GW បញ្ជាក់​ថា​មន្ត្រី​ប្រដាប់​អាវុធ​កម្ពុជា​ការពារ​ក្រុមហ៊ុន​វៀតណាម​កាប់​ព្រៃ​ឈើ

អង្គការ​ឃ្លាំ​មើល​ពិភពលោក (Global Witness) បាន​រក​ឃើញ​ថា ក្រុមហ៊ុន​ចម្ការ​កៅស៊ូ​ធំ​២ របស់​វៀតណាម កំពុង​បង្ក​វិនាសកម្ម​ព្រៃ​ឈើ រំលោភ​ច្បាប់ និង​សិទ្ធិ​មនុស្ស​ដោយ​គ្មាន​ទោសពៃរ៍។

0:00 / 0:00

របាយការណ៍​ដដែល​បាន​កត់​សម្គាល់​ថា ការ​បំពាន​ច្បាប់​របស់​ក្រុមហ៊ុន​វៀតណាម ទាំង​នោះ ធ្វើ​ទៅ​បាន​ដោយសារ​មាន​ការ​ការពារ​ពី​កងយោធពលខេមរភូមិន្ទ កង​រាជ​អាវុធហត្ថ និង​សមត្ថកិច្ច។

តើ​មន្ត្រី​កង​ប្រដាប់​អាវុធ​កម្ពុជា ពិត​ជា​ស្ថិត​នៅ​ក្រោយ​ការ​រកស៊ី​ឈើ និង​ការ​រំលោភ​ច្បាប់​របស់​ក្រុមហ៊ុន​វៀតណាម ដូច​របាយការណ៍​លើក​ឡើង​ឬ​យ៉ាង​ណា?

អង្គការ​ឃ្លាំ​មើល​ពិភពលោក រក​ឃើញ​ថា កង​ប្រដាប់​អាវុធ​កម្ពុជា ដែល​មាន​តួនាទី​អនុវត្តន៍ និង​ការពារ​ច្បាប់ ដើម្បី​រក្សា​ធនធាន​ធម្មជាតិ​ឲ្យ​នៅ​គង់វង្ស បាន​ក្លាយ​ជា​ឧបករណ៍​ដ៏​មាន​ប្រសិទ្ធភាព​របស់​ក្រុមហ៊ុន​សម្បទាន​ដី​សេដ្ឋកិច្ច​វៀតណាម សម្រាប់​បាញ់​សម្លុត​គំរាម​កំហែង​ការ​តវ៉ា​ណា​មួយ​ពី​ប្រជា​សហគមន៍។

ក្នុង​របាយការណ៍​លម្អិត​របស់​អង្គការ​ឃ្លាំ​មើល​ពិភពលោក ចេញ​ផ្សាយ​នៅ​ថ្ងៃ​ទី១៣ ខែ​ឧសភា ឆ្នាំ​២០១៣ បង្ហាញ​ថា មាន​ក្រុមហ៊ុន​ដំណាំ​កៅស៊ូ​របស់​វៀតណាម ២ ឈ្មោះ ហ្វាង អាន់ យ៉ាឡាយ (Hoang Anh Gia Lai= HAGL) និង​ក្រុមហ៊ុន​វៀតណាម រ៉ាប់ប៊ឺ គ្រូប (Vietnam Rubber Group=VRG) ដែល​បាន​ទទួល​អាជ្ញាប័ណ្ណ​ដី​សម្បទាន​សេដ្ឋកិច្ច​ពី​រដ្ឋ កំពុង​រំលោភ​សិទ្ធិ​មនុស្ស បំពាន​ច្បាប់ និង​បង្ក​វិនាសកម្ម​ព្រៃ​ឈើ​នៅ​កម្ពុជា។

អង្គការ​នេះ​បញ្ជាក់​ថា ក្រុមហ៊ុន​វៀតណាម ទាំង​នោះ អាច​បំពាន​ច្បាប់ រំលោភ​សិទ្ធិ​មនុស្ស និង​កាប់​បំផ្លាញ​ព្រៃ​ឈើ​ដែល​ច្បាប់​ហាម​ឃាត់​បាន ក៏​ដោយសារ​មាន​ខ្នង​នៅ​ពី​ក្រោយ​ជា​មន្ត្រី​កង​យោធពល​ខេមរភូមិន្ទ កង​រាជ​អាវុធហត្ថ និង​សមត្ថកិច្ច​មូលដ្ឋាន។

