ប្រជាពលរដ្ឋអ្នកប្រកបរបរដងជ័រឈើក្នុងព្រៃដែនជម្រកសត្វព្រៃលំផាត់ នៅថ្ងៃពុធ ទី២៩ ខែមករា អះអាងថា អ្នកជំនួញឈើមានឋានៈជាឧកញ៉ាពីរនាក់ កំពុងជាប់ពាក់ព័ន្ធទៅនឹងសកម្មភាពលួចកាប់ឈើក្នុងព្រៃអភិរក្សជាថ្មីទៀត។ អ្នកភូមិមិនបានស្គាល់ថាឧកញ៉ាទាំងពីរមាននាមត្រកូលអ្វីទេ ប៉ុន្តែអ្នកភូមិបានស្គាល់តាមរយៈការហៅតាមគ្នា គឺឧកញ៉ាថៃ និងឧកញ៉ាពិសី។ អ្នកទាំងពីរបានបោះទីតាំងពីរកន្លែងខុសគ្នា ដើម្បីកាប់ឈើក្នុងព្រៃដែនជម្រកសត្វនៅចំណុចគុម្ពោតស្ងាត់ និងគុម្ពោតជាច្រើនទៀតក្នុងព្រៃជម្រកសត្វនេះ។
ប្រជាពលរដ្ឋរស់នៅឃុំស្រែអង្ក្រង ជាអ្នកប្រកបរបរដងជ័រក្នុងព្រៃ សុំមិនឲ្យបញ្ចេញឈ្មោះ រៀបរាប់ថា ឧកញ៉ា ថៃ បានជួលកម្មករអាររំលំឈើមូល និងដំឡើងរ៉ៃអារឈើក្នុងព្រៃ។ ចំណែកឧកញ៉ា ពិសី បានជួលកម្មករអាររំលំឈើមូលពីក្នុងព្រៃ ហើយដឹកជញ្ជូនចូលកសិដ្ឋានក្រុមហ៊ុនសម្បទាន ដើម្បីអារច្រៀកជាឈើជ្រុងនាំចេញទៅទីផ្សារ។ ប្រជាពលរដ្ឋដដែលបន្តថា សកម្មភាពកាប់ឈើនេះកើតមានប្រមាណជាងមួយខែកន្លងទៅនេះ៖ «ប៉ុន្តែខ្ញុំអត់ស្គាល់ឈ្មោះ ពួកខ្ញុំទៅហ្នឹងឃើញធ្វើឈើនៅហ្នឹងដាក់រ៉ៃដាក់ស្អី! ពេញហ្នឹង គុម្ពោតស្ងាត់ គេហៅគុម្ពោតស្ងាត់។ ឧកញ៉ា ថៃ ខាងនេះឧកញ៉ា ពិសី»។
កាលពីខែមេសា ឆ្នាំ២០១៣ សកម្មភាពលួចកាប់ឈើក្នុងព្រៃដែនជម្រកសត្វលំផាត់ កើតមានម្តងរួចទៅហើយ។ ក្រុមសហគមន៍អ្នកប្រកបរបរផលិតជ័រទឹកពីដើមឈើក្នុងព្រៃ អះអាងថា ឈើមូលមានមុខកាត់ធំៗ ដូចជាដើមគគីរ ឈើទាល ត្រាច ដែលអ្នកភូមិគ្រប់គ្រងជាឈើច្បោះផលិតទឹកជ័ររាប់ពាន់ដើម ត្រូវបានគេកាប់យកឈើ។
វិទ្យុអាស៊ីសេរី នៅថ្ងៃទី២៩ ខែមករា មិនអាចស្វែងរកអត្តសញ្ញាណឧកញ៉ាទាំងពីរសុំអធិប្បាយការចោទប្រកាន់នេះបានទេ។ ចំណែកប្រធានផ្នែកការពារដែនជម្រកសត្វព្រៃ លោក សន សុវណ្ណសុង ក៏មិនអាចទាក់ទងបានដូចគ្នា។
