ពលរដ្ឋ​ខែត្រ​ស្ទឹងត្រែង​បារម្ភ​រឿង​វៀតណាម​នេសាទ​ខុស​ច្បាប់​នៅ​រដូវ​ត្រី​ច្រាល​ឡើង

ដោយ ម៉ែន សុធីរ
2017.05.08
នេសាទ​ត្រី ស្ទឹងត្រែង ២០១៧ ១៤៤០ ប្រជា​នេសាទ​នៅ​ខែត្រ​ស្ទឹងត្រែង កំពុង​នេសាទ​ត្រី​នៅ​ទន្លេ​មេគង្គ ក្បែរ​ស្ពាន​មេគង្គ នៅ​ព្រឹក​ថ្ងៃ​ទី​៨ ខែ​ឧសភា ឆ្នាំ​២០១៧។
Photo: RFA

ប្រជា​នេសាទ​ខែត្រ​ស្ទឹងត្រែង សម្ដែង​ក្តី​ព្រួយ​បារម្ភ​ពី​ជោគវាសនា​ត្រី​កម្រ​ក្នុង​តំបន់ នឹង​រង​ហានិភ័យ​ខ្ពស់ ខណៈ​ទិន្នផល​ត្រី​ដែល​អ្នក​នេសាទ​ចាប់​បាន​នៅ​ឆ្នាំ​នេះ​បាន​ថយ​ចុះ​ជាង​ឆ្នាំ​មុន។ ពួក​គេ​អះអាង​ថា ជនជាតិ​វៀតណាម និង​ជនជាតិ​ចាម កំពុង​នេសាទ​នៅ​រដូវ​បិទ​នេសាទ ដោយ​ប្រើ​មង​ក្រឡា​ធំ​ច្រើន​ស្អេកស្កះ​នៅ​ក្បាល​កោះ​ស្រឡាយ និង​នៅ​តំបន់​ផ្សេង​ទៀត អាច​ប៉ះពាល់​ដល់​ដំណើរ​ត្រី​មេ​ពូជ​ច្រាល​ឡើង​ឆ្នាំ​នេះ។

ប្រជា​នេសាទ​នៅ​ខែត្រ​ស្ទឹងត្រែង អំពាវនាវ​ឲ្យ​ក្រសួង​កសិកម្ម និង​ស្ថាប័ន​ពាក់ព័ន្ធ ពង្រឹង​ប្រសិទ្ធភាព​ទប់ស្កាត់​បទល្មើស​នេសាទ និង​អនុវត្ត​ច្បាប់​ឲ្យ​បាន​ពេញលេញ​នៅ​រដូវ​ត្រី​ពង​កូន ដើម្បី​ធានា​និរន្តរភាព​ត្រី​ទន្លេ​មេគង្គ​ដែល​កំពុង​រង​ការ​គំរាម​កំហែង​គ្រប់​ទម្រង់។

ការ​អំពាវនាវ​នេះ ធ្វើ​ឡើង​នៅ​ថ្ងៃ​ទី​៨ ឧសភា ក្រោយ​ពី​ជនជាតិ​វៀតណាម និង​ជនជាតិ​ចាម បាន​នេសាទ​ប្រើ​មង​ក្រឡា​ធំ និង​មាន​ប្រវែង​រាប់​រយ​ម៉ែត្រ​ជម្រៅ​ជាង ១០​ម៉ែត្រ អាច​មាន​លទ្ធភាព​ចាប់​ត្រី​មេ​ពូជ​ធំៗ​នៅ​តាម​ដង​ទន្លេ​មេគង្គ។

