រាជរដ្ឋាភិបាលកម្ពុជា ហាក់មិនចាប់អារម្មណ៍នឹងរបាយការណ៍របស់អង្គការឃ្លាំមើលពិភពលោក (Global Witness) ដែលរកឃើញថា រដ្ឋាភិបាលកំពុងរំលោភបំពានច្បាប់របស់ខ្លួនក្នុងការផ្តល់ដីសម្បទានសេដ្ឋកិច្ច ទៅឲ្យដល់ក្រុមហ៊ុនវៀតណាម ធំៗចំនួន២ ឲ្យវិនិយោគដាំដំណាំកៅស៊ូនៅកម្ពុជា។
មិនត្រឹមតែប៉ុណ្ណោះ បានជំរុញឲ្យអង្គការនេះប្ដឹងរដ្ឋាភិបាលកម្ពុជា ទៀតផង បើសិនអង្គការនេះរកឃើញការពិតដូចរបាយការណ៍នោះមែន។
មន្ត្រីជាន់ខ្ពស់រាជរដ្ឋាភិបាលកម្ពុជា ចាត់ទុករបាយការណ៍ថ្មីរបស់អង្គការឃ្លាំមើលពិភពលោក ថាជារបាយការណ៍ធ្វើឡើងសម្រាប់វាយប្រហាររដ្ឋាភិបាល និងអំពាវនាវឲ្យអង្គការនេះដាក់ពាក្យបណ្ដឹងតាមផ្លូវច្បាប់ ប្រសិនមានភស្តុតាងបង្ហាញពីការរំលោភច្បាប់ណាមួយ ដែលកើតចេញក្នុងការផ្តល់ដីសម្បទានសេដ្ឋកិច្ចរបស់រាជរដ្ឋាភិបាល ទៅឲ្យក្រុមហ៊ុនបរទេសវិនិយោគ។
រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យទីស្ដីការគណៈរដ្ឋមន្ត្រី លោក ផៃ ស៊ីផាន ពន្យល់ថា ការរកឃើញរបស់អង្គការមួយនេះ មិនមានអ្វីប្លែក ហើយជារឿយៗអង្គការឃ្លាំមើលពិភពលោក ជាភាគីវាយប្រហាររាជរដ្ឋាភិបាលស្រាប់ហើយ។
របាយការណ៍អង្គការឃ្លាំមើលពិភពលោក ចេញផ្សាយនៅថ្ងៃទី១៣ ខែឧសភា រកឃើញថា រាជរដ្ឋាភិបាលកម្ពុជា បានផ្តល់ដីសម្បទានសេដ្ឋកិច្ចឲ្យក្រុមហ៊ុនវៀតណាម ធំៗចំនួន២ លើទំហំដីដ៏ច្រើនលើសលប់ពីច្បាប់កំណត់។ ក្រុមហ៊ុនទាំងពីរនោះ គឺក្រុមហ៊ុន ហ្វាង អាន់ យ៉ាឡាយ (Hoang Anh Gia Lai= HAGL) និងក្រុមហ៊ុនវៀតណាម រ៉ាប់ប៊ឺ គ្រូប (Vietnam Rubber Group) ដែលកំពុងឃុបឃិតជាមួយមន្ត្រីគ្រាក់ៗរបស់រដ្ឋាភិបាល និងឧកញ៉ាពុករលួយមួយចំនួន។
ក្នុងរបាយការណ៍បង្ហាញថា ក្រុមហ៊ុនទាំង២នេះកំពុងបង្កមហន្តរាយដល់បរិស្ថាន និងជីវភាពរស់នៅរបស់ប្រជាសហគមន៍ ហើយពលរដ្ឋប្រមាណ ៤សែននាក់ ក្នុង ១២ខេត្ត កំពុងរងផលប៉ះពាល់ពីការច្បាមយកដីទាំងនោះ។
វិទ្យុអាស៊ីសេរី មិនអាចទាក់ទងក្រុមហ៊ុន ហ្វាង អាន់ យ៉ាឡាយ និងក្រុមហ៊ុនវៀតណាម រ៉ាប់ប៊ឺ គ្រូប រួមទាំងស្ថានទូតវៀតណាម នៅកម្ពុជា បានទេ នៅថ្ងៃទី១៣ ឧសភា ដើម្បីសុំការឆ្លើយតបចំពោះរបាយការណ៍នេះ។