អ្នក​នាំ​ពាក្យ​កង​រាជ​អាវុធហត្ថ​លើ​ផ្ទៃ​ប្រទេស លោក ខេង ទីតូ បាន​ច្រាន​ចោល​ចំពោះ​ការ​រក​ឃើញ​របស់​អង្គការ​ឃ្លាំ​មើល​ពិភពលោក។ លោក​បញ្ជាក់​ថា មន្ត្រី​កង​រាជ​អាវុធហត្ថ​ពី​ថ្នាក់​ជាតិ ដល់​ថ្នាក់​ក្រោម​ជាតិ មិន​ដែល​បើក​ដៃ ឬ​ផ្តល់​ឱកាស​ឲ្យ​ជន​បរទេស ឬ​ក្រុមហ៊ុន​វិនិយោគ​មក​បំផ្លិចបំផ្លាញ​ធនធាន​ធម្មជាតិ​ក្នុង​ស្រុក​នោះ​ទេ គឺ​មាន​តែ​ការពារ​ធនធាន​ធម្មជាតិ។ លោក ខេង ទីតូ បាន​លើក​សរសើរ​មេ​បញ្ជា​ការ​របស់​ខ្លួន គឺ​លោក សៅ សុខា ដោយ​ប្រៀប​ប្រដូច​ជា​អ្នក​អភិរក្ស​ព្រៃ​ឈើ​ដ៏​សកម្ម​មួយ​រូប ដែល​បាន​បំផុស​ឲ្យ​មាន​ចលនា​ដាំ​ដើម​ឈើ​ឡើង​វិញ នៅ​តំបន់​ដែល​បាត់​បង់​ព្រៃ​ឈើ។

លោក ខេង ទីតូ៖ «វា​គ្មាន​រឿង​អី​ដែល​គាត់​ឲ្យ​កូន​ចៅ​គាត់ ឬ​បញ្ជា​កូន​ចៅ​គាត់​ឲ្យ​ទៅ​រួម​គំនិត​បំផ្លិចបំផ្លាញ​សម្បត្តិ​ធម្មជាតិ​ខ្លួន​ឯង​ទេ នរណា​ក៏​ដូច​នរណា​ដែល​មាន​ការ​សោកស្ដាយ​នៅ​ពេល​មាន​បុគ្គល ឬ​ឈ្មួញ​បង្កប់​បំផ្លាញ​ព្រៃ​ឈើ​មែន ឯកឧត្តម​មេ​បញ្ជា​ការ​គាត់​នឹង​យក​មក​ដាក់​គុក និង​ត្រូវ​បណ្ដេញ​ចេញ​ពី​ជួរ​ទ័ព​អ៊ីចឹង​ទៅ»

លោក ខេង ទីតូ យល់​ថា ជា​រឿង​ធម្មតា​ដែល​របាយការណ៍ និង​ព័ត៌មាន​ខ្លះ​បាន​លេច​ឮ ឬ​លាប​ពណ៌​ឲ្យ​សមត្ថកិច្ច ឬ​មន្ត្រី​កង​រាជ​អាវុធហត្ថ ថា​មាន​ពាក់ព័ន្ធ ឬ​នៅ​ពី​ក្រោយ​ខ្នង​នៃ​ការ​រក​ស៊ី​ឈើ​ខុស​ច្បាប់​របស់​ក្រុមហ៊ុន​សម្បទាន​ដី​សេដ្ឋកិច្ច។ លោក​ទទួល​ស្គាល់​ថា មាន​បុគ្គល​ខ្លះ​បាន​បន្លំ​ស្លៀកពាក់​ឯក​សណ្ឋាន​ជា​កង​កម្លាំង​ប្រដាប់​អាវុធ រក​ស៊ី​ជួញ​ដូរ​ឈើ​ជាមួយ​ឈ្មួញ​មែន ប៉ុន្តែ​អ្នក​ប្រព្រឹត្ត​ទាំង​នោះ​មិន​ដែល​គេច​ផុត​ពី​សំណាញ់​ច្បាប់​ទេ នៅ​ពេល​ដែល​រក​ឃើញ​កំហុស។

