សកម្មជនការពារព្រៃឡង់នៅខេត្តកំពង់ធំ លើកឡើងថា បទល្មើសកាប់ និងដឹកជញ្ជូនឈើចេញពីព្រៃនៅតែបន្តកើតមានឡើង បើទោះបីជារដូវនេះជារដូវភ្លៀងធ្លាក់ ឬជារដូវវស្សាយ៉ាងណាក៏ដោយ។ បន្ថែមពីនេះ មន្ត្រីការពារព្រៃឡង់បញ្ជាក់ថា ខេត្តចំនួនពីរក្នុងចំណោមខេត្តទាំងបួនជាប់ព្រៃឡង់ បទល្មើសដឹកជញ្ជូនឈើ គឺកំពុងចរាចរតាមផ្លូវទឹកច្រើនជាង ពីព្រោះវាងាយស្រួលក្នុងការដឹកជញ្ជូនឈើចេញពីព្រៃ ឬចេញពីកន្លែងស្តុកទុករបស់ពួកគេ។
បើទោះបីជារដូវនេះជារដូវភ្លៀងធ្លាក់ជោគជាំ ធ្វើឲ្យផ្លូវធ្វើដំណើរទៅកាន់តំបន់ព្រៃឡង់មានការលំបាកក៏ដោយ ប៉ុន្តែបទល្មើសព្រៃឈើនៅតែកើតឡើងឥតឈប់ឈរ។ តំបន់ព្រៃឡង់ផ្នែកខ្លះ ក្រុមជនល្មើសចូលកាប់ទន្ទ្រាន និងដឹកជញ្ជូនឈើចេញនៅពេលយប់តាមរយៈរទេះគោ ឬគោយន្តច្នៃ ប៉ុន្តែផ្នែកខ្លះទៀត ពួកគេត្រូវដឹកជញ្ជូនតាមរយៈទូក កាណូត ឬសាឡង់ ហើយដឹកជញ្ជូនបន្តដោយរថយន្តធុនធ្ងន់ជាដើម។
សកម្មជនការពារព្រៃឡង់នៅស្រុកសណ្ដាន់ ខេត្តកំពង់ធំ លោក ជុំ យីន ឲ្យដឹងថា លោកបារម្ភអំពីវាសនាព្រៃឡង់ ខណៈឃើញសកម្មភាពបទល្មើសនៅតែកើតមានឡើង។ លោកបន្តថា បទល្មើសកាប់បំផ្លាញព្រៃឈើ ភាគច្រើនកើតឡើងនៅពេលថ្ងៃ ចំណែកការដឹកជញ្ជូនមួយចំនួនធ្វើឡើងនៅពេលយប់។ លោកថា ក្រោយពេលរាជរដ្ឋាភិបាលប្រគល់ភារកិច្ចការពារព្រៃឈើ ទៅឲ្យក្រសួងបរិស្ថាន ជាអ្នកគ្រប់គ្រង បទល្មើសនៅតំបន់ព្រៃឡង់ថយចុះនៅពេលដំបូង ប៉ុន្តែបច្ចុប្បន្ន បទល្មើសនៅតែកើតឡើងវិញដដែល៖ « សហគមន៍ពួកខ្ញុំបារម្ភថា ពិសេសក្នុងការសហការជាមួយស្ថាប័នពាក់ព័ន្ធហាក់ដូចជាមិនសូវមានប្រសិទ្ធភាព។ ដំបូងឡើយដូចមានប្រសិទ្ធភាព ប៉ុន្តែក្រោយមកក្នុងការទំនាក់ទំនង ឬការចុះបង្ក្រាប គឺតែងតែបែកធ្លាយ »។
ដោយឡែកអ្នកសម្របសម្រួលលេខាធិការដ្ឋានបណ្ដាញព្រៃឡង់ទាំងបួនខេត្ត លោក សេង សុខហេង មានប្រសាសន៍ថា រូបភាពដឹកជញ្ជូនឈើចេញពីតំបន់ព្រៃឡង់មុនពេលបុណ្យភ្ជុំបិណ្ឌ និងក្រោយពេលបុណ្យភ្ជុំបិណ្ឌ គឺខុសគ្នាទៅតាមតំបន់នីមួយៗ។ លោកថា ខេត្តខ្លះ ក្រុមជនល្មើសដឹកជញ្ជូនឈើចេញពីកន្លែងស្តុកទុករបស់ខ្លួនតាមរថយន្ត ឬគោយន្តច្នៃ ប៉ុន្តែតំបន់ខ្លះទៀត គឺប្រើប្រាស់ទូកកាណូត ឬសាឡង់ ដើម្បីដឹកជញ្ជូនឈើចេញពីព្រៃ ឬចេញពីកន្លែងស្តុករបស់ពួកគេ ដើម្បីបញ្ជូនទៅដល់ទីតាំងដីគោកណាមួយ ហើយបន្តតាមរថយន្តធុនធ្ងន់បន្ថែមទៀត។
