អាជ្ញាធរ​ខេត្ត​រតនគិរី​ជំរុញ​ឲ្យ​មន្ត្រី​ពាក់ព័ន្ធ​ដាំ​កូន​ឈើ​ឡើង​វិញ​នៅ​ក្រុង​បានលុង

0:00 / 0:00

ពូជ​ឈើ​ព្រៃ​រួម​មាន ឈើ​គគីរ ធ្នង់ នាង​នួន ផ្ចឹក ជាដើម នឹង​ត្រូវ​រៀបចំ​ដាំ​ឡើង​វិញ​នៅ​តាម​ដង​ផ្លូវ​សំខាន់ៗ​ក្នុង​ក្រុង​បានលុង ដើម្បី​លើក​ស្ទួយ​ការ​អភិរក្ស​ព្រៃ​ឈើ និង​កែលំអ​សោភណភាព​ជា​ទីក្រុង​ស្អាត​ខេត្ត​រតនគិរី។ គម្រោង​ដាំ​ដើម​ឈើ​ឡើង​វិញ​នេះ ក៏​ជា​ផ្នែក​មួយ​សម្រាប់​ទាក់ទាញ​វិស័យ​ទេសចរណ៍​នៅ​ក្នុង​ខេត្ត​នេះ បន្ទាប់​ពី​ព្រៃ​ឈើ​រង​ការ​កាប់​រាន​អស់​ច្រើន​ម៉ឺន​ហិកតារ។

អាជ្ញាធរ​ខេត្ត​រតនគិរី អំពាវនាវ​ឲ្យ​មន្ត្រី​រាជការ ព្រះសង្ឃ ប្រជាពលរដ្ឋ សិស្សានុសិស្ស និង​មន្ត្រី​អង្គការ​សង្គម​ស៊ីវិល រួម​គ្នា​ដាំ និង​ថែរក្សា​កូន​ឈើ​ឲ្យ​ដុះ​លូតលាស់​ល្អ​ឡើង​វិញ ដើម្បី​រួម​ចំណែក​បង្កើន​តំបន់​បៃតង​នៃ​គម្រប​ព្រៃ​ឈើ​ក្នុង​ខេត្ត​ភាគ​ឦសាន​មួយ​នេះ។

ការ​អំពាវនាវ​នេះ ធ្វើ​ឡើង​ក្នុង​ពិធី​បុណ្យ​រុក្ខទិវា ដែល​រៀបចំ​ធ្វើ​ឡើង​ដោយ​ខណ្ឌ​រដ្ឋបាល​ព្រៃ​ឈើ នៅ​ថ្ងៃ​ទី​៧ ខែ​កក្កដា នៅ​មុខ​សាលា​បឋម​សិក្សា​ប៊ួថង សង្កាត់​ទេសអន្លុង ក្រុង​បានលុង។

