ប្រជាពលរដ្ឋក្នុងសហគមន៍ការពារព្រៃឈើនៅស្រុកសំឡូត ខេត្តបាត់ដំបង អះអាងថា សកម្មភាពឈ្មួញលួចកាប់ឈើស្រស់ក្នុងព្រៃសហគមន៍ យកទៅលក់ឲ្យប្រជាពលរដ្ឋធ្វើជន្លង់ម្រេច កើតមានច្រើន ហើយពុំមានសមត្ថកិច្ចណាទប់ស្កាត់សកម្មភាពនេះបាននៅឡើយ។
អ្នកភូមិសម្ដែងការព្រួយបារម្ភ ខ្លាចការលួចកាប់ព្រៃយ៉ាងអនាធិបតេយ្យនៅតែបន្ត ហើយគ្មានការបង្ក្រាបទេនោះ វានឹងហិនហោចអស់ព្រៃក្នុងសហគមន៍គ្មានសល់។ ប៉ុន្តែខាងអាជ្ញាធរស្រុកសំឡូត បញ្ជាក់ថា ពុំទាន់ទទួលដំណឹងនេះនៅឡើយ។
សហគមន៍ការពារព្រៃឈើនៅស្រុកសំឡូត អំពាវនាវឲ្យអភិបាលខេត្តបាត់ដំបង និងមន្ត្រីពាក់ព័ន្ធ ចាត់វិធានការទប់ស្កាត់ក្រុមអ្នកលួចកាប់ព្រៃឈើក្នុងសហគមន៍ជាបន្ទាន់ ដើម្បីការពារសម្បត្តិធនធានធម្មជាតិទុកជាជម្រកសត្វ និងប្រើប្រាស់ជាប្រយោជន៍រួមរបស់ប្រជាពលរដ្ឋ។
ប្រជាពលរដ្ឋម្នាក់នៅសហគមន៍ការពារព្រៃឈើនៅស្រុកសំឡូត ថ្លែងមិនឲ្យបញ្ចេញឈ្មោះថា ព្រៃឈើក្នុងសហគមន៍ប្រមាណជាង ១០០ហិកតារ នៅភូមិសំឡូត ត្រូវក្រុមឈ្មួញលួចកាប់ព្រៃឈើធ្វើជន្លង់ម្រេច យកទៅលក់ឲ្យប្រជាពលរដ្ឋនៅតំបន់នោះ គេច្រើនធ្វើសកម្មភាពនៅពេលយប់ប្រមាណ ១ខែមកហើយ។ អ្នកភូមិរូបនេះបញ្ជាក់ថា ការកាប់ព្រៃឈើក្នុងសហគមន៍នេះ កន្លងមកពួកគេតែងចេញមុខទប់ស្កាត់ជារៀងរាល់ថ្ងៃដែរ ប៉ុន្តែមិនអាចការពារព្រៃឈើទាំងនោះបានទេ ពីព្រោះក្រុមឈ្មួញគេលួចធ្វើសកម្មភាពនៅពេលយប់ស្ងាត់ ធ្វើឲ្យអ្នកភូមិមិនហ៊ានចេញទៅប្រឈមមុខជាមួយក្រុមអ្នកកាប់ឈើទាំងនោះ៖ «សកម្មភាពលួចកាប់ឈើធ្វើជន្លង់ម្រេច គេអាចមានគ្នាច្រើននាក់ទើបគេធ្វើទៅកើត ពីព្រោះឈើដែលគេកាប់នោះ គេប្រើម៉ាស៊ីនអារឈើប្រមាណ ៥គ្រឿងក្នុងមួយលើកៗពេញព្រៃដោយស្ងៀមស្ងាត់»។
ឆ្លើយតបនឹងបញ្ហានេះ អភិបាលស្រុកសំឡូត លោក ឥន សៅរិទ្ធ បញ្ជាក់ថា លោកពុំទទួលព័ត៌មានជុំវិញនឹងការអះអាងរបស់អ្នកភូមិនេះនៅឡើយទេ។ ទោះយ៉ាងនេះក្ដី លោកទទួលស្គាល់ថា ប្រជាពលរដ្ឋនៅស្រុកសំឡូត ប្រមាណជិត ១០០គ្រួសារ ពិតជាប្រកបរបរដាំម្រេចប្រាកដមែន ប៉ុន្តែការដាំម្រេចនេះធ្វើឡើងជាលក្ខណៈគ្រួសារទេ។ លោកបន្តថា ប្រជាពលរដ្ឋនាំគ្នាដាំម្រេចឆ្នាំ២០១៥ នេះច្រើនជាងពេលមុនៗ។ លោកបញ្ជាក់ទៀតថា សព្វថ្ងៃចម្ការម្រេចដែលប្រមូលផលប្រមាណ ៧០ហិកតារ ចំណែកឯដើមម្រេចដែលដាំថ្មីវិញ ប្រមាណជាង ៣០ហិកតារ ហើយភាគច្រើននៅឃុំស៊ុង និងឃុំសំឡូត ស្រុកសំឡូត ខេត្តបាត់ដំបង៖ «ចំពោះអាជ្ញាធរស្រុកបានហាមឃាត់មិនឲ្យមានការកាប់ឈើរស់ជាដាច់ខាត ប៉ុន្តែឈើក្រាក់ដែលងាប់ស្រាប់នោះ មិនអីទេ។ ម្យ៉ាងទៀតដំណាំម្រេចវាត្រូវការឈើជាបង្គោល ប៉ុន្តែមិនអាចយកឈើរស់ហើយខ្ចីទៅប្រើការបាននោះទេ»។
