លោក ហ៊ុន សែន ប្រកាស​មិន​ធ្វើ​ទំនប់​វារីអគ្គិសនី​នៅ​តំបន់​អារ៉ែង

ដោយ ប្រាជ្ញ ចេវ
2017-02-17
អ៊ីម៉ែល
មតិ
ចែករំលែក
បោះពុម្ព
  • បោះពុម្ព
  • ចែករំលែក
  • មតិ
  • អ៊ីម៉ែល
ទិដ្ឋភាព​នៅ​តំបន់​ជាយ​​អារ៉ែង ស្ថិត​ក្នុង​ស្រុក​ថ្មបាំង ខេត្ត​កោះកុង។ រូបថត​ថ្ងៃ​ទី​២១ ខែ​មីនា ២០១៥។ RFA/Cheu Sideth
ទិដ្ឋភាព​នៅ​តំបន់​ជាយ​​អារ៉ែង ស្ថិត​ក្នុង​ស្រុក​ថ្មបាំង ខេត្ត​កោះកុង។ រូបថត​ថ្ងៃ​ទី​២១ ខែ​មីនា ២០១៥។ RFA/Cheu Sideth
RFA/Cheu Sideth

ក្រុម​មន្ត្រី​រដ្ឋាភិបាល​អះអាង​ថា លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន ប្រកាស​ជា​ផ្លូវការ​ក្នុង​កិច្ច​ប្រជុំ​គណៈរដ្ឋមន្ត្រី មិន​អនុញ្ញាត​ធ្វើ​ទំនប់​វារីអគ្គិសនី​នៅ​ក្នុង​តំបន់​អារ៉ែង។ សកម្មជន​បរិស្ថាន​តំបន់​អារ៉ែង ស្វាគមន៍​ការ​សម្រេច​ដូច​នេះ​របស់​លោក ហ៊ុន សែន ប៉ុន្តែ​នៅ​តែ​ព្រួយ​បារម្ភ​ថា បរិស្ថាន​តំបន់​អារ៉ែង នៅ​តែ​រង​ការ​បំផ្លាញ ដោយសារ​គម្រោង​អភិវឌ្ឍន៍​ផ្សេងៗ​ទៀត​របស់​រដ្ឋាភិបាល។

អ្នកនាំពាក្យ​ទីស្ដីការ​គណៈរដ្ឋមន្ត្រី លោក ផៃ ស៊ីផាន បញ្ជាក់​ថា មូលហេតុ​ដែល​លោក ហ៊ុន សែន សម្រេច​ជា​ផ្លូវ​ការ​ដាក់​តំបន់​ទេសចរណ៍​អារ៉ែង មិន​សាងសង់​ទំនប់​វារីអគ្គិសនី ព្រោះ​ក្រុមហ៊ុន​ស្រាវជ្រាវ​របស់​ជប៉ុន រក​មិន​ឃើញ​លទ្ធផល។ ប៉ុន្តែ​លោក ផៃ ស៊ីផាន មិន​បាន​ប្រាប់​ថា តើ​ក្រុមហ៊ុន​ជប៉ុន នោះ​ស្រាវជ្រាវ​អំពី​អ្វី​នៅ​តំបន់​អារ៉ែង ឡើយ«សម្ដេច​សម្រេច​យូរ​ហើយ គ្រាន់​តែ​ទុក​ពេល​ឲ្យ​ក្រុម​ស្រាវជ្រាវ​រក​ផល​ប៉ះពាល់​ហ្នឹង ប៉ុន្តែ​អត់​ឃើញ​មាន​អី​ទើប​សម្រេច​ម្តង​ទៀត​ជា​ថ្មី»

