បទល្មើសនេសាទនៅតំបន់បឹងខ្សាច់ស ឬបឹងស្នេហ៍ប៉ែកខាងត្បូង ស្ថិតក្នុងស្រុកបាភ្នំ ខេត្តព្រៃវែង បានថមថយ បន្ទាប់ពីជំនាញជលផលបានដាក់កម្លាំងចុះទៅបង្ក្រាបកាលពីពេលថ្មីៗនេះ។ រីឯប្រជានេសាទនៅតំបន់នោះមួយចំនួន ស្នើឲ្យអាជ្ញាធរជំនាញបង្ក្រាបទាំងស្រុងតែម្ដង និងជួយស្ដារបឹងនោះឲ្យកាន់តែជ្រៅ។
សៃយឺន ឬស្បៃមុងក្រឡាញឹករាប់រយម៉ែត្រដែលជាឧបករណ៍នេសាទខុសច្បាប់ ដែលត្រូវបានគេដាក់ពង្រាយលើផ្ទៃបឹង នៅចំណុចបឹងខ្សាច់ស ឬបឹងស្នេហ៍ប៉ែកខាងត្បូង ចន្លោះភូមិទីតាង៉ើយ ក្នុងឃុំរោងដំរី និងភូមិខ្សាច់ស ឃុំរក្សជ័យ ស្រុកបាភ្នំ ខេត្តព្រៃវែង នោះ ត្រូវបានអាជ្ញាធរបង្ក្រាបអស់មួយចំនួនធំ ប៉ុន្តែសល់មួយចំនួនទៀត។
ប្រជានេសាទម្នាក់ឈ្មោះ ឡាច រស់នៅភូមិខ្សាច់ស ឲ្យដឹងថា មួយរយៈចុងក្រោយនេះ មន្ត្រីជលផលខេត្តព្រៃវែង បានចុះបង្ក្រាបបទល្មើសនេសាទនៅបឹងខ្សាច់សជាបន្តបន្ទាប់។ ទោះយ៉ាងណា ពលរដ្ឋរូបនេះបន្តថា ប្រជានេសាទមួយចំនួនបានដឹងខ្លួនជាមុន ហើយនាំគ្នាសាស្បៃមុងយកទៅលាក់ទុកនៅផ្ទះ ហើយស្បៃមុងមួយចំនួនតូចទៀត មិនទាន់បង្ក្រាបអស់នៅឡើយ។ ប្រជានេសាទរូបនេះ ចង់ឲ្យអាជ្ញាធរបង្ក្រាបឲ្យអស់បទល្មើសពីបឹងទាំងស្រុងតែម្ដង។
ក្រៅពីដាក់ពង្រាយស្បៃមុង ខុសច្បាប់នោះ ប្រជានេសាទដែលមានទ្រព្យធនមួយចំនួនទៀត បានជីកបៀ និងលើកទំនប់បិទទឹកធ្វើស្រែប្រាំង ដែលបណ្ដាលឲ្យព្រៃលិចទឹក និងផ្ទៃដីបឹងកាន់តែរួមតូច ហើយត្រីកាន់តែហិនហោច។ ប្រជានេសាទនៅតំបន់នោះមួយចំនួន អំពាវនាវឲ្យអាជ្ញាធរបញ្ឈប់សកម្មភាពជីកបៀ និងយកដីបឹងធ្វើស្រែ ដើម្បីរក្សាព្រៃលិចទឹកជាជម្រកត្រីពងកូន និងធ្វើឲ្យទឹកកាន់តែជ្រៅ៖ «ធ្វើឲ្យច្បាស់ គឺបង្ក្រាបទាំងអស់គ្នាតែម្ដង អាហ្នឹងល្អ កុំធ្វើមួយទុកមួយ» ។
ប្រជានេសាទម្នាក់ទៀត អំពាវនាវឲ្យអាជ្ញាធរជំនាញជួយស្តាទឹកបឹងខ្សាច់ស ឲ្យកាន់តែជ្រៅ ហើយពួកគាត់គាំទ្រចំពោះគម្រោងអភិរក្ស ដើម្បីធ្វើឲ្យធនធានត្រីសំបូរឡើងវិញ៖ «សូមអ្នកខាងលើជួយមើលអ្នកខាងក្រោមផង។ បឹងតូចណាស់! អភិរក្សទាល់តែព្រៃនៅ បើព្រៃអត់នៅ អភិរក្សក៏មិនកើតដែរ» ។
