ពលរដ្ឋ​នៅ​កំពង់ស្ពឺ​ចោទ​កម្លាំង​ចម្រុះ​ដែល​ដាក់​ពង្រាយ​ក្នុង​ព្រៃ​ថា​ការពារ​ឈ្មួញ​ឈើ

0:00 / 0:00

ក្នុង​ពេល​កន្លង​ទៅ រដ្ឋាភិបាល​បាន​ប្រកាស​ដាច់​ខាត​ថា ត្រូវ​ទប់ស្កាត់​បទល្មើស​ព្រៃ​ឈើ ជាពិសេស​ប្រឆាំង​រាល់​កុងត្រូល​ជជុះ​ដែល​នាំ​ឲ្យ​រំខាន​ដល់​ការ​ប្រកប​ការងារ​របស់​ប្រជាពលរដ្ឋ។ ទោះ​បី​រដ្ឋាភិបាល​បាន​ចេញ​បម្រាម ប្រឆាំង​ការ​ដាក់​កុងត្រូល​ជជុះ​ដូច​នេះ​ក្ដី ប៉ុន្តែ​កុងត្រូល​ជជុះ​នៅ​តែ​ត្រូវ​បាន​ដាក់​យ៉ាង​ព្រោងព្រាត​នៅ​ឡើយ។

លោក ម៉ម មុនីរតន៍ ដែល​បាន​ចុះ​ទៅ​ដល់​ទីតាំង​នៃ​ការ​ដាក់​ពង្រាយ​កង​កម្លាំង​ចម្រុះ​ក្នុង​ព្រៃ មាន​សេចក្ដី​រាយការណ៍​អំពី​ស្ថានភាព​ដែល​ប្រជាពលរដ្ឋ​ក្នុង​តំបន់​អះអាង​ថា ជា​កម្លាំង​ដែល​ត្រូវ​បាន​គេ​ដាក់​ដើម្បី​ការពារ​ឲ្យ​ឈ្មួញ​រក​ស៊ី​ឈើ​ដូច​ត​ទៅ៖

សំឡេង​ពលរដ្ឋ៖ «ប្រជាពលរដ្ឋ​នៅ​ទីនេះ គ្រាន់​បាន​រក​បាន​តក់ៗ​ចិញ្ចឹម​គ្រួសារ ដល់​ពេល​នេះ​គេ​ចូល​មក​ច្រើន​មាន​អី​គេ។ បើ​បី​បួន​ប្រាំ​ប្រាំពីរ​ប្រាំបី​ស្ថាប័ន​ហើយ មក​នៅ​ចាំ​កាក់​យក​លុយ​ហ្នឹង»

បុរស​ដែល​មាន​វ័យ​ជិត ៤០​ឆ្នាំ និយាយ​បណ្ដើរ ហើយ​យក​ដៃ​ចង្អុល​ជួរ​ភ្នំ​ដែល​ជា​ទីតាំង​ប្រជាពលរដ្ឋ​តែង​ឡើង​ប្រមូល​អនុផល​បណ្ដើរ ឲ្យ​ដឹង​ថា ឥឡូវ​នេះ​ប្រជាពលរដ្ឋ​នៅ​ក្នុង​ឃុំ​ចំបក់ ពិត​ជា​មិន​អាច​ចូល​ព្រៃ ដើម្បី​ប្រមូល​អនុផល​ដោយ​ស្រួល​បាន​ដូច​មុន​ទៀត​ឡើយ ចាប់​តាំង​ពី​កម្លាំង​ចម្រុះ​ដាក់​ប៉ុស្តិ៍​ប្រមូល​លុយ​ពី​អ្នក​ភូមិ ក្រោម​ហេតុផល​បង្ក្រាប​បទល្មើស​ព្រៃ​ឈើ​រួច​មក។

