រដ្ឋាភិបាល​ជំរុញ​អង្គការ​ឃ្លាំ​មើល​ពិភពលោក​ប្ដឹង​ទៅ​តុលាការ

ដោយ ទេព សុរ៉ាវី និង សេក បណ្ឌិត
2013-05-13
អ៊ីម៉ែល
មតិ
ចែករំលែក
បោះពុម្ព
  • បោះពុម្ព
  • ចែករំលែក
  • មតិ
  • អ៊ីម៉ែល
ផៃ ស៊ីផាន ៣០៥
រដ្ឋលេខាធិការ​ទីស្ដីការ​គណៈរដ្ឋមន្ត្រី លោក ផៃ ស៊ីផាន និង​ជា​អ្នក​នាំ​ពាក្យ​រដ្ឋាភិបាល ថ្លែង​ក្នុង​សន្និសីទ​កាសែត​ស្ដីពី​ការ​ផ្សាយ​ព័ត៌មាន​របស់​វិទ្យុ​អាស៊ីសេរី នា​ទីស្ដីការ​គណៈរដ្ឋមន្ត្រី នៅ​ថ្ងៃ​ទី២៨ ខែ​មីនា ឆ្នាំ​២០១៣។
RFA/Vann Vicha

រាជរដ្ឋាភិបាល​កម្ពុជា ហាក់​មិន​ចាប់​អារម្មណ៍​នឹង​របាយការណ៍​របស់​អង្គការ​ឃ្លាំ​មើល​ពិភពលោក (Global Witness) ដែល​រក​ឃើញ​ថា រដ្ឋាភិបាល​កំពុង​រំលោភ​បំពាន​ច្បាប់​របស់​ខ្លួន​ក្នុង​ការ​ផ្តល់​ដី​សម្បទាន​សេដ្ឋកិច្ច ទៅ​ឲ្យ​ដល់​ក្រុមហ៊ុន​វៀតណាម ធំៗ​ចំនួន​២ ឲ្យ​វិនិយោគ​ដាំ​ដំណាំ​កៅស៊ូ​នៅ​កម្ពុជា។

មិន​ត្រឹម​តែ​ប៉ុណ្ណោះ បាន​ជំរុញ​ឲ្យ​អង្គការ​នេះ​ប្ដឹង​រដ្ឋាភិបាល​កម្ពុជា ទៀត​ផង បើ​សិន​អង្គការ​នេះ​រក​ឃើញ​ការ​ពិត​ដូច​របាយការណ៍​នោះ​មែន។

មន្ត្រី​ជាន់​ខ្ពស់​រាជ​រដ្ឋាភិបាល​កម្ពុជា ចាត់​ទុក​របាយការណ៍​ថ្មី​របស់​អង្គការ​ឃ្លាំ​មើល​ពិភពលោក ថា​ជា​របាយការណ៍​ធ្វើ​ឡើង​សម្រាប់​វាយ​ប្រហារ​រដ្ឋាភិបាល និង​អំពាវនាវ​ឲ្យ​អង្គការ​នេះ​ដាក់​ពាក្យ​បណ្ដឹង​តាម​ផ្លូវ​ច្បាប់ ប្រសិន​មាន​ភស្តុតាង​បង្ហាញ​ពី​ការ​រំលោភ​ច្បាប់​ណា​មួយ ដែល​កើត​ចេញ​ក្នុង​ការ​ផ្តល់​ដី​សម្បទាន​សេដ្ឋកិច្ច​របស់​រាជ​រដ្ឋាភិបាល ទៅ​ឲ្យ​ក្រុមហ៊ុន​បរទេស​វិនិយោគ។

រដ្ឋលេខាធិការ និង​ជា​អ្នក​នាំ​ពាក្យ​ទីស្ដីការ​គណៈរដ្ឋមន្ត្រី លោក ផៃ ស៊ីផាន ពន្យល់​ថា ការ​រក​ឃើញ​របស់​អង្គការ​មួយ​នេះ មិន​មាន​អ្វី​ប្លែក ហើយ​ជា​រឿយៗ​អង្គការ​ឃ្លាំ​មើល​ពិភពលោក ជា​ភាគី​វាយ​ប្រហារ​រាជ​រដ្ឋាភិបាល​ស្រាប់​ហើយ។

របាយការណ៍​អង្គការ​ឃ្លាំ​មើល​ពិភពលោក ចេញ​ផ្សាយ​នៅ​ថ្ងៃ​ទី១៣ ខែ​ឧសភា រក​ឃើញ​ថា រាជ​រដ្ឋាភិបាល​កម្ពុជា បាន​ផ្តល់​ដី​សម្បទាន​សេដ្ឋកិច្ច​ឲ្យ​ក្រុមហ៊ុន​វៀតណាម ធំៗ​ចំនួន​២ លើ​ទំហំ​ដី​ដ៏​ច្រើន​លើសលប់​ពី​ច្បាប់​កំណត់។ ក្រុមហ៊ុន​ទាំង​ពីរ​នោះ គឺ​ក្រុមហ៊ុន ហ្វាង អាន់ យ៉ាឡាយ (Hoang Anh Gia Lai= HAGL) និង​ក្រុមហ៊ុន​វៀតណាម រ៉ាប់ប៊ឺ គ្រូប (Vietnam Rubber Group) ដែល​កំពុង​ឃុបឃិត​ជាមួយ​មន្ត្រី​គ្រាក់ៗ​របស់​រដ្ឋាភិបាល និង​ឧកញ៉ា​ពុក​រលួយ​មួយ​ចំនួន។

ក្នុង​របាយការណ៍​បង្ហាញ​ថា ក្រុមហ៊ុន​ទាំង​២​នេះ​កំពុង​បង្ក​មហន្តរាយ​ដល់​បរិស្ថាន និង​ជីវភាព​រស់នៅ​របស់​ប្រជា​សហគមន៍ ហើយ​ពលរដ្ឋ​ប្រមាណ ៤​សែន​នាក់ ក្នុង ១២​ខេត្ត កំពុង​រង​ផល​ប៉ះពាល់​ពី​ការ​ច្បាម​យក​ដី​ទាំង​នោះ។

វិទ្យុ​អាស៊ីសេរី មិន​អាច​ទាក់ទង​ក្រុមហ៊ុន ហ្វាង អាន់ យ៉ាឡាយ និង​ក្រុមហ៊ុន​វៀតណាម រ៉ាប់ប៊ឺ គ្រូប រួម​ទាំង​ស្ថានទូត​វៀតណាម នៅ​កម្ពុជា បាន​ទេ នៅ​ថ្ងៃ​ទី១៣ ឧសភា ដើម្បី​សុំ​ការ​ឆ្លើយ​តប​ចំពោះ​របាយការណ៍​នេះ។