លោក ខេង ទីតូ៖ «យើង​មិន​បដិសេធ​ទេ មាន​បុគ្គល​ខ្លះ​ពាក់​ឯក​សណ្ឋាន​ជា​កម្លាំង​ប្រដាប់​អាវុធ​ទៅ​រក​ស៊ី​ជួញ​ដូរ​ជាមួយ​ឈ្មួញ ឬ​ជន​ទុច្ចរិត​អី​វា​មាន​មួយ​ចំនួន​តូច។ ពួក​ទាំងអស់​នោះ​នៅ​ពេល​ដែល​យើង​ដឹង ពេល​យើង​រក​មុខ​ឃើញ យើង​តែង​តែ​យក​គាត់​មក​អនុវត្ត​តាម​ច្បាប់ គឺ​យើង​មិន​ដែល​បញ្ជា​គាត់ ហើយ​យើង​ក៏​មិន​ដែល​ឲ្យ​គំនិត​ទៅ​គាត់ ត្រូវ​តែ​ការពារ​ឈ្មួញ ទោះ​ឈ្មួញ​ណា​ក៏ដោយ កុំ​ថា​ឡើយ​សូម្បី​តែ​វៀតណាម សូម្បី​តែ​ឈ្មួញ​គ្នា​ឯង​ក៏ដោយ មាន​ន័យ​ថា អ្នក​ធំ​អ្នក​តូច​ណា​ក៏ដោយ គឺ​យើង​មិន​ដែល​ចេញ​មុខ​ការពារ​ឲ្យ​ពួក​ហ្នឹង​ទេ អ្វី​ដែល​ខុស​ច្បាប់ គឺ​យើង​មិន​ដែល​ការពារ​ពួក​គាត់​ទេ»

ក្រៅ​ពី​រក​ឃើញ​ថា កង​កម្លាំង​ប្រដាប់​អាវុធ​ជា​បង្អែក​ឲ្យ​ក្រុមហ៊ុន​វៀតណាម ក្នុង​ការ​ផ្ដួល​រំលំ​ឈើ​ដឹក​ចេញ​ពី​តំបន់​ដី​សម្បទាន​សេដ្ឋកិច្ច​នោះ។ អង្គការ​ឃ្លាំ​មើល​ពិភពលោក នៅ​រក​ឃើញ​ទៀត​ថា មន្ត្រី​ជាន់​ខ្ពស់ ឧកញ៉ា និង​មហា​សេដ្ឋី​របស់​គណបក្ស​ប្រជាជន​កម្ពុជា ក៏​ស្ថិត​នៅ​ពី​ក្រោយ​ខ្នង​ក្នុង​ការ​ជ្រោមជ្រែង និង​ឃុបឃិត​ជាមួយ​ក្រុមហ៊ុន​វៀតណាម ទាំង​នោះ​ដែរ។

យ៉ាង​ណា អ្នក​នាំ​ពាក្យ​កង​រាជ​អាវុធហត្ថ​លើ​ផ្ទៃ​ប្រទេស លោក ខេង ទីតូ បញ្ជាក់​ថា របាយការណ៍​អង្គការ​ឃ្លាំ​មើល​ពិភពលោក កំពុង​ធ្វើ​ឲ្យ​ប៉ះពាល់​កិត្តិយស​ដល់​សមត្ថកិច្ច កម្លាំង​ប្រដាប់​អាវុធ និង​ស្ថាប័ន​មួយ​ចំនួន។ ដូច្នេះ ការ​ស្រាវជ្រាវ​រក​ការ​ពិត​នៃ​ការ​រក​ឃើញ​របស់​របាយការណ៍​នេះ ជា​រឿង​សំខាន់ ហើយ​មន្ត្រី​កង​រាជ​អាវុធហត្ថ និង​សិក្សា​ពី​ការ​រក​ឃើញ​ក្នុង​របាយការណ៍​នោះ។

ក្រៅ​ពី​អង្គការ​ឃ្លាំ​មើល​ពិភពលោក ដែល​រក​ឃើញ​ថា កង​ប្រដាប់​អាវុធ​កម្ពុជា ស្ថិត​នៅ​ពី​ក្រោយ​ខ្នង​នៃ​ការ​រក​ស៊ី​ឈើ​ដ៏​ធំ​របស់​ក្រុមហ៊ុន​វៀតណាម ក្រោម​ស្លាក​ដី​សម្បទាន​សេដ្ឋកិច្ច។ សូម្បី​តែ​អង្គការ​សិទ្ធិ​មនុស្ស​ក្នុង​ស្រុក ដែល​ឃ្លាំ​មើល​ការ​កាប់​បំផ្លាញ​ព្រៃ​ឈើ ក៏​រក​ឃើញ​ដូច​គ្នា​នេះ​ដែរ។

