ប្រជាពលរដ្ឋនៅស្រុកភ្នំស្រុក ខេត្តបន្ទាយមានជ័យ សម្ដែងក្ដីបារម្ភចំពោះក្រុមហ៊ុនរុករករ៉ែមាស មួយដែលគេមិនដឹងឈ្មោះ ធ្វើសកម្មភាពគាស់កកាយតាមអំពើចិត្តប៉ះពាល់ដល់ដីស្រែរបស់អ្នកភូមិ ហើយធ្វើឲ្យខូចគុណភាពទឹកមិនអាចប្រើប្រាស់បាននោះទេ។ ប៉ុន្តែករណីនេះបែរជាសមត្ថកិច្ចស្រុក បញ្ជាក់ថា ការរុករករ៉ែមាសពុំបង្កផលលំបាកដល់ប្រជាពលរដ្ឋឡើយ។
អ្នកភូមិនៅតំបន់ភ្នំស្រុក អំពាវនាវឲ្យអាជ្ញាធរស្រុកនិងមន្ត្រីពាក់ព័ន្ធបញ្ឈប់ការរុករករ៉ែមាសរបស់ក្រុមហ៊ុននេះជាបន្ទាន់ ដើម្បីថែរក្សាបរិស្ថានជុំវិញនោះ និងទុកដីឲ្យប្រជាពលរដ្ឋបង្កបង្កើនផល។
ប្រជាពលរដ្ឋម្នាក់រស់នៅភូមិត្រពាំងថ្ម ឃុំប៉យចារ ស្រុកភ្នំស្រុក ខេត្តបន្ទាយមានជ័យ ថ្លែងមិនឲ្យបញ្ចេញឈ្មោះនៅថ្ងៃទី៤ វិច្ឆិកា ថា ក្រុមហ៊ុនរុករករ៉ែមាស (មិនដឹងឈ្មោះ) បានគាស់កកាយរ៉ែនៅចំណុចភូមិកូនខ្លែង និងភូមិធ្មេញត្រី នៃឃុំប៉យចារ ស្រុកភ្នំស្រុក ធ្វើសកម្មភាពជាច្រើនឆ្នាំមកហើយ ពុំមានអាជ្ញាធរណាទប់ស្កាត់នៅឡើយទេ។
អ្នកភូមិរូបនេះឲ្យដឹងទៀតថា ការរុករករ៉ែមាសនេះ ធ្វើឲ្យប៉ះពាល់ដល់ដីស្រែរបស់ប្រជាពលរដ្ឋមួយចំនួននៅតំបន់នោះ និងធ្វើឲ្យទឹកដែលហូរចេញពីការចម្រាញ់រ៉ែនោះ ហូរចូលទៅក្នុងអាងត្រពាំងថ្ម ខូចគុណភាពទឹកមិនអាចប្រើប្រាស់បាននោះឡើយ៖ «បាទ! ភ័យព្រួយចំពោះក្រុមហ៊ុនចិនហ្នឹងដែលវាធ្វើ។ ប្រជាពលរដ្ឋថា វាទៅវាថាដីប្រជាពលរដ្ឋមួយម៉ែត្រឡើងលើ មួយម៉ែត្រទៅក្រោមគឺដីគេទាំងអស់។ គឺជួបផលលំបាកអ៊ីចឹង។ ប៉ះពាល់ទីមួយដូចខ្ញុំបាននិយាយពីដើមអ៊ីចឹង កាលណាគេខួងកន្លែងត្រង់ណា ចំដីអ្នកណា គេអត់បានប្រាប់ម្ចាស់ទេ គេធ្វើតាមតែចិត្ត។ គេធ្វើត្រង់ណាកន្លែងមានកន្លែងគេ គេមិនអាចមកជម្រាបយើងម្ចាស់ដី មិនអាចជម្រាបពីអាជ្ញាធរភូមិឃុំអី គឺអត់ប្រាប់ទាំងអស់ គេធ្វើៗតែចិត្តគេទៅ»។
ឆ្លើយតបនឹងបញ្ហានេះ អភិបាលស្រុកភ្នំស្រុក លោក សេង គី មានប្រសាសន៍បញ្ជាក់ថា ក្រុមហ៊ុនរុករករ៉ែមាសនៅតំបន់ភ្នំស្រុក ទទួលបានសិទ្ធិធ្វើអាជីវកម្មត្រឹមត្រូវពីក្រសួងរ៉ែ និងថាមពល។ ទោះយ៉ាងនេះ លោកថា ការរុករករ៉ែនោះ ពុំបានធ្វើឲ្យប៉ះពាល់ដល់ដីស្រែ និងធ្វើឲ្យខូចផលប្រយោជន៍របស់ប្រជាពលរដ្ឋនោះទេ។