ចំណែក​មន្ត្រី​អ្នក​នាំ​ពាក្យ​អង្គការ អាយ.អេហ្វ.ស៊ី (International Financial Corporation = IFC) ប្រចាំ​តំបន់​អាស៊ី​ខាង​កើត និង​ប៉ាស៊ីហ្វិក (East Asia and Pacific) លោក ហែនហ្វ្រែយ វ៉ុន ហិនដែនប៊ឺគ (Hannfried Von Hindenburg) មាន​ប្រសាសន៍​នៅ​ថ្ងៃ​ទី១៣ ឧសភា ថា អង្គការ អាយ.អេហ្វ.ស៊ី ពិត​ជា​បាន​ផ្តល់​មូលនិធិ​មួយ​ចំនួន​ទៅ​ឲ្យ​ក្រុមហ៊ុន​វៀតណាម មួយ​ឈ្មោះ អ៊ិនទែប្រាយ អ៊ិនវែសមែន (Enterprise Investment) ដែល​មាន​ក្រុមហ៊ុន​គ្រប់គ្រង​ប្រាក់​នោះ​ឈ្មោះ ដ្រាហ្គិន ខាភីថល (Dragon Capital)៖ «នៅ​ក្នុង​ករណី​នេះ យើង​នឹង​សិក្សា​ដោយ​យក​ចិត្ត​ទុក​ដាក់​អំពី​របាយការណ៍​នេះ។ ដូច​លោក​អ្នក​បាន​ដឹង​ហើយ របាយការណ៍​ចេញ​ផ្សាយ​ថ្ងៃ​នេះ ហើយ​ដូច​ទាំងអស់​គ្នា​បាន​ដឹង​ហើយ យើង​នឹង​សិក្សា​ការ​រក​ឃើញ​របស់​អង្គការ​ឃ្លាំ​មើល​ពិភពលោក​នេះ ជា​ផ្នែក​មួយ​នៃ​ការ​ត្រួត​ពិនិត្យ​របស់​យើង​ទៅ​លើ​ក្រុមហ៊ុន​គ្រប់គ្រង​ប្រាក់​ឈ្មោះ ដ្រាហ្គិន ខាភីថល ដែល​មាន​ប្រាក់​យើង​នៅ​ក្នុង​នោះ»

លោក ហែនហ្វ្រែយ វ៉ុន ហិនដែនប៊ឺគ បាន​ប្រសាសន៍​បន្ថែម​ថា ធនាគារ​ពិភពលោក ផ្តល់​ប្រាក់​មួយ​ចំនួន នោះ គឺ​មាន​គោល​បំណង​ជួយ​បង្កើត​ការងារ និង​លុប​បំបាត់​ភាព​ក្រីក្រ។ ហើយ​ការ​ទទួល​ខុស​ត្រូវ​ក្នុង​ការ​ការពារ​បរិស្ថាន និង​វាយ​តម្លៃ​ការ​ប៉ះពាល់ ជា​ភារកិច្ច​របស់​ក្រុមហ៊ុន ឬ​អង្គការ​ដែល​យក​ប្រាក់​ពី អាយ.អេហ្វ.ស៊ី ទៅ​ធ្វើ​ការងារ​នោះ។

លោក​បញ្ជាក់​ថា ធនាគារ​ពិភពលោក ចូលរួម​ព្រួយ​បារម្ភ​ចំពោះ​ក្រុមហ៊ុន​ដែល​ទទួល​បាន​ដី​ក្នុង​បរិមាណ​ច្រើន និង​ធំ នៅ​គ្រប់​ទី​កន្លែង​ទាំងអស់ ហើយ​ចាត់​ទុក​ថា ការ​មាន​ដី​រស់នៅ និង​ចិញ្ចឹម​ជីវិត​របស់​ប្រជាពលរដ្ឋ​ក្រីក្រ​នៅ​លើ​ពិភពលោក មាន​ភាព​ចាំបាច់។ អង្គការ អាយ.អេហ្វ.ស៊ី នឹង​សិក្សា​ដោយ​យក​ចិត្ត​ទុក​ដាក់​ចំពោះ​ការ​រក​ឃើញ​របស់​អង្គការ​ឃ្លាំ​មើល​ពិភពលោក​នេះ និង​ចាត់​ទុក​ថា ការ​សិក្សា​រក​ឃើញ​នេះ​ជា​ផ្នែក​មួយ​នៃ​ការ​ត្រួត​ពិនិត្យ​លើ​ប្រាក់​វិនិយោគ​របស់​យើង ទៅ​លើ​ក្រុមហ៊ុន​វៀតណាម ឈ្មោះ ដ្រាហ្គិន ខាភីថល និង​វៀតណាម អ៊ិនទែប្រាយ អ៊ិនវែសមែន។

របាយការណ៍​ផ្ដោត​សំខាន់​ថា រដ្ឋាភិបាល​កម្ពុជា ខ្លួន​ឯង​ជា​ចំណែក​មួយ​នៃ​ការ​បង្ក​បញ្ហា​ទាំង​នោះ តាម​រយៈ​ការ​អាជ្ញាប័ណ្ណ​សម្បទាន​ដីធ្លី​បំពាន​ច្បាប់​ជា​ធរមាន។

យោង​តាម​ច្បាប់​កម្ពុជា ការ​ផ្តល់​ដី​សម្បទាន​សេដ្ឋកិច្ច​ដល់​ក្រុមហ៊ុន​មួយ​មិន​អាច​ឲ្យ​លើស​ពី ១​ម៉ឺន​ហិកតារ​ទេ។ ប៉ុន្តែ​សម្រាប់​ក្រុមហ៊ុន ហ្វាង អាន់ យ៉ាឡាយ ដែល​មាន​ទំនាក់ទំនង​ជិតស្និទ្ធ​ជាមួយ​ឧកញ៉ា ទ្រី ភាព ទទួល​បាន​ជិត ៥​ម៉ឺន​ហិកតារ (៤៧.៣៧០​ហិកតារ)។ រីឯ​ក្រុមហ៊ុន​វៀតណាម រ៉ាប់ប៊ឺ គ្រូប ដែល​អង្គការ​ឃ្លាំ​មើល​ពិភពលោក សង្ស័យ​កំពុង​រក​ស៊ី​ជា​ដៃគូ​ជាមួយ​អ្នកស្រី សេង គាង អតីត​ភរិយា​របស់​លោក ឌី ចូច ជា​បង​ប្អូន​ជីដូន​មួយ​របស់​លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន ទទួល​បាន​ជាង ១​សែន ៦​ម៉ឺន​ហិកតារ (១៦១.៣៤៤​ហិកតារ)។ ក្រុមហ៊ុន​ទាំង​ពីរ​នេះ​កំពុង​តែ​មមាញឹក​របរ​កាប់​រាន​ព្រៃ និង​ដឹក​ជញ្ជូន​ឈើ​ចេញ​ពី​តំបន់​សម្បទាន។

