កន្លែងជីករ៉ែមាស និងផលិតមាសខុសច្បាប់នៅតំបន់ព្រៃមាស ក្នុងខេត្តរតនគិរី កើតមានច្រើនឡើងវិញ បន្ទាប់ពីអាជ្ញាធរខេត្តចាត់វិធានការបង្ក្រាបទ្រង់ទ្រាយធំកាលពីដើមឆ្នាំ២០១៥។ មន្ត្រីឃ្លាំមើលបរិស្ថានបារម្ភពីការបំពុលទឹកដោយសារជាតិគីមីដែលអ្នកផលិតមាសនៅតំបន់នោះបង្ហូរចូលទៅអូរធម្មជាតិដែលពលរដ្ឋប្រើប្រាស់។
កន្លែងជីករ៉ែមាសអមដោយឧបករណ៍ផលិតមាសប្រមាណ ៣០កន្លែងកំពុងធ្វើសកម្មភាពខុសច្បាប់ឡើងវិញនៅឯតំបន់ព្រៃមាស ក្នុងឃុំបរខាំ ស្រុកអូរយ៉ាដាវ។
កាលពីថ្ងៃទី២៣ ខែតុលា មន្ត្រីផ្នែកអង្កេតសមាគមអាដហុក (ADHOC) ខេត្តរតនគិរី បានទៅកាន់តំបន់នោះប្រទះឃើញកម្មករខ្មែរ និងវៀតណាម កំពុងធ្វើសកម្មភាពជីកយករ៉ែមាស ខ្លះកិនរ៉ែមាសដើម្បីផលិតមាសដោយប្រើសារធាតុបារតបំពុលចូលទៅក្នុងទឹកអូរធម្មជាតិ។
មន្ត្រីសម្របសម្រួលសមាគមអាដហុក លោក ឆាយ ធី មានប្រសាសន៍បញ្ជាក់ថា ពួកអ្នកជីកមាសបានរត់គេចខ្លួនខណៈក្រុមមន្ត្រីសិទ្ធិមនុស្សចូលទៅដល់កន្លែងជីកមាសដើម្បីថតរូបពីសកម្មភាពរុករករ៉ែខុសច្បាប់នេះ។ លោកបន្តថា ទឹកអូរធម្មជាតិ នៅតំបន់នោះត្រូវគេទប់ដើម្បីយកទឹកប្រើប្រាស់សម្រាប់ការផលិតយកមាសពីរ៉ែដែលបានជីកពីក្នុងដីហើយបង្ហូរកាកសំណល់ចូលទឹកអូរ៖ «ទំហំដីដែលដាក់ទីតាំងជីករករ៉ែមាស មានម៉ាស៊ីនភ្លើង ម៉ាស៊ីនកិនរ៉ែមាស មានកញ្ច្រែងរែងមាស ថាសបារត មានអាងស្តុកទឹក គឺលាតសន្ធឹងពេញព្រៃ តាមកន្លែងនីមួយៗដោយឡែកៗពីគ្នា»។
កាលពីដើមឆ្នាំ២០១៥ អាជ្ញាធរចម្រុះខេត្តរតនគិរី បានចុះបង្ក្រាបកន្លែងជីករកមាសនៅតំបន់ព្រៃមាសនេះ និងបានរកឃើញគ្រឿងម៉ាស៊ីន និងឧបករណ៍ផលិតមាសជាង ៣០គ្រឿង ដែលក្រុមអ្នកជីករ៉ែមាសយកទៅប្រើប្រាស់សម្រាប់អាជីវកម្មមាសខុសច្បាប់។