លោកបន្តថា ប្រសិនបើការរុករករ៉ែមាសធ្វើឲ្យប៉ះពាល់ផលប្រយោជន៍របស់ប្រជាពលរដ្ឋមែននោះ អាជ្ញាធរពាក់ព័ន្ធនឹងមិនអនុញ្ញាតឲ្យធ្វើសកម្មភាពនោះឡើយ៖ «អត់មានទេៗ! អត់មានទាល់តែសោះបាទ! ហើយបើក្រុមហ៊ុនមក ឧទាហរណ៍ក្រុមនោះកាយចំដីស្រែប្រជាជនយ៉ាងណា ខ្ញុំឲ្យសម្របសម្រួលជាមួយម្ចាស់គេជាកម្មសិទ្ធិ មិនឲ្យមានបញ្ហាទេ។ ទាល់តែប្រជាជនទាំងគ្នាទាំងគ្នាឯកភាពបានទៅរួច»។
ទាក់ទងនឹងបញ្ហានេះដែរ មន្ត្រីសម្របសម្រួលសមាគមការពារសិទ្ធិមនុស្សប្រចាំខេត្តបន្ទាយមានជ័យ លោក ស៊ុំ ច័ន្ទគា មានប្រសាសន៍ថា កន្លងមកតែងសង្កេតឃើញប្រជាពលរដ្ឋជាច្រើនត្អូញត្អែរចំពោះក្រុមហ៊ុនរុករករ៉ែមាសនៅតំបន់ភ្នំស្រុកនោះ ធ្វើឲ្យប៉ះពាល់ដីស្រែនិងធ្វើឲ្យខូចគុណភាពទឹកនៅអាងត្រពាំងថ្ម។
លោកបន្តថា ដើម្បីផលប្រយោជន៍របស់ប្រជាពលរដ្ឋ និងប្រទេសជាតិ អាជ្ញាធរពាក់ព័ន្ធគួរសិក្សាឲ្យបានច្បាស់លាស់ទៅលើក្រុមហ៊ុនរុករករ៉ែនោះ ឬឲ្យបញ្ឈប់សកម្មភាពនោះតែម្ដង៖ «ហើយបើសិនមានច្បាប់ថាតើបានអនុវត្តផង ជាពិសេសគឺក្រសួងឧស្សាហកម្ម រ៉ែនិងថាមពល ហើយនិងមន្ទីរឧស្សាហកម្ម និងមន្ទីររ៉ែនិងថាមពលក្នុងខេត្ត អភិបាលខេត្ត អភិបាលរងខេត្ត អភិបាលស្រុក ត្រូវពិនិត្យមើល ហោចណាស់ក៏យើងរាយការណ៍អំពីលទ្ធផលណាមួយដែលវាមិនប្រក្រតីជាប្រចាំទៅដល់ខាងក្រសួងទៅដល់អីដើម្បីកុំឲ្យគេចេះតែមករុករកពេញទឹកពេញដី មកឆ្កឹះមកកកាយនៅក្នុងដែនដីនៅកម្ពុជា»។
បើតាមអ្នកភូមិឲ្យដឹងថា ប្រជាពលរដ្ឋជាច្រើនគ្រួសាររស់នៅតំបន់អាងត្រពាំងថ្ម កំពុងព្រួយបារម្ភចំពោះការរុករ៉ែមាសនោះជាច្រើនឆ្នាំមកហើយ ប៉ុន្តែពុំដឹងទៅស្វែងរកកិច្ចអន្តរាគមន៍នៅស្ថាប័នណាឲ្យបញ្ឈប់សកម្មភាពរបស់ក្រុមហ៊ុនបាននោះទេ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖
ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។