ការ​ប្រកាស​របស់​មុខ​រដ្ឋាភិបាល​ដែល​មិន​សាងសង់​ទំនប់​វារីអគ្គិសនី​នៅ​តំបន់​អារ៉ែង ធ្វើ​ឡើង​ក្នុង​ពេល​ប្រជុំ​គណៈរដ្ឋមន្ត្រី នា​វិមាន​សន្តិភាព នៅ​ថ្ងៃ​ទី​១៧ ខែ​កុម្ភៈ។ ព័ត៌មាន​នេះ​ដំបូង​ឡើយ​ត្រូវ​ប្រកាស​ដោយ​រដ្ឋមន្ត្រី​ក្រសួង​ព័ត៌មាន លោក ខៀវ កាញារីទ្ធ តាម​ហ្វេសប៊ុក របស់​លោក។ លោក ខៀវ កាញារីទ្ធ សរសេរ​ថា "លោក ហ៊ុន សែន សម្រេច​ថា តំបន់​អារ៉ែង មិន​ត្រូវ​ធ្វើ​វារីអគ្គិសនី​ទេ តែ​ត្រូវ​ធ្វើ​ជា​តំបន់​ទេសចរណ៍​ធម្មជាតិ​វិញ"។

បញ្ជាក់​បន្ថែម​ពី​លើ​នេះ អ្នកនាំពាក្យ​ទីស្ដីការ​គណៈរដ្ឋមន្ត្រី លោក ផៃ ស៊ីផាន ដែល​បាន​ចូលរួម​ក្នុង​កិច្ច​ប្រជុំ​នោះ​ដែរ ឲ្យ​អាស៊ីសេរី ដឹង​ថា សម្ដី​របស់​លោក ហ៊ុន សែន និយាយ​នៅ​ក្នុង​កិច្ច​ប្រជុំ​គណៈរដ្ឋមន្ត្រី​ដូច​នេះ គឺ​ជា​ការ​សម្រេច​ផ្លូវ​ការ។ លោក​ថា ក្រុម​ការងារ​របស់​គណៈរដ្ឋមន្ត្រី​នឹង​ផ្សព្វផ្សាយ​ការ​សម្រេច​នេះ​ជា​សាធារណៈ។ យ៉ាង​ណា​ក៏ដោយ​ចុះ របាយការណ៍​នៃ​លទ្ធផល​ផ្លូវ​ការ​នៃ​កិច្ច​ប្រជុំ​របស់​ទីស្ដីការ​គណៈរដ្ឋមន្ត្រី ដែល​ត្រូវ​បាន​បង្ហោះ​ដោយ​គេហទំព័រ​របស់​ទីស្ដីការ​គណៈរដ្ឋមន្ត្រី ក្រោយ​កិច្ច​ប្រជុំ​នៅ​ក្នុង​ថ្ងៃ​ដដែល​នោះ  មិន​បាន​កត់​ត្រា​សម្ដី​របស់​លោក ហ៊ុន សែន ពី​ការ​បញ្ជា​មិន​ឲ្យ​សាងសង់​ទំនប់​វារីអគ្គិសនី​​នោះ​ទេ។

ចំណែក​គម្រោង​ធ្វើ​តំបន់​អារ៉ែង ឲ្យ​ទៅ​ជា​តំបន់​ទេសចរណ៍​ធម្មជាតិ លោក ផៃ ស៊ីផាន មិន​ទាន់​ឲ្យ​ដឹង​ពី​ការ​រៀបចំ​នេះ​នៅ​ឡើយ​ទេ ដោយ​លោក​ប្រាប់​ថា នេះ​ជា​ការ​រៀបចំ​របស់​ក្រសួង​ជំនាញ​ដែល​ជា​ក្រសួង​ទេសចរណ៍។

