លោក ហ៊ុន សែន ដឹក​នាំ​គណៈ​ប្រតិភូ​ចូល​រួម​ប្រជុំ​គណៈកម្មការ​ទន្លេ​មេគង្គ​នៅ​វៀតណាម

លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន បាន​ដឹក​នាំ​គណៈ​ប្រតិភូ​ជាន់​ខ្ពស់​រាជ​រដ្ឋាភិបាល​កម្ពុជា មួយ​ក្រុម ទៅ​ចូល​រួម​កិច្ច​ប្រជុំ​កំពូល​លើក​ទី​២ នៃ​គណៈកម្មការ​ទន្លេ​មេគង្គ នៅ​ទីក្រុង​ហូជីមិញ ប្រទេស​វៀតណាម រយៈពេល ២​ថ្ងៃ គឺ​ចាប់​ពី​ថ្ងៃ​ទី​៤ ដល់​ថ្ងៃ​ទី​៥ ខែ​មេសា ឆ្នាំ​២០១៤។

អម​ដំណើរ លោក ហ៊ុន សែន មាន លោក លឹម គានហោ រដ្ឋមន្ត្រី​ក្រសួង​ធនធាន​ទឹក និង​ឧតុនិយម និង​ជា​ប្រធាន​គណៈកម្មាធិការ​ជាតិ​ទន្លេ​មេគង្គ​កម្ពុជា និង​លោក សាយ សំអាល់ រដ្ឋមន្ត្រី​ក្រសួង​បរិស្ថាន និង​សមាជិក​នៃ​រាជ​រដ្ឋាភិបាល​ច្រើន​រូប​ទៀត។

លោក លឹម គានហោ រដ្ឋមន្ត្រី​ក្រសួង​ធនធាន​ទឹក និង​ឧតុនិយម និង​ជា​ប្រធាន​គណៈកម្មាធិការ​ជាតិ​ទន្លេ​មេគង្គ​កម្ពុជា ថ្លែង​នៅ​មុន​ពេល​ចេញ​ដំណើរ​ថា កិច្ច​ប្រជុំ​នោះ​ស្ដីពី៖ «ទឹក ថាមពល និង​សន្តិសុខ​ស្បៀង​នៅ​ក្នុង​បរិបទ​បម្រែបម្រួល​អាកាសធាតុ សម្រាប់​អាង​ទន្លេ​មេគង្គ»

លោក​បន្ត​ថា ចំពោះ​គម្រោង​ទំនប់​វារីអគ្គិសនី​ដនសាហុង ទាំង​កម្ពុជា ក៏​ដូច​ប្រទេស​វៀតណាម និង​ថៃ ដែរ បាន​ស្នើ​ទៅ​ភាគី​ឡាវ អោយ​ផ្អាក​គម្រោង​សាងសង់ និង​ផ្តល់​លទ្ធផល​នៃ​ការ​សិក្សា​ផល​ប៉ះពាល់​អោយ​គ្រប់​ភាគី​ពិចារណា និង​សម្រេច។

កិច្ច​ប្រជុំ​នេះ ក៏​នឹង​ពិភាក្សា​លើ​បញ្ហា​ប្រឈម​សម្រាប់​អាង​ទន្លេ​មេគង្គ និង​តួនាទី​របស់​គណៈកម្មការ​ទន្លេ​មេគង្គ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖

ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។