មន្ត្រី​អង្កេត​ជាន់​ខ្ពស់​ដីធ្លី និង​ធនធាន​ធម្មជាតិ​របស់​ សមាគម​អាដហុក (Adhoc) ការពារ​សិទ្ធិ​មនុស្ស លោក ប៉ែន ប៊ុណ្ណារ៍ ថ្លែង​ថា ភាគ​ច្រើន​ដី​សម្បទាន​សេដ្ឋកិច្ច​ដែល​ប្រគល់​ឲ្យ​ក្រុមហ៊ុន ជា​ប្រភេទ​ព្រៃ​ស្រោង ហើយ​ក្រុមហ៊ុន​ឈូស​ឆាយ​យក​ព្រៃ​ស្រោង។ ក្រុមហ៊ុន​វិនិយោគ​ទាំង​នោះ​មិន​ថា​ក្រុមហ៊ុន​វៀតណាម ឬ​ក្រុមហ៊ុន​ណា​ទេ គឺ​បាន​ហូត​យក​ឈើ​ប្រណីត​ទាំង​ក្នុង​តំបន់​សម្បទាន និង​ក្រៅ​តំបន់​សម្បទាន។

លោក ប៉ែន ប៊ុណ្ណារ៍ សង្កត់​ធ្ងន់​ថា ប្រសិន​បើ​មិន​មាន​ការ​ប្រព្រឹត្ត​អំពើ​ពុក​រលួយ​ជា​ប្រព័ន្ធ និង​គ្មាន​ការ​បើក​ដៃ​ពី​កង​កម្លាំង​ប្រដាប់​អាវុធ​ទេ​នោះ ការ​កាប់​ព្រៃ​ឈើ​ខុស​ច្បាប់ នឹង​ដឹក​ឈើ​ទៅ​លក់​នៅ​ក្រៅ​ប្រទេស មិន​អាច​ដឹក​ចេញ​ពី​ភូមិ​បាន​ឡើយ៖ «គ្រាន់​តែ​ពី​ខេត្ត​រតនគិរី ទៅ​ដល់​ព្រំដែន នឹង​មាន​សមត្ថកិច្ច​ចម្រុះ​តាំង​ពី​ភូមិ​រហូត​ដល់​ព្រំដែន។ ប្រសិន​បើ​ជា​សមត្ថកិច្ច​មិន​ចូលរួម​បើក​ដៃ​ឲ្យ​ទេ គឺ​ថា​ចេញ​ពី​ភូមិ​មិន​ផុត​ផង»

លោក​កត់​សម្គាល់​ថា ក្រុមហ៊ុន​ដែល​ទទួល​បាន​ទីតាំង​វិនិយោគ​ហើយ​នោះ តែង​តែ​មាន​កម្លាំង​ប្រដាប់​អាវុធ និង​អាជ្ញាធរ​ជួយ​ការពារ។ លោក​បន្ត​ថា ការ​ធ្វើ​អាជីវកម្ម​ឈើ​ជា​រឿង​មួយ ហើយ​ការ​រាន​យក​ដី​ប្រជាពលរដ្ឋ​ជា​រឿង​មួយ​ទៀត។ ដូច្នេះ ទើប​ឃើញ​ថា ការ​ផ្តល់​ដី​សម្បទាន​ដល់​កន្លែង​ណា​ហើយ កន្លែង​នោះ​តែង​ត្រូវ​បំផ្លិចបំផ្លាញ​ព្រៃ​ឈើ និង​ធ្វើ​ឲ្យ​ពលរដ្ឋ​ឈើ​ចាប់៖ «កុំ​ថា​ឡើង​សម្បទាន​ធំៗ សូម្បី​តែ​សម្បទាន​ក្រុមហ៊ុន​អ្នក​មាន​អំណាច​គេ​យក​ដូច​ជា​ក្រុមហ៊ុន ឌីអឹមគ្រូប (DM Group) ជាដើម រហូត​ដល់​ប្រើប្រាស់​កង​អង្គរក្ស​នាយក​រដ្ឋមន្ត្រី​ទៀត រហូត​ដល់​បាញ់​ប្រជាពលរដ្ឋ​របួស​ធ្ងន់ធ្ងរ​ជើង រហូត​ដល់​ពេល​នេះ​អត់​ទាន់​រក​ស្អី​ឃើញ​ផង»

