ពលរដ្ឋ​ខែត្រ​ស្ទឹងត្រែង​ថា អាជ្ញាធរ​យក​តួនាទី​ដោះលែង​រថយន្ត​ដឹក​ឈើ​ខុសច្បាប់

ដោយ វ៉ែន សុមេធ
2017-12-07
អ៊ីម៉ែល
មតិ
ចែករំលែក
បោះពុម្ព
  • បោះពុម្ព
  • ចែករំលែក
  • មតិ
  • អ៊ីម៉ែល
ឈើ​លេខ​មួយ​ប្រភេទ​សុក្រំ ដែល​មន្ត្រី​រដ្ឋបាល​ព្រៃ​ឈើ​ខេត្ត​ស្ទឹងត្រែង ចាប់​ពី​ឈ្មួញ និង​រក្សា​ទុក​នៅ​វត្ត​ពោធិ៍ការាម ហៅ​វត្ត​ក្បាលរមាស ភូមិ​ក្បាលរមាស ស្រុក​សេសាន ខេត្ត​ស្ទឹងត្រែង កាល​ពី​ខែ​ឧសភា ឆ្នាំ​២០១៥។
ឈើ​លេខ​មួយ​ប្រភេទ​សុក្រំ ដែល​មន្ត្រី​រដ្ឋបាល​ព្រៃ​ឈើ​ខេត្ត​ស្ទឹងត្រែង ចាប់​ពី​ឈ្មួញ និង​រក្សា​ទុក​នៅ​វត្ត​ពោធិ៍ការាម ហៅ​វត្ត​ក្បាលរមាស ភូមិ​ក្បាលរមាស ស្រុក​សេសាន ខេត្ត​ស្ទឹងត្រែង កាល​ពី​ខែ​ឧសភា ឆ្នាំ​២០១៥។
រូបភាព​សហគមន៍

ពលរដ្ឋ​រស់នៅ​ឃុំ​ស្តៅ ស្រុក​សេសាន​ខែត្រ​ស្ទឹងត្រែង ចោទ​អាជ្ញាធរ និង​មន្ត្រី​ជំនាញ​រដ្ឋបាល​ព្រៃឈើ​ថា ឃុបឃិត​ជាមួយ​ឈ្មួញ​ដោះលែង​រថយន្ត​ដឹក​ឈើ​ខុសច្បាប់ ដែល​សហគមន៍​ឃាត់​បាន​កាលពី​ចុងខែ​វិច្ឆិកា។ ការ​ចោទប្រកាន់​នេះ​ធ្វើឡើង បន្ទាប់ពី​មន្ត្រី​ជំនាញ​រដ្ឋបាល​ព្រៃឈើ និង​អាជ្ញាធរ​ស្រុក អម​ដោយ​កង​កម្លាំងប្រដាប់អាវុធ បាន​លួច​រំដោះ​រថយន្ត​ដឹង​ឈើ​របស់​ជនល្មើស និង​វត្ថុ​តាង​មួយ​ចំនួន។

ពលរដ្ឋ​រស់នៅ​ឃុំ​ស្តៅ ស្រុក​សេសាន ខែត្រ​ស្ទឹងត្រែង ចាត់​ទុក​ការ ឃុបឃិត​គ្នា​ជាមួយ​ជនល្មើស ដោះ​លែងរ​យន្ត​ដឹក​ឈើ​ខុសច្បាប់​របស់​អាជ្ញាធរ​រដ្ឋាភិបាល​ថា គឺជា​ទង្វើ​ខុសច្បាប់ ដែល​ទាមទារ​ឲ្យ​រដ្ឋាភិបាល​លប់​បំបាត់ និង​ដាក់ទណ្ឌកម្ម​ដល់​មន្ត្រី​ខិលខូច​ណា យក​តួនាទី​ការពារ​ប្រយោជន៍​របស់​ឈ្មួញ​រកស៊ី​ឈើ​ខុសច្បាប់។

