ក្រុម​ល្បាត​រក​ឃើញ​អន្ទាក់​ចាប់​សត្វ​ព្រៃ​ជាង​១០០​ក្នុង​តំបន់​ព្រៃ​ការពារ​ខេត្ត​មណ្ឌលគិរី

ដោយ រដ្ឋា វិសាល
2015.05.07
កាប់​ឈើ មណ្ឌលគិរី ៦១០ ព្រៃ​ឈើ​នៅ​តំបន់​ពូលុ ឃុំ​ប៊ូស្រា ស្រុក​ពេជ្រាដា ខេត្ត​មណ្ឌលគិរី ត្រូវ​គេ​កាប់​រាន​ដើម្បី​យក​ដី​នៅ។ រូបថត​ថ្ងៃ​១៤ មិថុនា ឆ្នាំ​២០១៣
Adhoc Photo

ក្រុម​សមត្ថកិច្ច​ចម្រុះ​រួម​ជាមួយ​ប្រជាពលរដ្ឋ​សហគមន៍​មូលដ្ឋាន និង​មន្ត្រី​អង្គការ​សង្គម​ស៊ីវិល បាន​បញ្ចប់​បេសកកម្ម​ល្បាត​ព្រៃ​ការពារ​នៅ​ខេត្ត​មណ្ឌលគិរី ដោយ​ប្រើ​រយៈពេល​ជិត ១០​ថ្ងៃ។ ក្នុង​បេសកកម្ម​នេះ ក្រុម​ល្បាត​បាន​រក​ឃើញ​បទល្មើស​ប្រមាញ់​សត្វ​ព្រៃ​កើត​មាន​ច្រើន​គួរ​ឲ្យ​បារម្ភ។

យុទ្ធនាការ​ល្បាត​ព្រៃ​នេះ រៀបចំ​ឡើង​ដោយ​រដ្ឋបាល​ព្រៃ​ឈើ​ថ្នាក់​ជាតិ ដើម្បី​ពង្រឹង​សមត្ថភាព​មន្ត្រី​ព្រៃ​ឈើ និង​ការ​អនុវត្ត​ជាក់ស្តែង​ទាក់ទិន​ការ​បង្ក្រាប និង​ទប់ស្កាត់​បទល្មើស​នានា​ដែល​ធ្វើ​ឲ្យ​ប៉ះពាល់​ធនធាន​ធម្មជាតិ មាន​ព្រៃ​ឈើ សត្វ​ព្រៃ​ក្នុង​តំបន់​ព្រៃ​ការពារ​របស់​ជាតិ។

អន្ទាក់​ប្រភេទ​ខ្សែ​កាប​ជាង ១០០​អន្ទាក់ និង​ដង​អន្ទាក់​ជិត ២០០​ដង ត្រូវ​បាន​ក្រុម​ល្បាត​ព្រៃ​រក​ឃើញ​នៅ​ក្នុង​តំបន់​ព្រៃ​ការពារ​ខេត្ត​មណ្ឌលគិរី។ ក្រុម​ល្បាត​នេះ​រួម​មាន មន្ត្រី​ជំនាញ​រដ្ឋបាល​ព្រៃ​ឈើ  កង​កម្លាំង​ប្រដាប់​អាវុធ និង​មន្ត្រី​អង្គការ​សង្គម​ស៊ីវិល​ពាក់ព័ន្ធ រួម​ជាមួយ​ប្រជា​សហគមន៍​មូលដ្ឋាន​មាន​គ្នា ៧៧​នាក់ បាន​សហការ​គ្នា​ចុះ​ល្បាត​ព្រៃ​ការពារ​ខេត្ត​មណ្ឌលគិរី ចាប់​ពី​ថ្ងៃ​ទី​២៨ ដល់​ថ្ងៃ​ទី​៦ ខែ​ឧសភា ក្នុង​គោល​បំណង​បង្កើន​សមត្ថភាព​មន្ត្រី​ជំនាញ ដើម្បី​ទប់ស្កាត់​បទល្មើស​ព្រៃ​ឈើ និង​ជា​យុទ្ធសាស្ត្រ​ប្រមូល​អន្ទាក់ ឧបករណ៍​ឆក់​គ្រប់​ប្រភេទ​ក្នុង​ព្រៃ និង​ជា​ការ​លើក​ទឹក​ចិត្ត​មន្ត្រី​ជំនាញ​ដែល​កំពុង​បំពេញ​ភារកិច្ច ទប់ស្កាត់​បទល្មើស​ជាក់ស្តែង​ក្នុង​ព្រៃ​ការពារ​នៅ​ទូទាំង​ប្រទេស។