ជាក់ស្តែង ខេត្តចំនួនពីរដែលក្រុមជនល្មើសប្រើប្រាស់ផ្លូវទឹកសម្រាប់ដឹកជញ្ជូនឈើចេញពីព្រៃ គឺខេត្តក្រចេះ និងខេត្តស្ទឹងត្រែង។ លោក សេង សុខហេង អះអាងថា នៅខេត្តក្រចេះ គឺនៅស្រុកសំបូរ ចំណែកខេត្តស្ទឹងត្រែង គឺនៅស្រុកសៀមបូក និងស្រុកថាឡាបរិវ៉ាត់ ដោយមានទូក កាណូត ឬសាឡង់មិនក្រោមពី ៥០គ្រឿងឡើយក្នុងមួយថ្ងៃ សម្រាប់ធ្វើសកម្មភាពដឹកជញ្ជូនឈើខុសច្បាប់៖ « ហើយមូលហេតុដែលដឹកឈើហ្នឹង គឺបច្ចុប្បន្នហ្នឹងទឹកវាឡើង គឺវាអំណោយផលដល់អ្នករកស៊ីឈើ ឬរត់ពន្ធឈើ »។
កាលពីថ្ងៃទី៩ ឧសភា រាជរដ្ឋាភិបាលបានចេញអនុក្រឹត្យមួយស្ដីពីការបង្កើតដែនជម្រកសត្វព្រៃតំបន់ព្រៃឡង់ ដែលមានទំហំផ្ទៃដីជាង ៤សែនហិកតារ (៤៣១.៦៨៣ហិកតារ) ស្ថិតនៅភូមិសាស្ត្រខេត្តចំនួន៤ រួមមានខេត្តកំពង់ធំ ក្រចេះ ស្ទឹងត្រែង និងខេត្តព្រះវិហារ។ រាជរដ្ឋាភិបាល ក៏បានប្រគល់សិទ្ធិគ្រប់គ្រង និងការពារព្រៃអភិរក្សមួយនេះទៅឲ្យក្រសួងបរិស្ថាន។

បន្ថែមពីនេះ កាលពីថ្ងៃទី២២ កញ្ញា រាជរដ្ឋាភិបាលបានចេញសារាចរណែនាំស្ដីពីវិធានការចាំបាច់នានាក្នុងការគ្រប់គ្រងធនធានធម្មជាតិ ក្នុងនោះរាជរដ្ឋាភិបាលបានដាក់ចេញនូវវិធានការមួយចំនួនទៅស្ថាប័នពាក់ព័ន្ធ តាមរយៈគណៈបញ្ជាការឯកភាពរាជធានី ខេត្ត ស្រុក ខណ្ឌទាំងអស់ អនុវត្តឲ្យបានត្រឹមត្រូវនូវតួនាទីភារកិច្ចរបស់ខ្លួន ដើម្បីពង្រឹងសមត្ថភាព និងទទួលខុសត្រូវក្នុងការគ្រប់គ្រង ថែរក្សា និងការពារធនធានធម្មជាតិ ត្រូវចាត់វិធានការឲ្យបានហ្មត់ចត់ដើម្បីទប់ស្កាត់ និងបង្ក្រាប ព្រមទាំងលុបបំបាត់បទល្មើសធនធានធម្មជាតិគ្រប់ប្រភេទ រួមទាំងការរុករានដីក្នុងតំបន់ព្រៃការពារ និងអភិរក្សធម្មជាតិដែលស្ថិតនៅក្នុងដែនសមត្ថកិច្ចរបស់ខ្លួន។
ជាមួយគ្នានេះ អ្នកនាំពាក្យក្រសួងបរិស្ថាន លោក សៅ សុភាព មានប្រសាសន៍នៅថ្ងៃទី១០ តុលា ថា ខាងក្រសួងប្ដេជ្ញាអនុវត្តនូវសារាចរនេះឲ្យមានប្រសិទ្ធភាព ដើម្បីការពារធនធានធម្មជាតិ ពិសេសព្រៃឈើឲ្យបានគង់វង្ស ហើយមិនចំពោះតែតំបន់ព្រៃឡង់នោះទេ។ លោកបន្តថា រាជរដ្ឋាភិបាលបានយកចិត្តទុកដាក់ចំពោះការទប់ស្កាត់ និងបង្ក្រាបបទល្មើសជាហូរហែ ប៉ុន្តែលោកទទួលស្គាល់ថា ស្ថានភាពបទល្មើសព្រៃឈើនៅតំបន់ព្រៃឡង់ ពិតជាមានកើតឡើងដោយលួចលាក់ខ្លះប្រាកដមែន៖ « យើងហៅថាការលួចឆ្មក់ យើងហៅថាការលួចកាប់ទន្ទ្រាន ក៏ប៉ុន្តែយើងក៏បានខិតខំគ្រប់គ្រង និងដោះស្រាយ ក៏ដូចជាចាត់វិធានការរឹបអូសវត្ថុតាង និងចាត់ចែងទៅតាមនីតិវិធីច្បាប់ជាហូរហែ »។