អភិបាល​ខេត្ត​រតនគិរី លោក ថង សាវុន ថ្លែង​ថា កន្លង​ទៅ​នេះ ការ​អភិវឌ្ឍ​បាន​រួម​ចំណែក​ធ្វើ​ឲ្យ​ធនធាន​ព្រៃ​ឈើ​បាត់​បង់ និង​ដោយឡែក​ការ​កាប់​រាន​ព្រៃ​ឈើ​អនាធិបតេយ្យ ក៏​ជា​កត្តា​ធ្វើ​ឲ្យ​គម្រប​ព្រៃ​ឈើ​កាន់​តែ​ថយ​ចុះ​ដូច​គ្នា។ លោក​បន្ត​ថា នៅ​ឆ្នាំ​២០១៥ នេះ អាជ្ញាធរ​ខេត្ត​មាន​គម្រោង​ដាំ​កូន​ឈើ​នៅ​តាម​ដង​ផ្លូវ​សំខាន់ៗ​ក្នុង​ក្រុង​បានលុង នៅ​ជុំវិញ​ទីផ្សារ ឬ​មុខ​អគារ​សាធារណៈ​របស់​រដ្ឋ តាម​ទី​វត្ត​អារាម សាលា​រៀន ដើម្បី​ធ្វើ​ឲ្យ​គម្រប​ព្រៃ​ឈើ​កើន​ឡើង​វិញ និង​ដើម្បី​ជា​ភាព​ស្រស់​ត្រកាល​នៃ​ធនធាន​ព្រៃ​ឈើ សម្រាប់​ទាក់ទាញ​វិស័យ​ទេសចរណ៍ និង​សោភណភាព​ទីក្រុង៖ «ថា​ស្រឡាញ់​ដើម​ឈើៗ អត់​ចូលរួម​ដាំ​កូន​ឈើ អត់​ដាំ។ ឥឡូវ​ដាំ​ហើយ​ឲ្យ​ជួយ​ថែ​ទៀត បើ​សិន​ជា​យើង​ចូលរួម​ទាំងអស់​គ្នា ព្រោះ​យើង​នៅ​ទីនេះ​មាន​បង​ប្អូន​ខ្លះ​មាន​ផ្ទះ​នៅ​បណ្តោយ​ផ្លូវ​លេខ​៧៨​អា ដែរ អ៊ីចឹង​ទាល់​តែ​ជួយ​ទាំងអស់​គ្នា​បាន​ទីក្រុង​យើង​ស្អាត ក្រុង​យើង​ប្រកប​ដោយ​តំបន់​បៃតង មាន​ដើម​ឈើ​ត្រជាក់ត្រជុំ»

នៅ​ព្រឹក​ថ្ងៃ​ទី​៧ ខែ​កក្កដា មនុស្ស​ប្រមាណ ៤០០​នាក់​ជា​មន្ត្រី​រាជការ សិស្សានុសិស្ស ព្រះសង្ឃ មន្ត្រី​អង្គការ​សង្គម​ស៊ីវិល កង​កម្លាំង​ប្រដាប់​អាវុធ បាន​រួម​គ្នា​ដាំ​កូន​ឈើ និង​ទទួល​យក​កូន​ឈើ​ពី​មន្ត្រី​ខណ្ឌ​រដ្ឋបាល​ព្រៃ​ឈើ ដើម្បី​រួម​ចំណែក​ដាំ​កូន​ឈើ​ឡើង​វិញ​ក្នុង​ខួប​រុក្ខទិវា ថ្ងៃ​ទី​៩ ខែ​កក្កដា។

ថ្លែង​ក្នុង​ពិធី​បុណ្យ​រុក្ខទិវា​នេះ​ដែរ នាយ​ខណ្ឌ​រដ្ឋបាល​ព្រៃ​ឈើ លោក វង សុខសិរី ចាត់​ទុក​ចលនា​ដាំ​កូន​ឈើ​ឡើង​វិញ​នេះ​ថា ជា​បំណង​ប្រាថ្នា​របស់​ថ្នាក់​ដឹក​នាំ​ប្រទេស​តាំង​ពី​ទសវត្ស​ឆ្នាំ​១៩៣០ រហូត​មក។ លោក​កត់​សម្គាល់​ថា កូន​ឈើ​ជាង ៣​ម៉ឺន​ដើម ត្រូវ​បាន​បណ្ដុះ​ដើម្បី​បំពេញ​ផែនការ​ដាំ​កូន​ឈើ​ក្នុង​ឆ្នាំ​២០១៤ និង​ឆ្នាំ​២០១៥៖ «ការងារ​ដាំ​ឈើ​កើត​ឡើង​តាំង​ពី​ទសវត្ស​ទី​៣០ ដែល​ពេល​នោះ​ហៅ​ថា​ទិវា​ហត្ថកម្ម​ដាំ​ដើម​ឈើ។ នៅ​ទីបំផុត ទិវា​នេះ​ត្រូវ​បាន​ទទួល​ស្គាល់​ដោយ​ព្រះរាជក្រឹត្យ និង​មាន​កំណត់​ក្នុង​ច្បាប់​ស្ដីពី​ព្រៃ​ឈើ។ ទិវា​ដាំ​ឈើ​ជា​ប្រពៃណី​ជាតិ​ហៅ​ថា​រុក្ខទិវា ត្រូវ​ប្រារព្ធ​ធ្វើ​ឡើង​ថ្ងៃ​ទី​៩ ខែ​កក្កដា រៀង​រាល់​ឆ្នាំ​នៅ​ទូទាំង​ប្រទេស ដើម្បី​ធានា​គ្រប់គ្រង​ព្រៃ​ឈើ​ប្រកប​ដោយ​និរន្តរភាព ដើម្បី​ផល​ប្រយោជន៍​សង្គម សេដ្ឋកិច្ច និង​បរិស្ថាន រួម​ទាំង​អភិរក្ស​មរតក​វប្បធម៌»