ចំណែកមន្ត្រីអ្នកនាំពាក្យអង្គការ អាយ.អេហ្វ.ស៊ី (International Financial Corporation = IFC) ប្រចាំតំបន់អាស៊ីខាងកើត និងប៉ាស៊ីហ្វិក (East Asia and Pacific) លោក ហែនហ្វ្រែយ វ៉ុន ហិនដែនប៊ឺគ (Hannfried Von Hindenburg) មានប្រសាសន៍នៅថ្ងៃទី១៣ ឧសភា ថា អង្គការ អាយ.អេហ្វ.ស៊ី ពិតជាបានផ្តល់មូលនិធិមួយចំនួនទៅឲ្យក្រុមហ៊ុនវៀតណាម មួយឈ្មោះ អ៊ិនទែប្រាយ អ៊ិនវែសមែន (Enterprise Investment) ដែលមានក្រុមហ៊ុនគ្រប់គ្រងប្រាក់នោះឈ្មោះ ដ្រាហ្គិន ខាភីថល (Dragon Capital)៖ «នៅក្នុងករណីនេះ យើងនឹងសិក្សាដោយយកចិត្តទុកដាក់អំពីរបាយការណ៍នេះ។ ដូចលោកអ្នកបានដឹងហើយ របាយការណ៍ចេញផ្សាយថ្ងៃនេះ ហើយដូចទាំងអស់គ្នាបានដឹងហើយ យើងនឹងសិក្សាការរកឃើញរបស់អង្គការឃ្លាំមើលពិភពលោកនេះ ជាផ្នែកមួយនៃការត្រួតពិនិត្យរបស់យើងទៅលើក្រុមហ៊ុនគ្រប់គ្រងប្រាក់ឈ្មោះ ដ្រាហ្គិន ខាភីថល ដែលមានប្រាក់យើងនៅក្នុងនោះ»។
លោក ហែនហ្វ្រែយ វ៉ុន ហិនដែនប៊ឺគ បានប្រសាសន៍បន្ថែមថា ធនាគារពិភពលោក ផ្តល់ប្រាក់មួយចំនួន នោះ គឺមានគោលបំណងជួយបង្កើតការងារ និងលុបបំបាត់ភាពក្រីក្រ។ ហើយការទទួលខុសត្រូវក្នុងការការពារបរិស្ថាន និងវាយតម្លៃការប៉ះពាល់ ជាភារកិច្ចរបស់ក្រុមហ៊ុន ឬអង្គការដែលយកប្រាក់ពី អាយ.អេហ្វ.ស៊ី ទៅធ្វើការងារនោះ។
លោកបញ្ជាក់ថា ធនាគារពិភពលោក ចូលរួមព្រួយបារម្ភចំពោះក្រុមហ៊ុនដែលទទួលបានដីក្នុងបរិមាណច្រើន និងធំ នៅគ្រប់ទីកន្លែងទាំងអស់ ហើយចាត់ទុកថា ការមានដីរស់នៅ និងចិញ្ចឹមជីវិតរបស់ប្រជាពលរដ្ឋក្រីក្រនៅលើពិភពលោក មានភាពចាំបាច់។ អង្គការ អាយ.អេហ្វ.ស៊ី នឹងសិក្សាដោយយកចិត្តទុកដាក់ចំពោះការរកឃើញរបស់អង្គការឃ្លាំមើលពិភពលោកនេះ និងចាត់ទុកថា ការសិក្សារកឃើញនេះជាផ្នែកមួយនៃការត្រួតពិនិត្យលើប្រាក់វិនិយោគរបស់យើង ទៅលើក្រុមហ៊ុនវៀតណាម ឈ្មោះ ដ្រាហ្គិន ខាភីថល និងវៀតណាម អ៊ិនទែប្រាយ អ៊ិនវែសមែន។
របាយការណ៍ផ្ដោតសំខាន់ថា រដ្ឋាភិបាលកម្ពុជា ខ្លួនឯងជាចំណែកមួយនៃការបង្កបញ្ហាទាំងនោះ តាមរយៈការអាជ្ញាប័ណ្ណសម្បទានដីធ្លីបំពានច្បាប់ជាធរមាន។
យោងតាមច្បាប់កម្ពុជា ការផ្តល់ដីសម្បទានសេដ្ឋកិច្ចដល់ក្រុមហ៊ុនមួយមិនអាចឲ្យលើសពី ១ម៉ឺនហិកតារទេ។ ប៉ុន្តែសម្រាប់ក្រុមហ៊ុន ហ្វាង អាន់ យ៉ាឡាយ ដែលមានទំនាក់ទំនងជិតស្និទ្ធជាមួយឧកញ៉ា ទ្រី ភាព ទទួលបានជិត ៥ម៉ឺនហិកតារ (៤៧.