អ្នក​នេសាទ​រស់នៅ​ក្រុង​ស្ទឹងត្រែង លោក គង់ ម៉េងហៃ កត់​សម្គាល់​ថា អ្នក​នេសាទ​ខ្មែរ​ភាគច្រើន​ប្រើ​មង​ក្រឡា​តូច អាច​ចាប់​ត្រី​បាន​តូចៗ ដូចជា​ត្រី​ឆ្ពិន និង​ត្រី​រៀល ជាដើម ហើយ​ត្រី​ប្រភេទ​នេះ​មាន​តម្លៃ​ទាប​នៅ​លើ​ទីផ្សារ។ លោក​ថា អំឡុង​ត្រី​ច្រាល​ឡើង​រយៈពេល ៥​ថ្ងៃ​កន្លង​ទៅ លោក​នេសាទ​បាន​ត្រី​ក្នុង​មួយ​ថ្ងៃ​ចាប់​ពី ១០​គីឡូក្រាម​ដល់ ១៥​គីឡូក្រាម អាច​រក​ប្រាក់​ចំណូល​បាន​មួយ​ថ្ងៃ​គិត​ជា​មធ្យម​ប្រហែល ១០​ម៉ឺន​រៀល។

លោក​អះអាង​ថា ជនជាតិ​វៀតណាម និង​ជនជាតិ​ចាម នេសាទ​ប្រើ​មង​ក្រឡា​ធំ​នៅ​រដូវ​បិទ​នេសាទ​នេះ បណ្ដាល​ឲ្យ​ប៉ះពាល់​ដល់​ការ​បង្ក​កំណើត​របស់​ត្រី​កម្រ​ក្នុង​តំបន់ ខណៈ​មង​ដែល​ពួក​គេ​នេសាទ​នោះ អាច​ចាប់​ត្រី​ធំៗ​បាន​ច្រើន ដូចជា​ត្រី​ត្រសក់ ត្រី​ក្អែក ត្រី​ប៉ាវ៉ា ត្រី​ប៉ាសេអ៊ី និង​ត្រី​គល់រាំង ជាដើម។ បញ្ហា​នេះ លោក​ចង់​ឲ្យ​ស្ថាប័ន​ពាក់ព័ន្ធ​ពង្រឹង​ការ​អនុវត្ត​ច្បាប់​ឲ្យ​បាន​ពេញលេញ និង​ផ្សព្វផ្សាយ​ពី​ច្បាប់​ជលផល​ឲ្យ​បាន​ទូលំទូលាយ៖ «មង​ជនជាតិ​វៀតណាម បើ​ធៀប​ជាមួយ​មង​ខ្មែរ គឺ​មង​គេ​ចាប់​តែ​ត្រី​ធំ គឺ​គេ​អត់​យក​ទេ​ត្រី​តូច ហើយ​ត្រី​ប្រភេទ​ដែល​គេ​បាន ដូច​ត្រី​ត្រសក់ ត្រី​ក្របី និង​ត្រី​គល់រាំង អី​ហ្នឹង អាច​ឈាន​ដល់​ចាប់​ពី ១០​គីឡូ​ឡើង​ទៅ​លើ។ មាន​ការ​ព្រួយ​បារម្ភ តែ​ពុំ​ដឹង​ធ្វើ​ម៉េច?»

អ្នក​នេសាទ​ម្នាក់​ទៀត​រស់នៅ​ឃុំ​ព្រះបាទ ក្រុង​ស្ទឹងត្រែង លោក មាស ចាន់សុផា សម្ដែង​ក្ដី​កង្វល់​ពី​សន្តិសុខ​ស្បៀង​ដែល​មាន​ក្នុង​តំបន់ និង​ជួយ​ទ្រទ្រង់​ជីវភាព​ពលរដ្ឋ​តាម​ដង​ទន្លេ​តាំង​ពី​ដើម​មក ប្រឈម​ការ​បាត់បង់​បន្តិច​ម្ដងៗ បង្ក​ប៉ះពាល់​សេដ្ឋកិច្ច​គ្រួសារ​របស់​ពួក​គេ ខណៈ​ទិន្នផល​ត្រី​ដែល​អ្នក​នេសាទ​ចាប់​បាន​នៅ​ឆ្នាំ​នេះ​ធ្លាក់​ចុះ​ខ្លាំង ហើយ​ការ​ដាក់​តាំង​លក់​ត្រី​នៅ​ផ្សារ​ខែត្រ​ស្ទឹងត្រែង ក៏​ពុំ​សូវ​ឃើញ​មាន​ប្រភេទ​ត្រី​កម្រ​មាន​តម្លៃ​ដែរ។