របាយការណ៍​របស់​ខណ្ឌ​រដ្ឋបាល​ព្រៃ​ឈើ​ខេត្ត​រតនគិរី ឲ្យ​ដឹង​ថា កាល​ពី​ឆ្នាំ​២០១៤ កូន​ឈើ​ប្រមាណ ១​ម៉ឺន​ដើម ត្រូវ​បាន​ចែក​ជូន​ប្រជាពលរដ្ឋ និង​មន្ត្រី​អាជ្ញាធរ​ដាំ​នៅ​តាម​លំនៅឋាន តំបន់​ទួល​កម្សាន្ត បឹង​កន្សែង តាម​សាលា​រៀន និង​ក្នុង​បរិវេណ​មន្ទីរ​ការងារ​សាធារណៈ​របស់​រដ្ឋ ក្នុង​ក្រុង​បានលុង រួម​ទាំង​បណ្ដា​ស្រុក​ផ្សេង​ទៀត​ក្នុង​ខេត្ត​នេះ។

បុណ្យ​រុក្ខទិវា ដាំ​កូន​ឈើ​នៅ​សាលា​បឋម​សិក្សា​ប៊ូថង ក្នុង​ភូមិ​ទេសអន្លុង សង្កាត់​បឹងកន្សែង ក្រុង​បានលុង ខេត្ត​រតនគិរី នៅ​ថ្ងៃ​ទី​៧ ខែ​កក្កដា ឆ្នាំ​២០១៥។
បុណ្យ​រុក្ខទិវា ដាំ​កូន​ឈើ​នៅ​សាលា​បឋម​សិក្សា​ប៊ូថង ក្នុង​ភូមិ​ទេសអន្លុង សង្កាត់​បឹងកន្សែង ក្រុង​បានលុង ខេត្ត​រតនគិរី នៅ​ថ្ងៃ​ទី​៧ ខែ​កក្កដា ឆ្នាំ​២០១៥។ (RFA/Ratha Visal)