របាយការណ៍​អង្គការ​ឃ្លាំ​មើល​ពិភពលោក រក​ឃើញ​ថា មក​ដល់​ចុង​ឆ្នាំ​២០១២ រដ្ឋ​បាន​ជួល​ដី​ជា​លក្ខណៈ​សម្បទាន​សេដ្ឋកិច្ច​ចំនួន ២​លាន ៦​សែន​ហិកតារ ទៅ​ឲ្យ​ក្រុមហ៊ុន​ជាច្រើន។ ព្រៃ​ឈើ និង​ឈើ​កម្រ​ល្អ​ប្រណីតៗ​តម្លៃ​ខ្ពស់​ជាច្រើន​ឆ្នាំ ត្រូវ​បាន​កាប់​បំផ្លាញ និង​ដឹក​ចេញ​ទៅ​លក់​នៅ​ទីផ្សារ​អន្តរជាតិ​ជា​រៀង​រាល់​ថ្ងៃ។ របាយការណ៍​ផ្ដោត​សំខាន់​ថា រដ្ឋាភិបាល​កម្ពុជា ខ្លួន​ឯង​ជា​ចំណែក​មួយ​នៃ​ការ​បង្ក​បញ្ហា​ទាំង​នោះ តាម​រយៈ​ការ​ផ្តល់​អាជ្ញាប័ណ្ណ​សម្បទាន​ដីធ្លី​បំពាន​ច្បាប់​ជា​ធរមាន។

របាយការណ៍​របស់​អាដហុក ដែល​មាន​ចំណង​ជើង​ថា «ផ្លូវ​របត់» ចេញ​ផ្សាយ​កាល​ពី​ខែ​កុម្ភៈ ឆ្នាំ​២០១៣ រក​ឃើញ​ប្រហាក់ប្រហែល​គ្នា ដោយ​កត់ត្រា​ថា សម្បទាន​ដី​សេដ្ឋកិច្ច​ជាច្រើន​ត្រូវ​បាន​អនុម័ត​ដោយ​មាន​ការ​បំពារបំពាន​ធ្ងន់ធ្ងរ​លើ​លក្ខខណ្ឌ​ច្បាប់។ ជា​ទូទៅ ពលរដ្ឋ​ដែល​រស់នៅ​តំបន់​សម្បទាន ពុំ​ដឹង​ឮ​ព័ត៌មាន​មូលដ្ឋាន​អំពី​សម្បទាន​នោះ​ទេ អ្នក​ជំនាញ​ក៏​មិន​បាន​ចុះ​ទៅ​ស្រាវជ្រាវ​ពី​ផល​ប៉ះពាល់​ជា​មុន។ លើស​ពី​នេះ ក្រុមហ៊ុន​សម្បទាន​តែង​ចង់​បាន​ដី​ក្នុង​តំបន់​ការពារ​អភិរក្ស និង​ដី​របស់​ជនជាតិ​ភាគ​តិច ព្រោះ​តំបន់​ទាំង​នោះ​សម្បូរ​ព្រៃ​ឈើ​កម្រ និង​ប្រណីត​មាន​តម្លៃ​ខ្ពស់។

លោក ប៉ែន ប៊ុណ្ណារ៍ បន្ត​ថា ការ​អនុវត្ត​ច្បាប់​នៅ​កម្ពុជា នៅ​ទន់​ខ្សោយ ហើយ​ប្រព័ន្ធ​នៃ​ការ​រំលោភ​ច្បាប់ រឹត​តែ​កើត​មាន​ដោយ​ងាក​ទៅ​រក​ផល​ប្រយោជន៍​ផ្ទាល់​ខ្លួន ជាង​ការ​គោរព​ច្បាប់៖ «គ្រប់​ទី​កន្លែង​សម្បទាន អាជ្ញាធរ​ដែនដី​តែង​តែ​ប្រើ​កម្លាំង​អំណាច មិន​គោរព​ច្បាប់ ធ្វើ​ឲ្យ​គំរូ​ហ្នឹង​វា​ក្លាយ​ទៅ​ជា​ហិង្សា​ក្នុង​សង្គម អ៊ីចឹង​ហើយ បាន​ជា​យើង​ឃើញ​ថា កន្លែង​ណា​ខុស​ច្បាប់ បាន​ផល​ប្រយោជន៍ បាន​លុយ គេ​ទាំងអស់​គ្នា​ទៅ​ហើយ»

