ប្រជាសហគមន៍រស់នៅឃុំស្រែគរ ស្រុកសេសាន នៅថ្ងៃអង្គារ ទី១០ ខែធ្នូ សម្ដែងការព្រួយបារម្ភជាថ្មី ទៅនឹងគម្រោងជម្លៀសពួកគាត់ពីភូមិចេញទៅតាំងទីលំនៅថ្មី ទាក់ទិននឹងគម្រោងសាងសង់វារីអគ្គិសនីសេសានក្រោមពីរ នៅស្រុកសេសាន ខេត្តស្ទឹងត្រែង។
ការព្រួយបារម្ភនេះ កើតមានឡើងបន្ទាប់ពីក្រុមមន្ត្រីអាជ្ញាធរ បានធ្វើការសិក្សាជាថ្មី កាលពីដើមសប្ដាហ៍នេះ ពីទីតាំងដែលតម្រូវឲ្យប្រជាពលរដ្ឋទៅតាំងទីលំនៅថ្មី។
ប្រជាសហគមន៍រស់នៅភូមិស្រែគរ លោក សុទ្ធ យើន បានថ្លែងថា កន្លងទៅក្រុមអាជ្ញាធរពាក់ព័ន្ធមិនបានផ្តល់ព័ត៌មានជាក់លាក់ស្ដីពីសំណងផលប៉ះពាល់ប្រជាពលរដ្ឋនៅឡើយ។ ហេតុនេះ ប្រជាពលរដ្ឋបដិសេធមិនទទួលយកគោលការណ៍ប្ដូរទីលំនៅទៅទីតាំងផ្សេងឡើយ។ លោកអះអាងថា កន្លងទៅនេះសហគមន៍បានស្នើច្រើនលើក ឲ្យអាជ្ញាធរផ្តល់ព័ត៌មានជាក់លាក់ស្ដីពីសំណងផលប៉ះពាល់ ប៉ុន្តែមិនឃើញមានការឆ្លើយតប៖ «តម្លៃថ្លៃថ្នូរផ្ទះសម្បែងអី គ្រាន់ថា មិនទាន់សិក្សាឱ្យជាក់លាក់នៅឡើយចេញមក ស្រាប់តែដូរទីតាំងថ្មី! ខ្ញុំឆ្ងល់ណាស់?»។
កាលពីខែវិច្ឆិកា ប្រជាពលរដ្ឋ ៨០គ្រួសារ នៅភូមិស្រែគរ បានស្នើសុំឲ្យអ្នកតំណាងរាស្ត្រគណបក្សសង្គ្រោះជាតិ ទើបជាប់ឆ្នោត លោក ស៊ុន ឆ័យ ជួយជំរុញឲ្យរាជរដ្ឋាភិបាលបញ្ឈប់គម្រោងសាងសង់ទំនប់វារីអគ្គិសនីសេសានក្រោមពីរ វិញ ដែលបង្កផលប៉ះពាល់ប្រជាពលរដ្ឋធ្ងន់ធ្ងរ។
ដូចគ្នានេះដែរ មេឃុំស្រែគរ លោក សៀក មេគង្គ មានប្រសាសន៍បញ្ជាក់ថា លោកគាំទ្រសំណើពលរដ្ឋ។ ហេតុនេះ អាជ្ញាធរ ឬតំណាងក្រុមហ៊ុនគួរតែផ្តល់ព័ត៌មានជាក់លាក់ជូនប្រជាពលរដ្ឋ ដើម្បីធានាពិតប្រាកដថា សំណងប៉ះពាល់ពិតជាត្រូវបានផ្តល់ជូនប្រជាពលរដ្ឋត្រឹមត្រូវ៖ «ឃុំស្រែគរ អាលើកពីហេតុផល អាលើកពីសំណងជាក់លាក់មុនសិន តើប្រជាពលរដ្ឋព្រមទទួលយកសំណង? តើប្រជាពលរដ្ឋយល់ព្រមហើយនៅ បានយើងទៅរកទីតាំងថ្មីនោះ»។