បញ្ហា​នេះ ជា​សញ្ញា​បង្ហាញ​ថា ត្រី​កម្រ​ទាំងនោះ​អាច​ប្រឈម​ការ​ផុត​ពូជ។ លោក​រក​ឃើញ​ថា មាន​កត្តា​ច្រើន​បង្ក​ឲ្យ​ទិន្នផល​ត្រី​ធ្លាក់​ចុះ ដូចជា​ទឹក​ទន្លេ​មេគង្គ​ប្រែប្រួល​ខុស​ប្រក្រតី ការ​នេសាទ​ខុស​ច្បាប់ និង​ការ​អភិវឌ្ឍ​ទំនប់​វារីអគ្គិសនី​តាម​ដង​ទន្លេ។ លោក​ព្យាករ​ថា ទិន្នផល​ត្រី​នៅ​ឆ្នាំ​នេះ​បាន​ថយ​ចុះ​ប្រហែល ៥០​ភាគរយ បើ​ធៀប​​មុន​ឆ្នាំ​២០១០ ខណៈ​អ្នក​នេសាទ​មួយ​ចំនួន​មិន​អាច​ចាប់​ត្រី​បរិភោគ​លក្ខណៈ​គ្រួសារ​បាន​គ្រប់គ្រាន់ ហើយ​ក៏​មាន​ពលរដ្ឋ​មួយ​ចំនួន​បង្ខំ​ចិត្ត​នេសាទ​ប្រើ​ឧបករណ៍​ខុស​ច្បាប់ ដើម្បី​រក​ប្រាក់​ដោះ​បំណុល​ធនាគារ៖ «ការ​មុន​គេ​ចុះ​ចាប់​ដែរ តែ​ចុះ​ចាប់​ថ្ងៃ យប់​វា​ចេញ វា​បណ្ដែត​ធ្វើ​ស្អី​វា។ យើង​មិន​តាមដាន​វា​ជាប់​គ្រប់​ពេលវេលា​ចឹង។ ធ្វើ​យ៉ាង​ម៉េច​បិទ​មង​ធំ​ទៅ សល់​ត្រី​ពូជ​ខ្លះ កុំ​ឲ្យ​គេ​បណ្ដែត​មង​ធំ​ពេក បើ​បណ្ដែត​មង​តូចៗ​ដូច​គ្នា​មិន​ពាយ​ទេ​ត្រី»

ត្រី​របស់​ពលរដ្ឋ​រស់នៅ​តាម​ដង​ទន្លេ​មេគង្គ នៃ​ស្រុក​ថាឡាបរិវ៉ាត់ ខែត្រ​ស្ទឹងត្រែង នេសាទ​បាន​កាល​ពី​ថ្ងៃ​ទី​៦ ខែ​ឧសភា ឆ្នាំ​២០១៧។
ត្រី​របស់​ពលរដ្ឋ​រស់នៅ​តាម​ដង​ទន្លេ​មេគង្គ នៃ​ស្រុក​ថាឡាបរិវ៉ាត់ ខែត្រ​ស្ទឹងត្រែង នេសាទ​បាន​កាល​ពី​ថ្ងៃ​ទី​៦ ខែ​ឧសភា ឆ្នាំ​២០១៧។
RFA/Men Sothyr

