លោក ហ៊ុន សែន៖ ដំណាំ​កៅស៊ូ​នៅ​កម្ពុជា​នឹង​មាន​ច្រើន​ជាង​វៀតណាម

0:00 / 0:00

លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន បាន​មាន​ប្រសាសន៍​ថា អនាគត​ដី​ដាំ​កៅស៊ូ​នៅ​ប្រទេស​កម្ពុជា មាន​កាន់​តែ​ច្រើន​ជាង​មុន គឺ​អាច​លើស​ប្រទេស​វៀតណាម ទៅ​ទៀត។

ការ​អះអាង​បែប​នេះ ស្រប​ពេល​ដែល​អង្គការ​ឃ្លាំ​មើល​ពិភពលោក (Global Witness) បាន​ចេញ​ផ្សាយ​របាយការណ៍​មួយ​មាន​ចំនួន ៤៩​ទំព័រ បង្ហាញ​ថា ប្រទេស​វៀតណាម បាន​ប្រើ​រូបភាព​ជា​ក្រុមហ៊ុន​វិនិយោគ ដើម្បី​សុំ​ដី​សម្បទាន​ជាច្រើន​ម៉ឺន​ហិកតារ នៅ​កម្ពុជា និង​ឡាវ ដើម្បី​ដាំ​ដើម​កៅស៊ូ​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​ការ​កាប់​ព្រៃ​ឈើ និង​ផ្តល់​ផល​លំបាក​ដល់​ប្រជាពលរដ្ឋ។

នៅ​ក្នុង​ពិធី​សម្ពោធ​បើក​ឲ្យ​ដំណើរ​ការ​រោងចក្រ​កែច្នៃ​ជ័រ​កៅស៊ូ​នៅ​ខេត្ត​ស្ទឹងត្រែង នៅ​ថ្ងៃ​ទី១៥ ឧសភា លោក ហ៊ុន សែន មាន​ប្រសាសន៍​ថា ដំណាំ​កៅស៊ូ​កំពុង​តែ​ចូលរួម​ចំណែក​លើក​កម្ពស់​ជីវភាព​រស់នៅ​របស់​ប្រជាពលរដ្ឋ​កម្ពុជា ហើយ​ផ្ទៃដី​ដាំ​កៅស៊ូ​នៅ​កម្ពុជា កំពុង​តែ​កើន​ឡើង​ពី​មួយ​ឆ្នាំ​ទៅ​មួយ​ឆ្នាំ​ជា​លំដាប់។

រោងចក្រ​កែច្នៃ​ជ័រ​កៅស៊ូ ដែល​លោក​នាយក​រដ្ឋមន្ត្រី​ចូលរួម​ពិធី​សម្ពោធ​ឲ្យ​ដំណើរ​ការ​នោះ ជា​រោងចក្រ​ឯកជន សាងសង់​ឡើង​ដោយ​ចំណាយ​ប្រាក់ ៧​លាន​ដុល្លារ សម្រាប់​កែច្នៃ​ជ័រ​កៅស៊ូ​ដែល​ដាំ​លើ​ដី​ចំនួន ៣.៨០០​ហិកតារ នៅ​តំបន់​មាន​រោងចក្រ​នោះ។

លោក ហ៊ុន សែន បាន​បង្ហាញ​តួលេខ​ដំណាំ​កៅស៊ូ​នៅ​ប្រទេស​កម្ពុជា បច្ចុប្បន្ន​ថា​មាន​ដាំ​លើ​ផ្ទៃដី​ជាង ២៨​ម៉ឺន​ហិកតារ នៅ​ទូទាំង​ប្រទេស ហើយ​ទៅ​អនាគត ផ្ទៃដី​ដាំ​កៅស៊ូ​អាច​កើន​ឡើង​ច្រើន​ជាង​នេះ​ទៀត ជា​ពិសេស​បាន​មក​ពី​ក្នុង​ចំណោម​ដី ២​លាន​ហិកតារ ដែល​រដ្ឋ​បាន​បែង​ចែក​ឲ្យ​ប្រជាពលរដ្ឋ​កន្លង​មក​នេះ។