ច្បាប់​ក្នុង​ស្រុក ក្រុមហ៊ុន​វិនិយោគ​មួយ​ទទួល​ដី​សម្បទាន​សេដ្ឋកិច្ច​មិន​ឲ្យ​លើស​ពី ១​ម៉ឺន​ហិកតារ។ ប៉ុន្តែ សម្រាប់​ក្រុមហ៊ុន ហ្វាង អាន់ យ៉ាឡាយ ទទួល​បាន​សម្បទាន​ដី​សេដ្ឋកិច្ច​លើស​ពី​ច្បាប់ ៥​ដង និង​ក្រុមហ៊ុន វៀតណាម រ៉ាប់ប៊ឺ គ្រូប ទទួល​ដី​សម្បទាន​សេដ្ឋកិច្ច​លើស​ច្បាប់​កំណត់ ១៦​ដង។ ក្រុមហ៊ុន​វៀតណាម ទាំង​២ បាន​បំបែក​សាខា​ជាច្រើន​ក្នុង​ការ​ទទួល​ដី​ទាំង​នោះ និង​ជ្រែក​ចូល​ក្នុង​តំបន់​ដែល​សម្បូរ​ព្រៃ​ឈើ​ប្រណីត។ របាយការណ៍​ដដែល​បញ្ជាក់​ថា ពាក្យ​ថា «អភិវឌ្ឍន៍​ដី​សម្បទាន​សេដ្ឋកិច្ច» គ្រាន់​តែ​ជា​ឈ្មោះ​សម្រាប់​បិទ​បាំង​ការ​កាប់​បំផ្លាញ​ព្រៃ​ឈើ​ល្អ​ប្រណីត​ដ៏​មាន​តម្លៃ​របស់​កម្ពុជា យក​ទៅ​លក់​ក្រោម​ស្លាក​សម្បទាន​ដី​សេដ្ឋកិច្ច។ ក្រុមហ៊ុន​វៀតណាម ធំ​ទាំង​ពីរ ប្រមូល និង​ដឹក​ឈើ​ល្អ​ប្រណីត​មាន​តម្លៃ​ខ្ពស់​ទៅ​កាន់​ប្រទេស​វៀតណាម ហើយ​ដុត​បំផ្លាញ​ចោល​ទាំង​ស្រុង​នូវ​ព្រៃ​ឈើ​ដែល​នៅ​សេសសល់​ឲ្យ​ស្រឡះ ដើម្បី​សម្គាល់​ជា​ដី​កម្មសិទ្ធិ​ក្រុមហ៊ុន។

ស្ថិតិ​ដែល​ចេញ​ដោយ​អង្គការ​អាដហុក កាល​ពី​ឆ្នាំ​២០១២ រក​ឃើញ​ថា បើ​យក​ចំនួន​ដី​សម្បទាន​សេដ្ឋកិច្ច សម្បទាន​រ៉ែ និង​សម្បទាន​ព្រៃ​ឈើ បូក​បញ្ចូល​គ្នា​នោះ ផ្ទៃដី​ប្រហែល ៣៩% នៃ​ផ្ទៃ​ដី​ទាំង​មូល​របស់​ប្រទេស​កម្ពុជា ត្រូវ​បាន​ផ្តល់​ទៅ​ឲ្យ​ក្រុមហ៊ុន​ឯក​ជន​វិនិយោគ។

ការ​អភិវឌ្ឍ​កសិឧស្សាហកម្ម និង​កំណើន​ជា​ប្រចាំ​នៃ​ផលិត​ភាព​កសិកម្ម គឺ​អាច​ដំណើរ​ការ​ទៅ​បាន លុះត្រា​ណា​តែ​សម្បទាន​ដី​ត្រូវ​ទទួល​បាន​ការ​ត្រួត​ពិនិត្យ និង​គ្រប់គ្រង​ឲ្យ​បាន​ល្អ។ ប៉ុន្តែ អាដហុក រក​ឃើញ​ថា ការ​កាត់​បន្ថយ​ភាព​ក្រីក្រ អាច​លឿន​ជាង​នេះ​ទៀត ប្រសិន​បើ​ទុក​ឲ្យ​មាន​អ្នក​កាន់​កាប់​ដី​កសិកម្ម​តូចៗ ដោយ​ពង្រឹង​សុវត្ថិភាព​នៃ​ការ​កាន់​កាប់​ដី​របស់​ពលរដ្ឋ​ឲ្យ​គង់វង្ស៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។