លោក ផៃ ស៊ីផាន បញ្ជាក់​ថា ការ​ផ្តល់​ដី​សម្បទាន​សេដ្ឋកិច្ច​ណា​មួយ​នោះ ច្បាប់​ដែល​អនុញ្ញាត។ ការ​ផ្តល់​ដី​សម្បទាន​សេដ្ឋកិច្ច​នោះ​សោត ធ្វើ​ឡើង​ក្នុង​បំណង​ចង់​កម្លាយ​ពី​របៀប​ធ្វើ​កសិកម្ម​តាម​បែប​ប្រពៃណី ទៅ​ជា​កសិកម្ម​ខ្នាត​តូច និង​មធ្យម និង​កសិឧស្សាហកម្ម។

របាយការណ៍​របស់​អង្គការ​ឃ្លាំ​មើល​ពិភពលោក រក​ឃើញ​ថា មក​ដល់​ចុង​ឆ្នាំ​២០១២ រដ្ឋាភិបាល​កម្ពុជា បាន​ជួល​ដី​ជា​លក្ខណៈ​សម្បទាន​សេដ្ឋកិច្ច​ចំនួន ២​លាន ៦​សែន​ហិកតារ ទៅ​ឲ្យ​ក្រុមហ៊ុន​ជាច្រើន។ ប៉ុន្តែ ចំណូល​ដែល​រដ្ឋាភិបាល​កម្ពុជា ទទួល​បាន​ពី​ឧស្សាហកម្ម​ដី​សម្បទាន​សេដ្ឋកិច្ច​នេះ ស្ថិត​ជា​អាថ៌កំបាំង។

អ្នក​នាំ​ពាក្យ​គណបក្ស​សង្គ្រោះ​ជាតិ លោក យឹម សុវណ្ណ បញ្ជាក់​ថា សព្វថ្ងៃ​រដ្ឋាភិបាល​កំពុង​ធ្វើ​ការ​បម្រើ​ឲ្យ​ផល​ប្រយោជន៍​បរទេស។ ចំពោះ​ការ​ផ្តល់​ដី​សម្បទាន​សេដ្ឋកិច្ច​ដ៏​ច្រើន​លើសលប់​ឲ្យ​ក្រុមហ៊ុន​វៀតណាម លោក យឹម សុវណ្ណ ចាត់​ទុក​ថា ជា​អំពើ​ខុស​ច្បាប់ ហើយ​បាត់បង់​ផល​ប្រយោជន៍​ជាតិ​ធំធេង។ លោក​ពន្យល់​ថា កម្ពុជា មិន​បាន​ចំណេញ​អ្វី​ពី​ការ​ផ្តល់​ដី​សម្បទាន​សេដ្ឋកិច្ច​នោះ​ទេ ក្រៅ​តែ​ពី​ធ្វើ​ឲ្យ​ពលរដ្ឋ​ឈឺ​ចាប់​រឿង​បាត់បង់​ដីធ្លី​ធ្វើ​ស្រែ​ចម្ការ រំលោភ​សិទ្ធិ​ពលរដ្ឋ កាប់​បំផ្លាញ​ព្រៃ​ឈើ បំផ្លាញ​ធនធាន​ធម្មជាតិ និង​បាន​ចំណូល​តិចតួច​បំផុត​ចូល​ក្នុង​ថវិកា​ជាតិ។

ប្រមុខ​រដ្ឋាភិបាល​កម្ពុជា សម្រេច​យក​ពន្ធ​លើ​ដី​សម្បទាន​សេដ្ឋកិច្ច​ចំនួន ៥​ដុល្លារ​ក្នុង​មួយ​ហិកតារ ពី​ក្រុមហ៊ុន​បរទេស​ដែល​វិនិយោគ។ ប៉ុន្តែ តាម​របាយការណ៍​ដែល​គណបក្ស​ប្រឆាំង​រក​ឃើញ បង្ហាញ​ថា មុន​នឹង​ក្រុមហ៊ុន​ទាំង​នោះ​ទទួល​បាន​ដី​វិនិយោគ​មក​គ្រប់គ្រង ត្រូវ​ផ្តល់​សំណូក​ឲ្យ​មន្ត្រី​ពុក​រលួយ​មិន​តិច​ជាង ៣០០​ដុល្លារ ទេ​ក្នុង​មួយ​ហិកតារ។

ពាក់ព័ន្ធ​នឹង​ការ​ប្រព្រឹត្ត​អំពើ​ពុក​រលួយ​ក្នុង​ការ​ផ្តល់​ដី​សម្បទាន​សេដ្ឋកិច្ច​នេះ អង្គការ​ឃ្លាំ​មើល​ពិភពលោក បង្ហាញ​ថា សាខា​ក្រុមហ៊ុន​ពីរ​របស់​ក្រុមហ៊ុន​វៀតណាម រ៉ាប់ប៊ឺ គ្រូប មាន​ទំនាក់ទំនង​ជិតស្និទ្ធ​ជាមួយ​រដ្ឋមន្ត្រី​ក្រសួង​រៀបចំ​ដែន​ដី នគរូបនីយកម្ម និង​សំណង់ លោក អ៊ឹម ឈុនលឹម។

លោក អ៊ឹម ឈុនលឹម បាន​បិទ​ទូរស័ព្ទ​ភ្លាមៗ​នៅ​ពេល​ដែល​សួរ​ដេញដោល​ជុំវិញ​ការ​មាន​ទំនាក់ទំនង​ជាមួយ​ក្រុមហ៊ុន​វៀតណាម និង​របាយការណ៍​ថ្មី​របស់​អង្គការ​ឃ្លាំ​មើល​ពិភពលោក។

