ខ្យល់កន្ត្រាក់មួយបានប៉ះចំកណ្ដាលក្រុងប៉ៃលិន រួមនឹងភ្លៀងកក់ខែ មួយមេយ៉ាងធំ និងបណ្ដាលឲ្យប៉ះពាល់ផ្ទះពលរដ្ឋប្រមាណ១០ខ្នង។
ស្នងការរងខេត្តប៉ៃលិន លោក អ៊ុន សេរីរ័ត្ន ថ្លែងប្រាប់វិទ្យុអាស៊ីសេរី តាមទូរស័ព្ទនៅល្ងាចថ្ងៃទី២៥ មីនា ថា ភ្លៀងបានចាប់ផ្ដើមបង្អុរយ៉ាងខ្លាំង រយៈពេលជិតមួយម៉ោងដោយចាប់ផ្តើមនៅម៉ោងប្រមាណ៣។ លោកបន្តថា នៅស្របពេលភ្លៀងធ្លាក់ ក៏មានខ្យល់កន្ត្រាក់យ៉ាងខ្លាំងផងដែរ បោកបក់មកចំផ្ទះពលរដ្ឋ និងផលដំណាំនានា ក្នុងសង្កាត់ចំនួន៣ នៃក្រុងប៉ៃលិន។
ប៉ុន្តែយ៉ាងណាក៏ដោយ ស្នងការរងខេត្តរូបនេះ នៅមិនទាន់អាចបញ្ជាក់តួលេខសរុបច្បាស់លាស់ និងទំហំផលប៉ះពាល់ផ្ទះពលរដ្ឋ ដែលរងផលប៉ះពាល់ដោយខ្យល់កន្ត្រាក់នេះទេ ដោយលោករង់ចាំដល់ព្រឹកស្អែក ដើម្បីចុះពិនិត្យស្ថានភាពជាក់ស្ដែង។
កាលថ្ងៃទី២៣ មីនា ក្រសួងធនធានទឹក និងឧតុនិយម បានអំពាវនាវដល់ពលរដ្ឋនៅតាមរាជធានី-ខេត្តមួយចំនួន រួមមាន រាជធានីភ្នំពេញ ខេត្តកណ្ដាល កំពង់ឆ្នាំង ពោធិ៍សាត់ បាត់ដំបង ប៉ៃលិន សៀមរាប កំពង់ធំ កំពង់ស្ពឺ តាកែវ កោះកុង កែប កំពត និងខេត្តព្រះសីហនុ ឲ្យប្រុងប្រយ័ត្នចំពោះបាតុភូតផ្គររន្ទះ និងខ្យល់កន្ត្រាក់ ដែលអាចនឹងកើតមាននៅថ្ងៃទី២៥ ដល់ថ្ងៃទី២៦ នៅពេលមានភ្លៀងកក់ខែ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖
ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។
