឋកិច្ច ក្រុមហ៊ុនទាំងនេះបានកាប់រានរំលំដើមឈើធំតូចទាំងអស់។ បន្ទាប់មកប្រមូល និងដឹកឈើល្អប្រណិតដែលមានតម្លៃខ្ពស់ទៅកាន់ប្រទេសវៀតណាម ហើយដុតបំផ្លាញចោលនូវព្រៃឈើដែលនៅសេសសល់ឲ្យស្រឡះ ដើម្បីសំគាល់ដីជាកម្មសិទ្ធិរបស់ក្រុមហ៊ុន។
ក្នុងបេសកកម្មស្វែងរកការពិតអំពីព្រៃឈើនៅកម្ពុជា អង្គការឃ្លាំមើលពិភពលោក បានប្រើប្រាស់ផ្កាយរណបថតរូបភាព ហើយរកឃើញថា ព្រៃឈើដែលមានស្លឹកពណ៌បៃតងគ្រប់រដូវកាល (evergreen) ត្រូវបានកាប់រំលំអស់ជាច្រើនសន្ធឹកសន្ធាប់ នៅក្នុងតំបន់សម្បទានដីសេដ្ឋកិច្ចរបស់ក្រុមហ៊ុន ហ័ង អាញ យ៉ាឡាយ។
ឧទាហរណ៍៖ នៅខេត្តរតនគិរី រូបភាពផ្កាយរណបបានបង្ហាញថា ព្រៃឈើដែលមានស្លឹកពណ៌បៃតងគ្រប់រដូវកាល ស្ថិតក្នុងតំបន់សម្បទានដីសេដ្ឋកិច្ចរបស់ក្រុមហ៊ុន ហ័ង អាញ អូរយ៉ាដាវ ក្រុមហ៊ុន ហេង ប្រាឌ័រ និងក្រុមហ៊ុន ស៊ី.អ.ឌី ត្រូវបានកាប់រានយ៉ាងធ្ងន់ធ្ងរក្នុងចន្លោះខែមករា ឆ្នាំ២០១១ និងខែកុម្ភៈ ឆ្នាំ២០១៣។ ក្នុងកិច្ចសន្យាសម្បទានដីសេដ្ឋកិច្ចសម្រាប់ដំណាំកៅស៊ូរវាងក្រសួងកសិកម្ម និងក្រុមហ៊ុន ស៊ី.អ.ឌី ចុះថ្ងៃទី២៥ មីនា ឆ្នាំ២០១១ អង្គការឃ្លាំមើលពិភពលោក ពិនិត្យឃើញថា បានតម្រូវឲ្យក្រុមហ៊ុនរក្សាការពារព្រៃឈើទាំងនេះ នៅក្នុងតំបន់សម្បទានដីសេដ្ឋកិច្ចរបស់ខ្លួន។
ទោះជាយ៉ាងណា ក្រុមហ៊ុន ហ័ង អាញ យ៉ាឡាយ បានបដិសេធថា មិនបានពាក់ព័ន្ធជាមួយក្រុមហ៊ុនសាខារបស់ខ្លួនទាំងនេះ ក្នុងការកាប់ឈើខុសច្បាប់ទេ។ ប៉ុន្តែសាក្សីឃើញផ្ទាល់ភ្នែកចំនួនបីភូមិ នៅជិតក្រុមហ៊ុនសាខារបស់ក្រុមហ៊ុន ហ័ង អាញ យ៉ាឡាយ បានប្រាប់អង្គការឃ្លាំមើលពិភពលោកថា ក្រុមហ៊ុនវៀតណាម បានជ្រើសរើសយកឧកញ៉ា ទ្រី ភាព ដែលមានភាគហ៊ុនស្រាប់ជាមួយក្រុមហ៊ុនវៀតណាមទាំងនោះធ្វើជាដៃគូក្នុងស្រុក ដើម្បីឲ្យកាប់រានព្រៃឈើ។
