មន្ត្រីសង្គមស៊ីវិលធ្វើការពាក់ព័ន្ធបរិស្ថាន សម្ដែងក្តីបារម្ភពីគុណភាពនៃរបាយការណ៍សិក្សាវាយតម្លៃផលប៉ះពាល់បរិស្ថាន និងសង្គមរបស់ក្រុមហ៊ុន រ៉ូយ៉ាល់ គ្រុប (Royal Group) ដោយសារកន្លងទៅ ក្រុមហ៊ុនដែលស្រាវជ្រាវផលប៉ះពាល់បរិស្ថានហាក់ដូចជាលម្អៀង និងមិនឯករាជ្យ។
រាជរដ្ឋាភិបាលបានសម្រេចឲ្យក្រុមហ៊ុន រ៉ូយ៉ាល់ គ្រុប របស់លោកឧកញ៉ា គិត ម៉េង ចុះធ្វើការសិក្សាពីលទ្ធភាពនៃគម្រោងវារីអគ្គិសនី និងផលប៉ះពាល់ពីគម្រោងទំនប់វារីអគ្គិសនីនៅដងទន្លេមេគង្គ និងទន្លេសេកុង នៃខែត្រក្រចេះ និងខែត្រស្ទឹងត្រែង។
មន្ត្រីសង្គមស៊ីវិល និងអ្នកដែលធ្វើការពាក់ព័ន្ធបរិស្ថាន ចង់ឃើញរាជរដ្ឋាភិបាលអនុញ្ញាតឲ្យក្រុមហ៊ុនណាដែលធ្វើការសិក្សាស្រាវជ្រាវដោយឯករាជ្យ និងបង្ហាញពីទំហំផលប៉ះពាល់ពិតប្រាកដ ដើម្បីធានាពីអនាគតធនធានធម្មជាតិតាមដងទន្លេ។ ពួកគេបារម្ភថា ប្រសិនបើរបាយការណ៍ស្រាវជ្រាវមិនបានគិតគូរពីនិរន្តរភាពទន្លេមេគង្គនោះទេ នៅពេលដែលគម្រោងផ្ដើមអនុម័ត ផលប៉ះពាល់នឹងកើតមានច្រើន រួមមានធនធានធម្មជាតិ ជលសាស្ត្រ និងសុវត្ថិភាពស្បៀងប្រជាពលរដ្ឋរស់នៅផ្នែកខាងលើ និងផ្នែកខាងក្រោមនៃខ្សែទឹក។
អតីតមន្ត្រីសម្របសម្រួលអង្គការបណ្ដាញការពារទន្លេបី លោក មៀច មាន កត់សម្គាល់ថា លោកកម្រឃើញក្រុមហ៊ុនធ្វើការសិក្សាផលប៉ះពាល់បរិស្ថានដោយឯករាជ្យ និងបើកទូលាយឲ្យមានការពិភាក្សាពីភាគីពាក់ព័ន្ធឲ្យទូលំទូលាយ មុនផ្ដើមសាងសង់ទំនប់វារីអគ្គិសនីនោះទេ។ លោកថា បើក្រុមហ៊ុនចុះធ្វើការសិក្សាវាយតម្លៃផលប៉ះពាល់បរិស្ថានរួចហើយ រដ្ឋាភិបាលតែងតែដាក់ឲ្យដំណើរការ មិនដែលច្រានចោលរបាយការណ៍សិក្សានោះទេ បើទោះបីជាមានការជំទាស់ពីភាគីពាក់ព័ន្ធក្តី ដូចជាគម្រោងទំនប់វារីអគ្គិសនីសេសានក្រោមពីរ នៅខែត្រស្ទឹងត្រែង មានការសិក្សាវាយតម្លៃផលប៉ះពាល់បរិស្ថានដោយក្រុមហ៊ុនវៀតណាម និងវិនិយោគ ក៏ក្រុមហ៊ុនរបស់វៀតណាម ដែរ៖ « ជាទូទៅយើងឃើញថា រាល់គម្រោង ទាំងអស់ដែល ដាក់អនុម័ត ឲ្យអាជ្ញាប័ណ្ណ វាយតម្លៃ ហេតុផល ប៉ះពាល់បរិស្ថាន ឃើញថា សិក្សាហើយធ្វើ សិក្សាហើយធ្វើ មិនដែលឃើញរដ្ឋាភិបាលរុញច្រានចោលរាល់គម្រោងអភិវឌ្ឍន៍ទាំងអស់នោះទេ ។ បើ ទោះណាជា ភាគី ពាក់ ព័ន្ធ មើលឃើញថា គម្រោងអភិវឌ្ឍន៍ នោះមានសញ្ញាជាអវិជ្ជមានធំធេង យ៉ាងណាក៏ដោយ »។