ពលរដ្ឋ​ម្នាក់​រស់នៅ​ភូមិ​ក្រាំងចេក ឃុំ​ចំបក់ ស្រុក​ភ្នំស្រួច ខេត្ត​កំពង់ស្ពឺ លោក ឯក ងួន ឲ្យ​ដឹង​ថា សព្វថ្ងៃ​នេះ កម្លាំង​ចម្រុះ​ត្រូវ​គេ​ដាក់​ពង្រាយ​ជាច្រើន​ទីតាំង​នៅ​ក្នុង​ព្រៃ ស្ថិត​នៅ​ផ្នែក​ខាង​លើ​នៃ​ជួរ​ភ្នំ ដែល​មាន​ចម្ងាយ​ពី​ផ្ទះ​របស់​អ្នក​ភូមិ​ប្រហែល​ពី ៨ ទៅ ១០​គីឡូម៉ែត្រ។ លោក​ឲ្យ​ដឹង​ទៀត​ថា នៅ​ពេល​ពួក​គាត់​ដឹក​ឧស ឬ​បង្គោល​របង​ឆ្លង​កាត់​ប៉ុស្តិ៍​ត្រួត​ពិនិត្យ​នីមួយៗ ត្រូវ​បង់​ក្នុង​តម្លៃ​មួយ​ដ៏​ខ្ពស់៖ «បរិស្ថាន​ក៏​មិន​ដែល​រស់នៅ​ហ្នឹង​ដែរ។ ឥឡូវ​ស្រាប់​តែ​ទៅ​ហ្នឹង​យក​លុយ​គេ​ដែរ។ ចាំ​កាក់​យក​លុយ​អ៊ីចឹង​ដែរ ហើយ​ប្រជាពលរដ្ឋ​នៅ​ទីនេះ​រក​អី​បាន​ច្រើន។ វា​នៅ​ខាង​លើ​ហ្នឹង​វា​ដាក់​នៅ​ចាំ​នេះ​ហ្នឹង។ វា​នាំ​ផ្លូវៗ​ណា ក៏​ប្រជាពលរដ្ឋ​លែង​គេច​រួច​ដែរ។ បើ​វា​វាស់​គីប​មួយ​រទេះ ហាសិប​រៀល ហើយ​បើ​អា​ទាន​នៅ​លើ​ហ្នឹង វា​វាស់​គីប​មួយ​គីប ៣៥០​ដុល្លារ ហើយ​មួយ​រទេះ​វា​យក​ក្នុង ៦០​ម៉ឺន​រៀល ហើយ​ប្រជាពលរដ្ឋ​ដឹក​មួយ​ដុំ​ពីរ​ដុំ​ហ្នឹង​វា​បាន​ប៉ុន្មាន?»

នៅ​ពេល​នេះ កម្លាំង​ត្រូវ​បាន​គេ​ដាក់​សម្រាប់​ប្រមូល​លុយ​នៅ​តាម​គោលដៅ​ខុសៗ​គ្នា ក្រៅ​ពី​មន្ត្រី​បរិស្ថាន​នៃ​ឧទ្យាន​ជាតិ​គិរីរម្យ ក៏​នៅ​មាន​យោធា​នៃ​យុទ្ធ​ភូមិភាគ​៣ ប៉ូលិស​សេដ្ឋកិច្ច​ខេត្ត​កោះកុង និង​កង​រាជ​អាវុធហត្ថ​ខេត្ត​កំពង់ស្ពឺ ថែម​ទៀត​ផង។ មុន​នឹង​ទៅ​ដល់​គោលដៅ​ដែល​ប្រជាពលរដ្ឋ​អះអាង​ថា ជា​ប្រភេទ​កុងត្រូល​ជជុះ​នោះ គឺ​គេ​ត្រូវ​ធ្វើ​ដំណើរ​ឆ្លង​កាត់​ផ្លូវ​ដែល​មាន​ភក់​ជ្រាំ ដុំ​ថ្ម​រដូករណែល ហើយ​មាន​អូរ​ធម្មជាតិ​កាត់​ដោយ​អន្លើ​នៅ​តាម​ជ្រលង​ភ្នំ​ទៀត​ផង។ នៅ​ទីនោះ​ហើយ ដែល​កុងត្រូល​ជជុះ​ត្រូវ​គេ​ដាក់​ពង្រាយ​ដូច​ខ្យង សម្រាប់​ប្រមូល​លុយ​ពី​អ្នក​ភូមិ​ដែល​មាន​មុខ​របរ​ចូល​ក្នុង​ព្រៃ៖ «បើ​បរិស្ថាន​ផង ប៉េអិម​ផង ទាហាន​ផង យើង​មាន​លុយ​ណា​បង់​ឲ្យ​វា។ មាន​តែ​យើង​ងាប់។ អ៊ីចឹង​បាន​ថា បើ​មិន​នេះ​ទេ សម្លាប់​ប្រជាពលរដ្ឋ​ចោល​ឲ្យ​អស់​ហ្មង​ទៅ​អ្ហី។ បាញ់​ចោល​ហ្មង​ទៅ បើ​មក​គាប​សង្កត់​អ៊ីចឹង​នោះ។ ទាហាន​ត្រូវ​នៅ​ក្នុង​បន្ទាយ ប៉េអិម​ត្រូវ​នៅ​ក្នុង​ទីក្រុង។ ហេតុ​អី​ត្រូវ​មក​ជំរិត​ប្រជាពលរដ្ឋ​តាម​ព្រៃ​តាម​សៃ»