លោក​នាយក​រដ្ឋមន្ត្រី អះអាង​ថា ផ្ទៃដី​ដាំ​កៅស៊ូ​របស់​កម្ពុជា មាន​ទំហំ​ធំ​ជាង​វៀតណាម ទៅ​ទៀត ក្នុង​ពេល​អនាគត៖ «នៅ​ប៉ុន្មាន​ឆ្នាំ​ខាង​មុខ​នេះ កៅស៊ូ​កម្ពុជា នឹង​ឈាន​ឡើង គឺ​ច្រើន​ជាង​ប្រទេស​វៀតណាម។ យើង​ហ៊ាន​និយាយ​ដូច្នេះ ដោយសារ​យើង​បាន​ជជែក​ជាមួយ​វៀតណាម ហើយ​វៀតណាម ថា​អស់​ផ្ទៃដី​សម្រាប់​ពង្រីក​ទៀត​ហើយ។ អ៊ីចឹង​ទេ នៅ​ពេល​វៀតណាម អស់​ផ្ទៃដី​ពង្រីក កម្ពុជា នៅ​សល់​ផ្ទៃដី​ពង្រីក​ច្រើន​ណាស់។ ដី​យើង​មាន​បាន​ផ្តល់​ឲ្យ​វិស័យ​ឯកជន​ធ្វើ​ការ​វិនិយោគ មាន ១​លាន ៥​សែន​ហិកតារ។ ក្នុង​នោះ​មាន​ដី​ប្រមាណ ១​លាន​ហិកតារ អាច​ដាំ​កៅស៊ូ​បាន»

ការ​លើក​ឡើង​ថា​ផ្ទៃដី​ដាំ​កៅស៊ូ​កើន​ឡើង​របស់​លោក​នាយក​រដ្ឋមន្ត្រី​កម្ពុជា មាន​លក្ខណៈ​ស្រប​គ្នា​ជាមួយ​ការ​រក​ឃើញ​របស់​អង្គការ​ឃ្លាំ​មើល​ពិភពលោក ដែល​បាន​ចេញ​ផ្សាយ​របាយការណ៍​កាល​ពី​ថ្ងៃ​ទី១៣ ឧសភា ថា មាន​ក្រុមហ៊ុន​របស់​ប្រទេស​វៀតណាម ចំនួន​២ គឺ​ឈ្មោះ ហ្វាង អាន់ យ៉ាឡាយ (Huang Anh Gia Lai) និង​ក្រុមហ៊ុន វៀតណាម រ៉ាប់ប៊ឺ គ្រូប (Vietnam Rubber Group) បាន​ចំណាយ​លុយ​ជាច្រើន​លាន​ដុល្លារ មក​វិនិយោគ​សុំ​ដី​សម្បទាន​សេដ្ឋកិច្ច​ដាំ​កៅស៊ូ​នៅ​កម្ពុជា និង​ឡាវ ប្រមាណ ២០​ម៉ឺន​ហិកតារ។

អង្គការ​ឃ្លាំ​មើល​ពិភពលោក បាន​រក​ឃើញ​ថា ដើម្បី​បាន​ដី​សម្បទាន​រាប់​ម៉ឺន​ហិកតារ ដើម្បី​ដាំ​កៅស៊ូ​នៅ​កម្ពុជា និង​ឡាវ នេះ ក្រុមហ៊ុន​កៅស៊ូ​វៀតណាម បាន​ប្រើ​លុយ​សូកប៉ាន់​មន្ត្រី​មាន​សមត្ថកិច្ច​នៅ​ប្រទេស​កម្ពុជា និង​ឡាវ និង​ធ្វើ​សកម្មភាព​បណ្ដាល​ឲ្យ​ប៉ះពាល់​ដល់​បរិស្ថាន និង​ជីវភាព​រស់នៅ​របស់​ប្រជាពលរដ្ឋ ដោយ​ត្រូវ​គេ​បណ្ដេញ​ចេញ ហើយ​ធ្លាប់​មាន​ជីវភាព​រស់នៅ​ប្រចាំ​ថ្ងៃ​ពឹង​អាស្រ័យ​លើ​ដី​ព្រៃ​ដែល​គេ​កាប់​ឆ្ការ ដើម្បី​ដាំ​ដើម​កៅស៊ូ​រាប់​សិប​ម៉ឺន​ហិកតារ​នោះ។