ទាក់ទិនទៅនឹងការកើតឡើងវិញនៃសកម្មភាពជីកមាសនេះ អធិការប៉ូលិសស្រុកអូរយ៉ាដាវ លោក ជួប វណ្ណារ៉ាក់ ទទួលស្គាល់ថា លោកក៏បានទទួលព័ត៌មានពីការកកើតឡើងវិញនៃក្រុមជីកមាសខុសច្បាប់នេះដូចគ្នា។ លោកថា ជនជាតិវៀតណាម ដែលចូលមកជីកមាសនេះសុទ្ធសឹងជាអន្តោប្រវេសន៍ខុសច្បាប់ ហេតុនេះសមត្ថកិច្ចគ្រោងដាក់ផែនការចុះទៅបង្ក្រាបកន្លែងនោះជាថ្មី៖ «ខ្ញុំថា រៀបចំកម្លាំងចូលនៅថ្ងៃច័ន្ទ សប្ដាហ៍ក្រោយមុនខ្ញុំចូលទៅមានម៉ាស៊ីនតែបីបួនទេ គ្រាន់តែហាមឃាត់មិនឲ្យគាត់ធ្វើទៀត យើងអត់បានបង្ក្រាបអ្វីទេ។ វៀតណាមបើមានៗតែលួចឆ្លងចូលមក ធ្វើទៀត ខ្ញុំចូលទៅឃើញតែប៉ុន្មាននាក់នៅក្នុងហ្នឹង ចេញមកវិញហើយ»។
ក្រសួងរ៉ែនិងថាមពលបានប្រកាសឲ្យប្រជាពលរដ្ឋសុំច្បាប់ស្ដីពីសិប្បកម្មខ្នាតតូច និងមធ្យមដើម្បីធានាបានលក្ខណៈស្របច្បាប់នៃការជីករករ៉ែមាសក្នុងដី។ ក៏ប៉ុន្តែមន្ត្រីមន្ទីររ៉ែនិងថាមពល ខេត្តរតនគិរី ឲ្យដឹងថា មានប្រជាពលរដ្ឋតិចតួចបានដាក់ពាក្យស្នើសុំច្បាប់ទាក់ទិនសិប្បកម្មរ៉ែមាសនេះ។
អតីតមន្ត្រីបរិស្ថាននៃអង្គការទន្លេបី លោក មៀច មាន អំពាវនាវសុំឲ្យមន្ត្រីជំនាញពាក់ព័ន្ធចាត់វិធានការលុបបំបាត់កន្លែងផលិតរ៉ែមាសដែលមានប្រើសារជាតិគីមីផលិតមាសមិនត្រឹមត្រូវតាមលក្ខណៈបច្ចេកទេស ធ្វើឲ្យប៉ះពាល់សុខភាពប្រជាពលរដ្ឋដែលប្រើប្រាស់ទឹកនៅតំបន់ខ្សែទឹកខាងក្រោមអូរធម្មជាតិ។ លោកកត់សំគាល់ថា មន្ត្រីជំនាញពាក់ព័ន្ធនៅមើលស្រាលមិនចាប់អារម្មណ៍ពីផលប៉ះពាល់យូរអង្វែងដល់ពលរដ្ឋក្រោមឥទ្ធិពលនៃការប្រើសារជាតិបារត ឬអាស៊ីដបន្សុទ្ធយកមាសនោះនៅឡើយ៖ «ធ្វើ អាជីវកម្មរ៉ែមាសហ្នឹងណា! មានន័យថា វាស្របនឹងច្បាប់ដែលមាន ដែលអាចផ្ដល់លទ្ធភាពឲ្យអាជ្ញាធរដែនដី ឬជំនាញអាចបង្ក្រាបបាន។ អាជ្ញាធរដឹងច្បាស់ តំបន់ហ្នឹងមនុស្សអ្នកធ្វើ។ តាមព័ត៌មានដែលខ្ញុំបានដឹង អាជ្ញាធរទៅបានត្រឹមតែដុតរោងទេ ម៉ាស៊ីននៅដដែល»។
តំបន់ព្រៃមាសគឺជាតំបន់មានរ៉ែមាសច្រើនជាងគេនៅក្នុងខេត្តរតនគិរី។ តំបន់នេះត្រូវបានគេជីកយកមាសអនាធិបតេយ្យច្រើនឆ្នាំកន្លងទៅនេះ ក្នុងនោះក៏មានជនជាតិវៀតណាម ជាក្រុមៗត្រូវបានឈ្មួញដឹកជញ្ជូនឆ្លងដែនខុសច្បាប់មកជីកយករ៉ែមាសនៅតំបន់នោះដូចគ្នា៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖
ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។
