អ្នក​ភូមិ​រិះគន់​អាជ្ញាធរ​ខេត្ត​កំពង់ឆ្នាំង​ថា​មិន​ហ៊ាន​បង្ក្រាប​អ្នក​កាប់​បំផ្លាញ​ព្រៃ​លិច​ទឹក

0:00 / 0:00

សមាជិក​ភូមិ​កំពង់ព្រះ ឃុំ​ឆ្នុកទ្រូ ស្រុក​បរិបូរណ៍ ខេត្ត​កំពង់ឆ្នាំង ប្រតិកម្ម​ចំពោះ​សកម្មភាព​កាប់​បំផ្លាញ​ព្រៃ​លិច​ទឹក​ក្នុង​បឹង​ទន្លេសាប។ តំណាង​ពលរដ្ឋ​រូប​នេះ​បញ្ជាក់​ថា ការ​បំផ្លាញ​ព្រៃ​លិច​ទឹក​ដែល​ជា​ជម្រក​ត្រី​ពង​កូន និង​ជា​រនាំង​ទប់​កម្លាំង​ខ្យល់​បក់​បោក​ផ្ទះ​អ្នក​ភូមិ​បណ្ដែត​នៅ​តំបន់​នោះ ជា​បញ្ហា​ធ្ងន់ធ្ងរ ប៉ុន្តែ​អាជ្ញាធរ និង​មន្ត្រី​ជំនាញ ហាក់​មិន​សូវ​អើពើ​រឿង​នេះ​ឡើយ។

សកម្មភាព​ទន្ទ្រាន​ដី​ព្រៃ​លិច​ទឹក​ប្រមាណ​ជាង ២​ហិកតារ ទៅ​ធ្វើ​ជា​កម្មសិទ្ធិ​របស់​អ្នក​ភូមិ ១​គ្រួសារ បាន​ធ្វើ​ឲ្យ​អ្នក​ភូមិ​ផ្សេង​ទៀត​រិះគន់​អាជ្ញាធរ​មាន​សមត្ថកិច្ច ថា​ខ្លាច​អំណាច ឬ​ខ្នង​បង្អែក​បុគ្គល​នោះ ព្រោះ​សកម្មភាព​បំផ្លាញ​ព្រៃ​ប្រព្រឹត្ត​តាំង​ពី​អំឡុង​ខែ​ឧសភា ឆ្នាំ​២០១៤ តែ​ពុំ​មាន​ការ​ទប់ស្កាត់។ យ៉ាង​ណា អាជ្ញាធរ​ស្រុក និង​មន្ត្រី​ជំនាញ​ជលផល​បដិសេធ​ថា មិន​ទាន់​ទទួល​បាន​ព័ត៌មាន​នេះ​នៅ​ឡើយ។