បច្ចុប្បន្ន គ្មានរបាយការណ៍ណាមួយបញ្ជាក់ឲ្យបានច្បាស់លាស់អំពីទិន្នន័យព្រៃដែលនៅសេសសល់ក្នុងតំបន់ព្រៃឡង់ឡើយ។
យ៉ាងនេះក្តី ព្រៃឈើដែលរងការបំផ្លិចបំផ្លាញនៅតំបន់ព្រៃការពារមួយនេះ គឺកើតមានឡើងខ្លាំងក្រោយពេលរាជរដ្ឋាភិបាលបានផ្តល់ដីសម្បទានសេដ្ឋកិច្ចទៅឲ្យក្រុមហ៊ុនជាច្រើន រួមមានក្រុមហ៊ុន ស៊ី.អ.ស៊ី.ខេ (CRCK) ក្រុមហ៊ុន ធីង៉ា (Thy Ngy) ក្រុមហ៊ុន ស៊ីង បាយ អូទិច (Think by O Tex) ព្រមទាំងក្រុមហ៊ុនជាច្រើនផ្សេងទៀត។ បន្ថែមពីនេះ ទម្រង់ផ្តល់ដីសម្បទានសង្គមកិច្ច ក៏ជាហេតុធ្វើឲ្យព្រៃឈើតំបន់ព្រៃឡង់វិនាសដែរ។ ការកាប់បំផ្លាញព្រៃឈើពីសំណាក់ក្រុមឈ្មួញ ឬឧកញ៉ា និងអាជ្ញាធរមួយចំនួន ដោយប្រើរូបភាពជួលប្រជាពលរដ្ឋចូលទៅកាប់ឈើយកមកលក់ឲ្យខ្លួន ជាដើម។
លោក សេង សុខហេង មើលឃើញថា ប្រសាសន៍លោកនាយករដ្ឋមន្ត្រី ឬសារាចរណែនាំ និងវិធានការរបស់រាជរដ្ឋាភិបាលក្នុងកិច្ចការពារធនធានធម្មជាតិកន្លងទៅ គឺមិនមានប្រសិទ្ធភាពឡើយ។
ជាក់ស្តែង គណៈកម្មាធិការទប់ស្កាត់ និងបង្ក្រាបបទល្មើសព្រៃឈើ ដែលបង្កើតឡើងកាលពីខែមករា គឺធ្វើការងារបានតែមួយប្រាវ ក្រោយមកក៏ស្ងាត់ទៅវិញ រីឯបទល្មើសកាប់ និងដឹកជញ្ជូនឈើដោយខុសច្បាប់នៅតែកើតឡើង។
ក្រុមឧកញ៉ា ឬឈ្មួញឈើធំៗមិនត្រូវបានចាប់ខ្លួន ឬយកទៅផ្ដន្ទាទោសតាមច្បាប់ព្រៃឈើទេ បើទោះបីជាមានភស្តុតាងគ្រប់គ្រាន់យ៉ាងណាក៏ដោយ។ ចំណែករោងចក្រកែច្នៃឈើ ឬដេប៉ូលក់ឈើកាន់តែរីកដុះដាល ដោយគ្មានការត្រួតពិនិត្យត្រឹមត្រូវ។ មិនតែប៉ុណ្ណោះ រោងចក្រកែច្នៃឈើមួយចំនួនបានបោះទីតាំងនៅតំបន់ព្រៃការពារថែមទៀតផង។ បញ្ហាទាំងនេះធ្វើឲ្យប្រជាពលរដ្ឋនៅតាមមូលដ្ឋានខ្លះលើកឡើងបែបកំប្លែងថា ការអភិវឌ្ឍប្រទេសជាតិ គឺធ្វើឡើងបែបជំហានគីង្គក់ ប៉ុន្តែបើកាប់ឈើលក់ គឺធ្វើឡើងតាមជំហានខ្លា៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖
ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។