ឧកញ៉ា ទ្រី ភាព បានចុះហត្ថលេខារំលំដើមឈើជាមួយក្រុមហ៊ុនវៀតណាម ហេង ប្រាឌ័រ។ នៅក្នុងកិច្ចសន្យាសរសេរថា ក្រុមហ៊ុន ហេង ប្រាឌ័រ មានតួនាទីកាប់រានយកឈើហុប ចំណែកឧកញ៉ា ទ្រី ភាព មានតួនាទីដូចតទៅ៖ ជាអ្នកបង់ប្រាក់ទទួលសិទ្ធិធ្វើអាជីវកម្មទៅឲ្យរដ្ឋបាលព្រៃឈើ រៀបចំឲ្យមានការបោះត្រាលើឈើហុប ជួយចាត់ចែងឲ្យឈ្មួញក្នុងស្រុក ដំឡើងរោងម៉ាស៊ីនអារឈើនៅក្នុងតំបន់ដែលទទួលបានដីសម្បទាន។ បន្ទាប់មក ឧកញ៉ា ទ្រី ភាព ទទួលខុសត្រូវដឹកជញ្ជូនឈើហុបដែលកែច្នៃហើយទៅក្រុងភ្នំពេញ។
ក្រុមអ្នកភូមិដែលបានឃើញផ្ទាល់ភ្នែកនិយាយថា ឈើហុបប្រមាណ ១០០ម៉ែត្រគូប ដឹកតាមរថយន្តធំៗចេញពីតំបន់ដីសម្បទានរបស់ក្រុមហ៊ុន ហេង ប្រាឌ័រ ជារៀងរាល់ថ្ងៃ។ ភស្តុតាងដែលបញ្ជាក់ថា ក្រុមហ៊ុន ហេង ប្រាឌ័រ ពាក់ព័ន្ធក្នុងប្រតិបត្តិការនៃបទល្មើសព្រៃឈើនេះ មិនមែនជាលើកទីមួយទេ។ នៅក្នុងឆ្នាំ២០០៥ ក្រុមហ៊ុនវៀតណាមមួយនេះបានទទួលសិទ្ធិពិសេសឲ្យកាប់រំលំដើមឈើប្រណិតនៅខេត្តរតនគិរី ដើម្បីយកទៅសាងសង់អគាររដ្ឋសភាថ្មី។ ប៉ុន្តែយោងតាមប្រភពសង្គមស៊ីវិលដែលឃ្លាំមើលធនធានធម្មជាតិ និងប្រភពសម្ងាត់ជិតដិតនឹងក្រុមហ៊ុន ឈើហុបជាច្រើនត្រូវបានក្រុមហ៊ុន ហេង ប្រាឌ័រ កាប់និងដឹកចេញឆ្លងកាត់ព្រំដែនចូលទៅប្រទេសវៀតណាម។
ទោះជាយ៉ាងណា ក្រុមហ៊ុន ហ័ង អាញ យ៉ាឡាយ បានបដិសេធថា មិនមានទំនាក់ទំនង ឬរកស៊ីដឹកជញ្ជូនឈើខុសច្បាប់ជាមួយឧកញ៉ា ទ្រី ភាព ទេ។
ចំពោះសំណួររបស់អង្គការឃ្លាំមើលពិភពលោក ទាក់ទងនឹងការទន្ទ្រានយកដីស្រែចម្ការរបស់ប្រជាសហគមន៍ ការបំផ្លាញព្រៃដូនតា ឬដីកប់ខ្មោចដែលជាទីគោរពសក្ការរបស់ជនជាតិដើមភាគតិច បណ្ដាលឲ្យមានការធ្លាក់ចុះរបបស្បៀងអាហារយ៉ាងគំហុករបស់អ្នកភូមិវិញ ក្រុមហ៊ុន ហ័ង អាញ យ៉ាឡាយ ក៏បានបដិសេធដោយឆ្លើយថា គឺជាការទទួលខុសត្រូវរបស់រដ្ឋាភិបាលកម្ពុជា ក្នុងការធានាថា ដីនិងព្រៃរបស់សហគមន៍មិនត្រូវស្ថិតក្នុងតំបន់សម្បទានដីសេដ្ឋកិច្ច។
ចំណែករដ្ឋាភិបាលកម្ពុជាវិញ មិនខុសពីពេលមុនៗទេ តែងតែច្រានចោលរបាយការណ៍អង្គការសិទ្ធិមនុស្ស ឬអង្គការការពារព្រៃឈើ ដូចជាអង្គការឃ្លាំមើលពិភពលោកជាដើម។ រដ្ឋាភិបាលមិនត្រឹមតែមិនលើកយករបាយការណ៍ទៅសិក្សាជាមូលដ្ឋាន ដើម្បីស៊ើបអង្កេតបញ្ជាក់ការពិតប៉ុណ្ណោះទេ ថែមទាំងប្រើភាសាដដែលៗប្រកែកបដិសេធចោលភ្លាមៗថា "របាយការណ៍នោះមិនបានឆ្លុះបញ្ចាំងពីការពិតនៅកម្ពុជា"។ ប៉ុន្តែទន្ទឹមគ្នានោះ ក៏មិនអាចផ្ដល់ការបកស្រាយណាមួយប្រកបដោយហេតុផលទៅនឹងរបាយការណ៍ដែរ។