បើ​ទោះ​ជា​ក្រុម​សមត្ថកិច្ច​ទាំង​នោះ​បាន​អះអាង​ថា មូលហេតុ​ដែល​ពួក​គេ​ត្រូវ​ដាក់​ឲ្យ​ឈរ​ជើង​នៅ​ទីនោះ ដើម្បី​ចុះ​បង្ក្រាប​បទល្មើស​ព្រៃ​ឈើ​ខុស​ច្បាប់​ក៏ដោយ ក៏​អ្នក​ភូមិ​និយាយ​ថា ការ​ពិត គឺ​ជា​ក្រុម​ដែល​ប្រព្រឹត្ត​បទល្មើស​ព្រៃ​ឈើ ហើយ​យក​លេស​ក្រោម​ស្លាក​បង្ក្រាប​បទល្មើស​ព្រៃ​ឈើ​ដ៏​សកម្ម​ទៅ​វិញ។

បច្ចុប្បន្ន ប្រជាពលរដ្ឋ​នៅ​ក្នុង​ឃុំ​ចំបក់ និង​ពលរដ្ឋ​មក​ពី​ខាង​ក្រៅ គឺ​ពឹង​ផ្អែក​ទាំង​ស្រុង​ពី​អនុផល​ព្រៃ​ឈើ​នៅ​ទីនោះ។ ស្រប​ពេល​ឆ្នាំ​នេះ ស្រូវ​រដូវ​វស្សា​ត្រូវ​ជួប​គ្រោះ​រាំង​ស្ងួត សន្ទូង​ត្រូវ​ងាប់ និង​មួយ​ផ្នែក​ទៀត​ក្រៀម​ស្វិត​ផង​នោះ បាន​បង្ខំ​ចិត្ត​ឲ្យ​ពួក​គេ​ត្រូវ​សម្រុក​ចូល​ទៅ​ព្រៃ ដើម្បី​ដង​ជ័រ​បោច​វល្លិ និង​កាប់​ឈើ​បែប​ជា​លក្ខណៈ​គ្រួសារ ដោយ​ប្រើប្រាស់​មធ្យោបាយ​ដឹក​រទេះ​គោ ដើម្បី​ដោះស្រាយ​ជីវភាព​រស់នៅ​ប្រចាំ​ថ្ងៃ៖ «មិន​ដឹង​ជា​ពី​ណា​ទេ បើ​ឃើញ​បាំង​ក្ដារ​បាំង​អី​នៅ​ហ្នឹង។ មើល​ទាហាន ប៉េអិម ទាហាន​ប៉េអិម​ហ្មង នៅ​កន្លែង​ផ្ទះ​អាណូក​ថ្ងៃ​មុន។ បរិស្ថាន​អី​គគុក​ក្ដី មេ​ព្រៃ​អី​គគុក​ក្ដី»

ពាក់ព័ន្ធ​រឿង​នេះ មេ​ឃុំ​ចំបក់ មក​ពី​គណបក្ស​ប្រជាជន​កម្ពុជា លោក ជ័យ ហ៊ីម ទទួល​ស្គាល់​ថា ពេល​ខ្លះ ប្រជាពលរដ្ឋ​បាន​អនុវត្ត​លើស​គោលការណ៍​ដែល​ច្បាប់​បាន​កំណត់​ពិត​មែន។ ក៏ប៉ុន្តែ លោក​ថ្លែង​ថា ដោយសារ​ពួក​គាត់​ពុំ​មាន​ជម្រើស ហេតុ​នេះ​ត្រូវ​បង្ខំ​ចិត្ត​ចូល​ព្រៃ ដើម្បី​ប្រមូល​អនុផល​ព្រៃ​ឈើ​ដោះស្រាយ​ជីវភាព​ប្រចាំ​ថ្ងៃ។ ម្យ៉ាង​វិញ​ទៀត មុខ​របរ​ចូល​ព្រៃ​របស់​អ្នក​រស់នៅ​ព្រៃ​ភ្នំ​នេះ គឺ​មាន​ប្រវត្តិ​រាប់​ពាន់​ឆ្នាំ​មក​ហើយ ដែល​វា​ពុំ​មែន​ជា​រឿង​ថ្មី​នោះ​ទេ៖ «មូលដ្ឋាន​ខ្ញុំ​ទោះ​បី​គាត់​ប្រព្រឹត្ត​បទល្មើស​ខុស​ច្បាប់​មែន ក៏ប៉ុន្តែ​យោង​ទៅ​តាម​តំបន់​ដែល​នៅ​ជាប់​នឹង​ព្រៃ​ភ្នំ។ គាត់​តែង​តែ​ប៉ះពាល់​តិចតួច ហើយ​ខាង​ស្រុក​ខេត្ត ក៏ដូចជា​ឃុំ មិន​អនុញ្ញាត​ឲ្យ​គាត់​ប្រព្រឹត្ត​ទេ ប៉ុន្តែ​សូម​ឲ្យ​សមត្ថកិច្ច​ឲ្យ​យុត្តិធម៌»