ប្រជានេសាទនៅទីនោះមួយចំនួនសារភាពថា មូលហេតុដែលពួកគាត់ធ្វើនេសាទខុសច្បាប់នោះ គឺដោយសារកត្តាជីវភាព ហើយពលរដ្ឋភាគច្រើននៅតំបន់តែងតែពង្រាយឧបករណ៍នេសាទខុស ម្ល៉ោះហើយទើបពួកគាត់ធ្វើតាមគ្នា។ រហូតមកដល់ពេលនេះ ពួកគាត់អះអាងថា មិនអាចរកត្រីបានច្រើនដូចមុន សម្រាប់ធ្វើម្ហូបអាហារ និងលក់សម្រាប់ផ្គត់ផ្គង់ជីវភាពឡើយ។
ឆ្លើយតបបញ្ហានេះ នាយខណ្ឌរដ្ឋបាលជលផលខេត្តព្រៃវែង លោក អូន ស៊ីណាត បញ្ជាក់ថា ថ្មីៗនេះកម្លាំងជលផលបានចុះទៅបង្ក្រាប និងបំផ្លាញឧបករណ៍នេសាទអស់ស្ទើរទាំងស្រុកហើយ នៅសល់តែប្រមាណ ២០ភាគរយប៉ុណ្ណោះ ហើយកម្លាំងជលផល ក៏កំពុងរៀបចំចុះទៅបង្ក្រាបជាថ្មីម្ដងទៀតដែរ៖ «យើងបានធ្វើច្រើនហើយ ហើយយ៉ាងយូរនៅថ្ងៃច័ន្ទសប្ដាហ៍ក្រោយនេះ យើងនឹងទម្លាក់ទូកទៅធ្វើម្តងទៀត» ។
ទន្ទឹមនឹងការចុះបង្ក្រាបនេះ ជំនាញជលផលខេត្តក៏បានចុះផ្សាយអប់រំដល់ប្រជាពលរដ្ឋជាបន្តបន្ទាប់នៅក្នុងឃុំចំនួនបួនដែលព័ទ្ធជុំវិញបឹងខ្សាច់សនោះ គឺឃុំរក្សជ័យ ឃុំរោងដំរី ឃុំធាយ និងប្រាសាទ។ លោក អូន ស៊ីណាត បន្ថែមថា ដើម្បីបង្ក្រាបកាន់តែមានប្រសិទ្ធភាពទៀតនោះ អាជ្ញាធរក៏ចុះបង្ក្រាបការលក់ដូរឧបករណ៍នេសាទខុសច្បាប់នៅក្នុងផ្សារផងដែរ ដែលកន្លងមកអាជ្ញាធរបានធ្វើកិច្ចការនេះរួចហើយ។
នាយខណ្ឌរដ្ឋបាលជលផលខេត្តព្រៃវែង រូបនេះ ឲ្យដឹងដែរថា ចំពោះគម្រោងស្តារ ឬជីកបឹងនោះ គឺជាគម្រោងរបស់រដ្ឋាភិបាល ព្រោះគម្រោងនេះ ចំណាយថវិកាច្រើន។ ចំពោះអ្នកដែលរុករានព្រៃលិចទឹកយកធ្វើជាដីកម្មសិទ្ធិនោះ ក៏អាជ្ញាធរចាត់វិធានការរួចរាល់ហើយដែរ។ បច្ចុប្បន្ន អាជ្ញាធរកំពុងរកដៃគូសហការជាមួយអង្គការនានាដើម្បីបន្តគម្រោងអភិរក្សព្រៃលិចទឹកនោះ៖«ទំហំបឹងគឺនៅតែជាទំហំបឹងដដែល ហើយនៅព័ទ្ធជុំវិញគឺមានព្រៃ យើងបង្កើតសហគមន៍ ហើយសហគមន៍គាត់ស្ម័គ្រចិត្តអភិរក្សដោយក្រុមរបស់គាត់ ហើយឥឡូវនេះមានអង្គការមួយដែលមានគម្រោងរបស់អ៊ីយូ (EU) បានទៅជួយហើយ»។
ប្រជាពលរដ្ឋជឿជាក់ថា ប្រសិនបើអាជ្ញាធរបង្ក្រាបបទល្មើសនេសាទបានទាំងស្រុង ហើយទប់ស្កាត់កុំអោយមានអ្នករុករានព្រៃលិចទឹកនោះ នឹងធ្វើឲ្យធនធានមច្ឆាជាតិ ឬធនធានត្រីសំបូរឡើងវិញ ដែលអាចធ្វើឲ្យប្រជាពលរដ្ឋរកចំណូលបានច្រើននិរន្តតទៅ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖
ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។