សមាជិក​ភូមិ​កំពង់ព្រះ លោក ថែង ចាន់ធី ថ្លែង​នៅ​ថ្ងៃ​ទី​៧ ខែ​មករា ថា រូប​លោក និង​ពលរដ្ឋ​ក្នុង​ភូមិ​ជាច្រើន​ទៀត បារម្ភ​ពី​បញ្ហា​ខ្យល់​បក់​រំលើង​ផ្ទះ និង​ហិនហោច​ធនធាន​មច្ឆជាតិ បន្ទាប់​ពី​មាន​អ្នក​កាប់​បំផ្លាញ​ព្រៃ​លិច​ទឹក​នៅ​ចំណុច​លាង​គ្រូ​ផ្លូវ​តា​សៅ ឋិត​នៅ​ភូមិ​កំពង់ព្រះ។ កាល​ពី​ឆ្នាំ​២០០៤ ក៏​ធ្លាប់​មាន​ពលរដ្ឋ ៣​គ្រួសារ​ចូល​ទៅ​ទន្ទ្រាន​ព្រៃ​លិច​ទឹក​នៅ​តំបន់​នោះ​ដែរ ប៉ុន្តែ​កាល​ណោះ អាជ្ញាធរ និង​មន្ត្រី​ជំនាញ ទៅ​ហាម​ក៏​បញ្ឈប់​ទៅ​វិញ។ លោក​ថា លើក​នេះ​មាន​ពលរដ្ឋ ១​គ្រួសារ​សោះ អាជ្ញាធរ និង​មន្ត្រី​ជំនាញ មិន​ហ៊ាន​ចាត់​វិធានការ​ដែល​ធ្វើ​ឲ្យ​លោក​សង្ស័យ​ថា បុគ្គល​នោះ​មាន​ខ្នង​បង្អែក​ក្រាស់៖ «គាត់​ធ្វើ (អ្នក​ទន្ទ្រាន​ដី​ព្រៃ​លិច​ទឹក) ប្រហែល​មាន​ខ្សែ​ឧកញ៉ា ឬ​ឯកឧត្ដម​ដឹង បាន​ជា​សមត្ថកិច្ច​ជំនាញ​គ្រប់​ថ្នាក់​អត់​មាន​ធ្វើ​ការ​អី​សោះ។ នៅ​រដូវ​ទឹក​សម្រក អ្នក​ដែល​កាប់​បំផ្លាញ​នៅ​បន្ត​ដាំ​ដុះ​ទៀត»

វិទ្យុ​អាស៊ីសេរី មិន​អាច​ទាក់ទង​ពលរដ្ឋ​ដែល​អ្នក​ភូមិ​ចោទ​ថា​ទន្ទ្រាន​ដី​ព្រៃ​លិច​ទឹក និង​មេ​ឃុំ​ឆ្នុកទ្រូ លោក សំរិទ្ធិ ផេង ដើម្បី​សុំ​ការ​អត្ថាធិប្បាយ​ជុំវិញ​បញ្ហា​នេះ​បាន​ទេ នៅ​ថ្ងៃ​ទី​៧ ខែ​មករា។

ចំណែក​អភិបាល​ស្រុក​បរិបូរណ៍ លោក ឃួន សៅរុំ និង​នាយ​ខណ្ឌ​រដ្ឋបាល​ជលផល​ខេត្ត​កំពង់ឆ្នាំង លោក សេង ប៊ុនឈឿន ឆ្លើយ​តប​ថា មិន​ទាន់​ដឹង​ព័ត៌មាន​នេះ​នៅ​ឡើយ ប៉ុន្តែ​ថា​នឹង​ចុះ​ពិនិត្យ ឬ​មាន​វិធានការ​ភ្លាមៗ។

កាល​ពី​ខែ​សីហា ឆ្នាំ​២០១១ រាជ​រដ្ឋាភិបាល​កម្ពុជា បាន​ចេញ​អនុក្រឹត្យ​កំណត់​ដែន​ព្រៃ​លិច​ទឹក​ទំហំ​ជាង ៦​សែន​ហិកតារ (៦៤៧.៤០៦​ហិកតារ) ឋិត​នៅ​ក្នុង​ខេត្ត​ចំនួន​៦ ជុំវិញ​បឹង​ទន្លេសាប រួម​មាន ខេត្ត​កំពង់ឆ្នាំង ពោធិ៍សាត់ បាត់ដំបង បន្ទាយមានជ័យ សៀមរាប និង​ខេត្ត​កំពង់ធំ។ ក្រោយ​ពី​ចេញ​អនុក្រឹត្យ​នេះ នៅ​មាន​សកម្មភាព​របស់​ក្រុមហ៊ុន និង​ប្រជាពលរដ្ឋ​កាប់​បំផ្លាញ​ជា​ហូរហែ​ដូច​នៅ​ខេត្ត​ពោធិ៍សាត់ ត្រូវ​ពលរដ្ឋ​កាប់​បំផ្លាញ​ជាង ៣០០​ហិកតារ នៅ​ចំណុច​ឃុំ​អន្សាចំបក់ ស្រុក​ក្រគរ និង​ខេត្ត​កំពង់ឆ្នាំង នៅ​ចំណុច​ឃុំ​ច្រណូក ស្រុក​កំពង់លែង ប៉ុន្តែ​ដី​ទាំង​នេះ​ត្រូវ​អាជ្ញាធរ​ដក​ហូត​វិញ​នៅ​អំឡុង​ខែ​ឧសភា ឆ្នាំ​២០១៤។