លោក​ថ្លែង​បន្ត​ថា អ្វី​ដែល​ចម្លែក​នៅ​ពេល​នេះ គឺ​ថា កម្លាំង​ចម្រុះ​ត្រូវ​គេ​ដាក់​ពង្រាយ​ក្នុង​ព្រៃ​ភ្នំ​ជាច្រើន​កន្លែង​ទៅ​វិញ ដើម្បី​ចាំ​យក​លុយ​ពី​អ្នក​ភូមិ។ ដោយ​ឡែក​របាយការណ៍​ដែល​វិទ្យុ​អាស៊ីសេរី ទទួល​បាន ឲ្យ​ដឹង​ថា កម្លាំង​ប្រដាប់​ដោយ​អាវុធ​គ្រប់​ដៃ ត្រូវ​គេ​បញ្ជូន​ចេញ​ពី​អង្គភាព​ខុសៗ​គ្នា។ ក្នុង​នោះ មក​ពី​កងទ័ព​ជើង​គោក​នៃ​យុទ្ធ​ភូមិភាគ​ទី​៣ ដឹក​នាំ​កម្លាំង​ដោយ​ឈ្មោះ ម៊ូ ម៊ូ និង​ឈ្មោះ ហ៊ឹង ម៉េងលី។ ក្រៅ​ពី​នេះ នៅ​មាន​ប៉ូលិស​សេដ្ឋកិច្ច​មក​ពី​ខេត្ត​កោះកុង។ អ្នក​ដឹក​នាំ​កម្លាំង​នៃ​ប៉ូលិស​សេដ្ឋកិច្ច​នេះ គឺ​ឈ្មោះ វ៉ាង វិចិត្រ ដែល​ត្រូវ​ជា​កូន​របស់​ឈ្មោះ ជរ វ៉ាងលី នាយ​ខណ្ឌ​រដ្ឋបាល​ព្រៃ​ឈើ ខេត្ត​កោះកុង។

លើស​ពី​នេះ​ទៀត ក៏​មាន​កម្លាំង​កង​រាជ​អាវុធហត្ថ​ស្រុក​ភ្នំស្រួច ខេត្ត​កំពង់ស្ពឺ ដែល​ដឹក​នាំ​កម្លាំង​ដោយ​ឈ្មោះ យស ឌីណា។ ទន្ទឹម​នឹង​នេះ នៅ​មាន​មន្ត្រី​បរិស្ថាន​នៃ​ឧទ្យាន​ជាតិ​គិរីរម្យ ៣​នាក់​ថែម​ទៀត ក្រោម​បញ្ជា​របស់​ប្រធាន​មន្ទីរ​បរិស្ថាន​ខេត្ត​កំពង់ស្ពឺ គឺ​លោក ហេង គួន។ លិខិត​បន្ត​ថា ក្រៅ​ពី​មាន​កម្លាំង​ទាំង​នោះ​ហើយ នៅ​មាន​កម្លាំង​មក​ពី​អង្គភាព​ដឺបេ​នៃ​កង​យោធភូមិភាគ​ទី​៣ ដឹក​នាំ​កម្លាំង​ដោយ​ឈ្មោះ ធឹង។