រដ្ឋមន្ត្រី​ក្រសួង​កសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ លោក ច័ន្ទ សារុន ប្រកាស​ក្នុង​រដ្ឋសភា​ថា រដ្ឋាភិបាល​បាន​ផ្តល់​ដី​សម្បទាន​សេដ្ឋកិច្ច​ឲ្យ​ក្រុមហ៊ុន​ចំនួន​១១៧ គ្រប​ដណ្ដប់​លើ​ផ្ទៃដី​ទំហំ ១​លាន ៥​សែន​ហិកតារ។ ក្នុង​នោះ​មាន​ដំណាំ​កៅស៊ូ​មាន ១​លាន ២​សែន​ហិកតារ ដែល​ស្មើ​នឹង ៨០% នៃ​ផ្ទៃដី​ដែល​រដ្ឋាភិបាល​បាន​ធ្វើ​ការ​សម្បទាន​ដី​ទៅ​ឲ្យ​ក្រុមហ៊ុន​ឲ្យ​វិនិយោគ។

អគ្គនាយក​រង​នៃ​អគ្គនាយកដ្ឋាន​កៅស៊ូ​នៃ​ក្រសួង​កសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ លោក ហេង សារ៉ាត់ ឲ្យ​ដឹង​ថា ក្នុង​ចំណោម​ដី​ដែល​ផ្តល់​ឲ្យ​ក្រុមហ៊ុន​វិនិយោគ​ដាំ​ដំណាំ​កៅស៊ូ ក្រុមហ៊ុន​ទាំង​នោះ​ទើប​តែ​ដាំដុះ​កៅស៊ូ​បាន​ជាង ២៨​ម៉ឺន​ហិកតារ នៅ​ទូទាំង​ប្រទេស ដោយ​ពន្យល់​ថា ដំណាំ​កៅស៊ូ​ជា​ដំណាំ​មួយ​ប្រភេទ​ត្រូវ​ការ​ពេល​យូរ និង​ដើម​ទុន​ច្រើន។

ក្នុង​រយៈពេល ១៧​ឆ្នាំ ដែល​រដ្ឋាភិបាល​ផ្ដើម​ផ្តល់​ដី​សម្បទាន​សេដ្ឋកិច្ច​ឲ្យ​ក្រុមហ៊ុន​វិនិយោគ ជា​ពិសេស​ដំណាំ​កៅស៊ូ។ ប៉ុន្តែ រយៈពេល​ដ៏​វែង​នោះ ក្រុមហ៊ុន​តិចតួច​ប៉ុណ្ណោះ​ដែល​បាន​ដាំ​កៅស៊ូ​លើ​ដី​សម្បទាន​របស់​ខ្លួន។ ភាគ​ច្រើន ក្រុមហ៊ុន​ទាំង​នោះ​សម្រុក​កាប់​រាន​ព្រៃ​ឈើ​យក​ទៅ​លក់​នៅ​បរទេស​ជា​មុន​សិន។

លោក ហេង សារ៉ាត់ បញ្ជាក់​ថា ក្រុមហ៊ុន​ធំៗ​ដែល​ទទួល​បាន​ដី​សម្បទាន​សេដ្ឋកិច្ច​ពី​រដ្ឋ​រាប់​ពាន់​ម៉ឺន​ហិកតារ អាច​ដំា​កៅស៊ូ​បាន​យ៉ាង​ច្រើន​បំផុត ៥០០​ហិកតារ ប៉ុណ្ណោះ​ក្នុង​មួយ​ឆ្នាំ។

អ្នកស្រី ម៉េកហ្កេន ម៉ាកឃីនណេស (Megan MacInnes) មន្ត្រី​គ្រប់គ្រង​យុទ្ធនាការ​ដីធ្លី​នៃ​អង្គការ​ការពារ​បរិស្ថាន​ពិភពលោក បញ្ជាក់​ថា ការ​កាប់​ព្រៃ​ធម្មជាតិ​ចោល ហើយ​ដាំ​ជំនួស​មក​វិញ​នូវ​ចម្ការ​កៅស៊ូ គឺ​ពិត​ជា​មិន​មាន​គុណភាព​ដូច​គ្នា​ទេ។ ព្រៃ​ធម្មជាតិ​ពិត​ជា​មាន​គុណភាព និង​តម្លៃ​ខ្ពស់​ឆ្ងាយ​ដាច់​ពី​ដើម​កៅស៊ូ និង​មិន​អាច​ប្រៀបធៀប​គ្នា​បាន។

ប៉ុន្តែ សម្រាប់​លោក ហេង សារ៉ាត់ បញ្ជាក់​ថា ការ​ដាំ​កៅស៊ូ​ពិត​ជា​អាច​ជំនួស​នឹង​ព្រៃ​ឈើ​ធម្មជាតិ​បាន។ លោក​ពន្យល់​ថា បើ​មើល​មួយ​ភ្លែត ការ​កាប់​ព្រៃ​ឈើ​ទៅ​ដាំ​កៅស៊ូ អាច​ប៉ះពាល់​ដល់​បញ្ហា​ជីវភាព​ប្រចាំ​ថ្ងៃ​របស់​ពលរដ្ឋ​ដែល​អាស្រ័យ​ផល​លើ​អនុផល​ព្រៃ​ឈើ ប៉ុន្តែ​មិន​មែន​ជា​ទ្រង់ទ្រាយ​អភិវឌ្ឍន៍​សេដ្ឋកិច្ច។

គោល​នយោបាយ​របស់​រដ្ឋាភិបាល​ក្នុង​ការ​ផ្តល់​ដី​សម្បទាន​សេដ្ឋកិច្ច គឺ​ដើម្បី​ជំរុញ​ឲ្យ​មាន​ការ​អភិវឌ្ឍ​សេដ្ឋកិច្ច​ជាតិ។ ប៉ុន្តែ ពលរដ្ឋ​ដែល​រងគ្រោះ​ផ្ទាល់​ក្នុង​តំបន់​អភិវឌ្ឍន៍​ទាំង​នោះ បែរ​ជា​យល់​ថា​ការ​ផ្តល់​ដី​សម្បទាន​សេដ្ឋកិច្ច​មិន​បាន​ផ្តល់​ប្រយោជន៍​អ្វី​សម្រាប់​ពួក​គាត់​ឡើយ ទាំង​ការ​ទទួល​បាន​ការងារ​ពី​ក្រុមហ៊ុន និង​ការ​បាត់បង់​វប្បធម៌​ប្រពៃណី​ពី​ដូនតា​របស់​ពួក​គាត់​បាត់បង់​មុខ​របរ និង​មួយ​ទៀត ធ្វើ​ឲ្យ​មាន​លំហូរ​ជន​បរទេស ពិសេស​ជនជាតិ​វៀតណាម មក​ក្នុង​ស្រុក​ដោយ​ខ្វះ​ការ​គ្រប់គ្រង៕