ប្រធាន​ព្រៃ​ការពារ​មណ្ឌលគិរី លោក ឡុង ប៊ុង ឲ្យ​ដឹង​នៅ​ថ្ងៃ​ទី​៧ ខែ​ឧសភា ថា អន្ទាក់​ដែល​រក​ឃើញ​ទាំងអស់​ជា​ប្រភេទ​អន្ទាក់​អាច​ប្រមាញ់​សត្វ​ព្រៃ​ពី​តូច​រហូត​ធំ​បាន។ ហេតុ​នេះ ក្រុម​ល្បាត​បាន​ដោះ​យក​អន្ទាក់​ទាំង​នោះ​មក​រក្សា​ទុក ចំណែក​ដង​អន្ទាក់​ត្រូវ​ដុត​បំផ្លាញ​ចោល​នៅ​ក្នុង​ព្រៃ។ លោក​បន្ត​ថា បទល្មើស​ព្រៃ​ឈើ​មិន​ឃើញ​មាន​អ្វី​គួរ​ឲ្យ​កត់​សម្គាល់​នោះ​ទេ ក៏ប៉ុន្តែ​សំណាក​សព​សត្វ​ព្រៃ​មាន​ដំរី និង​ទន្សោង ត្រូវ​បាន​រក​ឃើញ​បន្សល់​ចោល​ក្នុង​ព្រៃ បន្ទាប់​ពី​សត្វ​ទាំង​នោះ​ត្រូវ​បាន​គេ​បាញ់​សម្លាប់៖ «មិន​ឃើញ​មាន​បទល្មើស​ព្រៃ​ឈើ​ទេ​ខែ​នេះ វា​ភ្លៀង បញ្ហា​សំខាន់​បារម្ភ​ខ្លាំង គឺ​បទល្មើស​ដាក់​អន្ទាក់​សត្វ។ ឥឡូវ​នេះ យើង​ដាក់​កម្លាំង​ល្បាត​នៅ​តាម​ចំណុច​ទាំង​៥ របស់​យើង​ក្នុង​ព្រៃ​ហ្នឹង ប៉ុន្តែ​បញ្ហា​ប្រឈម​ទៅ​មុខ​ហ្នឹង គឺ​រដូវ​ភ្លៀង ការ​ធ្វើ​ដំណើរ​លំបាក។ អ៊ីចឹង​បាន​តែ​ដំណើរ​ថ្មើរ​ជើង​សុទ្ធ​ទេ ការ​ជិះ​ម៉ូតូ​ក្នុង​ព្រៃ​មិន​កើត​ទេ»

តំបន់​ព្រៃ​ការពារ​មណ្ឌលគិរី មាន​ផ្ទៃ​ដី​ជាង ៣៧​ម៉ឺន​ហិកតារ មាន​ព្រៃ​ល្បោះ ព្រៃ​ពាក់​កណ្ដាល​ស្រោង និង​ព្រៃ​ស្រោង ដែល​មាន​លក្ខណៈ​ដ៏​សមស្រប​បំផុត​សម្រាប់​ការ​រស់នៅ​របស់​ពពួក​សត្វ​ព្រៃ​គ្រប់​ប្រភេទ ក្នុង​នោះ​មាន​ថនិកសត្វ​ប្រមាណ ៨០​ប្រភេទ​រស់នៅ មាន​សត្វ​ស្លាប​ប្រមាណ ៣៧​ប្រភេទ និង​ឧរង្គសត្វ​ប្រមាណ ៥០​ប្រភេទ ក្នុង​នោះ​ក៏​មាន​ប្រភេទ​សត្វ​ជិត​ផុត​ពូជ​ប្រមាណ ១៨​ប្រភេទ​ផង​ដែរ។

ទាក់ទិន​លទ្ធផល​នៃ​ការ​ចុះ​ល្បាត​នេះ មន្ត្រី​ផ្នែក​អង្កេត​សមាគម​អាដហុក (adhoc) ខេត្ត​មណ្ឌលគិរី លោក អ៊ាង ម៉េងលី ចាត់​ទុក​ថា ការ​រក​ឃើញ​អន្ទាក់​ដ៏​ច្រើន​ក្នុង​ព្រៃ​នេះ ស​បញ្ជាក់​ថា បទល្មើស​ប្រមាញ់​សត្វ​ព្រៃ​ពិត​ជា​កើត​មាន​គួរ​ឲ្យ​ព្រួយ​បារម្ភ។ លោក​សង្ស័យ​ខណៈ​ក្រុម​ល្បាត​រក​មិន​ឃើញ​ទីតាំង​កាប់​បំផ្លាញ​ព្រៃ​ឈើ ដែល​កន្លង​ទៅ​នេះ​សហគមន៍​មូលដ្ឋាន​បាន​បង្ក្រាប​សកម្មភាព​កាប់​ឈើ​ជាច្រើន​ករណី​នៅ​ក្នុង​ព្រៃ​ការពារ​នេះ៖ «សហគមន៍​តំបន់​ការពារ​នៅ​ប៊ូស្រា កន្លង​ទៅ កាត់​ចាប់​បាន​ម៉ាស៊ីន​ជា​ហូរហែ ពេល​នេះ​បើ​ប្រៀបធៀប​កម្លាំង​រដ្ឋបាល​ព្រៃ​ឈើ​ដែល​ចុះ​ល្បាត អាច​មាន​ជន​ប្រព្រឹត្តិ​ដឹង​ខ្លួន​ទាន់ គឺ​ហាក់​ដូចជា​មាន​មន្ទិល​សង្ស័យ។ អ្វី​ដែល​សំខាន់ គឺ​អាជ្ញាធរ​ត្រូវ​ចាត់​វិធានការ​ផ្លូវ​ច្បាប់​ផ្ដន្ទាទោស​អ្នក​ប្រព្រឹត្តិ​ខុស»