លោក មៀច មាន មើលឃើញថា រាជរដ្ឋាភិបាលពុំបានអនុញ្ញាតឲ្យក្រុមហ៊ុននៅប្រទេសដែលមានការគិតគូរពីការសិក្សាស្រាវជ្រាវបរិស្ថានស្តង់ដារខ្ពស់ និងឯករាជ្យច្បាស់លាស់ ដូចជាប្រទេសមកពីអឺរ៉ុប ជាដើម គឺគេឃើញតែក្រុមហ៊ុនមកពីប្រទេសមានទំនោរទៅរកការវិនិយោគដូចជាប្រទេសចិន និងប្រទេសវៀតណាម។ លោកបញ្ជាក់ថា ក្រុមហ៊ុនដែលរដ្ឋាភិបាលអនុញ្ញាតឲ្យចុះធ្វើការវាយតម្លៃផលប៉ះពាល់បរិស្ថាន សុទ្ធតែតាំងខ្លួនថាឯករាជ្យ តែធាតុពិត ក្រុមហ៊ុនទាំងនោះច្រើនលម្អៀងទៅរកអភិវឌ្ឍទំនប់វារីអគ្គិសនី៖ « ចំពោះទីតាំងនៃ ការសិក្សា នោះ គឺគេមានរបាយការណ៍សិក្សាជាច្រើនមកហើយ រាជរដ្ឋាភិបាល ដែល បានអនុញ្ញាត ឲ្យ ធ្វើការ សិក្សាទៀតនោះ គឺសិក្សាបន្ថែមទៅលើព័ត៌មានចាស់ៗដែលគេមានមកពីមុន »។
កាលពីឆ្នាំ២០០៧ ក្រុមហ៊ុន ភី.អ៊ី.ស៊ី.ស៊ី វ័ន (PECC1) របស់វៀតណាម សហការជាមួយក្រុមហ៊ុន ខេ.ស៊ី.ស៊ី (KCC) របស់កម្ពុជា បានចុះវាយតម្លៃផលប៉ះពាល់បរិស្ថាននៅទំនប់វារីអគ្គិសនីសេសានក្រោមពីរ នៅខែត្រស្ទឹងត្រែង ហើយក្រុមហ៊ុនទាំងនោះជាក្រុមហ៊ុនសាខារបស់គម្រោងវិនិយោគទំនប់វារីអគ្គិសនីសេសានក្រោមពីរផង។ មន្ត្រីសង្គមស៊ីវិលរិះគន់ថា ការសិក្សាវាយតម្លៃផលប៉ះពាល់បរិស្ថានរបស់ក្រុមហ៊ុនទាំងនេះ ខ្វះការចូលរួមរបស់សហគមន៍រងផលប៉ះពាល់ និងភាគីពាក់ព័ន្ធ ថែមទាំងមិនបានពិភាក្សាឲ្យទូលំទូលាយ។
អ្នកនាំពាក្យសាលាខែត្រស្ទឹងត្រែង លោក ម៉ែន គុង ថ្លែងបញ្ជាក់ថា រដ្ឋបាលខែត្រស្ទឹងត្រែង បានទទួលសេចក្តីសម្រេចរបស់រដ្ឋាភិបាល និងការអនុញ្ញាតឲ្យក្រុមហ៊ុន រ៉ូយ៉ាល់ គ្រុប ធ្វើការសិក្សាពីលទ្ធភាពគម្រោងអភិវឌ្ឍន៍ទំនប់វារីអគ្គិសនី និងផលប៉ះពាល់ពីគម្រោងនេះនៅតាមដងទន្លេផ្នែកខាងលើ ក៏ប៉ុន្តែលោកពុំបានបញ្ជាក់លម្អិតពីទីតាំងដែលគេចុះមកសិក្សានោះទេ៖ « បានទទួលព័ត៌មានពីក្រសួងរ៉ែ និងថាមពល ថាមានហើយ ការអនុញ្ញាត ឲ្យចុះសិក្សា វាយតម្លៃ ផលប៉ះពាល់ ពី គម្រោងទាំងនេះ តែរដ្ឋបាលខែត្រនៅ មិនទាន់បាន ព័ត៌មានជា ផ្លូវការ នៅឡើយ ទេ »។
មន្ត្រីសង្គមស៊ីវិល សន្និដ្ឋានថា តំបន់ដែលរដ្ឋាភិបាលចុះកិច្ចព្រមព្រៀងឲ្យក្រុមហ៊ុន រ៉ូយ៉ាល់ គ្រុប វិនិយោគមាន ៣ទីតាំងផ្សេងគ្នា រួមមាន ទី១ ឋិតនៅស្រុកសំបូរ ខែត្រក្រចេះ ទី២ ឋិតនៅតំបន់រ៉ាំសា នៃស្រុកថាឡាបរិវ៉ាត់ ខែត្រស្ទឹងត្រែង និងទី៣ ឋិតនៅដងទន្លេសេកុងនៃស្រុកសៀមប៉ាង ខែត្រស្ទឹងត្រែង។ គម្រោងសាងសង់ទំនប់វារីអគ្គិសនីទាំងបីនោះមានផលប៉ះពាល់លក្ខណៈផ្សេងៗគ្នា។ ក្រៅពីនេះ ក្រោយពីទំនប់នេះស្ថាបនារួច នឹងធ្វើឲ្យមច្ឆជាតិ និងជីវចម្រុះត្រូវធ្លាក់ចុះ និងខូចខាតចរន្តទឹកប្រែប្រួលខុសប្រក្រតី ជាពិសេសបង្កការលំបាកបន្ថែមទៀតដល់ពលរដ្ឋក្នុងការជម្លៀសចេញពីភូមិកំណើត៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖
ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។