សូម​ស្ដាប់​សេចក្ដី​រាយការណ៍​របស់​អ្នកស្រី ទេព សុរ៉ាវី ដូច​ត​ទៅ៖

 

សង្គម​ស៊ីវិល​សាទរ​របាយការណ៍​អង្គការ​ឃ្លាំ​មើល​ពិភពលោក

អង្គការ​មិន​មែន​រដ្ឋាភិបាល ដែល​ធ្វើ​ការ​ឃ្លាំ​មើល​លើ​ការ​អភិវឌ្ឍ​ធនធាន​ធម្មជាតិ និង​អភិវឌ្ឍ បាន​គាំទ្រ​ចំពោះ​របាយការណ៍​អង្គការ​ឃ្លាំ​មើល​ពិភពលោក (Global Witness) ដែល​បាន​រក​ឃើញ​ថា ក្រុមហ៊ុន​ចម្ការ​កៅស៊ូ​ធំ​ពីរ​របស់​វៀតណាម គឺ​ក្រុមហ៊ុន ហ្វាង អាន់ យ៉ាឡាយ (Hoang Anh Gia Lai= HAGL) និង​ក្រុមហ៊ុន រ៉ាប់ប៊ឺ គ្រូប (Vietnam Rubber Group = VRG) ដែល​កំពុង​បង្ក​វិបត្តិ​ដីធ្លី​យ៉ាង​ធ្ងន់ធ្ងរ បំផ្លាញ​ធនធាន​ធម្មជាតិ​រំលោភ​ច្បាប់ និង​សិទ្ធិ​មនុស្ស ដោយ​គ្មាន​ទោសពៃរ៍​នៅ​ក្នុង​ប្រទេស​កម្ពុជា តាម​រយៈ​ការ​ផ្តល់​ដី​សម្បទាន​សេដ្ឋកិច្ច​ដាំ​ដើម​កៅស៊ូ។

ពួក​គេ​អំពាវនាវ​សុំ​ឲ្យ​រដ្ឋាភិបាល បង្ហាញ​ពី​តម្លាភាព​នៃ​ការ​ផ្តល់​ដី​សម្បទាន​សេដ្ឋកិច្ច ទៅ​ក្រុមហ៊ុន​ឯកជន​នៅ​ក្រោម​រូបភាព​ផ្សេងៗ និង​ត្រូវ​ស៊ើប​អង្កេត​លើ​ចំណុច​ទាំង​ឡាយ​ដែល​បាន​បង្ហាញ​នៅ​ក្នុង​របាយការណ៍ ហើយ​ត្រូវ​អនុវត្ត​ទៅ​តាម​ច្បាប់ ព្រម​ទាំង​កិច្ចសន្យា​ឲ្យ​បាន​ត្រឹមត្រូវ។

ក្រុម​មន្ត្រី​សង្គម​ស៊ីវិល បាន​ហៅ​របាយការណ៍​របស់​អង្គការ​ឃ្លាំ​មើល​ពិភពលោក ដែល​ចេញ​ផ្សាយ​នៅ​ថ្ងៃ​ទី១៣ ខែ​ឧសភា ឆ្នាំ​២០១៣ ថា បាន​ឆ្លុះ​បញ្ចាំង​នូវ​សកម្មភាព​ពិត​ជាក់ស្តែង​នូវ​លទ្ធផល​នៃ​ការ​ផ្តល់​ដី​សម្បទាន​សេដ្ឋកិច្ច​នា​សម័យ​កាល​ដែល​គ្រប់គ្រង​ដោយ​លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន។

របាយការណ៍​ដដែល​នេះ បាន​ឆ្លុះ​បញ្ចាំង​ពី​ចំណុច​កំពូល​នៃ​ទុក្ខ​លំបាក ក្តី​កង្វល់​របស់​ប្រជាពលរដ្ឋ​ម្ចាស់​ស្រុក និង​សកម្មជន​ការពារ​ធនធាន​ធម្មជាតិ សិទ្ធិ​មនុស្ស ព្រម​ទាំង​ឆ្លុះ​បញ្ចាំង​ពី​ការ​មិន​ទទួល​ខុស​ត្រូវ​របស់​មន្ត្រី​រដ្ឋាភិបាល​ដែល​មាន​តួនាទី​ពាក់ព័ន្ធ​ក្នុង​រឿង​នេះ។

ពាក់ព័ន្ធ​បញ្ហា​នេះ មន្ត្រី​ស៊ើប​អង្កេត​ជាន់​ខ្ពស់​នៃ​សមាគម​ការពារ​សិទ្ធិ​មនុស្ស​អាដហុក (ADHOC) លោក ចាន់ សុវ៉េត មាន​ប្រសាសន៍​ថា ក្រុមហ៊ុន​វិនិយោគ​លើ​ដី​សម្បទាន​ច្រើន​មាន​ក្រុមហ៊ុន​ចិន និង​វៀតណាម ជាដើម​នោះ សុទ្ធ​តែ​បាន​ទទួល​ដី​សម្បទាន​ពី​រដ្ឋាភិបាល​លើស​ពី​ច្បាប់​កំណត់ គឺ​មិន​ឲ្យ​លើស​ពី ១​ម៉ឺន​ហិកតារ។

ចាន់ សុវ៉ាត ៣០៥
អនុ​ប្រធាន​ផ្នែក​អង្កេត​សមាគម​អាដហុក (Adhoc) លោក ចាន់ សុវ៉េត ចូល​រួម​វេទិកា​អ្នក​ស្ដាប់​វិទ្យុ​អាស៊ីសេរី កាល​ពី​ថ្ងៃ​ទី​២៨ ខែ​តុលា ឆ្នាំ​២០១១។

លោក​បន្ត​ថា បើ​គេ​ពិនិត្យ​ទៅ​លើ​ផល​ដែល​បាន​ត្រឡប់​មក​វិញ គឺ​បាន​តិចតួច​ណាស់​ដែល​មិន​មាន​សមតុល្យ​នឹង​ការ​ខាត​បង់​ធនធាន​ធម្មជាតិ​នោះ​ទេ។