ទោះ​ជា​យ៉ាង​នេះ​ក៏ដោយ ប្រធាន​ព្រៃ​ការពារ​មណ្ឌលគិរី លោក ឡុង ប៊ុង ថ្លែង​ថា មន្ត្រី​ព្រៃ​ឈើ ១០​នាក់ និង​ប៉ូលិស ១១​នាក់ ត្រូវ​បាន​ចាត់​ឲ្យ​អភិរក្ស​នៅ​ស្នាក់ការ​ចំនួន​៥ ក្នុង​ព្រៃ​ការពារ ដើម្បី​ទប់ស្កាត់​បទល្មើស​ជា​បន្ត ក៏ប៉ុន្តែ​លោក​ថា នៅ​រដូវ​វស្សា ការ​ធ្វើ​ដំណើរ​ល្បាត​ក្នុង​ព្រៃ​ជួប​ការ​លំបាក​ខ្លាំង និង​ជាពិសេស​ការ​ដឹក​ជញ្ជូន​ស្បៀង​សម្រាប់​ក្រុម​ល្បាត ត្រូវ​ដឹក​ជញ្ជូន​ដោយ​មធ្យោបាយ​សត្វ​ដំរី ទើប​អាច​ធ្វើ​ទៅ​បាន។

ក្រៅ​ពី​រក​ឃើញ​អន្ទាក់​ប្រមាញ់​សត្វ​ព្រៃ ក្រុម​ល្បាត​ក៏​បាន​ប្រទះ​ឃើញ​សំណាក​ក្បាល​ដំរី​ពីរ​ក្បាល ទន្សោង​ពីរ​ក្បាល ដែល​ត្រូវ​បាន​គេ​បាញ់​សម្លាប់ និង​ឃាត់​ខ្លួន​ប្រជាពលរដ្ឋ​ជា​ព្រាន​ប្រមាញ់​សត្វ​ព្រៃ ១៧​នាក់ រួម​ជាមួយ​វត្ថុ​តាង​អន្ទាក់ ២២ បន្ថែម​ទៀត នៅ​កន្លែង​ផ្សេងៗ​គ្នា​ក្នុង​តំបន់​ព្រៃ​ការពារ ក៏ប៉ុន្តែ​មន្ត្រី​ជំនាញ​បាន​តម្រូវ​ឲ្យ​ព្រាន​ប្រមាញ់​ទាំង​នោះ ធ្វើ​កិច្ចសន្យា​បញ្ឈប់​ការ​បរបាញ់ ហើយ​អប់រំ​ឲ្យ​វិល​ទៅ​លំនៅឋាន​វិញ។ ក្រៅ​ពី​នេះ ក្រុម​ល្បាត​បាន​ធ្វើ​ការ​អប់រំ​ប្រជាពលរដ្ឋ ៦​នាក់​ផ្សេង​ទៀត ដែល​បាន​ចូល​មក​កាន់​កាប់​ដី​ព្រៃ​ការពារ​ខុស​ច្បាប់៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

បញ្ចេញ​មតិយោបល់៖

បញ្ចូលមតិរបស់អ្នកដោយបំពេញទម្រង់ខាងក្រោមជាអក្សរសុទ្ធ។ មតិនឹងត្រូវសម្រេចដោយអ្នកសម្របសម្រួល និងអាចពិនិត្យកែប្រែឲ្យស្របតាម លក្ខខណ្ឌនៃការប្រើប្រាស់ របស់វិទ្យុអាស៊ីសេរី។ មតិនឹងមិនអាចមើលឃើញភ្លាមៗទេ។ វិទ្យុអាស៊ីសេរី មិនទទួលខុសត្រូវចំពោះខ្លឹមសារនៃមតិដែលបានចុះផ្សាយឡើយ។ សូមគោរពមតិរបស់អ្នកដទៃ ហើយប្រកាន់ខ្ជាប់នូវការពិត។