លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បញ្ជាអភិបាលខេត្តទាំងអស់ រួមនឹងក្រសួងសាមី ឱ្យរកវិធីដោះស្រាយជូនប្រជាពលរដ្ឋដែលកំពុងជួបបញ្ហាខ្វះទឹកប្រើប្រាស់នៅតាមមូលដ្ឋាន ដោយសារភាពរាំងស្ងួត។ ទន្ទឹមគ្នានេះ លោក ហ៊ុន សែន ក៏បង្ហាញពីក្ដីបារម្ភអំពីទឹកសមុទ្រវៀតណាម ដែលអាចនឹងហូរចូលដល់ទន្លេមេគង្គនៅកម្ពុជា បើទឹកទន្លេនៅតែបន្តរីងស្ងួត។
អ្នកធ្វើការខាងវិស័យកសិកម្ម សំដែងការព្រួយបារម្ភថា បើសិនទឹកសមុទ្រវៀតណាម ហូរចូលទន្លេមេគង្គមកកម្ពុជា មែននោះ ដំណាំកសិកម្មរបស់កសិករនឹងខូចខាតអស់។
មន្ត្រីព័ត៌មាននៃអង្គការសេដាក (CEDAC) អ្នកស្រី ស៊ីន អង្គារសាធ បានប្រាប់វិទ្យុអាស៊ីសេរី នៅថ្ងៃ ទី១១ ខែមេសា ថា បើសិនជាទឹកសមុទ្រវៀតណាម ឡើងដល់អ្នកលឿនមែននោះ វានឹងបង្កបញ្ហាដល់ប្រជាកសិករដែលរស់នៅតំបន់នោះ។
លោកស្រីបានបន្តទៀតថា ការរាំងស្ងួតក៏អាចជាកត្តាហានិភ័យ ដែលជំរុញអោយពួកគាត់ប្ដូរមុខរបរ ឬក៏ឈានដល់ការធ្វើចំណាកស្រុក៖ «ទៅលើផលដំណាំវិញ ផលដំណាំយើង គឺប្រភេទដំណាំដែលដាំដុះដោយប្រើប្រាស់ទឹកសាប។ ដល់ពេលទឹកប្រៃហ្នឹង វាមិនត្រូវលក្ខណៈនៃការលូតលាស់របស់វា អ៊ីចឹងដំណាំមួយចំនួនមិនអាចអោយកសិករហ្នឹង អាចមានការដាំដុះបានទេ អ៊ីចឹងវាអាចធ្វើអោយមានផលប៉ះពាល់ច្រើន»។
ការព្រួយបារម្ភនេះ បន្ទាប់ពីលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ថ្លែងនៅថ្ងៃ១១ ខែមេសា ក្នុងពិធីកាត់ឫសខណ្ឌសីមា នៅវត្តឥន្ទមុនី ខេត្តព្រៃវែង ថា ទឹកសមុទ្រវៀតណាម អាចហូរចូលទន្លេកម្ពុជា ប្រសិនបើកម្ពុជា នៅតែប្រឈមនឹងបញ្ហារីងស្ងួត៖ «កាលណាតែទឹកទន្លេមេគង្គរបស់យើងវាមិនខ្ពស់ អាទឹកសមុទ្រនោះវាចូល ហើយខ្ញុំករុណាខ្ញុំមានការព្រួយបារម្ភខ្លាំងណាស់ វាទឹកប្រៃអាចនឹងឡើងមកដល់អ្នកលឿងរបស់យើងក៏អាចថាបាន ពេលនោះគឺជាមហន្តរាយមួយដែលទាក់ទងនឹងការប្រែប្រួលអាកាសធាតុ»។
ក្រសួងធនធានទឹក និងឧតុនិយមបានធ្វើសេចក្ដីប្រកាសព័ត៌មានស្ដីពីការព្យាករអាកាសធាតុប្រចាំសប្ដាហ៍ ចុះថ្ងៃទី១១ ខែមេសា ឲ្យដឹងថា ចាប់ពីថ្ងៃទី១១ ដល់ថ្ងៃទី១៧ ខែមេសា សីតុណ្ហភាពនៅតំបន់វាលទំនាបតំបន់មាត់សមុទ្រ និងតំបន់ខ្ពង់រាប អាចមានចន្លោះពី ៣៤ ដល់ ៤០អង្សាសេ។
លោក ហ៊ុន សែន ក៏បានបញ្ជាអោយស្ថាប័នពាក់ព័ន្ធរកដំណោះស្រាយលើបញ្ហានេះ ដើម្បីធានាបានថា ទាំងមនុស្ស និងសត្វ គឺមានទឹកប្រើប្រាស់គ្រប់គ្រាន់៖ «អភិបាលខេត្តក៏ត្រូវពិនិត្យបញ្ហាហ្នឹងជាមួយមន្ទីរធនធានទឹក ហើយបើសិនចាំបាច់ គឺត្រូវដោះស្រាយពីក្រសួងធនធានទឹកមក។ មិនថាតែខេត្តព្រៃវែង មួយទេ គ្រប់កន្លែងទាំងអស់ ហោចណាស់ គឺអោយមានទឹកប្រើប្រាស់។ កុំអោយប្រជាពលរដ្ឋជួបការលំបាក ព្រោះតម្រូវការរបស់យើង គឺមានសម្រាប់មនុស្សផង និងសម្រាប់សត្វផង»។
រដ្ឋាភិបាលកំពុងតែជីកប្រឡាយនៅតាមបណ្ដាខេត្តមួយចំនួនក្នុងការរៀបចំប្រព័ន្ធធារាសាស្ត្រ ដើម្បីធានានូវការផ្គត់ផ្គង់ទឹកដល់ប្រជាពលរដ្ឋ នេះបើតាមការអោយដឹងពីអង្គការសេដាក ដែលធ្វើការជិតស្និទ្ធជាមួយប្រជាកសិករលើវិស័យកសិកម្មតាមមូលដ្ឋានមួយចំនួន។
អ្នកស្រី ស៊ីន អង្គារសាធ បានបន្ថែមទៀតថា អង្គការសេដាក របស់អ្នកស្រីក៏ធ្លាប់បានចុះអប់រំណែនាំប្រជាជនស្ទើរតែទូទាំងប្រទេសពីរបៀបនៃការដាំដុះ ការជ្រើសរើសពូជ ឬប្រភេទដំណាំទៅតាមភាពជាក់ស្ដែងនៃលទ្ធភាពក្នុងការផ្គត់ផ្គង់ទឹកក្នុងតំបន់នោះ។ អង្គការសេដាក បានធ្វើការលើវិស័យកសិកម្មជាមួយប្រជាកសិករខ្មែរ អស់រយៈពេលជាង ១០ឆ្នាំមកហើយ តាំងពីអង្គការនេះបានបង្កើតឡើង ហើយបញ្ហាខ្វះប្រព័ន្ធធារាសាស្ត្ររបស់កសិករនៅតែប្រឈមមកដល់ពេលនេះ រដ្ឋាភិបាលមិនទាន់ធ្វើប្រព័ន្ធធារាសាស្ត្រជូនប្រជាពលរដ្ឋបានគ្រប់គ្រាន់នៅឡើយ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖
ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។