៣៧០ហិកតារ)។ រីឯក្រុមហ៊ុនវៀតណាម រ៉ាប់ប៊ឺ គ្រូប ដែលអង្គការឃ្លាំមើលពិភពលោក សង្ស័យកំពុងរកស៊ីជាដៃគូជាមួយអ្នកស្រី សេង គាង អតីតភរិយារបស់លោក ឌី ចូច ជាបងប្អូនជីដូនមួយរបស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ទទួលបានជាង ១សែន ៦ម៉ឺនហិកតារ (១៦១.៣៤៤ហិកតារ)។ ក្រុមហ៊ុនទាំងពីរនេះកំពុងតែមមាញឹករបរកាប់រានព្រៃ និងដឹកជញ្ជូនឈើចេញពីតំបន់សម្បទាន។
លោក ផៃ ស៊ីផាន បញ្ជាក់ថា ការផ្តល់ដីសម្បទានសេដ្ឋកិច្ចណាមួយនោះ ច្បាប់ដែលអនុញ្ញាត។ ការផ្តល់ដីសម្បទានសេដ្ឋកិច្ចនោះសោត ធ្វើឡើងក្នុងបំណងចង់កម្លាយពីរបៀបធ្វើកសិកម្មតាមបែបប្រពៃណី ទៅជាកសិកម្មខ្នាតតូច និងមធ្យម និងកសិឧស្សាហកម្ម។
របាយការណ៍របស់អង្គការឃ្លាំមើលពិភពលោក រកឃើញថា មកដល់ចុងឆ្នាំ២០១២ រដ្ឋាភិបាលកម្ពុជា បានជួលដីជាលក្ខណៈសម្បទានសេដ្ឋកិច្ចចំនួន ២លាន ៦សែនហិកតារ ទៅឲ្យក្រុមហ៊ុនជាច្រើន។ ប៉ុន្តែ ចំណូលដែលរដ្ឋាភិបាលកម្ពុជា ទទួលបានពីឧស្សាហកម្មដីសម្បទានសេដ្ឋកិច្ចនេះ ស្ថិតជាអាថ៌កំបាំង។
អ្នកនាំពាក្យគណបក្សសង្គ្រោះជាតិ លោក យឹម សុវណ្ណ បញ្ជាក់ថា សព្វថ្ងៃរដ្ឋាភិបាលកំពុងធ្វើការបម្រើឲ្យផលប្រយោជន៍បរទេស។ ចំពោះការផ្តល់ដីសម្បទានសេដ្ឋកិច្ចដ៏ច្រើនលើសលប់ឲ្យក្រុមហ៊ុនវៀតណាម លោក យឹម សុវណ្ណ ចាត់ទុកថា ជាអំពើខុសច្បាប់ ហើយបាត់បង់ផលប្រយោជន៍ជាតិធំធេង។ លោកពន្យល់ថា កម្ពុជា មិនបានចំណេញអ្វីពីការផ្តល់ដីសម្បទានសេដ្ឋកិច្ចនោះទេ ក្រៅតែពីធ្វើឲ្យពលរដ្ឋឈឺចាប់រឿងបាត់បង់ដីធ្លីធ្វើស្រែចម្ការ រំលោភសិទ្ធិពលរដ្ឋ កាប់បំផ្លាញព្រៃឈើ បំផ្លាញធនធានធម្មជាតិ និងបានចំណូលតិចតួចបំផុតចូលក្នុងថវិកាជាតិ។
ប្រមុខរដ្ឋាភិបាលកម្ពុជា សម្រេចយកពន្ធលើដីសម្បទានសេដ្ឋកិច្ចចំនួន ៥ដុល្លារក្នុងមួយហិកតារ ពីក្រុមហ៊ុនបរទេសដែលវិនិយោគ។ ប៉ុន្តែ តាមរបាយការណ៍ដែលគណបក្សប្រឆាំងរកឃើញ បង្ហាញថា មុននឹងក្រុមហ៊ុនទាំងនោះទទួលបានដីវិនិយោគមកគ្រប់គ្រង ត្រូវផ្តល់សំណូកឲ្យមន្ត្រីពុករលួយមិនតិចជាង ៣០០ដុល្លារ ទេក្នុងមួយហិកតារ។
ពាក់ព័ន្ធនឹងការប្រព្រឹត្តអំពើពុករលួយក្នុងការផ្តល់ដីសម្បទានសេដ្ឋកិច្ចនេះ អង្គការឃ្លាំមើលពិភពលោក បង្ហាញថា សាខាក្រុមហ៊ុនពីររបស់ក្រុមហ៊ុនវៀតណាម រ៉ាប់ប៊ឺ គ្រូប មានទំនាក់ទំនងជិតស្និទ្ធជាមួយរដ្ឋមន្ត្រីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ លោក អ៊ឹម ឈុនលឹម។