ទាក់ទង​រឿង​នេះ ស្ថាបនិក​ចលនា​មាតា​ធម្មជាតិ លោក លោក អាឡិក ហាន់ដ្រូ ហ្គន់ហ្សាឡេស ដេវិតសឹន (Alejandro Gonzalez Davidson) ដែល​ត្រូវ​រដ្ឋាភិបាល​បណ្ដេញ​ចេញ​ពី​ប្រទេស កាល​ពី​ឆ្នាំ​២០១៥ ព្រោះ​ប្រឆាំង​គម្រោង​សាងសង់​ទំនប់​វារីអគ្គិសនី​នៅ​តំបន់​អារ៉ែង ឲ្យ​អាស៊ីសេរី ដឹង​ពី​ក្រៅ​ប្រទេស​ថា ប្រសិនបើ​លោក ហ៊ុន សែន មិន​សាង​សង់​ទំនប់​វារីអគ្គិសនី​នៅ​អារ៉ែង មែន​នោះ លោក​ស្វាគមន៍​ពេញ​ទំហឹង។ ជាង​នេះ​ទៅ​ទៀត លោក អាឡិក នៅ​តែ​ចិញ្ចឹម​ចិត្ត​ចង់​វិល​ត្រឡប់​មក​កម្ពុជា វិញ ព្រោះ​លោក​ថា ពេល​នេះ​នៅ​តំបន់​អារ៉ែង កំពុង​កើត​មាន​បទល្មើស​ព្រៃឈើ និង​សត្វព្រៃ​ដែល​ចង់​ទៅ​ការពារ​ធនធាន​ធម្មជាតិ​នៅ​ទី​នោះ«តំបន់​អារ៉ែង​នៅ​តែ​ទទួល​ការ​គំរាម​កំហែង​ធ្ងន់ធ្ងរ ដោយសារ​សកម្មភាព​កាប់​ឈើ​ប្រណិត​នៅ​តែ​មាន​ដដែល ហើយ​នៅ​តែ​មាន​ហានិភ័យ​ដដែល។ ចឹង​ទេ ខ្ញុំ​សុំ​លើក​ទឹក​ចិត្ត​ឲ្យ​សម្ដេច ហ៊ុន សែន អនុវត្ត​តាម​ឆន្ទៈ​ពលរដ្ឋ​ខ្មែរ​រាប់​លាន​នាក់​មិន​សាងសង់​ទំនប់​វារីអគ្គិសនី​នៅ​អារ៉ែង និង​អនុញ្ញាត​ឲ្យ​ខ្ញុំ​ចូល​ស្រុក​ខ្មែរ​វិញ​បាន»

​កាល​ពី​ក្នុង​អំឡុង​ឆ្នាំ​២០០៧ មាន​ក្រុមហ៊ុន​ពីរ​បាន​ចុះ​សិក្សា​ស្រាវជ្រាវ​នៅ​តំបន់​អារ៉ែង ដោយ​ជីក​យក​រ៉ែ ពិនិត្យ​ស្ថានភាព​ទូទៅ​នៃ​កម្លាំង​ទឹក និង​ពិនិត្យ​សណ្ឋាន​ដី​ជាដើម។ ឈ្មោះ​អារ៉ែង ត្រូវ​បាន​គេ​ស្គាល់​បន្ទាប់​ពី​រាជរដ្ឋាភិបាល​សម្រេច​ឲ្យ​ក្រុមហ៊ុន​ចិន ឈ្មោះ ស៊ីណូ ហាយដ្រូ (Sino hydro) សិក្សា​ពី​សក្ដានុពល​នៃ​គម្រោង​សាងសង់​ទំនប់​វារីអគ្គិសនី។ លោក ហ៊ុន សែន ធ្លាប់​ឲ្យ​ដឹង​ម្ដង​រួច​ហើយ កាល​ពី​ឆ្នាំ​២០១៥ ថា ទំនប់​វារីអគ្គិសនី​ស្ទឹង​ជាយអារ៉ែង មិន​កើត​ឡើង​នៅ​អាណត្តិ​ទី​៥ នេះ​ទេ។

ទោះ​នៅ​ពេល​នេះ លោក ហ៊ុន សែន ប្រកាស​មិន​ធ្វើ​ទំនប់​វារីអគ្គិសនី​នៅ​តំបន់​អារ៉ែង ប៉ុន្តែ​ស្ថាបនិក​ចលនា​មាតា​ធម្មជាតិ លោក អាឡិក នៅ​តែ​ព្រួយបារម្ភ​ថា រដ្ឋាភិបាល​នឹង​មាន​គម្រោង​ផ្សេង​ទៀត​ដែល​ប៉ះពាល់​ដល់​ធនធាន​ធម្មជាតិ​តំបន់​នេះ ដូចជា​គម្រោង​ដី​សម្បទាន​សេដ្ឋកិច្ច និង​ការ​អភិវឌ្ឍ​ទាំង​ឡាយ​ណា​ដែល​លោក អាឡិក យល់​ថា ប៉ះពាល់​បរិស្ថាន និង​ពលរដ្ឋ​ជនជាតិ​ដើម​ភាគ​តិច​នៅ​ក្នុង​តំបន់​អារ៉ែង។