ទាក់ទងករណីនេះដែរ ជំទប់ទី១ឃុំស្រែអង្ក្រង លោក ភិន សុង មានប្រសាសន៍បញ្ជាក់ថា អាជ្ញាធរឃុំមិនមានលទ្ធភាពត្រួតពិនិត្យសកម្មភាពលួចកាប់ឈើក្នុងព្រៃអភិរក្សនេះបានទេ ក៏ប៉ុន្តែលោកអំពាវនាវសុំឲ្យស្ថាប័នពាក់ព័ន្ធចាត់វិធានការស៊ើបអង្កេតករណីនេះ៖ «ខ្ញុំនិយាយអ៊ីចឹង បើគ្មានប្រហែលអត់ឮ។ ក្នុងនេះយើងនិយាយគ្នាថាទាំងអស់លោកទាំងខ្ញុំ ក៏មិនមានលទ្ធភាពធ្វើអ្វីទេ ខ្ញុំអត់ឃាត់ហាមទេណា បើសិនជាអស់លោកបានព័ត៌មានពីប្រជាពលរដ្ឋ សូមមេត្តាជួយធ្វើការផ្សព្វផ្សាយផង ដើម្បីកាត់បន្ថយ»។
ដូចគ្នានេះដែរ មន្ត្រីឃ្លាំមើលបញ្ហាព្រៃឈើសមាគមអាដហុក (Adhoc) ខេត្តរតនគិរី លោក ឆាយ ធី មានប្រសាសន៍បញ្ជាក់ថា សមាគមលោកក៏ទទួលបានព័ត៌មានស្ដីពីសកម្មភាពកាប់ឈើអនាធិបតេយ្យថ្មីនេះដែរ។ លោកបន្តថា សហគមន៍បានសំណូមពរឲ្យមន្ត្រីសិទ្ធិមនុស្សចុះអង្កេតជាក់ស្តែងពីករណីនេះ៖ «យើងនឹងចុះស៊ើបអង្កេតនៅសប្ដាហ៍ក្រោយ ដើម្បីស្វែងរកភស្តុតាងការកាប់បំផ្លាញព្រៃឈើហ្នឹង ដាក់អន្តរាគមន៍ទៅអាជ្ញាធរខេត្ត ថ្នាក់ជាតិ និងស្ថាប័នផ្សេងៗដើម្បីទប់ស្កាត់»។
កាលពីខែមេសា ឆ្នាំ២០១៣ ប្រធានផ្នែកការពារដែនជម្រកសត្វព្រៃលំផាត់ ធ្លាប់បានទទួលស្គាល់ថា មន្ត្រីអភិរក្សចាប់បានរថយន្តស្ទូចឈើពីរគ្រឿង កំពុងដឹកជញ្ជូនឈើមូលចេញពីព្រៃដែនជម្រក ក៏ប៉ុន្តែរហូតបច្ចុប្បន្ន គេមិនដឹងថា តើមន្ត្រីជំនាញចាត់វិធានការបែបណាជុំវិញអ្នកពាក់ព័ន្ធដឹកជញ្ជូនឈើនោះទេ។
ដែនជម្រកសត្វព្រៃលំផាត់ ឋិតក្រោមការគ្រប់គ្រងរបស់ក្រសួងបរិស្ថាន មន្ត្រីសមាគមអាដហុក បានចុះស៊ើបអង្កេតករណីលួចកាប់ឈើក្នុងព្រៃនេះ កាលពីខែមេសា រកឃើញថា ដើមឈើរាប់ពាន់ដើម រួមទាំងឈើប្រណីតមានតម្លៃ ត្រូវគេកាប់យកតាំងពីពាក់កណ្ដាលឆ្នាំ២០១២ រហូតមក។ ទន្ទឹមនោះ ក្រុមអ្នកអភិរក្សសត្វព្រៃនៃអង្គការសង្គមស៊ីវិល ក៏បានរកឃើញអន្ទាក់រាប់រយ ត្រូវបានគេដាក់រាយក្នុងព្រៃនេះ កាលពីខែធ្នូ ឆ្នាំ២០១៣ ដើម្បីចាប់សត្វព្រៃធ្វើអាជីវកម្មដូចគ្នា៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖
ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។