អាជ្ញាធរ​ក្នុង​តំបន់​អះអាង​ថា កម្លាំង​ចម្រុះ​ទាំង​នេះ គឺ​ត្រូវ​បាន​គេ​ជួល​ដើម្បី​ការពារ​ឲ្យ​ឈ្មួញ​រក​ស៊ី​ឈើ ហើយ​ឈើ​ដែល​ប្រមូល​បាន​មួយ​ផ្នែក​ពី​ស្រុក​ឱរ៉ាល់ ខេត្ត​កោះកុង និង​ខេត្ត​កំពង់ស្ពឺ ហើយ​ត្រូវ​ដឹក​ចេញ​ទៅ​តាម​ច្រក​នៃ​ស្រុក​ឱរ៉ាល់។ ចំណែក​តម្លៃ​ដែល​ត្រូវ​គេ​ជួល​ក្នុង​កម្លាំង​ម្នាក់ សម្រាប់​ថ្លៃ​ម្ហូប​ក្នុង​មួយ​ថ្ងៃ​វិញ គឺ ១​ម៉ឺន​រៀល ក្រៅ​ពី​នេះ នៅ​មាន​ប្រាក់​ខែ ១០០​ដុល្លារ​បន្ថែម​ទៀត។

ជា​ញឹកញយ លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន តែង​ព្រមាន​ដល់​មន្ត្រី​ក្រោម​បង្គាប់​របស់​ខ្លួន ប្រឆាំង​ការ​ទារ​លុយ​តាម​ផ្លូវ ក្រោម​រូបភាព​បង្កើត​កុងត្រូល​ជជុះ​នេះ​ដែរ ក៏ប៉ុន្តែ​យូរៗ​គេ​សង្កេត​ឃើញ​រូបភាព​បែប​នេះ កើត​ឡើង​ជា​ថ្មី​វិញ។

លិខិត​បេសកកម្ម​មួយ​ចំនួន​ដែល​វិទ្យុ​អាស៊ីសេរី ទទួល​បាន ចុះ​ថ្ងៃ​ទី​៨ ខែ​តុលា របស់​អគ្គស្នងការ​រង និង​ជា​ប្រធាន​នាយកដ្ឋាន​កណ្ដាល​នគរបាល​យុត្តិធម៌ នៃ​នាយកដ្ឋាន​នគរបាល​ប្រឆាំង​បទល្មើស​សេដ្ឋកិច្ច​នៃ​ក្រសួង​មហាផ្ទៃ ឧត្ដមសេនីយ៍ឯក ជា សុមេធី ឲ្យ​ដឹង​ថា នាយកដ្ឋាន​នគរបាល​ប្រឆាំង​បទល្មើស​សេដ្ឋកិច្ច អនុញ្ញាត​ឲ្យ​លោក​វរសេនីយ៍ទោ ម៉ៅ ច័ន្ទវិជ្ជា ឋានៈ​នាយ​រង​ការិយាល័យ ដឹក​នាំ​កម្លាំង ៣​នាក់ ក្នុង​នោះ​មាន​វរសេនីយ៍ត្រី យ៉ត ឈាន អនុសេនីយ៍ទោ វ៉ាង វិចិត្រ កូន​ប្រុស​របស់ លោក ជរ វ៉ាងលី និង​អនុសេនីយ៍ត្រី រស់ កុសល។ លិខិត​អនុញ្ញាត​នេះ ដើម្បី​ចុះ​ណែនាំ​ការងារ​ជំនាញ​ស៊ើប​អង្កេត និង​ស្រាវជ្រាវ​សម្ងាត់​បទល្មើស​សេដ្ឋកិច្ច​នៅ​ខេត្ត​កោះកុង។

ដោយ​ឡែក​របាយការណ៍​ពី​កងទ័ព​ជើង​គោក​នៃ​យោធភូមិ​ទី​៣​ឯណេះ​វិញ ចុះ​ថ្ងៃ​ទី​៥ ខែ​កក្កដា ឲ្យ​ដឹង​ដែរ​ថា កម្លាំង​ចំនួន ១១​នាក់ ត្រូវ​បាន​បញ្ជូន​ទៅ​ជាមួយ​ដែរ ដោយ​មាន​អាវុធ​គ្រប់​ដៃ។ បន្ថែម​លើ​បញ្ជី​រាយ​នាម​នៃ​កង​កម្លាំង​ប្រដាប់​អាវុធ​ទាំង​នេះ មេ​បញ្ជាការ​យោធភូមិភាគ​ទី​៣ លោក យឿង សុខុន ក៏​បាន​ចេញ​លិខិត​បេសកកម្ម​បន្ថែម​ពី​លើ​នេះ​ទៀត ដើម្បី​សម្រួល​កិច្ចការ​ក្នុង​ភូមិសាស្ត្រ​យោធភូមិភាគ ដើម្បី​ស្រាវជ្រាវ​បទល្មើស​នានា។

