ពលរដ្ឋ​នៅ​ខេត្ត​កំពង់ធំ​ថា​បទល្មើស​នេសាទ​​ថយ​ចុះ​ខ្លះ​ក្រោយ​មាន​វិធានការ​ក្ដៅ​ពី​រាជរដ្ឋាភិបាល

0:00 / 0:00

ប្រជាពលរដ្ឋ​នៅ​ឃុំ​ផាត់សណ្ដាយ ស្រុក​កំពង់ស្វាយ ខេត្ត​កំពង់ធំ ឱ្យ​ដឹង​ថា ស្ថានភាព​បទល្មើស​នេសាទ​ដូច​ជា​ការ​ដាក់​លូ​ស្បៃ​មុង លប​ឡុក ឬ​លប​ណរ៉ាវ គឺ​ថយ​ចុះ​បាន​មួយ​រយៈ​ពេល​ខ្លី​នៅ​តំបន់​ខ្លះ។ ការ​ថយ​ចុះ​នេះ ក្រោយ​ពេល​អាជ្ញាធរ​ខេត្ត និង​រាជរដ្ឋាភិបាល​ប្រកាស​ចាត់​វិធានការ​ក្ដៅ​ចំពោះ​បទល្មើស​នេសាទ​នៅ​តំបន់​បឹង​ទន្លេសាប​ជា​បន្តបន្ទាប់។ យ៉ាង​នេះ​ក្ដី ពលរដ្ឋ​បញ្ជាក់​ថា បទល្មើស​មួយ​ចំនួន​ដូច​ជា​របាំង​លប​នៅ​តែ​កើត​មាន ក្រោយ​អាជ្ញាធរ​ខេត្ត​អនុញ្ញាត​ឱ្យ​ពលរដ្ឋ​អាច​ដាក់​របាំង​លប​ប្រវែង​ក្រោម ២០០​ម៉ែត្រ​បាន។

​ប្រជាពលរដ្ឋ​ស្នើ​ឱ្យ​អាជ្ញាធរ​ខេត្ត ឬ​រាជរដ្ឋាភិបាល​ចុះ​ចាត់​វិធានការ​បទល្មើស​នេសាទ​ដល់​ទីតាំង​បឹង​ទន្លេសាប​ផ្ទាល់ និង​ចុះ​ជា​ប្រចាំ ទើប​មាន​ប្រសិទ្ធភាព​ច្រើន​ជាង។ ការ​ស្នើ​នេះ ដោយ​ពួកគាត់​អះអាង​ថា បទល្មើស​នេសាទ​មួយ​ចំនួន​បាន​ថយ​ចុះ​បន្តិច​នៅ​តំបន់​ខ្លះ និង​បាន​តែ​មួយ​រយៈពេល​ខ្លី ក្រោយ​មក​គឺ​កើត​ឡើង​វិញ​ដដែល ដោយ​ប្រជា​នេសាទ​មួយ​ចំនួន​មិន​បាន​គោរព​តាម​អ្វី​ដែល​អាជ្ញាធរ​ខេត្ត​កំណត់​ទេ។

ពលរដ្ឋ​នៅ​ឃុំ​ផាត់សណ្ដាយ មួយ​រូប សុំ​មិន​បញ្ចេញ​ឈ្មោះ​មាន​ប្រសាសន៍​ថា បទល្មើស​នេសាទ ដូចជា​ដាក់​របាំង​លប លូ​ស្បៃ​មុង ពិសេស​នៅ​តាម​ព្រែក គឺ​អាជ្ញាធរ​បង្ក្រាប​គ្មាន​លស់ ប៉ុន្តែ​នៅ​ក្នុង​បឹង​ទន្លេសាប​វិញ នៅ​តែ​កើត​មាន។ លោក​អះអាង​ថា របាំង​លប​ឡុក ឬ​ណរ៉ាវ គឺ​មិន​មាន​លើ​ផ្ទៃ​ទឹក​ទេ ព្រោះ​ក្រុម​ជនល្មើស​ដាក់​ពន្លិច​ក្នុង​ទឹក​មិន​ឱ្យ​គេ​មើល​ឃើញ​ឡើយ៖ «តែ​អ្នក​ធ្វើ​ការ​បើ​បើក​ធម្មតា គឺ​អត់​ឃើញ​ទេ អត់​ឃើញ​មាន​របាំង​ទេ គឺ​ឃើញ​តែ​ទឹក​ទេ»