ឆ្លើយតបបញ្ហានេះ អភិបាលរងខេត្តស្ទឹងត្រែង លោក យ៊ូ បាសិទ្ធិ សម្ដែងសុទិដ្ឋិនិយមថា ប្រជាពលរដ្ឋនឹងទទួលបានសំណងផលប៉ះពាល់ត្រឹមត្រូវ តាមគោលការណ៍សំណងដែលបានកំណត់ថា ផលប៉ះពាល់ត្រូវបានសងស្មើឬលើស។ លោកបន្តថា អាជ្ញាធរពាក់ព័ន្ធ និងក្រុមហ៊ុន នឹងធ្វើការដោះស្រាយជាក់ស្ដែងជាមួយពលរដ្ឋ ពាក់ព័ន្ធសំណងផលប៉ះពាល់នេះ៖ «ជាការបារម្ភរបស់បងប្អូន អាជ្ញាធរខេត្ត គឺថា ទទួលយក ហើយនឹងទទួលដឹង និងកំពុងតែដោះស្រាយហ្នឹងឯង គណៈកម្មការខេត្តបង្កើតឆាប់ៗហ្នឹងហើយ កំពុងព្រាងឆ្លងឯកឧត្តមអភិបាលខេត្ត ទទួលដោះស្រាយ និងចូលរួមសម្របសម្រួលរឿងហ្នឹងយ៉ាងពេញសមត្ថភាព»។
ទោះជាយ៉ាងនេះក៏ដោយ មន្ត្រីសម្របសម្រួលអង្គការទន្លេបី លោក មាច មៀន មានប្រសាសន៍បញ្ជាក់ថា បទពិសោធន៍កន្លងទៅ ប្រជាពលរដ្ឋអ្នករងផលប៉ះពាល់ស្ដីពីការវិនិយោគមួយចំនួនរបស់ក្រុមហ៊ុន មិនបានអនុវត្តត្រឹមត្រូវតាមគោលការណ៍ផ្តល់សំណងនោះឡើយ។ លោកកត់សម្គាល់ថា រដ្ឋាភិបាល និងក្រុមហ៊ុនវិនិយោគ គួរសិក្សាកាត់ផលប៉ះពាល់បន្ថែមទៀតពីគម្រោងអភិវឌ្ឍន៍ទំនប់សេសានក្រោមពីរនេះ ជាពិសេសត្រូវធ្វើឲ្យប្រាកដថា ផលប៉ះពាល់ពិតជាត្រូវបានដោះស្រាយជូនប្រជាពលរដ្ឋបានត្រឹមត្រូវ៖ «ទោះបីជាមេឃុំ ឬក៏សហគមន៍ដែលនៅក្នុងតំបន់ហ្នឹង គាត់អត់ទាន់ដឹងទទួលច្បាស់ពីគោលការណ៍សំណងស្អីច្បាស់លាស់ អ៊ីចឹងវាធ្វើឱ្យគាត់មន្ទិលតែរហូត អ៊ីចឹង! តែមិនដឹងថា នរណាទទួលខុសត្រូវនូវការដោះស្រាយច្បាស់លាស់?»។
តាមការគ្រោងទុក នៅថ្ងៃទី១២ ខែធ្នូ តំណាងសហគមន៍អ្នករងផលប៉ះពាល់ស្ដីពីគម្រោងសាងសង់ទំនប់សេសានក្រោមពីរ នឹងនាំយកញត្តិដាក់ជូនមន្ត្រីស្ថានទូតចិន ប្រចាំកម្ពុជា សុំឲ្យជួយអន្តរាគមន៍ដកក្រុមហ៊ុនចិន វិនិយោគទំនប់សេសានក្រោមពីរ និងបញ្ឈប់គម្រោងសាងសង់ទំនប់ស្រែពក៣ និងសេសានក្រោមបី នៅខេត្តរតនគិរី និងសុំជួបផ្ទាល់ជាមួយមន្ត្រីស្ថានទូតចិន ដើម្បីបញ្ជាក់ពីមូលហេតុនៃសំណើសុំរបស់សហគមន៍៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖
ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។