ប្រជា​នេសាទ​កត់​សម្គាល់​ថា ត្រី​ប៉ាសេអ៊ី ត្រី​ប៉ាវ៉ា​មុខ​ពីរ និង​ត្រី​ក្របី ជាដើម រស់នៅ​តំបន់​សម្បូរ​ថ្ម ស្លែ និង​អន្លង់​ជ្រៅៗ ដែល​មន្ត្រី​ជំនាញ​នៅ​មិន​ទាន់​មាន​លទ្ធផល​ស្រាវជ្រាវ​ការ​វិវឌ្ឍន៍​ពង​កូន​របស់​ត្រី​នេះ​ឡើយ តែ​គេ​អាច​ប្រមូល​ផល​ត្រី​ប៉ាសេអ៊ី បាន​ចាប់​ពី​ខែ​វិច្ឆិកា ដល់​ខែ​កុម្ភៈ និង​ចន្លោះ​ខែ​ឧសភា ដល់​ខែ​មិថុនា រៀង​រាល់​ឆ្នាំ។ លើស​ពី​នេះ ត្រី​ទាំងនេះ​ច្រាល​ឡើង​ដោយសារ​ការ​ប្រែប្រួល​អាកាសធាតុ ព្រោះ​លក្ខណៈ​ជីវសាស្ត្រ​របស់​ត្រី​កម្រ​ទាំងនោះ​រស់នៅ​ក្នុង​អន្លង់​ជ្រៅ ផ្សារភ្ជាប់​លំនឹង​ទឹក និង​សីតុណ្ហភាព​របស់​ទឹក​ដល់​កម្រិត​វា​ច្រាល​ឡើង ឬ​ចេញ​ពី​រូង​ថ្ម។

អាស៊ីសេរី មិន​អាច​ទាក់ទង​នាយ​ខណ្ឌ​រដ្ឋបាល​ជលផល ខែត្រ​ស្ទឹងត្រែង លោក ទំ នីរ៉ូ ដើម្បី​សុំ​ការ​អធិប្បាយ​ករណី​នេះ​បាន​ទេ​នៅ​ថ្ងៃ​ទី​៨ ឧសភា។ តែ​លោក​ធ្លាប់​មាន​ប្រសាសន៍​ថា មាន​បញ្ហា​ប្រឈម​មួយ​ចំនួន​ធំ​ដែល​មន្ត្រី​ជំនាញ​កំពុង​ខ្វល់ខ្វាយ មាន​ជាអាទិ៍ ដែន​នេសាទ​ធំធេង ខ្វះខាត​សម្ភារ ខ្វះខាត​ធនធាន​មនុស្ស ដែល​មិន​អាច​បំពេញ​តម្រូវការ​អភិរក្ស ដើម្បី​ទប់ស្កាត់​អ្នក​នេសាទ​ល្មើស​ច្បាប់​បាន​ទាំងស្រុង​នៅ​ឡើយ។

មន្ត្រី​សម្របសម្រួល​សហគមន៍​នៃ​អង្គការ​សម្ពន្ធភាព​ដើម្បី​អភិរក្ស​ធនធាន​ជលផល (FACT) ខែត្រ​ស្ទឹងត្រែង លោក ស្រែង មុន្នីចិន្ថា ទទួល​ស្គាល់​ការ​ធ្លាក់​ចុះ​ត្រី បង្ក​ការ​ប៉ះពាល់​ជីវភាព​ប្រជាពលរដ្ឋ ជាពិសេស​ពលរដ្ឋ​មួយ​ចំនួន​ពឹង​ផ្អែក​លើ​ផល​នេសាទ។ លោក​កត់​សម្គាល់​ថា មន្ត្រី​ជំនាញ​បាន​ប្រកាស​ឲ្យ​បិទ​នេសាទ​ចាប់​ពី​ខែ​ឧសភា ត​ទៅ ដើម្បី​អនុញ្ញាត​ឲ្យ​ត្រី​កម្រ​ក្នុង​តំបន់​មាន​លទ្ធភាព​ធ្វើ​ដំណើរ​បន្ត​ពូជ​បាន ក៏ប៉ុន្តែ​ការ​លួច​ដាក់​មង​ក្រឡា​ធំ​នៅ​រដូវ​បិទ​នេសាទ កំពុង​បង្ក​ជា​ឧបសគ្គ​ដល់​ដំណើរ​របស់​ត្រី​ទាំងនោះ។ ហេតុ​នេះ ទាមទារ​ឲ្យ​ស្ថាប័ន​ពាក់ព័ន្ធ​យក​ចិត្ត​ទុក​ដាក់​បំផុស​ការ​ផ្សព្វផ្សាយ​ច្បាប់​ជលផល​ឲ្យ​បាន​ទូលំទូលាយ និង​អនុវត្ត​ច្បាប់​ឲ្យ​បាន​ពេញលេញ៖ «ប្រជា​នេសាទ​ប្រសិន​បើ​គាត់​បន្ត​ប្រើ​មង​ក្រឡា​ធំ និង​ឧបករណ៍​នេសាទ​ខុស​ច្បាប់ វា​អាច​ប្រឈម ព្រោះ​ឥឡូវ​ទឹក​ទន្លេ​អត់​ទាន់​ធំ​ទេ។ កាលណា​បើ​ទឹក​ធំ​ទៅ វា​ទូលំទូលាយ​ក្នុង​ការ​ដើរ​ហើរ តែ​ឥឡូវ​ទឹក​តូច​នៅ​ឡើយ កាលណា​ទឹក​តិច​ចាប់​ត្រី​ស្រួល វា​អាច​ចឹង»