លោក អ៊ឹម ឈុនលឹម បានបិទទូរស័ព្ទភ្លាមៗនៅពេលដែលសួរដេញដោលជុំវិញការមានទំនាក់ទំនងជាមួយក្រុមហ៊ុនវៀតណាម និងរបាយការណ៍ថ្មីរបស់អង្គការឃ្លាំមើលពិភពលោក។
រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ លោក ច័ន្ទ សារុន ប្រកាសក្នុងរដ្ឋសភាថា រដ្ឋាភិបាលបានផ្តល់ដីសម្បទានសេដ្ឋកិច្ចឲ្យក្រុមហ៊ុនចំនួន១១៧ គ្របដណ្ដប់លើផ្ទៃដីទំហំ ១លាន ៥សែនហិកតារ។ ក្នុងនោះមានដំណាំកៅស៊ូមាន ១លាន ២សែនហិកតារ ដែលស្មើនឹង ៨០% នៃផ្ទៃដីដែលរដ្ឋាភិបាលបានធ្វើការសម្បទានដីទៅឲ្យក្រុមហ៊ុនឲ្យវិនិយោគ។
អគ្គនាយករងនៃអគ្គនាយកដ្ឋានកៅស៊ូនៃក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ លោក ហេង សារ៉ាត់ ឲ្យដឹងថា ក្នុងចំណោមដីដែលផ្តល់ឲ្យក្រុមហ៊ុនវិនិយោគដាំដំណាំកៅស៊ូ ក្រុមហ៊ុនទាំងនោះទើបតែដាំដុះកៅស៊ូបានជាង ២៨ម៉ឺនហិកតារ នៅទូទាំងប្រទេស ដោយពន្យល់ថា ដំណាំកៅស៊ូជាដំណាំមួយប្រភេទត្រូវការពេលយូរ និងដើមទុនច្រើន។
ក្នុងរយៈពេល ១៧ឆ្នាំ ដែលរដ្ឋាភិបាលផ្ដើមផ្តល់ដីសម្បទានសេដ្ឋកិច្ចឲ្យក្រុមហ៊ុនវិនិយោគ ជាពិសេសដំណាំកៅស៊ូ។ ប៉ុន្តែ រយៈពេលដ៏វែងនោះ ក្រុមហ៊ុនតិចតួចប៉ុណ្ណោះដែលបានដាំកៅស៊ូលើដីសម្បទានរបស់ខ្លួន។ ភាគច្រើន ក្រុមហ៊ុនទាំងនោះសម្រុកកាប់រានព្រៃឈើយកទៅលក់នៅបរទេសជាមុនសិន។
លោក ហេង សារ៉ាត់ បញ្ជាក់ថា ក្រុមហ៊ុនធំៗដែលទទួលបានដីសម្បទានសេដ្ឋកិច្ចពីរដ្ឋរាប់ពាន់ម៉ឺនហិកតារ អាចដំាកៅស៊ូបានយ៉ាងច្រើនបំផុត ៥០០ហិកតារ ប៉ុណ្ណោះក្នុងមួយឆ្នាំ។
អ្នកស្រី ម៉េកហ្កេន ម៉ាកឃីនណេស (Megan MacInnes) មន្ត្រីគ្រប់គ្រងយុទ្ធនាការដីធ្លីនៃអង្គការការពារបរិស្ថានពិភពលោក បញ្ជាក់ថា ការកាប់ព្រៃធម្មជាតិចោល ហើយដាំជំនួសមកវិញនូវចម្ការកៅស៊ូ គឺពិតជាមិនមានគុណភាពដូចគ្នាទេ។ ព្រៃធម្មជាតិពិតជាមានគុណភាព និងតម្លៃខ្ពស់ឆ្ងាយដាច់ពីដើមកៅស៊ូ និងមិនអាចប្រៀបធៀបគ្នាបាន។
ប៉ុន្តែ សម្រាប់លោក ហេង សារ៉ាត់ បញ្ជាក់ថា ការដាំកៅស៊ូពិតជាអាចជំនួសនឹងព្រៃឈើធម្មជាតិបាន។ លោកពន្យល់ថា បើមើលមួយភ្លែត ការកាប់ព្រៃឈើទៅដាំកៅស៊ូ អាចប៉ះពាល់ដល់បញ្ហាជីវភាពប្រចាំថ្ងៃរបស់ពលរដ្ឋដែលអាស្រ័យផលលើអនុផលព្រៃឈើ ប៉ុន្តែមិនមែនជាទ្រង់ទ្រាយអភិវឌ្ឍន៍សេដ្ឋកិច្ច។