មេ​ឃុំ​កាចាញ លោក ទន់ ពៅ ស្នើសុំ​រួច​ហើយ​ទៅ​អាជ្ញាធរ​ខេត្ត សុំ​កូន​ឈើ ១.៥០០​ដើម ដាំ​នៅ​អម​សង​ខាង​ផ្លូវ​ជាតិ​លេខ​៧៨​អា ពី​ភូមិ​តាស៊ុយ រហូត​សាលា​សង្កាត់​កាចាញ ចម្ងាយ​ជាង ៣​គីឡូម៉ែត្រ។ លោក​កត់​សម្គាល់​ថា កាល​ពី​ឆ្នាំ​២០១៤ កន្លង​ទៅ ផែនការ​ដាំ​ដើម​ឈើ​អម​សង​ខាង​ផ្លូវ ធ្វើ​បាន​មួយ​ជំហាន ប៉ុន្តែ​កូន​ឈើ​ខ្លះ​ងាប់ ហេតុ​នេះ​ការ​ដាំ​ដើម​ឈើ​ជំហាន​ទី​ពីរ នឹង​ធ្វើ​ឲ្យ​ផ្លូវ​ចូល​ទៅ​កាន់​ក្រុង​បានលុង កាន់​តែ​មាន​សោភណភាព និង​ជា​ការ​រួម​ចំណែក​បង្កើត​ឡើង​នូវ​ធនធាន​ព្រៃ​ឈើ​នៅ​តំបន់​នេះ​ឡើង​វិញ៖ «វា​ផ្តល់​ឲ្យ​បរិស្ថាន​ល្អ​សម្រាប់​ក្រុង​យើង​ផង ហើយ​ភ្ញៀវ​ទេសចរ​គេ​មក​លេង​ខេត្ត​យើង​ឃើញ​ម្លប់​តាម​ដង​ផ្លូវ គេ​អង្គុយ​លេង។ ឆ្នាំ​ទៅ ខ្ញុំ​ដាំ​បាន ៨០​ភាគរយ ប៉ុន្តែ​ឆ្នាំ​នេះ​ងាប់​ខ្លះ​ខ្ញុំ​សុំ ១.៥០០ ដាំ​ជួស ហើយ​ដាំ​ថ្មី​បន្ថែម»

គេហទំព័រ​ក្រសួង​កសិកម្ម ឲ្យ​ដឹង​ថា កំណែ​ទម្រង់​លើក​ទី​២ ទិន្នន័យ​គម្រប​ព្រៃ​ឈើ​សរុប​ទូទាំង​ប្រទេស​កាល​ពី​ឆ្នាំ​១៩៧៩ មាន​ជាង ១៣​លាន​ហិកតារ ស្មើ​នឹង ៧២,១១%។ ក្នុង​នោះ​មាន​ព្រៃ​ស្រោង​ជាង ៧​លាន​ហិកតារ និង​ព្រៃ​ល្បោះ​ជាង ៥​លាន​ហិកតារ។ រហូត​មក​ទល់​នឹង​ឆ្នាំ​២០១៣ គម្រប​ព្រៃ​ឈើ​សរុប​នៅ​សល់​ជាង ៨​លាន​ហិកតារ ស្មើ​នឹង ៤៦,៣៣%។ ក្នុង​នោះ​ព្រៃ​ល្បោះ ៦​លាន​ហិកតារ និង​ព្រៃ​ស្រោង​មាន​ជិត ២​លាន​ហិកតារ។

មន្ត្រី​សម្រប​សម្រួល​សមាគម​អាដហុក (adhoc) ខេត្ត​រតនគិរី លោក ឆាយ ធី សាទរ​ចំពោះ​គម្រោង​ដាំ​កូន​ឈើ​របស់​អាជ្ញាធរ​ខេត្ត ថា​ជា​ចលនា​បំផុស​គំនិត​ស្រឡាញ់​ព្រៃ​ឈើ និង​ធនធាន​ធម្មជាតិ។ ដោយឡែក​ទៀត ចលនា​បំផុស​ដាំ​កូន​ឈើ​មាន​សារសំខាន់​ជួយ​ពង្រឹង​កិច្ច​ការពារ​ព្រៃ​ឈើ និង​ចំណែក​កិច្ច​ការពារ​បរិស្ថាន ជួយ​កាត់​បន្ថយ​រលក​កម្តៅ​ដែល​កំពុង​កើត​មាន​នៅ​តាម​បណ្ដា​ប្រទេស​មួយ​ចំនួន​ក្នុង​សកលលោក៖ «ការ​ចូលរួម​ដាំ​ដើម​ឈើ​មួយ​ឆ្នាំ​ម្តងៗ ដើម​ឈើ​នឹង​ល្អ​ប្រសើរ​ឡើង​វិញ ហើយ​យើង​អាច​ទប់ស្កាត់​ការ​កាប់​បំផ្លាញ​ព្រៃ​ឈើ ដែល​ជា​ប្រការ​មួយ​បង្ហាញ​ឲ្យ​ឃើញ​ថា យើង​ទាំងអស់​គ្នា​ស្រឡាញ់​ដើម​ឈើ ថែរក្សា​ដើម​ឈើ និង​ដាំ​ដើម​ឈើ​ឡើង​វិញ»