អតីត​មន្ត្រី​សម្របសម្រួល​អង្គការ​បណ្ដាញ​ការពារ​ទន្លេ​បី លោក មៀច មាន ពន្យល់​ថា ត្រី​ច្រាល​ឡើង​នៅ​ខែ​ឧសភា នេះ គឺ​សំដៅ​ទៅ​រក​ទីតាំង​ពង​កូន ខណៈ​ត្រី​ដែល​កំពុង​ច្រាល​ឡើង​នោះ ភាគច្រើន​មាន​ពង​ក្នុង​ពោះ​រួច​ទៅ​ហើយ។ ចំណែក​ត្រី​ដែល​ច្រាល​ឡើង​មុន​គេ គឺ​ត្រី​តូចៗ​ដែល​ជា​ចំណី​របស់​ត្រី​ធំៗ ដូចជា​ត្រី​រៀល និង​ត្រី​ឆ្ពិន ជាដើម។ លោក​ថា បញ្ហា​ប្រឈម​របស់​ត្រី​កម្រ ដោយសារ​តម្រូវការ​ចាប់​ត្រី​កើន​ឡើង រួម​ផ្សំ​ឧបករណ៍​នេសាទ​ពុំ​មាន​លក្ខណៈ​បច្ចេកទេស​ច្បាស់លាស់ និង​មិន​ស្រប​ច្បាប់​ជាដើម ដូចជា​នេសាទ​ក្នុង​រដូវ​ហាមឃាត់ និង​នេសាទ​ប្រើ​ឧបករណ៍​ខុស​ច្បាប់។ លោក​យល់​ថា មន្ត្រី​ជំនាញ​ត្រូវ​ផ្សព្វផ្សាយ​ឲ្យ​បាន​ទូលំទូលាយ​ពី​រដូវ​បិទ​នេសាទ ហើយ​សហគមន៍​នេសាទ​ក៏​ត្រូវ​ពង្រឹង​តួនាទី​អភិរក្ស​របស់​ខ្លួន​ឲ្យ​បាន​ពេញលេញ​ដែរ៖ «វា​ប្រាកដ​ជា​ប៉ះ​ហើយ ដល់​វា​ច្រាល​ឡើង​វា​រក​កន្លែង​ពង បើ​យើង​ចាប់​បាន​មក​សុទ្ធតែ​ពង ពង​ពេញៗ​ពោះ ជាក់ស្តែង​ដូច​តាម​ដង​ទន្លេ​ស្រែពក​កាល​ពី​មុន ឲ្យ​តែ​ត្រី​ឡើង​ទៅ ប្រជាជន​នាំ​គ្នា​បណ្ដែត​មង គឺ​បាន​សុទ្ធតែ​ត្រី​ប៉ាវា ពង​ពេញៗ​ពោះ។ ឥឡូវ​អស់​អា​លីង​ត្រី ចាប់​ខ្លាំង​ពេក​អស់ ហើយ​យក​មក​លក់​ផ្សារ​ពង​ពេញ​ពោះ ព្រោះ​អី​យើង​ចាប់​មេ​ពូជ​វា​អស់​ហើយ»