មិន​តែ​ប៉ុណ្ណោះ អង្គការ​ឃ្លាំ​មើល​ពិភពលោក បាន​រក​ឃើញ​ថា ក្រុមហ៊ុន​កៅស៊ូ​របស់​វៀតណាម ទាំង​ពីរ បាន​ទទួល​ប្រាក់​កម្ចី​រួម​ចំណែក​ជិត ១៥​លាន​ដុល្លារ មក​ពី​សាជីវកម្ម​ហិរញ្ញវត្ថុ​អន្តរជាតិ អាយ.អេហ្វ.ស៊ី (IFC = International Finance Corporation) ដែល​ជា​សាខា​មួយ​របស់​ធនាគារ​ពិភពលោក និង​ប្រាក់​កម្ចី​រួម​ចំណែក​ប្រមាណ​ជិត ៥​លាន​ដុល្លារ ពី​ធនាគារ ដាច់ប៊េង (Deutsch Bank) សម្រាប់​យក​មក​ប្រើប្រាស់​នៅ​ក្នុង​ការងារ​រកស៊ី​របស់​ខ្លួន​ទៀត​ផង។

ប្រតិកម្ម​ចំពោះ​ការ​ចេញ​របាយការណ៍​ថ្មី​របស់​អង្គការ​ឃ្លាំ​មើល​ពិភពលោក នេះ មន្ត្រី​សាជីវកម្ម​ហិរញ្ញវត្ថុ​អន្តរជាតិ បាន​និយាយ​ឲ្យ​ដឹង​ថា គេ​នឹង​ពិនិត្យ​របាយការណ៍​ទាក់ទង​ជាមួយ​លុយ​គេ​ដែល​ផ្តល់​ឲ្យ​ដោយ​យក​ចិត្ត​ទុក​ដាក់ ហើយ​ចំពោះ​ក្រុមហ៊ុន​កៅស៊ូ​វៀតណាម វិញ បាន​ចេញ​សេចក្តី​ថ្លែងការណ៍​ផ្សាយ​នៅ​ក្នុង​កាសែត​វៀតណាម មួយ​ឈ្មោះ វៀត ស្តុក (Vietstock) កាល​ពី​ថ្ងៃ​ទី១៣ ខែ​ឧសភា ទទូច​ឲ្យ​អង្គការ​ឃ្លាំ​មើល​ពិភពលោក បង្ហាញ​ភស្តុតាង​ច្បាស់​លាស់​ពី​ការ​រក​ឃើញ​របស់​ខ្លួន ហើយ​ក្រុមហ៊ុន​នេះ​នឹង​ចូលរួម​ដោះស្រាយ​នូវ​បញ្ហា​ទាំងអស់​ដែល​កើត​មាន​មិន​ប្រក្រតី​នៅ​កម្ពុជា។

អង្គការ​ឃ្លាំ​មើល​ពិភពលោក បាន​ចំណាយ​ពេល​ជាង​មួយ​ឆ្នាំ​ស៊ើប​អង្កេត​សកម្មភាព​របស់​ក្រុមហ៊ុន ហ្វាង អាន់ យ៉ាឡាយ និង​ក្រុមហ៊ុន វៀតណាម រ៉ាប់ប៊ឺ គ្រូប ដែល​កំពុង​កាប់​រាន​ព្រៃ​ឈើ​ដើម្បី​ដាំ​ដើម​កៅស៊ូ​នៅ​ប្រទេស​កម្ពុជា និង​ឡាវ រាប់​ម៉ឺន​ហិកតារ។ អង្គការ​នេះ​បាន​សរសេរ​របាយការណ៍​យ៉ាង​លម្អិត និង​ថត​រូប​ជា​ខ្សែ​វីដេអូ បង្ហាញ​ជា​ភស្តុតាង​អំពី​សកម្មភាព​កាប់​រំលំ​ព្រៃ​ឈើ​ធំៗ​នៅ​ក្នុង​ប្រទេស​ទាំង​ពីរ។