មិន​ខុស​គ្នា​នេះ ពលរដ្ឋ​នៅ​ឃុំ​ចំណារលើ ដែល​តែង​តែ​ទៅ​នេសាទ​នៅ​តំបន់​បឹង​មួយ​ចំនួន​នៅ​ឃុំ​ផាត់សណ្ដាយ ដូចជា​បឹង​ប៉ោង បឹង​ស្មៅ​ជាដើម និយាយ​ថា បទល្មើស​នៅ​តំបន់​បឹង​ទាំង​នេះ​ថយ​ចុះ​បន្តិច ពោល​គឺ​ពី​មុន​មាន​របាំង​លប ឬ​ណរ៉ាវ ប្រវែង​ប្រមាណ ១​គីឡូម៉ែត្រ ឬ​លើស​ពី​នេះ។ លោក​ថា បទល្មើស​ទាំង​នេះ​បាត់​ប្រហែល ១​សប្ដាហ៍ ក្រោយ​មក​ឃើញ​មាន​កើត​ឡើង​វិញ ប៉ុន្តែ​មាន​ប្រវែង​ប្រហែល ៥០០​ម៉ែត្រ ឬ​ខ្លី​ជាង​នេះ និង​ដាក់​ក្នុង​ព្រៃ គឺ​មិន​បាន​ដាក់​នៅ​តាម​ប្រឡាយ​ដូច​ពេល​មុន​ទេ។

​អាស៊ីសេរី មិន​អាច​ទាក់ទង​នាយ​ខណ្ឌ​រដ្ឋបាល​ជលផល​ខេត្ត​កំពង់ធំ លោក ប៉ែន វណ្ណរិទ្ធ បាន​ទេ នៅ​ថ្ងៃ​ទី​៩ ខែ​កុម្ភៈ ដោយ​លោក​ថា ជាប់​ប្រជុំ។

ទំព័រ​ហ្វេសប៊ុក (Facebook) របស់​រដ្ឋបាល​សាលាខេត្ត​កំពង់ធំ បញ្ជាក់​ថា កាល​ពី​ថ្ងៃ​ទី​៥ ខែ​កុម្ភៈ អាជ្ញាធរ​ខេត្ត និង​តំណាង​ក្រសួង​កសិកម្ម បាន​រៀបចំ​វេទិកា​សាធារណៈ​នៅ​ឃុំ​ផាត់សណ្ដាយ ស្ដីពី​ការ​គ្រប់គ្រង និង​អភិរក្ស​ធនធាន​ជលផល ដើម្បី​ពន្យល់​ពលរដ្ឋ​ឱ្យ​បញ្ឈប់​ការ​នេសាទ​ដោយ​ឧបករណ៍​ខុសច្បាប់ និង​ស្ដាប់​ពី​បញ្ហា​ប្រឈម ឬ​សំណូមពរ​របស់​ពួកគាត់។ ពលរដ្ឋ​ក៏​បាន​ស្នើ​ឱ្យ​អាជ្ញាធរ​ជួយ​ទប់​ស្កាត់​បទល្មើស​នេសាទ​គ្រប់​ប្រភេទ និង​ស្នើ​ឱ្យ​ពួកគាត់​អាច​ដាក់​របាំង​លប​ឡុក ឬ​លប​ណរ៉ាវ ប្រវែង ២០០ ទៅ ៣០០​ម៉ែត្រ និង​មាន​ក្រឡា ២​ហ៊ុន។

