អ្នក​ភូមិ​នៅ​មណ្ឌលគិរី​នាំ​គ្នា​ជីក​ដី​មុខ​ផ្ទះ​រក​រ៉ែ​មាស​ក្រោយ​ក្រសួង​ផ្ដល់​អាជ្ញាប័ណ្ណ​ស្របច្បាប់

0:00 / 0:00

ក្រសួង​រ៉ែ និង​ថាមពល ចេញ​អាជ្ញាប័ណ្ណ​សិប្បកម្ម​រ៉ែ​មាស ឲ្យ​សហគមន៍​ចុងផ្លាស់ ដើម្បី​ការពារ​​សកម្មភាព​ជីក​មាស​អនាធិបតេយ្យ គ្មាន​ច្បាប់​ទម្លាប់។ នេះ​ជា​លើក​​​ដំបូង​ហើយ​ដែល​ក្រសួង​បាន​ផ្ដល់​អាជ្ញាប័ណ្ណ​សិប្បកម្ម​រ៉ែ​មាស់​ដល់​សហគមន៍​សម្រាប់​រយៈពេល​១​ឆ្នាំ ក្រោយ​ពី​ពលរដ្ឋ​តំបន់​ព្រៃមាស បង្កើត​បាន​សហគមន៍​មួយ​ឈ្មោះ "សហគមន៍​សិប្បករ​ចុងផ្លាស់"។

ប្រជាពលរដ្ឋ​ក្នុង​ភូមិ​ពូទង់ ឃុំ​ចុងផ្លាស់ ស្រុក​កែវសីមា ខេត្ត​មណ្ឌលគិរី នាំ​គ្នា​ជីក​ដី​នៅ​មុខ​ផ្ទះ​ដើម្បី​រក​រ៉ែ​មាស ខណៈ​ក្រសួង​រ៉ែ និង​ថាមពល បាន​ផ្ដល់​អាជ្ញាប័ណ្ណ​ឲ្យ​ពួកគេ​ធ្វើ​អាជីវកម្ម​ស្របច្បាប់​​កាល​ពី​ថ្ងៃ​ទី​២៣ ខែ​មិថុនា ឆ្នាំ​២០១៥។

ពលរដ្ឋ​ភូមិ​ពូទង់ លោក ឌីម ឌឿន ឲ្យ​ដឹង​ថា អាជ្ញាប័ណ្ណ​សហគមន៍​សិប្បករ​ចុងផ្លាស់ ផ្ដល់​ឲ្យ​ដោយ​​​ក្រសួង​រ៉ែ និង​ថាមពល នេះ អនុញ្ញាត​ឲ្យ​ពលរដ្ឋ​ក្នុង​សហគមន៍​តំបន់​ព្រៃមាស ជីក​ដី​ទំហំ ១​ហិកតារ​ក្នុង​១​គ្រួសារ ធ្វើ​អាជីវកម្ម​រ៉ែ​មាស​បាន​ដោយ​ស្របច្បាប់ ក្នុង​រយៈពេល ១​ឆ្នាំ៖ «ប្រយោជន៍​មួយ​គេ​អត់​មក​រក​រឿង​ថា យើង​អនាធិបតេយ្យ​អ៊ីចឹង។ ទោះ​យ៉ាង​ម៉េច​ក៏​ខ្ញុំ​អរគុណ​ដែរ ព្រោះ​អាជ្ញាប័ណ្ណ​ហ្នឹង​ធ្វើ​ស្រប​ច្បាប់ គឺ​អរគុណ​ចំពោះ (ក្រសួង) រ៉ែ និង​ថាមពល គេ​ផ្ដល់​ឲ្យ»