លោក សុន ឆ័យ មន្ត្រី​ជាន់​ខ្ពស់​របស់​គណបក្ស​សង្គ្រោះ​ជាតិ មាន​ប្រសាសន៍​ថា ការ​កើន​ឡើង​ផ្ទៃដី​ដាំ​កៅស៊ូ​នៅ​កម្ពុជា អាច​កើន​ច្រើន​នោះ មាន​ចំណុច​វិជ្ជមាន និង​អវិជ្ជមាន។ ប៉ុន្តែ លោក​សម្ដែង​ការ​ព្រួយ​បារម្ភ​ថា ព្រៃ​កើត​ពី​ចម្ការ​កៅស៊ូ មិន​បាន​បម្រើ​ប្រយោជន៍​ប្រជាពលរដ្ឋ​ទូទៅ​ដូច​ព្រៃ​ធម្មជាតិ​ឡើយ។

លោក សុន ឆ័យ និយាយ​បន្ថែម​ថា ការ​កាប់​ព្រៃ​ដាំ​ដើម​កៅស៊ូ និង​ផ្តល់​ដី​សម្បទាន​ឲ្យ​អ្នក​វិនិយោគ​ដាំ​កៅស៊ូ គឺ​លើក​ទី១ គេ​កាប់​ឈើ​លក់​បាន​កម្រៃ​ម្តង​ហើយ។ លើក​ទី២ គេ​អាច​យក​ជនជាតិ​បរទេស​មក​ធ្វើ​ការ​ក្នុង​ចម្ការ​កៅស៊ូ​នោះ​ទៀត និង​ទី៣ គេ​អាច​គ្រប់គ្រង​ចម្ការ​កៅស៊ូ​នោះ​ក្នុង​រយៈពេល​យូរ​ដល់​ទៅ ៩៩​ឆ្នាំ​ទៅ​ទៀត៖ «នេះ​ជា​គ្រោះថ្នាក់​មួយ។ ទី១ យើង​បាត់បង់​ព្រៃ​ឈើ​របស់​យើង​ដែល​នៅ​សេសសល់។ ទី២ នាំ​ឲ្យ​មាន​ការ​ទាក់ទាញ​ជន​អន្តោប្រវេសន៍​បរទេស​មក​កម្ពុជា កាន់​តែ​ច្រើន​ឡើង ដែល​នាំ​ឲ្យ​មាន​គ្រោះថ្នាក់​ដល់​អធិបតីភាព​ប្រទេស​ជាតិ​យើង។ ទី៣ ហេតុ​អី​បាន​ជា​នាយក​រដ្ឋមន្ត្រី​មិន​និយាយ​អំពី​គ្រោះថ្នាក់​បណ្ដាល​មក​ពី​ការ​បំផ្លាញ​ព្រៃ​ឈើ​ដើម្បី​ដាំ​កៅស៊ូ​នេះ? »

ប្រភព​ឯកសារ​ក្រសួង​កសិកម្ម និង​វែបសាយ​មួយ​ចំនួន បាន​រៀបរាប់​ឲ្យ​ដឹង​ថា ដំណាំ​កៅស៊ូ​នាំ​ចូល​មក​ដាំ​នៅ​ក្នុង​ប្រទេស​កម្ពុជា នៅ​ឆ្នាំ​១៩២០ ដោយ​ក្រុមហ៊ុន​របស់​បារាំង។ មុន​ឆ្នាំ​១៩៧០ ប្រទេស​កម្ពុជា មាន​ផ្ទៃដី​ដាំ​កៅស៊ូ​ចំនួន ៦៧.០០០​ហិកតារ។ មក​ដល់​ឆ្នាំ​១៩៩៩ ផ្ទៃដី​ដាំ​កៅស៊ូ​បាន​ធ្លាក់​ចុះ​មក​នៅ​ត្រឹម​ជិត ៤០.០០០​ហិកតារ។ បច្ចុប្បន្ន ផ្ទៃដី​ដាំ​កៅស៊ូ​មាន​ចំនួន​ជាង ២៨​ម៉ឺន​ហិកតារ ហើយ​អាច​កើន​ឡើង​ច្រើន​ទៀត​នៅ​ពេល​ខាង​មុខ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។