ពលរដ្ឋ​រស់នៅ​ឃុំ​ស្តៅ ថ្លែង​សុំ​មិន​បញ្ចេញ​ឈ្មោះ រំឭក​ថា កាល​ពី​ចុងខែ​វិច្ឆិកា ពលរដ្ឋ​ប្រមាណ ៤០​នាក់ បាន​នាំ​គ្នា​ឃាត់​រថយន្ត​ប៉ាងកុង ៣​គ្រឿង និង​ឈើ​មូល​ប្រហែល ៤​ម៉ែត្រ​គូប រក្សា​ទុក ក្នុង​បំណង​ឲ្យ​សមត្ថកិច្ច​អនុវត្ត​ច្បាប់ ក៏ប៉ុន្តែ​បែរជា​អាជ្ញាធរ​ឃុបឃិត​ជា​ប្រព័ន្ធ​ដោះលែង​រថយន្ត​របស់​ជន​ល្មើស​ទៅវិញ​។ លោក​ចាត់​ទុក​ករណី​នេះ ជា​ទង្វើ​ល្មើស​បទ​បញ្ជា​ប្រមុខ​រដ្ឋាភិបាល និង​មិន​បាន​លើកទឹកចិត្ត​ដល់​កិច្ច​គាំពារ​ធនធាន​ព្រៃឈើ​របស់​ពលរដ្ឋ៖ «ខ្ញុំយល់ថា សមត្ថកិច្ច​រដ្ឋាភិបាល​ធ្វើ​អ៊ីចឹង​ហាក់​ដូច​ជា​ផ្ទុយ​ពី​ច្បាប់​របស់​រដ្ឋាភិបាល​ដាក់​ចេញ​មក។ ខ្ញុំ​សំណូមពរ​ឲ្យ​រដ្ឋាភិបាល​ជួយ​មើល​ផង នៅ​ឃុំ​ស្តៅ​នេះ ហាក់​ដូចជា​អនាធិបតេយ្យ​ពេក​ហើយ មិន​ដឹង​ឡាន មិន​ដឹង​អាត្រាក់​ពេញ​តែ​ព្រៃ​ហ្នឹង​ហើយ»

បុរស​ដដែល​បន្ត​ថា រថយន្ត​ដឹក​ឈើ​ដែល​ពលរដ្ឋ​ឃាត់​នោះ គឺជា​របស់​ឈ្មួញ​ដឹក​ឈើ​មូល​ពី​តំបន់​ព្រៃ នៅ​ឃុំ​ស្តៅ ចូល​ទៅ​តំបន់​បាត​អាង​នៃ​ទំនប់​វារីអគ្គិសនី​សេសាន​ក្រោម​ពីរ ដើម្បី​បម្លែង​ជា​ឈើ​ស្របច្បាប់​រួច​ដឹក​ចេញ​ក្រៅ។ លោក​ថា បច្ចុប្បន្ន​ក្រុម​ឈ្មួញ​បាន​យក​រថយន្ត​ដឹក​ឈើ​ប្រមាណ​ជាង ២០​គ្រឿង រួម​ទាំង​ម៉ាស៊ីន​អារ​ឈើ​ជាច្រើន​គ្រឿង​ទៀត ចូល​ព្រៃ​អារ​ឈើ​ខុសច្បាប់ នៅ​ឃុំ​ស្តៅ ពុំ​មាន​ការ​បង្ក្រាប៖ «បើ​ប្រជាជន​ទៅ​ចាប់ ហើយ​តាំង​ខ្លួន​មក​គំរាមកំហែង​ប្រជាពលរដ្ឋ។ ខ្ញុំ​ស្តាប់​ឮ​ទាំង​អស់ តែ​មិន​ដឹង​ធ្វើ​ម៉េច។ ឈើ​នៅ​បាត​អាង​វា​ចប់​ហើយ ក៏ប៉ុន្តែ​នៅ​តែ​កាប់​រហូត»