ទាក់ទងនឹងបញ្ហានេះដែរ មន្ត្រីសហគមន៍ការពារព្រៃឈើភូមិសំឡូត ម្នាក់ទៀតអះអាងថា សកម្មភាពអ្នកលួចកាប់ព្រៃឈើនោះ កាលពីដើមឡើយគេច្រើនកាប់ឈើក្រាក់ដែលងាប់ស្រាប់ យកទៅធ្វើជាជន្លង់ម្រេច ប៉ុន្តែមួយរយៈពេលចុងក្រោយនេះ អ្នកលួចកាប់ឈើគេបានប្ដូរទៅកាប់ឈើរស់ជំនួសវិញ។ លោកបញ្ជាក់ថា ហេតុដែលគេងាកមកកាប់ឈើរស់នេះ ដោយសារឈើងាប់នៅក្នុងព្រៃសហគមន៍ដែលមានសេសសល់តិចតួចនោះ ត្រូវគេលួចកាប់អស់ទៅហើយ។ លោកបន្តទៀតថា កន្លងមកលោកនាំរឿងជុំវិញការកាប់ព្រៃឈើសហគមន៍នេះ ទៅជម្រាបមេឃុំ ដើម្បីឲ្យជួយទប់ស្កាត់ជាច្រើនលើកច្រើនសាដែរ ប៉ុន្តែនៅពុំទាន់មានវិធានការទប់ស្កាត់បាននៅឡើយទេ៖ «ឈ្មួញអ្នកកាប់ រីឯប្រជាពលរដ្ឋអ្នកទិញ។ ខ្ញុំបាទទៅពិនិត្យមើលព្រៃសហគមន៍សម្បូរទៅដោយព្រៃឈើច្រើន។ កន្លងមក ខ្ញុំក៏ធ្លាប់ទៅឃាត់គេដែរ ប៉ុន្តែគេមិនស្ដាប់ខ្ញុំទេ គេបែរជាមករករឿងអង្គភាពរបស់ខ្ញុំទៅវិញ។ បើទោះយ៉ាងនេះក្ដី ប៉ុន្តែខ្ញុំនៅតែទប់ស្កាត់សកម្មភាពនោះបន្តទៀត»។
មន្ត្រីសម្របសម្រួលសមាគមការពារសិទ្ធិមនុស្សអាដហុក (adhoc) ខេត្តបាត់ដំបង លោក យិន ម៉េងលី កត់សម្គាល់ថា ព្រៃឈើនៅតំបន់សហគមន៍ស្រុកសំឡូត កន្លងមកលោកតែងទទួលដំណឹងពីប្រជាពលរដ្ឋពាក់ព័ន្ធ និងការលួចកាប់ឈើក្នុងសហគមន៍ជាបន្តបន្ទាប់ ប៉ុន្តែវិធានការទប់ស្កាត់របស់សមត្ថកិច្ចហាក់ទន់ខ្សោយនៅឡើយ ធ្វើឲ្យអ្នកបង្កបញ្ហាឆក់ឱកាសធ្វើសកម្មភាពបានដោយងាយស្រួល។ លោកបញ្ជាក់ថា បញ្ហានេះអាចទប់ស្កាត់បាន ប្រសិនបើសមត្ថកិច្ចសហការជាមួយប្រជាពលរដ្ឋក្នុងសហគមន៍ព្រៃឈើនោះ បំពេញការងារដោយឈរលើគោលការណ៍ច្បាប់៖ «ខ្ញុំគិតថា គ្មានអ្វីដែលសមត្ថកិច្ចដោះស្រាយមិនចេញនោះទេ លើកលែងតែសមត្ថកិច្ចមិនព្រមដោះស្រាយ ពីព្រោះសមត្ថកិច្ចមានកម្លាំងគ្រប់គ្រាន់នៅតាមមូលដ្ឋាន ហើយឈើដែលគេកាប់បានចាំបាច់ គេនឹងដឹកឈើតាមរថយន្ត យើងងាយស្រួលក្នុងការទប់ស្កាត់ណាស់»។
យ៉ាងណា លោកអភិបាលស្រុកបញ្ជាក់ថា បន្ទាប់ពីទទួលដំណឹងពីប្រជាពលរដ្ឋហើយ លោកនឹងតាមដានលើការងារនេះបន្ថែមទៀត។
ជារឿយៗ នៅពេលមានបញ្ហាកើតឡើងម្ដងៗ គេតែងសង្កេតឃើញអាជ្ញាធរច្រើនឆ្លើយថា នឹងតាមដានលើការងារនោះជាប្រចាំ ប៉ុន្តែភាពពិតជាក់ស្ដែង សកម្មភាពនៅតែកើតឡើងដដែល។ ប្រជាពលរដ្ឋនៅតែអះអាងថា ព្រៃឈើក្នុងសហគមន៍ដែលសេសសល់តិចតួចនោះ វានឹងហិនហោចអស់ក្នុងថ្ងៃណាមួយជាពុំខាន ប្រសិនបើសមត្ថកិច្ចពាក់ព័ន្ធពុំមានវិធានការទប់ស្កាត់ទាន់ពេល៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖
ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។