គោលនយោបាយរបស់រដ្ឋាភិបាលក្នុងការផ្តល់ដីសម្បទានសេដ្ឋកិច្ច គឺដើម្បីជំរុញឲ្យមានការអភិវឌ្ឍសេដ្ឋកិច្ចជាតិ។ ប៉ុន្តែ ពលរដ្ឋដែលរងគ្រោះផ្ទាល់ក្នុងតំបន់អភិវឌ្ឍន៍ទាំងនោះ បែរជាយល់ថាការផ្តល់ដីសម្បទានសេដ្ឋកិច្ចមិនបានផ្តល់ប្រយោជន៍អ្វីសម្រាប់ពួកគាត់ឡើយ ទាំងការទទួលបានការងារពីក្រុមហ៊ុន និងការបាត់បង់វប្បធម៌ប្រពៃណីពីដូនតារបស់ពួកគាត់បាត់បង់មុខរបរ និងមួយទៀត ធ្វើឲ្យមានលំហូរជនបរទេស ពិសេសជនជាតិវៀតណាម មកក្នុងស្រុកដោយខ្វះការគ្រប់គ្រង៕
សូមស្ដាប់សេចក្ដីរាយការណ៍របស់អ្នកស្រី ទេព សុរ៉ាវី ដូចតទៅ៖
សង្គមស៊ីវិលសាទររបាយការណ៍អង្គការឃ្លាំមើលពិភពលោក
អង្គការមិនមែនរដ្ឋាភិបាល ដែលធ្វើការឃ្លាំមើលលើការអភិវឌ្ឍធនធានធម្មជាតិ និងអភិវឌ្ឍ បានគាំទ្រចំពោះរបាយការណ៍អង្គការឃ្លាំមើលពិភពលោក (Global Witness) ដែលបានរកឃើញថា ក្រុមហ៊ុនចម្ការកៅស៊ូធំពីររបស់វៀតណាម គឺក្រុមហ៊ុន ហ្វាង អាន់ យ៉ាឡាយ (Hoang Anh Gia Lai= HAGL) និងក្រុមហ៊ុន រ៉ាប់ប៊ឺ គ្រូប (Vietnam Rubber Group = VRG) ដែលកំពុងបង្កវិបត្តិដីធ្លីយ៉ាងធ្ងន់ធ្ងរ បំផ្លាញធនធានធម្មជាតិរំលោភច្បាប់ និងសិទ្ធិមនុស្ស ដោយគ្មានទោសពៃរ៍នៅក្នុងប្រទេសកម្ពុជា តាមរយៈការផ្តល់ដីសម្បទានសេដ្ឋកិច្ចដាំដើមកៅស៊ូ។
ពួកគេអំពាវនាវសុំឲ្យរដ្ឋាភិបាល បង្ហាញពីតម្លាភាពនៃការផ្តល់ដីសម្បទានសេដ្ឋកិច្ច ទៅក្រុមហ៊ុនឯកជននៅក្រោមរូបភាពផ្សេងៗ និងត្រូវស៊ើបអង្កេតលើចំណុចទាំងឡាយដែលបានបង្ហាញនៅក្នុងរបាយការណ៍ ហើយត្រូវអនុវត្តទៅតាមច្បាប់ ព្រមទាំងកិច្ចសន្យាឲ្យបានត្រឹមត្រូវ។
ក្រុមមន្ត្រីសង្គមស៊ីវិល បានហៅរបាយការណ៍របស់អង្គការឃ្លាំមើលពិភពលោក ដែលចេញផ្សាយនៅថ្ងៃទី១៣ ខែឧសភា ឆ្នាំ២០១៣ ថា បានឆ្លុះបញ្ចាំងនូវសកម្មភាពពិតជាក់ស្តែងនូវលទ្ធផលនៃការផ្តល់ដីសម្បទានសេដ្ឋកិច្ចនាសម័យកាលដែលគ្រប់គ្រងដោយលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន។
របាយការណ៍ដដែលនេះ បានឆ្លុះបញ្ចាំងពីចំណុចកំពូលនៃទុក្ខលំបាក ក្តីកង្វល់របស់ប្រជាពលរដ្ឋម្ចាស់ស្រុក និងសកម្មជនការពារធនធានធម្មជាតិ សិទ្ធិមនុស្ស ព្រមទាំងឆ្លុះបញ្ចាំងពីការមិនទទួលខុសត្រូវរបស់មន្ត្រីរដ្ឋាភិបាលដែលមានតួនាទីពាក់ព័ន្ធក្នុងរឿងនេះ។