កាលពី​ថ្ងៃ​ទី២៧ វិច្ឆិកា អភិបាលរង​ស្រុក​សេសាន​មួយ​រួប និង​មន្ត្រី​ជំនាញ​រដ្ឋបាល​ព្រៃឈើ អម​ដោយ​កងកម្លាំងប្រដាប់អាវុធ​ចម្រុះ បាន​រំដោះ​រថយន្ត​ដឹក​ឈើ ៣​គ្រឿង ជា​ប្រភេទ​រថយន្ត​ប៉ាកុង​ដែល​ឈ្មួញ​ដឹកជញ្ជូន​ឈើ​ខុសច្បាប់​ចេញពី​តំបន់​ព្រៃ​ក្បែរ​សហគមន៍​រស់នៅ។ អ្នកភូមិ​ថា ការ​កាប់​បំផ្លាញ​ព្រៃឈើ​ទ្រង់ទ្រាយ​ធំ ឋិត​ក្នុង​ឃុំ​ស្តៅ កើតមាន​ច្រើន​ឆ្នាំ​មក​ហើយ រហូត​មក​ទល់​ពេលនេះ បង្ក​ប៉ះពាល់ ជីវភាព និង ជីវិត​រស់នៅ​របស់​សហគមន៍​នៅ​តំបន់​នោះ។

អាស៊ីសេរី​មិន​អាច​ទាក់ទង មេឃុំ​ស្តៅ លោក នួយ ប៊ុនសួយ ដើម្បី​សុំ​ការ​អធិប្បាយ​រឿង​នេះ​បានទេ​នៅ​ថ្ងៃទី៧ ធ្នូ។

ជំទប់​ទី​២ ឃុំស្តៅ លោក បុំ ចាន់ធី ដែល​ទើប​រដ្ឋាភិបាល​ដក​តំណែង​ថ្មីៗ​នេះ ឲ្យ​ដឹង​ថា អាជ្ញាធរ​រដ្ឋាភិបាល និង​មន្ត្រី​ជំនាញ​រដ្ឋបាល​ព្រៃឈើ​មិន​បាន​យកចិត្តទុកដាក់​ការពារ​ធនធានធម្មជាតិ​តាម​បញ្ជា​របស់​ប្រមុខ​រដ្ឋាភិបាល​នោះ​ទេ បង្ក​ឲ្យ​បទល្មើស​ព្រៃឈើ​បាន​កើត​ឡើង​ដោយ​បើក​ចំហ កម្រ​មានការ​បង្ក្រាប​ច្រើន​ឆ្នាំ​ណាស់​មក​ហើយ។ លោក​ថា ការ​ដឹក​ជញ្ជូន​ឈើ និង​ការ​លួច​កាប់​ឈើ​មាន​តម្លៃ​នៅតែ​បន្ត​កើតមាន គ្មាន​ទី​បញ្ចប់ បើ​ទោះ​បី​ជា​រដ្ឋាភិបាល​ប្ដេជ្ញា​ចិត្ត​ដដែលៗ​ច្រើន​សា​ក្ដី៖ «ឈើ​គល់ និង​ចុង​ជំនៀរ​ឈើ​ហ្នឹង តាម​ផ្លូវ​គាត់​ទៅ​ទិញ​តាម​ចាប់ និង​តាម​យក​លុយ​តាម​អី។ ដូច​ជា​មិន​សម។ ខ្ញុំ​អំពាវនាវ​សារ​នេះ​ដល់​រាជរដ្ឋាភិបាល​ឲ្យ​គាត់​ជួយ​ប្រជាជន​របស់​ខ្ញុំ​ផង»