បញ្ហា​ដដែល​នេះ សង្គម​ស៊ីវិល​ធ្លាប់​បាន​ជំទាស់ និង​សូម​ឲ្យ​រដ្ឋាភិបាល​ផ្អាក​សកម្មភាព​នេះ។ ដី​សម្បទាន​មួយ​ចំនួន​ដែល​រដ្ឋាភិបាល​បាន​ផ្តល់​ឲ្យ​ក្រុមហ៊ុន​កន្លង​មក​នោះ ភាគ​ច្រើន​មិន​បាន​គោរព​តាម​ច្បាប់ និង​ដូច​មាន​ចែង​នៅ​ក្នុង​កិច្ចសន្យា​នោះ​ទេ។

លោក ចាន់ សុវ៉េត៖ «ហើយ​គេ​បាន​កាប់​បំផ្លាញ​ព្រៃ​ឈើ​នោះ​រាប់​ម៉ឺន​ហិកតារ​ឯណោះ បើ​និយាយ​ឲ្យ​ចំ​ទៅ គឺ​ដើម្បី​យក​ដី​បង្កបង្កើនផល​ដូច​ជា​ដាំ​ដើម​កៅស៊ូ ឬ​ក៏​ដាំ​ដើម​អាកាស្យា ឬ​ក៏​ជា​ដំឡូង​អ៊ីចឹង​ជាដើម ដាំ​ដំណាំ​កសិឧស្សាហកម្ម ហើយ​ធាតុ​ពិត​ដែល​យើង​បាន​ឃើញ គឺ​របាយការណ៍​មាន​ជា​បន្តបន្ទាប់​ពី​ផ្នែក​ជាតិ ក៏​ដូច​ជា​អន្តរជាតិ​ដែរ ដែល​គេ​បាន​មើល​ឃើញ​ពី​ផ្នែក​ខ្ទេចខ្ទាំ​ហិនហោច​នៃ​បរិស្ថាន​នៅ​ក្នុង​ប្រទេស ហើយ​វា​ប៉ះពាល់​ដល់​ជីវភាព​ជាក់ស្ដែង​រស់នៅ​របស់​ប្រជាពលរដ្ឋ​ខ្មែរ​ដែល​បាន​កើត​ឡើង​ជា​បន្តបន្ទាប់»

ចំពោះ​ប្រជាពលរដ្ឋ​ដែល​រង​នូវ​ផល​ប៉ះពាល់​ដែល​បាន​នាំគ្នា​ទាមទារ​រក​ដំណោះស្រាយ ត្រូវ​ទទួល​បាន​មក​វិញ​នូវ​ការ​ចោទ​ប្រកាន់​តាម​ផ្លូវ​ច្បាប់​មក​វិញ និង​គំរាម​ចាប់​ខ្លួន។

លោក​បន្ត​ទៀត​ថា ជុំវិញ​ការ​អភិវឌ្ឍ​លើ​ដី​សម្បទាន​សេដ្ឋកិច្ច​នោះ ពុំ​មាន​ការ​បើក​ចំហ ឬ​បង្ហាញ​ពី​តម្លាភាព​នៃ​សកម្មភាព​ដាំដុះ​នោះ​ទេ ហើយ​ព័ត៌មាន​ដែល​គេ​ទទួល​បាន​ពី​តំបន់​ព្រៃ​សម្បទាន​នោះ គឺ​ការ​កាប់​ឈើ​លក់ និង​ធនធាន​ធម្មជាតិ​ផ្សេងៗ​ជាដើម។

ចំណែក​មន្ត្រី​នៃ​មជ្ឈមណ្ឌល​សិទ្ធិ​មនុស្ស លោក ឈឹម សាវុធ វិញ លោក​សង្កេត​ឃើញ​ថា ស្ថានភាព​ជាក់ស្តែង​ដែល​កំពុង​កើត​មាន​ជុំវិញ​ការ​ផ្តល់​ដី​សម្បទាន​សេដ្ឋកិច្ច​នេះ កំពុង​ផ្តល់​ផល​ប៉ះពាល់​ទៅ​លើ​ប្រជាពលរដ្ឋ និង​ធនធាន​ធម្មជាតិ​ធ្ងន់ធ្ងរ​ជាង​របាយការណ៍​ដែល​បង្ហាញ​បន្ទាប់​ពី​មាន​ការ​សិក្សា​ស្រាវជ្រាវ និង​អង្កេត​ដោយ​អង្គការ​ឃ្លាំ​មើល​ពិភពលោក​នោះ​ទៅ​ទៀត។ លោក​ថា របាយការណ៍​នោះ​បាន​មើល​រំលង​ក្រុម​របស់​វៀតណាម មួយ​ទៀត​ដែល​គេ​ស្គាល់​ឈ្មោះ​ហៅ​កាត់​ថា ស៊ី.អ.ស៊ី.ឃេ (CRCK) ដែល​ដំបូង​ទទួល​បាន​ដី​សម្បទាន​សេដ្ឋកិច្ច​ពី​រដ្ឋ​ប្រមាណ​ជិត ១ម៉ឺន​ហិកតារ តែ​ក្រោយ​មក កាត់​ចេញ​វិញ​ខ្លះ​សល់​ប្រមាណ​ជា ៦.០០០​ហិកតារ ដែល​មាន​ព្រំ​ប្រទល់​ជាប់​នឹង​ស្រុក​រវៀង និង​ស្រុក​សណ្ដាន់ ខេត្ត ខេត្ត​កំពង់ធំ។

លោក ឈឹម សាវុធ៖ «បច្ចុប្បន្ន​ក្រុមហ៊ុន​ហ្នឹង​កំពុង​តែ​កាប់​បំផ្លាញ​ព្រៃ​ឈើ​យ៉ាង​រង្គាល ដូច​ជា​នៅ​ខេត្ត​រតនគិរី ដែរ។ បើ​តាម​ការ​ចុះ​អង្កេត​របស់​ខ្ញុំ​ផ្ទាល់ ខ្ញុំ​មើល​ឃើញ​ថា ផ្ទៃ​ដី ៦.០០០​ហិកតារ​ជាង ដែល​ក្រុមហ៊ុន​ទទួល​បាន​ដី​សម្បទាន​ពី​រដ្ឋាភិបាល ក្រុមហ៊ុន​ឈូស​ឆាយ​អស់​ទៅ​ហើយ ប៉ុន្តែ​បច្ចុប្បន្ន ក្រុមហ៊ុន​នៅ​កំពុង​តែ​បន្ត​កាប់​ឈើ​មូល​នាំ​ចេញ​រាប់​សិប​ឡាន​ក្នុង​មួយ​ថ្ងៃៗ​ជា​ប្រភេទ​ច្បោះ​ជ័រ​របស់​ប្រជាពលរដ្ឋ​ជុំវិញ​ព្រៃ​ឡង់ ដែល​បញ្ហា​ហ្នឹង​បង្ក​ឲ្យ​ប្រជាពលរដ្ឋ​រងគ្រោះ​ធ្ងន់ធ្ងរ​ខ្លាំង​ឡើងៗ​ក្នុង​ពេល​បច្ចុប្បន្ន​នេះ»