ពាក់ព័ន្ធបញ្ហានេះ មន្ត្រីស៊ើបអង្កេតជាន់ខ្ពស់នៃសមាគមការពារសិទ្ធិមនុស្សអាដហុក (ADHOC) លោក ចាន់ សុវ៉េត មានប្រសាសន៍ថា ក្រុមហ៊ុនវិនិយោគលើដីសម្បទានច្រើនមានក្រុមហ៊ុនចិន និងវៀតណាម ជាដើមនោះ សុទ្ធតែបានទទួលដីសម្បទានពីរដ្ឋាភិបាលលើសពីច្បាប់កំណត់ គឺមិនឲ្យលើសពី ១ម៉ឺនហិកតារ។

លោកបន្តថា បើគេពិនិត្យទៅលើផលដែលបានត្រឡប់មកវិញ គឺបានតិចតួចណាស់ដែលមិនមានសមតុល្យនឹងការខាតបង់ធនធានធម្មជាតិនោះទេ។
បញ្ហាដដែលនេះ សង្គមស៊ីវិលធ្លាប់បានជំទាស់ និងសូមឲ្យរដ្ឋាភិបាលផ្អាកសកម្មភាពនេះ។ ដីសម្បទានមួយចំនួនដែលរដ្ឋាភិបាលបានផ្តល់ឲ្យក្រុមហ៊ុនកន្លងមកនោះ ភាគច្រើនមិនបានគោរពតាមច្បាប់ និងដូចមានចែងនៅក្នុងកិច្ចសន្យានោះទេ។
លោក ចាន់ សុវ៉េត៖ «ហើយគេបានកាប់បំផ្លាញព្រៃឈើនោះរាប់ម៉ឺនហិកតារឯណោះ បើនិយាយឲ្យចំទៅ គឺដើម្បីយកដីបង្កបង្កើនផលដូចជាដាំដើមកៅស៊ូ ឬក៏ដាំដើមអាកាស្យា ឬក៏ជាដំឡូងអ៊ីចឹងជាដើម ដាំដំណាំកសិឧស្សាហកម្ម ហើយធាតុពិតដែលយើងបានឃើញ គឺរបាយការណ៍មានជាបន្តបន្ទាប់ពីផ្នែកជាតិ ក៏ដូចជាអន្តរជាតិដែរ ដែលគេបានមើលឃើញពីផ្នែកខ្ទេចខ្ទាំហិនហោចនៃបរិស្ថាននៅក្នុងប្រទេស ហើយវាប៉ះពាល់ដល់ជីវភាពជាក់ស្ដែងរស់នៅរបស់ប្រជាពលរដ្ឋខ្មែរដែលបានកើតឡើងជាបន្តបន្ទាប់»។
ចំពោះប្រជាពលរដ្ឋដែលរងនូវផលប៉ះពាល់ដែលបាននាំគ្នាទាមទាររកដំណោះស្រាយ ត្រូវទទួលបានមកវិញនូវការចោទប្រកាន់តាមផ្លូវច្បាប់មកវិញ និងគំរាមចាប់ខ្លួន។
លោកបន្តទៀតថា ជុំវិញការអភិវឌ្ឍលើដីសម្បទានសេដ្ឋកិច្ចនោះ ពុំមានការបើកចំហ ឬបង្ហាញពីតម្លាភាពនៃសកម្មភាពដាំដុះនោះទេ ហើយព័ត៌មានដែលគេទទួលបានពីតំបន់ព្រៃសម្បទាននោះ គឺការកាប់ឈើលក់ និងធនធានធម្មជាតិផ្សេងៗជាដើម។
ចំណែកមន្ត្រីនៃមជ្ឈមណ្ឌលសិទ្ធិមនុស្ស លោក ឈឹម សាវុធ វិញ លោកសង្កេតឃើញថា ស្ថានភាពជាក់ស្តែងដែលកំពុងកើតមានជុំវិញការផ្តល់ដីសម្បទានសេដ្ឋកិច្ចនេះ កំពុងផ្តល់ផលប៉ះពាល់ទៅលើប្រជាពលរដ្ឋ និងធនធានធម្មជាតិធ្ងន់ធ្ងរជាងរបាយការណ៍ដែលបង្ហាញបន្ទាប់ពីមានការសិក្សាស្រាវជ្រាវ និងអង្កេតដោយអង្គការឃ្លាំមើលពិភពលោកនោះទៅទៀត។ លោកថា របាយការណ៍នោះបានមើលរំលងក្រុមរបស់វៀតណាម មួយទៀតដែលគេស្គាល់ឈ្មោះហៅកាត់ថា ស៊ី.អ.ស៊ី.ឃេ (CRCK) ដែលដំបូងទទួលបានដីសម្បទានសេដ្ឋកិច្ចពីរដ្ឋប្រមាណជិត ១ម៉ឺនហិកតារ តែក្រោយមក កាត់ចេញវិញខ្លះសល់ប្រមាណជា ៦.០០០ហិកតារ ដែលមានព្រំប្រទល់ជាប់នឹងស្រុករវៀង និងស្រុកសណ្ដាន់ ខេត្ត ខេត្តកំពង់ធំ។