មន្ត្រី​សម្របសម្រួល​សមាគម​អាដហុក (ADHOC) ខែត្រ​ស្ទឹងត្រែង លោក ហូ សំអុល ពន្យល់​ថា អាជ្ញាធរ​រដ្ឋាភិបាល ជា​ពិសេស​មន្ត្រី​ជំនាញ​រដ្ឋបាល​ព្រៃឈើ មាន​កាតព្វកិច្ច​អនុវត្ត​ច្បាប់​ព្រៃឈើ ក៏ប៉ុន្តែ​បែរ​ជា​យក​តួនាទី​សម្របសម្រួល​ដោះលែង​បទល្មើស​ឈើ ជា​ទង្វើ​ល្មើសច្បាប់។ លើស​ពី​នេះ ការ​បណ្ដោយ​ឲ្យ​កើតមាន​បទល្មើស​ព្រៃឈើ​ទ្រង់ទ្រាយ​ធំ និង​តូច គឺជា​ទម្រង់​នៃ​អំពើពុករលួយ​ជា​ប្រព័ន្ធ​ផង។ អំពើពុករលួយ​នេះ មិន​ត្រឹមតែ​សំដៅ​តែ​ប្រាក់​ដែល​បង់​ឲ្យ​សមត្ថកិច្ច​ពាក់ព័ន្ធ​ទេ ភាព​ព្រងើយកន្តើយ​របស់​អាជ្ញាធរ​រដ្ឋាភិបាល ក៏​ជា​ប្រភេទ​នៃ​បទល្មើស​ពុករលួយ​ដែរ។ លោក​បញ្ជាក់​ថា ពលរដ្ឋ​គ្រប់រូប​មាន​សិទ្ធិ​ពេញលេញ ការពារ​សម្បត្តិ​ធម្មជាតិ​ដែល​ធានា​ដោយ​រដ្ឋធម្មនុញ្ញ ហើយ​អាជ្ញាធរ​ពាក់ព័ន្ធ​ត្រូវ​ផ្ដល់​កិច្ចសហការ និង​លើកទឹកចិត្ត៖ «តាម​ពិត​ទៅ​ប្រសិនជា​ការ​ឃាត់​ហ្នឹង​តាម​នីតិវិធី​ត្រូវ​កសាង​សំណុំ​រឿង​បញ្ជូន​ទៅ​តុលាការ ក៏ប៉ុន្តែ​រឿង​នេះ​ដូចជា​មាន​ការ​ឃុបឃិត​ប្រព្រឹត្ត​បទល្មើស​ឧក្រិដ្ឋ»

ច្បាប់​ព្រៃឈើ​ឆ្នាំ​២០០២ មាត្រា​១០០ ចែងថា សកម្មភាព​ទាំងឡាយ​ដែល​ធ្វើឡើង​ដោយ​មន្ត្រី​អាជ្ញាធរ​ដែនដី មន្ត្រី​នគរបាល​កងកម្លាំង​ប្រដាប់​អាវុធ​ដែល​បាន​អន្តរាគមន៍ ឬ​ផ្ដល់​ការអនុញ្ញាត​ដោយ​ផ្ទាល់ ឬ​ប្រយោល​ជួយ​ដល់​អាជីវកម្ម​ព្រៃឈើ និង​គំរាមកំហែង​មន្ត្រី​រដ្ឋបាល​ព្រៃឈើ ឬ​រារាំង​កិច្ចការ​របស់​មន្ត្រី​រដ្ឋបាល​ព្រៃឈើ គឺ​ចាត់ទុកជា​បទល្មើស ដោយ​ត្រូវ​ផ្ដន្ទាទោស​ពី ១​ឆ្នាំ ទៅ ៥​ឆ្នាំ និង​ពិន័យ​ជា​ប្រាក់​ពី ១០​លាន​រៀល ដល់​១០០​លាន​រៀល៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

ព័ត៌មាន (0)
  • បោះពុម្ព
  • ចែករំលែក
  • អ៊ីម៉ែល
គេហទំព័រ​ទាំងមូល