លទ្ធផល​នៃ​កិច្ច​ប្រជុំ​គណៈរដ្ឋមន្ត្រី

កិច្ចប្រជុំ​របស់​គណៈរដ្ឋមន្ត្រី​ដែល​ដឹក​នាំ​ដោយ​លោក​នាយករដ្ឋមន្រ្តី ហ៊ុន សែន នៅ​ថ្ងៃ​ទី​១៧ ខែ​កុម្ភៈ សម្រេច​របៀបវារៈ​ធំៗ​ពីរ និង​ចំណុច​មួយ​ចំនួន​ទៀត​ដូចជា៖

គម្រោង​វិនិយោគ​ខ្សែ​បញ្ជូន​អគ្គិសនី ២៣០​គីឡូវ៉ុល ពី​ស្ថានីយ​វារីអគ្គិសនី​ស្ទឹង​តាតៃ មក​ភ្នំពេញ និង​គម្រោង​វិនិយោគ​បន្ថែម​ម៉ាស៊ីន​ផលិត​អគ្គិសនី​ដុត​ធ្យូង​ថ្ម​អានុភាព ១៣៥​មេហ្កាវ៉ាត់ ខេត្ត​ព្រះសីហនុ។

គណៈរដ្ឋមន្ត្រី​អនុម័ត​ពិធីសារ​ទី​៣ ដើម្បី​ធ្វើ​វិសោធនកម្ម​កិច្ច​ព្រមព្រៀង​ពាណិជ្ជកម្ម​ទំនិញ​នៅ​ក្រោម​កិច្ច​ព្រមព្រៀង​ក្របខ័ណ្ឌ​ស្ដីពី​កិច្ច​សហប្រតិបត្តិការ​សេដ្ឋកិច្ច​ទូលំទូលាយ ក្នុង​ចំណោម​រដ្ឋាភិបាល​នៃ​ប្រទេស​សមាជិក​សមាគម​ប្រជាជាតិ​អាស៊ី​អាគ្នេយ៍ និង​សាធារណរដ្ឋ​កូរ៉េ ទៅ​សុំ​សច្ចាប័ន​ពី​ស្ថាប័ន​នីតិប្បញ្ញត្តិ។

ក្នុង​ពេល​នោះ​ដែរ លោក ហ៊ុន សែន បញ្ជា​ទៅ​រដ្ឋមន្ត្រី​ក្រសួង​សេដ្ឋកិច្ច​បញ្ឈប់​ធនាគារ​អេស៊ីលីដា (ACLEDA) ប្រើប្រាស់​សញ្ញា​ពាណិជ្ជកម្ម​រូប​ហង្ស ដើម្បី​កុំ​ពលរដ្ឋ​យល់​ថា ធនាគារ​នេះ​ជា​ស្ថាប័ន​រដ្ឋ ត្បិត​អី​រូប​ហង្ស​ជា​សញ្ញា​សម្គាល់​របស់​ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ។ ជាង​នេះ​ទៅ​ទៀត លោក ហ៊ុន សែន ឲ្យ​រដ្ឋមន្ត្រី​ក្រសួង​ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ និង​ស្ថាប័ន​ពាក់ព័ន្ធ ណែ​នាំ​ជា​បន្ទាន់​ទៅ​ធនាគារ​ឯកជន និង​គ្រឹះស្ថាន​មីក្រូ​ហិរញ្ញវត្ថុ ប្រាប់​ពលរដ្ឋ​ឲ្យ​ដឹង​ថា ស្ថាប័ន​ទាំង​នោះ​មិន​មែន​ជា​របស់​រដ្ឋ​ទេ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

មតិ (0)
  • បោះពុម្ព
  • ចែករំលែក
  • អ៊ីម៉ែល
គេហទំព័រ​ទាំងមូល