លោក ឈឹម សាវុធ៖ «បច្ចុប្បន្នក្រុមហ៊ុនហ្នឹងកំពុងតែកាប់បំផ្លាញព្រៃឈើយ៉ាងរង្គាល ដូចជានៅខេត្តរតនគិរី ដែរ។ បើតាមការចុះអង្កេតរបស់ខ្ញុំផ្ទាល់ ខ្ញុំមើលឃើញថា ផ្ទៃដី ៦.០០០ហិកតារជាង ដែលក្រុមហ៊ុនទទួលបានដីសម្បទានពីរដ្ឋាភិបាល ក្រុមហ៊ុនឈូសឆាយអស់ទៅហើយ ប៉ុន្តែបច្ចុប្បន្ន ក្រុមហ៊ុននៅកំពុងតែបន្តកាប់ឈើមូលនាំចេញរាប់សិបឡានក្នុងមួយថ្ងៃៗជាប្រភេទច្បោះជ័ររបស់ប្រជាពលរដ្ឋជុំវិញព្រៃឡង់ ដែលបញ្ហាហ្នឹងបង្កឲ្យប្រជាពលរដ្ឋរងគ្រោះធ្ងន់ធ្ងរខ្លាំងឡើងៗក្នុងពេលបច្ចុប្បន្ននេះ»។
លោកបន្តថា ពាក់ព័ន្ធរបាយការណ៍របស់អង្គការឃ្លាំមើលពិភពលោក ដដែល បានបង្ហាញពីការសង្ស័យថា មានជាប់ពាក់ព័ន្ធរវាងក្រុមហ៊ុនវៀតណាម ឈ្មោះ រ៉ាប់ប៊ឺ គ្រូប ដែលកំពុងរកស៊ីជាដៃគូជាមួយក្រុមហ៊ុន សេង គាង (Seng Keang Company) នៅខេត្តរតនគិរី។ ម្ចាស់ក្រុមហ៊ុន សេង គាង គឺអ្នកស្រី សេង គាង ជាអតីតភរិយារបស់លោក ឌី ចូច ជាបងប្អូនជីដូនមួយរបស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន។
លោក ឈឹម សាវុធ បានឲ្យដឹងថា ក្រុមហ៊ុន សេង គាង កំពុងមានសកម្មភាពក្នុងតំបន់ព្រៃឡង់ ក្នុងខេត្តកំពង់ធំ កាប់ទន្ទ្រានព្រៃឈើក្រោមរូបភាពដីសម្បទានដូចគ្នា៖ «នៅក្នុងតំបន់ព្រៃឡង់ ក៏អ៊ីចឹងដែរ មានរោងចក្រអារឈើមួយដែលគេហៅរោងចក្រ សេង សារ៉ាវុធ ហ្នឹង មានអ្នកស្រី សេង គាង ជាប្រធានរោងចក្រហ្នឹងដែរ ហើយតាំងពីឆ្នាំ២០០០ មក គាត់ដាក់ម៉ាស៊ីនអារឈើផ្ដេកហ្នឹងចំនួន៧ ទៅ ៨គ្រឿង ដែលមានទីតាំងនៅឃុំត្បូងទឹកមានឬទ្ធិ ស្រុកសណ្ដាន់ ខេត្តកំពង់ធំ ហ្នឹង»។
លោកបន្តថា ក្រុមហ៊ុនដែលសុំដីសម្បទានមិនដែលសុំដីវាលទេ គឺគេច្រើនសុំដីនៅតំបន់ព្រៃស្រោង ដែលមានឈើគ្រប់ប្រភេទ ពីព្រោះគេអាចកាប់ព្រៃឈើទាំងនោះធ្វើអាជីវកម្មរកប្រាក់ចំណេញមុនធ្វើការអភិវឌ្ឍលើការដាំដុះដំណាំផ្សេងៗ៖ «អ៊ីចឹងហើយ ធ្វើឲ្យគេទទួលប្រយោជន៍ច្រើន។ ទី១ បើសិនជាគេបានដីនៅត្រង់តំបន់ព្រៃស្រោង ហ្នឹងហើយ គឺធ្វើអាជីវកម្មដឹកឈើដែលមានក្នុងតំបន់ហ្នឹង គឺគេអាចបង់ថវិកាទៅឲ្យរដ្ឋ ឬក៏ផ្ដល់ទៅឲ្យមន្ត្រីពុករលួយរួចរាល់ទៅហើយ។ អ៊ីចឹង រហូតដល់ចំណេញទៀតផង»។
