អ្នក​កាប់​ឈើ​ខុស​ច្បាប់​គំរាម​កំហែង​សហគមន៍​ការពារ​ព្រៃ​ឈើ​និង​ឧទ្យានុរក្ស​ស្រុក​រវៀង

0:00 / 0:00

សកម្មភាព​កាប់ និង​ដឹក​ជញ្ជូន​ឈើ​យក​ទៅ​ជួញដូរ​ខុស​ច្បាប់​ក្នុង​តំបន់​ព្រៃ​សហគមន៍​ជាំពេន ភូមិ​បង្កើនផល ឃុំ​រមទម ស្រុក​រវៀង កំពុង​កើត​ឡើង​ស្ទើរ​តែ​រៀង​រាល់​ថ្ងៃ មិន​ថយ​ចុះ​ទេ។ សហគមន៍​ការពារ​ព្រៃ​ឈើ​ទីនោះ រួម​ទាំង​មន្ត្រី​ឧទ្យានុរក្ស​បរិស្ថាន​ផង មិន​មាន​លទ្ធភាព​បង្ក្រាប​បទល្មើស​ទាំងនោះ​ឲ្យ​មាន​ប្រសិទ្ធភាព​ឡើយ ដោយសារ​តែ​ក្រុម​អ្នក​កាប់​ឈើ​ខុស​ច្បាប់​ដែល​ឆ្លង​មក​ពី​ខេត្ត​កំពង់ធំ មិន​ខ្លាច​អ្នក​បង្ក្រាប ហើយ​ជួនកាល ពួក​គេ​ថែម​ទាំង​គំរាម​សម្លាប់​អ្នក​ការពារ​ព្រៃ​ឈើ​ទាំងនោះ​ទៀត​ផង។

សហគមន៍​ការពារ​ព្រៃ​ឈើ​ជាំពេន នៅ​ឃុំ​រមទម ស្រុក​រវៀង អំពាវនាវ​ឲ្យ​រដ្ឋាភិបាល និង​អាជ្ញាធរ​ខេត្ត​ព្រះវិហារ ជួយ​ចាត់​វិធានការ​បង្ក្រាប​អ្នក​កាប់​ឈើ​ខុស​ច្បាប់​ឲ្យ​មាន​ប្រសិទ្ធភាព ដើម្បី​ការពារ​ព្រៃ​ឈើ​ទំហំ​ជាង ១.៨០០​ហិកតារ​ឲ្យ​នៅ​គង់វង្ស។

ការ​អំពាវនាវ ធ្វើ​ឡើង​នៅ​ស្រប​ពេល​ដែល​សកម្មភាព​កាប់​ឈើ​ក្នុង​តំបន់​ព្រៃ​សហគមន៍ កំពុង​កើត​ឡើង ហើយ​សកម្មជន​សហគមន៍ ព្រម​ទាំង​មន្ត្រី​ឧទ្យានុរក្ស​បរិស្ថាន ពុំ​មាន​លទ្ធភាព​អាច​បង្ក្រាប​ការ​កាប់​ឈើ​ទាំងនោះ​បាន​ទេ។

តំណាង​សហគមន៍​ការពារ​ព្រៃ​ឈើ​ជាំពេន គឺ​លោក រស់ លីន។ លោក​មាន​ប្រសាសន៍​នៅ​ព្រឹក​ថ្ងៃ​អង្គារ ទី​៩ ខែ​ឧសភា ថា បច្ចុប្បន្ន​នេះ​មាន​ជន​ល្មើស​ជាច្រើន​នាក់​បាន​ឆ្លង​ដែន​ពី​ស្រុក​ប្រាសាទបល្ល័ង្គ ខេត្ត​កំពង់ធំ ហើយ​ចូល​មក​កាប់​ឈើ​ក្នុង​តំបន់​ព្រៃ​សហគមន៍​របស់​លោក។ រយៈពេល ១០​ថ្ងៃ​មក​នេះ កម្លាំង​សហគមន៍​បាន​នាំ​គ្នា​ជីក​ប្រឡាយ​ជ្រៅ ដើម្បី​ផ្ដាច់​ផ្លូវ​ក្រុម​ជន​ល្មើស​កុំ​ឲ្យ​ឆ្លង​មក​កាប់ និង​ដឹក​ជញ្ជូន​ឈើ​យក​ទៅ​ជួញដូរ ក៏ប៉ុន្តែ​ក្រុម​ជន​ល្មើស​បែរ​ជា​ហ៊ាន​ជញ្ជូន​គ្នា​មក​ធ្វើ​ស្ពាន​ឆ្លង ដើម្បី​ចូល​កាប់​ឈើ​ជា​ថ្មី ព្រម​ទាំង​មាន​អាវុធ​ស្នាតេះ និង​កាំភ្លើង​ច្នៃ គំរាម​សហគមន៍​មិន​ឲ្យ​ចូល​បង្ក្រាប​ទៀត​ផង។

លោក រស់ លីន បញ្ជាក់​ថា កាល​ពី​រាត្រី​ថ្ងៃ​ទី​៨ ខែ​ឧសភា ក្រុម​ជន​ល្មើស​បាន​នាំ​គ្នា​ចូល​មក​កាប់​ឈើ​ធំៗ​នៅ​ក្នុង​តំបន់​ព្រៃ​សហគមន៍ ហើយ​ដឹក​ជញ្ជូន​ចេញ​ចំនួន ៥​រទេះ​គោ៖ « សំណូមពរ​ឲ្យ​អាជ្ញាធរ និង​មន្ត្រី​ពាក់ព័ន្ធ​ទាំងអស់ ឲ្យ​មាន​ការ​សហការ មាន​ការ​ចូលរួម​ទប់ស្កាត់ និង​លុប​បំបាត់​ការ​កាប់​ឈើ​អនាធិបតេយ្យ​ផង »