​ដូចគ្នា​ដែរ លោក អាន ឆូយ នៅ​តំបន់​ព្រៃមាស ថ្លែង​ថា ២​ថ្ងៃ​ក្រោយ​ពី​ទទួល​បាន​អាជ្ញាប័ណ្ណ គាត់​រៀបចំ​ដំឡើង​ម៉ាស៊ីន និង​ស្វែង​រក​កម្មករ ដើម្បី​ជីក​មាស​ឡើង​វិញ បន្ទាប់​ពី​ក្រសួង​រ៉ែ និង​ថាមពល ផ្អាក​មិន​ឲ្យ​ជីក​ច្រើន​ខែ​មក​នោះ។

លោក​ថា គាត់​ទើប​មាន​ឈ្មោះ​ក្នុង​អាជ្ញាប័ណ្ណ​សហគមន៍​សិប្បករ​​ចុងផ្លាស់ ទើប​គាត់​រៀបចំ​ការ​ជីក​មាស​ឡើង​វិញ៖ «កំពុង​រៀបចំ​ចុះ​សា​ថ្មី។ កម្មករ​និង​ម៉ាស៊ីន​អី​ធ្វើ​ឲ្យ​ព្រម​គ្នា ត្រៀម​យក​ក្នុង ១​ថ្ងៃ​ឲ្យ​បាន​មួយ​តោន​អី​ឡើង ឬ​ក៏ ២​ថ្ងៃ​មួយ​តោន​អី​ហ្នឹង»

ប្រធាន​មន្ទីរ​រ៉ែ និង​ថាមពល ខេត្ត​មណ្ឌលគិរី លោក សាន់ ដារិទ្ធ ថ្លែង​ថា ពលរដ្ឋ ៣២​គ្រួសារ បាន​ចុះ​ឈ្មោះ​ក្នុង​សហគមន៍​សិប្បករ​ចុងផ្លាស់ ដើម្បី​ឲ្យ​ការ​ជីក​មាស​តាម​គ្រួសារ​មាន​ការ​ទទួល​ស្គាល់​ស្រប​ច្បាប់។ លោក​ថា អាជ្ញាប័ណ្ណ​នេះ​មាន​សុពលភាព ១​ឆ្នាំ ហើយ​សហគមន៍​សិប្បករ​ចុងផ្លាស់ ត្រូវ​គោរព​តាម​ច្បាប់​ចែង​ក្នុង​អាជ្ញាប័ណ្ណ ដែល​កំណត់​ឲ្យ​ជីក​ដី​ក្នុង​ជម្រៅ​ចុះ​ក្រោម​មិន​ឲ្យ​លើស ២០​ម៉ែត្រ ហើយ​១​គ្រួសារ​ជីក​បាន​ក្នុង​ទំហំ​ដី ១​ហិកតារ។ ច្បាប់​នោះ​ក៏​ហាមប្រាម​ប្រើ​សារធាតុ​គីមី​យក​រ៉ែ​ដែរ តែ​អាច​ឲ្យ​ប្រើ​រំសេវ​បាន ដោយ​មុន​បំផ្ទុះ​រំសេវ ត្រូវ​ជម្រាប​សមត្ថកិច្ច​មូលដ្ឋាន​ឲ្យ​បាន​ដឹង​ជា​មុន។

លោក សាន់ ដារិទ្ធ៖ «គឺ​មន្ទីរ​រ៉ែ​និង​ថាមពល ខេត្ត​មណ្ឌលគិរី បាន​ចុះ​បង្ក្រាប​អស់​ហើយ គ្រប់​កន្លែង គឺ​បង្ក្រាប​មិន​ឲ្យ​​មាន​ការ​ជីក​រ៉ែ​អនាធិបតេយ្យ​ទៀត​ទេ។ ប្រជាពលរដ្ឋ​ក៏​ត្រេកអរ​ដែរ បាន​ក្រសួង​ ក៏​ដូច​មន្ទីរ​ ​បាន​រៀបចំ​អាជ្ញាប័ណ្ណ​ឲ្យ​នេះ»