រដ្ឋាភិបាលកម្ពុជា មិនគ្រាន់តែមិនឆក់ឱកាសទាញយកផលប្រយោជន៍ពីអង្គការឃ្លាំមើលពិភពលោក ដើម្បីធ្វើជាដៃគូក្នុងការការពារធនធានព្រៃឈើនៅកម្ពុជា ប៉ុណ្ណោះទេ ថែមទាំងចាត់ទុកអង្គការឃ្លាំមើលពិភពលោកជាសត្រូវរបស់ខ្លួនទៀតផង។
ក្រោយពេលអង្គការឃ្លាំមើលពិភពលោក ចេញរបាយការណ៍ដែលមានភ្ជាប់ជាមួយនូវអនុសាសន៍ផង អ្នកនាំពាក្យទីស្ដីការគណៈរដ្ឋមន្ត្រី លោក ផៃ ស៊ីផាន បានបដិសេធភ្លាម ហើយថែមទាំងពន្យុះឲ្យម្ចាស់របាយការណ៍ដាក់ពាក្យប្ដឹងរដ្ឋាភិបាលកម្ពុជា ទៅវិញ៖ «ការលើកជារបាយការណ៍មិនមែនជាវិធានការជួយដោះស្រាយកម្ពុជា ទេ មិនមែនជាលក្ខណៈដៃគូក្នុងការទប់ស្កាត់នូវអំពើទាំងឡាយទាំងដែលយើងយល់ថារំលោភផ្លូវច្បាប់ទេ ការលើកឡើងនេះគ្រាន់តែជានិន្នាការនយោបាយក្នុងការវាយប្រហារ។ អាស្រ័យហេតុដូច្នេះ ខ្ញុំអំពាវនាវថា បើឃើញច្បាស់ហើយ ច្បាប់នៅកម្ពុជា លើកទឹកចិត្តឲ្យយើងលើកឡើងតាមផ្លូវច្បាប់ក្នុងការទប់ស្កាត់នូវអំពើឆ្គាំឆ្គងនៃការរំលោភច្បាប់នេះឯង»។
មន្ត្រីគ្រប់គ្រងយុទ្ធនាការដីធ្លីនៃអង្គការឃ្លាំមើលពិភពលោក អ្នកស្រី ម៉េកហ្កេន ម៉ាកឃីនណេស មានប្រសាសន៍ថា ភារកិច្ចរបស់អង្គការឃ្លាំមើលពិភពលោក គឺត្រឹមជួយស៊ើបអង្កេត និងដាក់បង្ហាញនូវភស្តុតាងនៃវិនាសកម្មធនធានធម្មជាតិនៅកម្ពុជា ជូនទៅរដ្ឋាភិបាលកម្ពុជា ដែលជាអ្នកទទួលខុសត្រូវ និងមានកាតព្វកិច្ចផ្លូវច្បាប់ក្នុងការការពារធនធានធម្មជាតិរបស់ប្រទេសខ្លួនដោយខ្លួនឯងតែប៉ុណ្ណោះ។
អ្នកស្រី ម៉េកហ្កេន ម៉ាកឃីនណេស៖ «យើងមិនយល់ស្របចំពោះការជំរុញឲ្យយើងដាក់ពាក្យប្ដឹងរដ្ឋាភិបាលកម្ពុជា នោះទេ។ អង្គការឃ្លាំមើលពិភពលោកមិនមែនសរសេររបាយការណ៍នេះឡើងក្នុងគោលបំណងឲ្យយើងចូលជាប់ពាក់ព័ន្ធជាមួយនយោបាយនៅកម្ពុជាទេ។ យើងសរសេររបាយការណ៍នេះគឺមានបំណងបង្ហាញនូវបញ្ហានានាដែលប្រជាសហគមន៍ និងពលរដ្ឋដែលងាយរងគ្រោះនៅក្នុងប្រទេសឡាវ និងកម្ពុជា កំពុងប្រឈម។ របាយការណ៍យើងក៏ចង់បង្ហាញថា វិនាសកម្មព្រៃឈើធ្ងន់ធ្ងរកំពុងកើតមាននៅក្នុងប្រទេសទាំងពីរ ដោយសារតែនយោបាយដីសម្បទាននេះ។ដូច្នេះយើងសរសេររបាយការណ៍នេះ ដោយមានភ្ជាប់ជាមួយនូវអនុសាសន៍ផង គឺក្នុងគោលបំណងទាញការចាប់អារម្មណ៍របស់រដ្ឋាភិបាលកម្ពុជា និងឡាវ ដើម្បីឲ្យចាត់វិធានការសមស្របដោះស្រាយបញ្ហាទាំងនោះ។ នៅពេលយើងលើកឡើងអំពីការផ្ដន្ទាទោសនៅក្នុងរបាយការណ៍យើង គឺយើងសំដៅដល់រដ្ឋាភិបាលជាអ្នកមានកាតព្វកិច្ចចាត់វិធានការផ្លូវច្បាប់ដើម្បីប្រឆាំងនឹងក្រុមហ៊ុន»។
អ្នកស្រី ម៉េកហ្កេន ម៉ាកឃីនណេស នៃអង្គការឃ្លាំមើលពិភពលោក បន្តថា សម្រាប់ប្រជាជាតិកម្ពុជា អ្វីដែលគួរឲ្យតក់ស្លុត និងខកចិត្តបំផុតនោះ គឺការចាត់ចែងប្រាក់ចំណូលពីវិស័យសម្បទានដីសេដ្ឋកិច្ចមិនមានតម្លាភាព ឬនិយាយដោយខ្លី គឺអំពើពុករលួយដែលនាំឲ្យប្រាក់ចំណូលពីឧស្សាហកម្មនេះធ្លាក់ចូលក្នុងដៃមនុស្សអ្នកកាន់អំណាចតែមួយក្តាប់តូច។
អង្គការឃ្លាំមើលពិភពលោក និងអង្គការសង្គមស៊ីវិលផ្សេងទៀត មិនអាចស្រាវជ្រាវរកឃើញថា តើប្រាក់ចំណូលបានមកពីការកាប់ព្រៃឈើ និងការផ្ដល់សម្បទានដីសេដ្ឋកិច្ចបានប៉ុន្មាន និងទៅទីណាខ្លះនោះទេ ទោះជាដីចំនួន ២.៦លានហិកតារ ត្រូវបានរដ្ឋជួលទៅឲ្យក្រុមហ៊ុន វិនាសកម្មព្រៃឈើមានសភាពធ្ងន់ធ្ងរ ឈើកម្រល្អប្រណិតតម្លៃខ្ពស់ជាច្រើនឆ្នាំ ត្រូវបានដឹកចេញទៅលក់នៅទីផ្សារអន្តរជាតិជារៀងរាល់ថ្ងៃ ហើយពលរដ្ឋខ្មែររាប់សែននាក់ ជាពិសេសប្រជាសហគមន៍ដែលពឹងអាស្រ័យលើអនុផលព្រៃឈើ ត្រូវរងគ្រោះក៏ដោយ។ បញ្ហានេះទំនងជាអាចនិយាយបានថា វាមានសភាពធ្ងន់ធ្ងរជាងពាក្យស្លោកខ្មែរមួយឃ្លាដែលថា "ត្រីរ៉ស់ក៏រួចទន្សាយក៏រួច"។
អង្គការឃ្លាំមើលពិភពលោក ទទូចឲ្យរដ្ឋាភិបាលកម្ពុជា ស៊ើបអង្កេតនិងផ្ដន្ទាទោសក្រុមហ៊ុន និងជនល្មើសច្បាប់ដើម្បីបញ្ចប់វិនាសកម្មព្រៃឈើ និងអំពើរំលោភសិទ្ធិមនុស្សក្នុងវិស័យសម្បទានដីសេដ្ឋកិច្ចនៅកម្ពុជា៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។