លោក​បន្ត​ថា ពាក់ព័ន្ធ​របាយការណ៍​របស់​អង្គការ​ឃ្លាំ​មើល​ពិភពលោក ដដែល បាន​បង្ហាញ​ពី​ការ​សង្ស័យ​ថា មាន​ជាប់​ពាក់ព័ន្ធ​រវាង​ក្រុមហ៊ុន​វៀតណាម ឈ្មោះ រ៉ាប់ប៊ឺ គ្រូប ដែល​កំពុង​រកស៊ី​ជា​ដៃគូ​ជាមួយ​ក្រុមហ៊ុន សេង គាង (Seng Keang Company) នៅ​ខេត្ត​រតនគិរី។ ម្ចាស់​ក្រុមហ៊ុន សេង គាង គឺ​អ្នកស្រី សេង គាង ជា​អតីត​ភរិយា​របស់​លោក ឌី ចូច ជា​បងប្អូន​ជីដូន​មួយ​របស់​លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន។

លោក ឈឹម សាវុធ បាន​ឲ្យ​ដឹង​ថា ក្រុមហ៊ុន សេង គាង កំពុង​មាន​សកម្មភាព​ក្នុង​តំបន់​ព្រៃ​ឡង់ ក្នុង​ខេត្ត​កំពង់ធំ កាប់​ទន្ទ្រាន​ព្រៃ​ឈើ​ក្រោម​រូបភាព​ដី​សម្បទាន​ដូច​គ្នា៖ «នៅ​ក្នុង​តំបន់​ព្រៃ​ឡង់ ក៏​អ៊ីចឹង​ដែរ មាន​រោងចក្រ​អារ​ឈើ​មួយ​ដែល​គេ​ហៅ​រោងចក្រ សេង សារ៉ាវុធ ហ្នឹង មាន​អ្នកស្រី សេង គាង ជា​ប្រធាន​រោងចក្រ​ហ្នឹង​ដែរ ហើយ​តាំង​ពី​ឆ្នាំ​២០០០ មក គាត់​ដាក់​ម៉ាស៊ីន​អារ​ឈើ​ផ្ដេក​ហ្នឹង​ចំនួន​៧ ទៅ ៨​គ្រឿង ដែល​មាន​ទីតាំង​នៅ​ឃុំ​ត្បូងទឹកមានឬទ្ធិ ស្រុក​សណ្ដាន់ ខេត្ត​កំពង់ធំ ហ្នឹង»

លោក​បន្ត​ថា ក្រុមហ៊ុន​ដែល​សុំ​ដី​សម្បទាន​មិន​ដែល​សុំ​ដី​វាល​ទេ គឺ​គេ​ច្រើន​សុំ​ដី​នៅ​តំបន់​ព្រៃ​ស្រោង ដែល​មាន​ឈើ​គ្រប់​ប្រភេទ ពីព្រោះ​គេ​អាច​កាប់​ព្រៃ​ឈើ​ទាំង​នោះ​ធ្វើ​អាជីវកម្ម​រក​ប្រាក់​ចំណេញ​មុន​ធ្វើ​ការ​អភិវឌ្ឍ​លើ​ការ​ដាំដុះ​ដំណាំ​ផ្សេងៗ៖ «អ៊ីចឹង​ហើយ ធ្វើ​ឲ្យ​គេ​ទទួល​ប្រយោជន៍​ច្រើន។ ទី១ បើ​សិន​ជា​គេ​បាន​ដី​នៅ​ត្រង់​តំបន់​ព្រៃ​ស្រោង ហ្នឹង​ហើយ គឺ​ធ្វើ​អាជីវកម្ម​ដឹក​ឈើ​ដែល​មាន​ក្នុង​តំបន់​ហ្នឹង គឺ​គេ​អាច​បង់​ថវិកា​ទៅ​ឲ្យ​រដ្ឋ ឬ​ក៏​ផ្ដល់​ទៅ​ឲ្យ​មន្ត្រី​ពុក​រលួយ​រួច​រាល់​ទៅ​ហើយ។ អ៊ីចឹង រហូត​ដល់​ចំណេញ​ទៀត​ផង»

វិទ្យុ​អាស៊ីសេរី នៅ​ថ្ងៃ​ច័ន្ទ ទី១៣ ខែ​ឧសភា ពុំ​ទាន់​អាច​ទាក់ទង​សុំ​ប្រតិកម្ម​តប​ចំពោះ​របាយការណ៍​របស់​អង្គការ​ឃ្លាំ​មើល​ពិភពលោក ពី​តំណាង​នៃ​ក្រុមហ៊ុន​វៀតណាម ទាំង​ពីរ និង​ក្រុមហ៊ុន​ដី​សម្បទាន​ខ្មែរ​ដែល​គេ​សង្ស័យ​ថា​មាន​ជាប់​ពាក់ព័ន្ធ​គ្នា​នោះ​ទេ។

អ្នក​វិភាគ​ឯករាជ្យ និង​ជា​អ្នក​សិក្សា​ស្រាវជ្រាវ​ពី​ការ​អភិវឌ្ឍ​សង្គម លោក កែម ឡី មាន​ប្រសាសន៍​ថា ក្រោយ​ពី​អាន​របាយការណ៍​នោះ និង​ពិនិត្យ​តាម​លក្ខណៈ​បច្ចេកទេស ភាព​ជាក់ស្តែង គឺ​របាយការណ៍​របស់​អង្គការ​ឃ្លាំ​មើល​ពិភពលោក អាច​ឲ្យ​ជឿ​ទុក​ចិត្ត​បាន។