សហគមន៍​ការពារ​ព្រៃ​ឈើ​ជាំពេន គឺ​នៅ​ជាប់​គ្នា​នឹង​តំបន់​ដែន​ជម្រក​សត្វ​ព្រៃ​បឹងពែរ ដែល​ជា​តំបន់​កំណត់​ការពារ​ដោយ​ព្រះរាជក្រឹត្យ។

នាយក​ដែន​ជម្រក​សត្វ​ព្រៃ​បឹងពែរ លោក យ៉ាន់ ប៊ុនសឿង មាន​ប្រសាសន៍​ថា ស្ទើរ​តែ​រៀង​រាល់​ថ្ងៃ ក្រុម​ជន​ល្មើស​តែង​ចូល​ទៅ​កាប់​ឈើ​នៅ​ក្នុង​តំបន់​ព្រៃ​សហគមន៍​ជាំពេន នោះ​មែន ដោយសារ​តែ​ព្រៃ​នោះ​នៅ​មាន​ដើម​ឈើ​ធំៗ។ មន្ត្រី​ដដែល​បញ្ជាក់​ថា ជា​ញឹកញាប់ លោក​តែង​បញ្ជូន​មន្ត្រី​ឧទ្យានុរក្ស​ឲ្យ​ទៅ​ដើរ​ល្បាត​ការពារ​ព្រៃ​ជាមួយ​ប្រជាពលរដ្ឋ ក៏ប៉ុន្តែ​ទាំង​កម្លាំង​របស់​លោក និង​កម្លាំង​សហគមន៍ នៅ​តែ​មិន​អាច​បង្ក្រាប​ក្រុម​ជន​កាប់​ឈើ​ខុស​ច្បាប់​ទាំងនោះ​បាន​ទេ ដោយសារ​តែ​កម្លាំង​ជំនាញ​មាន​គ្នា​តិច ហើយ​ក្រុម​ជន​ល្មើស​មិន​ខ្លាច ថែម​ទាំង​គំរាម​សម្លាប់​មន្ត្រី​ឧទ្យានុរក្ស​របស់​លោក​ទៀត៖ « ពួក​កាប់​ឈើ​ហ្នឹង​ប្រមាថ​ក្រុម​របស់​ខ្ញុំ​ថា ឲ្យ​តែ​មក​ដើរ​ល្បាត​ការពារ​ព្រៃ ២ - ៣​នាក់ គឺ​ដាច់​ក្បាល​ហើយ វា​ប្រមាថ​ដូច្នេះ ប៉ុន្តែ​ពួក​ខ្ញុំ​មិន​បាន​ស្គាល់​មុខ​នៅ​ឡើយ »

រយៈពេល​មួយ​ឆ្នាំ​ហើយ​ដែល​សហគមន៍​ការពារ​ព្រៃ​ឈើ​ជាំពេន បាន​ត្អូញត្អែរ​ជុំវិញ​បញ្ហា​មាន​ជន​ល្មើស​ចូល​ទៅ​កាប់​បំផ្លាញ​ព្រៃ​ឈើ ថែម​ទាំង​គំរាម​ដល់​អ្នក​ការពារ​ព្រៃ​ឈើ​ផង ប៉ុន្តែ​គេ​មិន​ដែល​ឃើញ​សមត្ថកិច្ច ដូចជា​ប៉ូលិស និង​កង​រាជ​អាវុធហត្ថ​របស់​ខេត្ត​ព្រះវិហារ បញ្ជូន​កម្លាំង​ទៅ​ជួយ​អន្តរាគមន៍​បង្ក្រាប​ជន​ល្មើស​ដែល​កាប់​ឈើ​ខុស​ច្បាប់​ទាំងនោះ​ទេ។

នៅ​ខេត្ត​ព្រះវិហារ ក្រៅ​តែ​ពី​បទល្មើស​ព្រៃ​ឈើ​កើត​មាន​ខ្លាំង​នៅ​សហគមន៍​ជាំពេន បច្ចុប្បន្ន​ក៏​មាន​នៅ​តំបន់​ព្រៃ​ព្រះ​រកា ជាច្រើន​កន្លែង​ដែរ។

មន្ត្រី​ផ្នែក​តស៊ូ​មតិ​របស់​អង្គការ​ពន្លក​ខ្មែរ លោក ប៉ិក សោភ័ណ ធ្លាប់​សម្ដែង​ការ​ព្រួយ​បារម្ភ​ខ្លាច​បាត់បង់​ព្រៃ​ឈើ​ទាំងនោះ​ដ៏​ឆាប់​រហ័ស ប្រសិន​បើ​សមត្ថកិច្ច​រដ្ឋាភិបាល​មិន​ព្រម​ចាត់​វិធានការ​ជួយ​បង្ក្រាប​អំពើ​កាប់​ឈើ​ល្មើស​ច្បាប់​ទាំងនោះ​ឲ្យ​បាន​ខ្លាំងក្លា​ទេ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖

ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។