អ្នកភូមិសម្ដែងក្ដីបារម្ភពីបទល្មើសនេសាទ ដូចជាដាក់អួនខ្ទប់ទន្លេ ប្រើរំសេវផ្ទុះសម្លាប់ត្រីដែលច្បាប់បានហាមឃាត់នៅអន្លង់ពងកូននៃតំបន់ជួរអ្នកតាក្រហមក ក្នុងឃុំភ្លុក ស្រុកសេសាន។
ប្រជាពលរដ្ឋរស់នៅឃុំភ្លុក ស្រុកសេសាន សុំមិនឲ្យបញ្ចេញឈ្មោះ នៅថ្ងៃទី៥ ខែមករា អំពាវនាវឲ្យសមត្ថកិច្ចជំនាញចាត់វិធានការបង្ក្រាបសកម្មភាពខុសច្បាប់នេះ។
អ្នកភូមិចោទចំឈ្មោះមេឃុំភ្លុក ថាជាអ្នកនៅពីក្រោយសកម្មភាពបំផ្លាញធនធានត្រីក្នុងទន្លេនេះ៖ «បួនប្រាំកន្លែងដែរហ្នឹង តាំងពីកន្លែងគេបម្រុងធ្វើវារីឡើងទៅរហូត មានរហូត។ ចុះបើមេឃុំដឹកត្រីសឹងរាល់ថ្ងៃ។ មេឃុំស្រែគរ គាត់ចុះមកចាប់ដែរ ចាប់ទៅក៏គេថា មេឃុំស្រែគរ មិនល្អ មេឃុំបក្សប្រឆាំង គេថាណា!»។
ផ្ទុយពីការចោទប្រកាន់នេះ មេឃុំភ្លុក លោក ទួន ថាំង បដិសេធថា លោកមិនមានពាក់ព័ន្ធនឹងបទល្មើសនេសាទនៅតំបន់នោះទេ។ លោកទទួលស្គាល់ថា តំបន់នោះពិតជាមានសកម្មភាពនេសាទខុសច្បាប់ ប៉ុន្តែលោកជាអាជ្ញាធរឃុំក៏បានចូលរួមបង្ក្រាបបទល្មើសនោះដែរ៖ «វាអត់មានហេតុផលអ្វី ខ្ញុំមិនដែលទៅយកតួនាទីរបស់ខ្ញុំទៅធ្វើអ៊ីចឹង។ កាលមុនមានមែន ធ្វើច្រើន ដល់ពេលពួកខ្ញុំចុះបង្ក្រាបសហការជាមួយស្រុកឥឡូវស្ងាត់»។
តំបន់ជួរអ្នកតាក្រហមក នៅរដូវប្រាំងទទឹងទឹកទន្លេមានប្រវែងជាង ១៥ម៉ែត្រ ងាយស្រួលក្នុងការដាក់អួនខ្ទប់ទន្លេ។ តំបន់នេះក៏ជាកន្លែងអន្លង់ពងកូននៃប្រភេទត្រីកម្រ ដូចជាត្រីប៉ាសេអ៊ី ត្រីពោរ ត្រីឆ្លាំង និងត្រីមានតម្លៃផ្សេងទៀត។
ប្រជាពលរដ្ឋរស់នៅតំបន់នោះបានកត់សម្គាល់ថា តំបន់ជួរអ្នកតាកន្លងទៅ ក៏ជាអន្លង់ជ្រកនៅត្រីផ្សោត ប៉ុន្តែដោយសារបរិស្ថានទន្លេប្រែប្រួល និងសកម្មភាពនេសាទខុសច្បាប់បច្ចុប្បន្នគេមិនឃើញត្រីផ្សោតរស់នៅតំបន់នោះទៀតទេ។
មន្ត្រីសម្របសម្រួលអង្គការបណ្ដាញទន្លេបី លោក មៀច មាន ចាត់ទុកសកម្មភាពនេសាទប្រើឧបករណ៍ខុសច្បាប់នៅតំបន់នោះ ថាជាការបំផ្លាញធនធានជលផល បំផ្លាញជម្រកត្រីពងកូន ជាពិសេសប្រភេទត្រីកម្រជិតផុតពូជ។
លោកអំពាវនាវសុំឲ្យសមត្ថកិច្ចចាត់វិធានការបង្ក្រាប ជាពិសេសករណីប្រើរំសេវផ្ទុះសម្លាប់ត្រី៖ «បើសិនណាជាអាជ្ញាធរមិនមានចំណាត់ការទេ វាជារឿងមួយមិនល្អទាល់តែសោះ ព្រោះឆ្នាំ២០១៤ ហើយនៅតែមានគប់គ្រាប់បែកពេញទន្លេអ៊ីចឹង»។
ទាក់ទិនករណីនេះដែរ នាយរងខណ្ឌរដ្ឋបាលជលផលខេត្តស្ទឹងត្រែង លោក ឌៀប បូរា មានប្រសាសន៍ទទួលស្គាល់ថា លោកក៏ទទួលបានព័ត៌មានពីករណីនេះដូចគ្នា។ លោកអះអាងថា សមត្ថកិច្ចជលផលធ្លាប់បានសហការជាមួយសមត្ថកិច្ចពាក់ព័ន្ធរឹបអូសឧបករណ៍នេសាទខុសច្បាប់ និងចាប់ខ្លួនជនល្មើសកសាងសំណុំរឿងបញ្ជូនទៅតុលាការជាបន្តបន្ទាប់ហើយ៖ «បណ្ដាញខាងពួកប្រព្រឹត្តបទល្មើស គឺព័ត៌មានវាខ្លាំង ហើយម្យ៉ាងទៀត ច្រើនប្រព្រឹត្តបទល្មើសនៅពេលយប់។កម្លាំងខាងយើងចុះទៅច្រើន តែចាប់អត់បាន បានតែឧបករណ៍ បានតែអួន ត្រី សម្ភារៈ តែម្ចាស់រកអត់ឃើញ»។
ក្នុងឆ្នាំ២០១៣ កន្លងទៅនេះ សមត្ថកិច្ចខណ្ឌជលផលខេត្តស្ទឹងត្រែង បង្ក្រាបបទល្មើសនេសាទបាន ១៥ករណី ក្នុងនោះជនជាប់សង្ស័យ ៩នាក់ ត្រូវតុលាការចោទប្រកាន់ និងឃុំខ្លួននៅពន្ធនាគារ។ចំណែកនៅដើមឆ្នាំ២០១៤ បង្ក្រាបបានមួយករណីនិងបញ្ជូនខ្លួនជនជាប់ពាក់ព័ន្ធទៅតុលាការបាន ២នាក់៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖
ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។