លោក មៀច មាន បន្ថែម​ថា ការ​ប្រើប្រាស់​ឧបករណ៍​នេសាទ​ខុស​ច្បាប់ ដូចជា​បោក​គ្រាប់បែក ប្រើ​ចរន្ត​អគ្គិសនី​ឆក់​ត្រី និង​ឧបករណ៍​ដាក់​របាំង​រាំង​ព្រួល ឬ​អួន​ទន្លេ ក៏​ជា​បញ្ហា​បំបាត់​ពូជ​ត្រី​ដែរ ហើយ​ការ​អភិវឌ្ឍ​ទំនប់​វារីអគ្គិសនី​សេសាន​ក្រោម​ពីរ និង​ទំនប់​ដន​សាហុង (Don Sahong) បាន​គំរាម​កំហែង​លក្ខខណ្ឌ​ជីវសាស្ត្រ​របស់​ត្រី។

តំបន់​ទន្លេ​បី ដូចជា​ទន្លេ​សេសាន ទន្លេ​ស្រែពក និង​ទន្លេ​សេកុង គឺ​ជា​ប្រភព​នៃ​ជម្រក​ត្រី​កម្រ​ក្នុង​តំបន់ ដូចជា​ត្រី​ប៉ាសេអ៊ី ត្រី​ប៉ាវា​មុខ​ពីរ ឬ​ត្រី​ប៉ាកក និង​ត្រី​ក្អែក ជាដើម ហើយ​ត្រី​ទាំងនោះ​ច្រើន​រស់នៅ​តំបន់​អូរ​ព្រះ ឬ​អន្លង់​ព្រះ គឺ​ជា​ចំណុច​ប្រសព្វ​គ្នា​រវាង​ទន្លេ​សេសាន និង​ទន្លេ​ស្រែពក ជា​តំបន់​សម្បូរ​ថ្ម និង​ដង្ហើម​ទឹក​ហូរ​ធម្មជាតិ​មាន​អុកស៊ីហ្សែន​ខ្ពស់។

មន្ត្រី​សង្គម​ស៊ីវិល ព្យាករ​ថា ប្រភេទ​ត្រី​កម្រ​ក្នុង​តំបន់ នឹង​ឈាន​ដល់​ការ​ផុត​ពូជ បើ​រដ្ឋាភិបាល និង​ស្ថាប័ន​ពាក់ព័ន្ធ មិន​ពង្រឹង​កាតព្វកិច្ច​អភិរក្ស​ឲ្យ​មាន​ប្រសិទ្ធភាព និង​អនុវត្ត​ច្បាប់​ឲ្យ​បាន​ពេញលេញ​នៅ​រដូវ​បិទ​នេសាទ ដើម្បី​ធានា​ការ​បង្ក​កំណើត​របស់​ត្រី​ប្រភេទ​នេះ​ទេ​នោះ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

បញ្ចេញ​មតិយោបល់៖

បញ្ចូលមតិរបស់អ្នកដោយបំពេញទម្រង់ខាងក្រោមជាអក្សរសុទ្ធ។ មតិនឹងត្រូវសម្រេចដោយអ្នកសម្របសម្រួល និងអាចពិនិត្យកែប្រែឲ្យស្របតាម លក្ខខណ្ឌនៃការប្រើប្រាស់ របស់វិទ្យុអាស៊ីសេរី។ មតិនឹងមិនអាចមើលឃើញភ្លាមៗទេ។ វិទ្យុអាស៊ីសេរី មិនទទួលខុសត្រូវចំពោះខ្លឹមសារនៃមតិដែលបានចុះផ្សាយឡើយ។ សូមគោរពមតិរបស់អ្នកដទៃ ហើយប្រកាន់ខ្ជាប់នូវការពិត។