វិទ្យុអាស៊ីសេរី នៅថ្ងៃច័ន្ទ ទី១៣ ខែឧសភា ពុំទាន់អាចទាក់ទងសុំប្រតិកម្មតបចំពោះរបាយការណ៍របស់អង្គការឃ្លាំមើលពិភពលោក ពីតំណាងនៃក្រុមហ៊ុនវៀតណាម ទាំងពីរ និងក្រុមហ៊ុនដីសម្បទានខ្មែរដែលគេសង្ស័យថាមានជាប់ពាក់ព័ន្ធគ្នានោះទេ។
អ្នកវិភាគឯករាជ្យ និងជាអ្នកសិក្សាស្រាវជ្រាវពីការអភិវឌ្ឍសង្គម លោក កែម ឡី មានប្រសាសន៍ថា ក្រោយពីអានរបាយការណ៍នោះ និងពិនិត្យតាមលក្ខណៈបច្ចេកទេស ភាពជាក់ស្តែង គឺរបាយការណ៍របស់អង្គការឃ្លាំមើលពិភពលោក អាចឲ្យជឿទុកចិត្តបាន។
លោកបន្តថា បញ្ហាចម្បងជាការទទួលខុសត្រូវរបស់រដ្ឋាភិបាលដែលជាអ្នកផ្តល់ដីសម្បទានទៅឲ្យក្រុមហ៊ុន ហើយពុំមានការតាមដាន និងវាយតម្លៃចំពោះសកម្មភាពការងារនោះថាត្រឹមត្រូវ ឬយ៉ាងណានោះឡើយ។
ការខ្វះចន្លោះចំពោះការអនុវត្តច្បាប់ ការមិនមានតម្លាភាព ឬមានអំពើពុករលួយក្នុងការវិនិយោគ បានផ្តល់ឲ្យមានផលប៉ះពាល់ធ្ងន់ធ្ងរទៅលើប្រជាពលរដ្ឋ និងហិនហោចធនធានធម្មជាតិ។
លោកបន្តថា រដ្ឋាភិបាលពុំគួរជ្រើសរើសយកការដាំដំណាំកៅស៊ូជំនួសព្រៃឈើធម្មជាតិ ដោយពុំមានសិក្សារកការពិតឲ្យម៉ត់ចត់ ច្បាស់លាស់ ហើយជឿតែទៅលើរបាយការណ៍របស់មន្ត្រីមួយចំនួនដែលមិនមានចិត្តស្មោះត្រង់នោះទេ៖ «ខ្ញុំយល់ស្របត្រង់ថា ការសិក្សាពីផលប៉ះពាល់បរិស្ថានកន្លងមក រដ្ឋាភិបាលធ្វើ ខ្ញុំគិតថាមិនបានមានការចូលរួមពេញលេញ ការចូលរួមពេញលេញហ្នឹង មានន័យថាម៉េច គឺការសិក្សាមួយគឺត្រូវឲ្យមានគណៈកម្មការត្រួតពិនិត្យអ៊ីចឹង ដៃគូអង្គការអភិវឌ្ឍន៍ ពីអង្គការសង្គមស៊ីវិល ពីរដ្ឋាភិបាល ពីក្រុមហ៊ុន និងស្ថាប័នជំនាញ។ អ៊ីចឹង ការសិក្សាពីផលប៉ះពាល់បរិស្ថានមុនផ្ដល់ដីសម្បទានសេដ្ឋកិច្ច គឺការប្រឹងប្រែងចូលរួមមិនបានស៊ីជម្រៅ ហើយក៏មិនមានតម្លាភាព អាហ្នឹងខ្ញុំគាំទ្រទៅលើរបាយការណ៍ហ្នឹង»។
មន្ត្រីសង្គមស៊ីវិល បានបង្ហាញថា ដើម្បីបញ្ជាក់ថារដ្ឋាភិបាលមានការទទួលខុសត្រូវក្នុងរឿងនេះ រដ្ឋាភិបាលត្រូវមានការសិក្សារកការពិតមួយពីបញ្ហាទាំងនេះ ហើយត្រូវហានអនុវត្តច្បាប់ចំពោះបុគ្គលដែលអនុវត្តផ្ទុយពីច្បាប់ ឬគោលការណ៍រដ្ឋាភិបាល ជាពិសេសគួរទទួលយកនូវរបាយការណ៍ស៊ើបអង្កេត ព្រមទាំងអនុសាសន៍ពីមជ្ឈដ្ឋាននានាដើម្បីសិក្សាកែលំអជាជាងការស្តីបន្ទោសគំរាមកំហែងដល់អ្នកផ្តល់ព័ត៌មាន ឬអ្នកសរសេររបាយការណ៍ទាំងនោះ៕
សូមស្ដាប់សេចក្ដីរាយការណ៍របស់លោក សេក បណ្ឌិត ដូចតទៅ៖
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។