លោក​បន្ត​ថា បញ្ហា​ចម្បង​ជា​ការ​ទទួល​ខុស​ត្រូវ​របស់​រដ្ឋាភិបាល​ដែល​ជា​អ្នក​ផ្តល់​ដី​សម្បទាន​ទៅ​ឲ្យ​ក្រុមហ៊ុន ហើយ​ពុំ​មាន​ការ​តាម​ដាន និង​វាយ​តម្លៃ​ចំពោះ​សកម្មភាព​ការងារ​នោះ​ថា​ត្រឹមត្រូវ ឬ​យ៉ាង​ណា​នោះ​ឡើយ។

ការ​ខ្វះ​ចន្លោះ​ចំពោះ​ការ​អនុវត្ត​ច្បាប់ ការ​មិន​មាន​តម្លាភាព ឬ​មាន​អំពើ​ពុក​រលួយ​ក្នុង​ការ​វិនិយោគ បាន​ផ្តល់​ឲ្យ​មាន​ផល​ប៉ះពាល់​ធ្ងន់ធ្ងរ​ទៅ​លើ​ប្រជាពលរដ្ឋ និង​ហិនហោច​ធនធាន​ធម្មជាតិ។

លោក​បន្ត​ថា រដ្ឋាភិបាល​ពុំ​គួរ​ជ្រើសរើស​យក​ការ​ដាំ​ដំណាំ​កៅស៊ូ​ជំនួស​ព្រៃ​ឈើ​ធម្មជាតិ ដោយ​ពុំ​មាន​សិក្សា​រក​ការ​ពិត​ឲ្យ​ម៉ត់ចត់ ច្បាស់​លាស់ ហើយ​ជឿ​តែ​ទៅ​លើ​របាយការណ៍​របស់​មន្ត្រី​មួយ​ចំនួន​ដែល​មិន​មាន​ចិត្ត​ស្មោះ​ត្រង់​នោះ​ទេ៖ «ខ្ញុំ​យល់​ស្រប​ត្រង់​ថា ការ​សិក្សា​ពី​ផល​ប៉ះពាល់​បរិស្ថាន​កន្លង​មក រដ្ឋាភិបាល​ធ្វើ ខ្ញុំ​គិត​ថា​មិន​បាន​មាន​ការ​ចូលរួម​ពេញ​លេញ ការ​ចូលរួម​ពេញ​លេញ​ហ្នឹង មាន​ន័យ​ថា​ម៉េច គឺ​ការ​សិក្សា​មួយ​គឺ​ត្រូវ​ឲ្យ​មាន​គណៈកម្មការ​ត្រួត​ពិនិត្យ​អ៊ីចឹង ដៃគូ​អង្គការ​អភិវឌ្ឍន៍ ពី​អង្គការ​សង្គម​ស៊ីវិល ពី​រដ្ឋាភិបាល ពី​ក្រុមហ៊ុន និង​ស្ថាប័ន​ជំនាញ។ អ៊ីចឹង ការ​សិក្សា​ពី​ផល​ប៉ះពាល់​បរិស្ថាន​មុន​ផ្ដល់​ដី​សម្បទាន​សេដ្ឋកិច្ច គឺ​ការ​ប្រឹងប្រែង​ចូលរួម​មិន​បាន​ស៊ី​ជម្រៅ ហើយ​ក៏​មិន​មាន​តម្លាភាព អា​ហ្នឹង​ខ្ញុំ​គាំទ្រ​ទៅ​លើ​របាយការណ៍​ហ្នឹង»

មន្ត្រី​សង្គម​ស៊ីវិល បាន​បង្ហាញ​ថា ដើម្បី​បញ្ជាក់​ថា​រដ្ឋាភិបាល​មាន​ការ​ទទួល​ខុស​ត្រូវ​ក្នុង​រឿង​នេះ រដ្ឋាភិបាល​ត្រូវ​មាន​ការ​សិក្សា​រក​ការ​ពិត​មួយ​ពី​បញ្ហា​ទាំង​នេះ ហើយ​ត្រូវ​ហាន​អនុវត្ត​ច្បាប់​ចំពោះ​បុគ្គល​ដែល​អនុវត្ត​ផ្ទុយ​ពី​ច្បាប់ ឬ​គោលការណ៍​រដ្ឋាភិបាល ជា​ពិសេស​គួរ​ទទួល​យក​នូវ​របាយការណ៍​ស៊ើប​អង្កេត ព្រម​ទាំង​អនុសាសន៍​ពី​មជ្ឈដ្ឋាន​នានា​ដើម្បី​សិក្សា​កែលំអ​ជា​ជាង​ការ​ស្តី​បន្ទោស​គំរាម​កំហែង​ដល់​អ្នក​ផ្តល់​ព័ត៌មាន ឬ​អ្នក​សរសេរ​របាយការណ៍​ទាំង​នោះ៕

សូម​ស្ដាប់​សេចក្ដី​រាយការណ៍​របស់​លោក សេក បណ្ឌិត ដូច​ត​ទៅ៖

 

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

មតិ (16)
  • បោះពុម្ព
  • ចែករំលែក
  • អ៊ីម៉ែល

អ្នក​អាន​អនាមិក

time to clean up the hun sen Government, he must step down and let Sam Rainsy swear in the next PM of Kindongdom of Cambodia. Hun sen after his step down, he must put on try for his crimes and corruption for the last 30 years In power.

Jul 31, 2013 10:42 PM

Debacle

We look at every problems regarding to Land concession from the CPP government to
foreign country has profoundly effect many
Cambodians. I saw them wailing and asking
for help but no one can. It is a misery for all Khmers. Please join together and
solidarity will defeat the enemy.

Jun 16, 2013 08:02 AM

Sen Lngung

ពី Kg. Chhnang

Sen sabay knhom yum pruos anith Khmer.Sen crazy with his power but I'm crazy with Khmer victim.

May 17, 2013 05:14 AM

អ្នក​អាន​អនាមិក

His exellency Siphan, what is the point Global Witness file complaint to Cambodia Government? GW just gives the government and public the report they found out. Whether it is real or not, you, who always proves to the public that really love our country, should start investigation. It seems to me that you are too much politic, but this is not about politic, this is about losing our valuable forest. When will you wake up?

May 15, 2013 07:22 PM

Dutch Master

ពី Pa(USA)

Hi,Mr.PHAAY SIPHAN you are a well known lips singer but you can.t cheat FBI or world bank's intelligent ,even you had all paper work with that idiot company.

May 15, 2013 03:43 AM

មើល​មតិ​ទាំង​អស់.