​បន្ថែម​លើ​នោះ រដ្ឋលេខាធិការ​ក្រសួង​រ៉ែ និង​ថាមពល លោក ម៉េង សក្តិធារ៉ា ឲ្យ​ដឹង​ថា ជា​លើក​ទី​១ ហើយ ដែល​ក្រសួង​រ៉ែ និង​ថាមពល បាន​ចេញ​អាជ្ញាប័ណ្ណ​រ៉ែ​មាស ជូន​ពលរដ្ឋ​សហគមន៍​សិប្បករ​ចុងផ្លាស់ ដើម្បី​ធ្វើ​អាជីវកម្ម​រ៉ែ​មាស​ស្រប​ច្បាប់។ លោក​បន្ត​ថា អាជ្ញាប័ណ្ណ​នេះ​គឺ​កាត់​យក​ដី​​សម្បទាន​សេដ្ឋកិច្ច​ទំហំ ៤៣​ហិកតារ​ពី​ក្រុមហ៊ុន​ចិន ឈ្មោះ រ៉ុង ឆេង កាល​ពី​ខែ​ឧសភា ឆ្នាំ​២០១៥ ដើម្បី​ឲ្យ​ពលរដ្ឋ​នៅ​សហគមន៍​ចុងផ្លាស់ ប្រកប​របរ​សិប្បកម្ម​រ៉ែ​មាស។

លោក​បន្ត​ថា ក្រៅ​ពី​ឲ្យ​ពួកគេ​ធ្វើ​អាជីវកម្ម​រ៉ែ​ស្រប​ច្បាប់ ក៏​ទុក​ឲ្យ​សហគមន៍​ជួយ​រាយការណ៍ និង​ការពារ​សកម្មភាព​ជីក​មាស​​អនាធិបតេយ្យ​នៅ​ទី​នោះ​ដែរ៖ «គឺ​ក្នុង​គោលបំណង​តែ​មួយ​គត់ ដើម្បី​បម្រើ​ឲ្យ​សេដ្ឋកិច្ច​សង្គម​របស់​​ក្រុម​គ្រួសារ​គាត់​ផ្ទាល់ ក៏​ដូចជា​សហគមន៍​ដែល​យើង​ជួយ​បង្រៀន​ជំនាញ​គាត់ អ៊ីចឹង​ទៅ​ការ​ដែល​ខិតខំ​អនុវត្ត​ទៅ​ទាម​ច្បាប់ អនុវត្ត​ទៅ​តាម​កាតព្វកិច្ច ហិរញ្ញវត្ថុ និង​កាតព្វកិច្ច​ខាង​បច្ចេកទេស​នេះ សំដៅ​​ឲ្យ​យើង​អាច​ធានា​បាន​នូវ​ការ​បង្កើត​ផលប្រយោជន៍​សេដ្ឋកិច្ច​សង្គម សម្រាប់​ទាំង​ខ្លួន​យើង​ផ្ទាល់​ផង ទាំង​សង្គមជាតិ​យើង ទាំង​សហគមន៍​របស់​យើង​ទាំង​អស់​គ្នា​ផង»

លោក ម៉េង សក្តិធារ៉ា អះអាង​ថា នៅ​ពេល​អាជ្ញាប័ណ្ណ​ផុត​សុពលភាព បើ​ពលរដ្ឋ​ទាំង ៣២​គ្រួសារ​នោះ​ចង់​បន្ត​អាជ្ញាប័ណ្ណ ក្រសួង​អាច​ចុះ​សិក្សា​ឡើង​វិញ ថា​អាច​បន្ត​អាជ្ញាប័ណ្ណ​ឲ្យ​បាន ឬ​មិន​បាន។ ប៉ុន្តែ​បើ​ទីតាំង​អនុញ្ញាត​ឲ្យ​ជីក​រ៉ែ​មាស​នោះ ត្រូវ​បាន​ជីក​លើស​ពី​ការ​កំណត់​ដោយ​ច្បាប់ ក្រសួង​នឹង​ដក​អាជ្ញាប័ណ្ណ​សិប្បកម្ម​នោះ​វិញ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖

ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។