មន្ត្រី​សម្រប​សម្រួល​សហគមន៍​នៃ​អង្គការ​សម្ពន្ធភាព​ដើម្បី​អភិរក្ស​ធនធាន​ជលផល (Fact) ប្រចាំ​ខេត្ត​កំពង់ឆ្នាំង និង​ខេត្ត​បាត់ដំបង អ្នកស្រី នូ សារឹម ថ្លែង​បញ្ជាក់​ថា រហូត​មក​ដល់​បច្ចុប្បន្ន​ក៏​នៅ​មាន​តំបន់​ព្រៃ​លិច​ទឹក​ខ្លះ នៃ​ខេត្ត​ទាំង​៦ ជុំវិញ​បឹង​ទន្លេសាប នៅ​មាន​សកម្មភាព​កាប់​បំផ្លាញ​ដែរ ប៉ុន្តែ​ក្នុង​ទ្រង់ទ្រាយ​តូច ហើយ​អាជ្ញាធរ និង​មន្ត្រី​ជំនាញ​ពាក់ព័ន្ធ មាន​វិធានការ​ជា​បន្តបន្ទាប់​ទៅ​លើ​ជនល្មើស​ទាំង​នោះ៖ «ខ្ញុំ​គិត​ថា ការ​ព្រួយ​បារម្ភ​របស់​គាត់ (តំណាង​ពលរដ្ឋ) ហើយ​បើ​អាជ្ញាធរ​អត់​ចូលរួម​ទប់ស្កាត់ ឬ​ការពារ​ព្រៃ​លិច​ទឹក​ទេ ធ្វើ​ឲ្យ​មាន​ផល​ប៉ះពាល់​ដល់​ពួក​គាត់​ដូចជា ការ​ចង​ផ្ទះ ទូក ឬ​កាណូត​នៅ​ពេល​ទឹក​ឡើង»

នៅ​ក្នុង​អនុក្រឹត្យ​លេខ​១៩៧ របស់​រាជ​រដ្ឋាភិបាល ចុះ​ហត្ថលេខា​ដោយ​លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន កាល​ពី​ថ្ងៃ​ទី​២៩ ខែ​សីហា ឆ្នាំ​២០១១ បាន​សម្រេច​ឲ្យ​អភិបាល​នៃ​គណៈ​អភិបាល​ខេត្ត​ទាំង​៦ ជាប់​បឹង​ទន្លេសាប មាន​ភារកិច្ច​គ្រប់គ្រង​ដោយ​ផ្ទាល់ និង​មាន​កាតព្វកិច្ច​ការពារ​ឲ្យ​ខាង​តែ​បាន​នូវ​ដែន​ព្រៃ​លិច​ទឹក និង​ព្រៃ​លិច​ទឹក​ក្នុង​ដែន​ដី​របស់​ខ្លួន​ដែល​បាន​កំណត់។ ការ​បាត់​បង់​ដែន​ព្រៃ​លិច​ទឹក និង​ព្រៃ​លិច​ទឹក ឋិត​នៅ​ក្នុង​ដែន​សមត្ថកិច្ច​របស់​ខេត្ត​ណា​មួយ គណៈ​អភិបាល​ខេត្ត​នោះ​ត្រូវ​ទទួល​ខុស​ត្រូវ​ទាំង​ស្រុង​ចំពោះ​មុខ​រាជ​រដ្ឋាភិបាល៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖

ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។