ដូច​គ្នា​នេះ​ដែរ តំណាង​សហគមន៍​ព្រៃ​ឈើ​ភូមិ​ឡំ ស្រុក​អូរយ៉ាដាវ លោក សេវ ស្វាន់ ចាត់​ទុក​យុទ្ធសាស្ត្រ​ដាំ​ដើម​ឈើ​របស់​អាជ្ញាធរ​ខេត្ត ថា​ជា​ការ​បង្កើន​ឡើង​វិញ​នូវ​គម្រប​ព្រៃ​ឈើ​ដែល​បាត់​បង់​អស់​ជាច្រើន​ម៉ឺន​ហិកតារ ចាប់​តាំង​ពី​ឆ្នាំ​១៩៧៩ រហូត​មក។ លោក​ថា ការ​ដាំ​កូន​ឈើ​នៅ​មិន​ទាន់​គ្រប់គ្រាន់​ទេ ប្រសិន​អាជ្ញាធរ​មិន​ចាត់​វិធានការ​ហ្មត់ចត់​ទប់ស្កាត់​ការ​កាប់​រាន​ព្រៃ​ឈើ​យក​ដី ឬ​ការ​កាប់​យក​ឈើ​ប្រណិត​មាន​តម្លៃ​ធ្វើ​អាជីវកម្ម​អនាធិបតេយ្យ៖ «ទុក​ជំនាន់​ក្រោយ បើ​យើង​មិន​ទៅ​ទប់​ខ្លាច​បាត់​បង់​អស់​ព្រៃ​ឈើ។ ខ្ញុំ​យល់​ថា រដ្ឋាភិបាល​បំបាត់​អ្នក​កាប់​ព្រៃ​ឈើ​ហ្នឹង។ ពី​មុន​ដី​ព្រៃ​ឈើ​ច្រើន​សម្បូរ​ណាស់​ធម្មជាតិ ឥឡូវ​អស់​រលីង គេ​ចង់​តែ​បំផ្លាញ​គ្រប់​បែប​យ៉ាង»

តួលេខ​របស់​ខណ្ឌ​រដ្ឋបាល​ព្រៃ​ឈើ​ខេត្ត​រតនគិរី ក្នុង​រយៈពេល ៦​ខែ​ដើម​ឆ្នាំ​២០១៥ សមត្ថកិច្ច​ព្រៃ​ឈើ​បង្ក្រាប​បទល្មើស​ព្រៃ​ឈើ​គ្រប់​ប្រភេទ​បាន ១៤៥​ករណី រឹប​អូស​ឈើ​បាន ២២៨​ម៉ែត្រ​គូប និង​ចោទ​ប្រកាន់​ជនល្មើស ៥៥​នាក់​បញ្ជូន​ទៅ​តុលាការ។

យ៉ាង​ណា​ក៏ដោយ អភិបាល​ខេត្ត​រតនគិរី លោក ថង សាវុន អំពាវនាវ​ឲ្យ​ប្រជាពលរដ្ឋ មន្ត្រី​រាជការ អាជ្ញាធរ​មូលដ្ឋាន រួម​គ្នា​ថែរក្សា​កូន​ឈើ​ដែល​បាន​ដាំ​រួច​នេះ​ឲ្យ​បាន​ដុះ​លូតលាស់​ល្អ​ទៅ​ថ្ងៃ​អនាគត៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖

ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។