​រដ្ឋបាល​សាលាខេត្ត​បញ្ជាក់​ថា នៅ​ក្នុង​វេទិកា​នោះ អាជ្ញាធរ​សម្រេច​មិន​បង្ក្រាប និង​រុះរើ​លប​ឡុក និង​លប​ណរ៉ាវ ប្រវែង​ក្រោម ២០០​ម៉ែត្រ និង​មាន​ក្រឡា ៣​ហ៊ុន​ទេ ប៉ុន្តែ​ត្រូវ​ដាក់​នៅ​ទីតាំង​ដែល​កំណត់​ក្នុង​ប្រកាស និង​មិន​ត្រូវ​កាប់​ព្រៃ​លិច​ទឹក​ធ្វើ​គន្លង​ឡើយ ហើយ​ត្រូវ​ដាក់​ឆ្ងាយ​ពី​ច្រាំង ៤​គីឡូម៉ែត្រ និង​ឆ្ងាយ​ពី​តំបន់​អភិរក្ស​ប្រវែង ១​គីឡូម៉ែត្រ។ ក្នុង​នោះ អភិបាល​ខេត្ត​ស្នើ​ឱ្យ​ពលរដ្ឋ​រួម​គ្នា​ស្រលាញ់​ធនធាន​ធម្មជាតិ និង​គោរព​ច្បាប់​លុប​បំបាត់​បទល្មើស​នេសាទ និង​ផ្ដល់​ព័ត៌មាន​ពិត​ដល់​អាជ្ញាធរ​ដើម្បី​ចាត់​វិធាន​អ្នក​នៅ​ពី​ក្រោយ​ខ្នង​បទល្មើស​ទាំង​នោះ ព្រមទាំង​ព្រមាន​ដល់​មន្ត្រី​ពាក់ព័ន្ធ​បទល្មើស​ឱ្យ​ដក​ខ្លួន​ចេញ។

ប្រធាន​អង្គការ​អភិរក្ស​ធនធាន​ជលផល និង​ព្រៃឈើ លោក កែវ សុខុម មាន​ប្រសាសន៍​ថា បទល្មើស​នៅ​តំបន់​ខ្លះ​ដូចជា​តាម​ព្រែក គឺ​បាត់​អស់ ប៉ុន្តែ​បទល្មើស​នៅ​ក្នុង​បឹង​ទន្លេសាប នៅ​តែ​កើត​មាន។ កើត​មាន​ក្រោយ​ពេល​អាជ្ញាធរ​ខេត្ត​អនុញ្ញាត ឱ្យ​ពលរដ្ឋ​អាច​ដាក់​របាំង​លប​ឡុក ឬ​លបណរ៉ាវ ប្រវែង​ក្រោម ២០០​ម៉ែត្រ ប៉ុន្តែ​ជាក់ស្ដែង​គឺ​ពួកគេ​ដាក់​លើស​ពី​នេះ។ ក្រៅ​ពី​បទល្មើស​ដាក់​របាំង​លប​រាប់​ពាន់​ម៉ែត្រ គឺ​មាន​បទល្មើស​អូស​ឈិប និង​រុញ​ស៊ីប​នៅ​ពេល​យប់​ជាដើម៖ «វា​មិន​សល់​ទេ​បង ម្ល៉ោះ​ហើយ​គឺ​កាន់​តែ​ខ្សោយ​ហើយ​ត្រី កាន់​តែ​អស់​ទៅ​ហើយ»

​លោក​យល់​ថា ដើម្បី​ឱ្យ​វិធានការ​របស់​រាជរដ្ឋាភិបាល​មាន​ប្រសិទ្ធភាព អាជ្ញាធរ​ត្រូវ​បញ្ជូន​កម្លាំង​ចុះ​អនុវត្ត​ច្បាប់​ជា​ប្រចាំ​នៅ​លើ​ផ្ទៃ​បឹង​ទន្លេសាប​តែម្ដង។ លោក​ថា ប្រសិនបើ​ប្រើ​កម្លាំង​អាជ្ញាធរ ឬ​មន្ត្រី​ជំនាញ​ថ្នាក់​មូលដ្ឋាន​ឱ្យ​អនុវត្ត​វិធានការ​បង្ក្រាប គឺ​មិន​មាន​ប្រសិទ្ធភាព​ឡើយ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖

ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។