លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានប្រកាសបង្កើតគណៈកម្មការដាក់ដេញថ្លៃឈើជាង ៧ម៉ឺនម៉ែត្រគូប ដែលរឹបអូសបានក្នុងបេសកកម្មបង្ក្រាបការកាប់ឈើដោយខុសច្បាប់កាលពីពេលថ្មីៗនេះ។ ការប្រកាសដាក់ដេញថ្លៃជាសាធារណៈសម្រាប់ទីផ្សារក្នុងស្រុកនេះ បន្ទាប់ពីក្រសួងអប់រំ មិនមានលទ្ធភាពនាំយកឈើទាំងនោះដើម្បីប្រើប្រាស់បាន។ សង្គមស៊ីវិល គាំទ្រចំពោះយន្តការដាក់ដេញថ្លៃនេះ តែសូមឲ្យបើកចំហព័ត៌មាន។
ការផ្លាស់ប្ដូរចិត្តឈប់ប្រគល់ឈើផ្ទាល់ឲ្យទៅក្រសួងអប់រំ ហើយបែរជាដាក់ដេញថ្លៃជាសាធារណៈនៅពេលនេះ ត្រូវបានលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ពន្យល់ថា ជាការសំណូមពររបស់ក្រសួងអប់រំ យុវជន និងកីឡា។
ថ្លែងក្នុងពិធីចែកសញ្ញាបត្រដល់និស្សិតនៅកោះពេជ្រ កាលពីថ្ងៃទី១០ ខែឧសភា លោក ហ៊ុន សែន បញ្ជាក់ថា ថវិកាបានមកពីការដេញថ្លៃនេះ នឹងដាក់បញ្ចូលបន្ថែមក្នុងកញ្ចប់ថវិកាខាងវិស័យអប់រំ ហើយអាចប្រើថវិកានេះទៅទិញឈើសម្រាប់សាងសង់សាលារៀន និងផ្ទះឲ្យគ្រូបង្រៀនដដែល៖ « ក្នុងនាមនាយករដ្ឋមន្ត្រី បានពិនិត្យឃើញថា វាលំបាកណាស់។ ឈើមួយចំនួនមិនបានយកចេញពីព្រៃទេ ហើយវានឹងងាប់ ( បើ ) គ្រូត្រូវដឹកឈើ។ ដូច្នេះខ្ញុំឯកភាពហ្នឹង ( ក្រសួងអប់រំ ) ដោយសារតែមានអ្នកប្រើប្រាស់ក្នុងស្រុកច្រើនផងដែរ។ ដូច្នេះ បង្កើតគណៈកម្មាធិការដាក់ដេញថ្លៃប្រើប្រាស់ក្នុងប្រទេស មិនសម្រាប់នាំចេញទេ »។
កាលពីចុងខែមីនា កន្លងទៅ លោក ហ៊ុន សែន ធ្លាប់ប្រកាសថា ឈើជាង ៧ម៉ឺនម៉ែត្រគូបដែលរឹបអូសបានពីបទល្មើសព្រៃឈើ ត្រូវប្រគល់ឲ្យក្រសួងអប់រំ ដើម្បីប្រើប្រាស់កសាងសាលារៀន អគារផ្សេងៗ ជាពិសេសផ្ទះគ្រូបង្រៀនតែម្តង។
អ្នកនាំពាក្យកងរាជអាវុធហត្ថលើផ្ទៃប្រទេស លោក អេង ហ៊ី ឲ្យដឹងថា ក្រសួងសេដ្ឋកិច្ច គឺជាអ្នករៀបចំគណៈកម្មការដាក់ដេញថ្លៃឈើដែលរឹបអូសបានពីបទល្មើសព្រៃឈើ ក្នុងខេត្តនៅតំបន់ភាគឦសានប្រទេសដែលមានខេត្តកំពង់ចាម ត្បូងឃ្មុំ ក្រចេះ ស្ទឹងត្រែង រតនគិរី និងខេត្តមណ្ឌលគិរី។
វិទ្យុអាស៊ីសេរី មិនទាន់អាចសុំការបញ្ជាក់ពីអ្នកនាំពាក្យក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ លោក រស់ ភារុណ បានទេនៅថ្ងៃទី១១ ខែឧសភា ដោយទូរស័ព្ទចូល ប៉ុន្តែពុំមានអ្នកទទួល។
រីឯនាយកប្រតិបត្តិនៃសម្ព័ន្ធគណនេយ្យភាពសង្គមកម្ពុជា លោក សន ជ័យ មានប្រសាសន៍ថា លោកគាំទ្រចំពោះយន្តការដាក់ដេញថ្លៃឈើ ដើម្បីប្រគល់ថវិកាជូនក្រសួងអប់រំ នេះ។ ទោះជាយ៉ាងណាក៏ដោយ លោកថា ក្នុងឱកាសនៃការដេញថ្លៃនេះ ចាំបាច់ត្រូវធ្វើឡើងដោយបើកចំហ ដែលមានការប្រកួតប្រជែងពីអ្នករកស៊ីឈើច្រើន ដើម្បីឲ្យឈើនោះមានតម្លៃខ្ពស់៖ « សំខាន់ គឺត្រូវតែមានប្រព័ន្ធមួយដែលត្រូវបើកចំហ។ អ៊ីចឹង លក្ខខណ្ឌនៃការដេញថ្លៃ គឺទី១ ការផ្តល់ពេលវេលាគ្រប់គ្រាន់ដល់អ្នកដាក់ពាក្យ។ ទី២ គឺមានការបើកចំហព័ត៌មានទូលំទូលាយ។ ទី៣ គឺយន្តការតម្លាភាពដែលឲ្យមានការចូលរួមដឹងឮពីតួអង្គពាក់ព័ន្ធឲ្យបានច្រើន ដើម្បីជៀសវាងនូវការឃុបឃិតណាមួយដែលនាំឲ្យតម្លៃឈើអាចចុះថោកជាងតម្លៃនៅលើទីផ្សារ »។
កាលពីខែមករា ឆ្នាំ២០១៦ លោក ហ៊ុន សែន បានបង្កើតក្រុមការងារថ្នាក់ជាតិពិសេសសម្រាប់ទប់ស្កាត់ និងបង្ក្រាបលើការកាប់ឈើដោយខុសច្បាប់។ ថ្វីត្បិតតែគណៈកម្មការមួយនេះអះអាងថា បទល្មើសព្រៃឈើនានា រួមទាំងការដឹកជញ្ជូនឈើខុសច្បាប់ទៅក្រៅប្រទេស ត្រូវបានទប់ស្កាត់ និងស្ងប់ស្ងាត់ក្តី តែប្រជាពលរដ្ឋរស់នៅតាមដងផ្លូវលំក្នុងឃុំសេសាន ស្រុកអូរយ៉ាដាវ ខេត្តរតនគិរី អះអាងប្រាប់វិទ្យុអាស៊ីសេរី កាលពីពេលថ្មីៗនេះថា ការដឹកជញ្ជូនឈើឆ្លងដែនខុសច្បាប់ពីខេត្តរតនគិរី ទៅកាន់ប្រទេសវៀតណាម តាមច្រករបៀងព្រំដែន នៅតែបន្តកើតមាន ដោយប្រើប្រាស់រថយន្តទេសចរណ៍ទំនើបៗដឹកជញ្ជូននៅពេលយប់៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖
ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។