បើ​ទោះ​ជា​បែប​ណា ទាំង​អាជ្ញាធរ​ក្នុង​តំបន់ និង​ប្រជាពលរដ្ឋ​អះអាង​ថា ការ​ពិត​កម្លាំង​ចម្រុះ​ដែល​ដាក់​នៅ​ពេល​នេះ គឺ​ជា​ក្រុម​ដែល​ការពារ​ផល​ប្រយោជន៍​ឲ្យ​ឈ្មួញ និង​រក​ស៊ី​ដោយ​ផ្ទាល់​ដៃ​ទៅ​វិញ​ទេ។

តំណាង​ឲ្យ លោក ជរ វ៉ាងលី នាយ​ខណ្ឌ​រដ្ឋបាល​ព្រៃ​ឈើ​ខេត្ត​កោះកុង និង​ជា​អ្នក​ចាត់​ចែង​ទូទៅ គឺ​លោក ហ៊ឹង ម៉េងលី បដិសេធ​ថា កម្លាំង​យោធា​រដ្ឋាភិបាល និង​មេ​ព្រៃ មិន​បាន​ដាក់​កម្លាំង​ដើម្បី​ចាប់​យក​លុយ ឬ​រក​ស៊ី​ឈើ​នោះ​ទេ។ ផ្ទុយ​ទៅ​វិញ កម្លាំង​ដែល​ដាក់​នោះ គឺ​ដើម្បី​ចុះ​បង្ក្រាប​បទល្មើស​ព្រៃ​ឈើ​ប៉ុណ្ណោះ៖ «អា​ហ្នឹង​កម្លាំង​ដាក់​ដើរ​ល្បាត​កាប់​បទល្មើស​ព្រៃ​ឈើ​ព្រៃ​អី​ហ្នឹង​ណា​បង ជួប​ចាប់ៗ ឥត​ទេ​បង អូរៗ​ឥត​ទេ​បង សូម្បី​តែ​ប្រាំ​ពាន់ ឬ​មួយ​ម៉ឺន ក៏​ឥត​ប៉ះពាល់​ដែរ»

ដោយ​ឡែក ប្រធាន​មន្ទីរ​បរិស្ថាន​ខេត្ត​កំពង់ស្ពឺ គឺ​លោក ហេង គួន និយាយ​ថា ជំនាញ​របស់​លោក​មិន​បាន​ប្រព្រឹត្ត​បទល្មើស​ដូច​ការ​រក​ឃើញ​ឡើយ ហើយ​ថែម​ទាំង​មិន​បាន​ស្ថិត​នៅ​ក្រោម​បង្គាប់​របស់​រដ្ឋបាល​ព្រៃ​ឈើ​ខេត្ត​កោះកុង ក្រោម​រូបភាព​ជួល​ថែម​ទៀត​ផង៖ «ខ្ញុំ​បាន​និយាយ​ប្រាប់​ហើយ​ថា កុំ​ច្រឡំ​ថា​ខ្ញុំ​កុងត្រូល ខ្ញុំ​កុងត្រូល​ជជុះ។ មិន​មែន​ទេ ខ្ញុំ​ស្នាក់​ការ​រង​ដែល​ស្រប​ច្បាប់ មាន​លិខិត​បទដ្ឋាន​អី​ត្រឹមត្រូវ​ច្បាស់​លាស់»

ប្រជាពលរដ្ឋ​និយាយ​ថា បើ​កម្លាំង​ចម្រុះ​នៅ​តែ​បន្ត​ដាក់​ពង្រាយ​ដូច​នៅ​ពេល​នេះ នោះ​ការ​ប្រកប​ការងារ​នៅ​ក្នុង​សហគមន៍​ឃុំ​ចំបក់ នឹង​រង​ផល​ប៉ះពាល់​ជីវភាព ដោយសារ​ពួក​គេ​ពឹង​ផ្អែក​ទាំង​ស្រុង​ពី​អនុផល​ព្រៃ​ឈើ ដើម្បី​ដោះស្រាយ​ការ​រស់នៅ​ប្រចាំ​ថ្ងៃ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖

ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។