ប្រជាពលរដ្ឋ និងប្រធានសហគមន៍ភូមិស្លែង ឃុំទួលខ្ពស់ ស្រុកទឹកផុស ខេត្តកំពង់ឆ្នាំង បារម្ភខ្លាចបាត់បង់ព្រៃសហគមន៍ ខណៈដែលក្រុមឈ្មួញ និងពលរដ្ឋមួយចំនួន ធ្វើសកម្មភាពកាប់បំផ្លាញ និងដឹកជញ្ជូនឈើនៅក្នុងដែនអភិរក្សរបស់សហគមន៍ទាំងយប់ទាំងថ្ងៃ។
ក្រុមពលរដ្ឋ និងតំណាងសហគមន៍ ស្នើឲ្យអាជ្ញាធរមូលដ្ឋាន និងមន្ត្រីជំនាញពាក់ព័ន្ធ ចូលរួមទប់ស្កាត់ឲ្យមានប្រសិទ្ធភាព ដើម្បីទុកព្រៃអាស្រ័យផលបានរហូតដល់កូនចៅពួកគាត់ជំនាន់ក្រោយទៀត។
ប្រជាពលរដ្ឋ តំណាងសហគមន៍ និងមន្ត្រីបរិស្ថានប្រចាំតំបន់ ថ្លែងបញ្ជាក់នៅថ្ងៃទី១៤ ខែតុលា ថា សកម្មភាពកាប់ និងដឹកជញ្ជូនឈើស្ទើរគ្រប់ប្រភេទ ជាពិសេសប្រភេទឧសស្ទែរនៅតាមតំបន់មួយចំនួននៃស្រុកទឹកផុស កំពុងកើតមានច្រើន។ ដោយគ្រាន់តែនៅចំណុចព្រៃសហគមន៍ភូមិស្លែង មានរទេះគោយន្តរបស់ពលរដ្ឋមកពីតាមឃុំផ្សេងៗចូលទៅកាប់ប្រមាណជា ៤០គ្រឿង និងមានឡានធំៗរង់ចាំទិញ និងដឹកបន្តប្រហែល ៤គ្រឿងក្នុងមួយថ្ងៃៗ។ ក្រុមពលរដ្ឋអះអាងថា អាជ្ញាធរមូលដ្ឋានធ្វើជាមើលមិនឃើញ និងមិនបានទប់ស្កាត់សកម្មភាពនេះឡើយ។
ប្រធានសហគមន៍ភូមិស្លែង លោក ហ៊ីង ស៊ិន មានប្រសាសន៍ថា ប្រភេទឈើចម្រុះ និងឧសស្ទែរ ត្រូវបានពលរដ្ឋមកពីឃុំក្រាំងល្វា និងឃុំចោងម៉ោង នៃស្រុកទឹកផុស ជាដើម នាំគ្នាកាប់បំផ្លាញព្រៃសហគមន៍ជារៀងរាល់ថ្ងៃ។ លោកបន្តថា កន្លងទៅខាងសហគមន៍ និងមន្ត្រីអភិរក្សមួយចំនួន ព្យាយាមទប់ស្កាត់សកម្មភាពនេះ តែទប់ស្កាត់មិនឈ្នះ ហើយសកម្មភាពកាន់តែកើតច្រើនឡើងចាប់ពីក្រោយថ្ងៃបុណ្យភ្ជុំបិណ្ឌមក។ លោកស្នើឲ្យអាជ្ញាធរភូមិ រហូតដល់ខេត្ត ជួយចលនា និងអប់រំផ្សព្វផ្សាយដល់ពលរដ្ឋដែលកំពុងបំផ្លាញធនធានធម្មជាតិ៖ «កាប់ខ្លាំងតាំងពីយើងភ្ជុំបិណ្ឌមកដល់ខែ១០ហ្នឹងបង ពួកខ្ញុំជួយទប់ស្កាត់ ប៉ុន្តែអាជ្ញាធរគេអត់សូវជួយណាបង។ រាល់ថ្ងៃហ្នឹងប្រជាពលរដ្ឋកំពុងព្រួយបារម្ភរឿងបាត់បង់ព្រៃឈើសហគមន៍យើងអស់ អត់មានអីប្រើប្រាស់លោកគ្រូ។ កាលពីដើមមក ប្រជាពលរដ្ឋធ្លាប់អាស្រ័យផលលើដីសហគមន៍ហ្នឹងដូចជាបោចវល្លិ រកឧស បេះជ័រអ៊ីចឹងណាបង»។
ឆ្លើយតបបញ្ហានេះ អនុប្រធានមន្ទីរបរិស្ថានខេត្តកំពង់ឆ្នាំង និងជាមន្ត្រីទទួលបន្ទុកការងារអភិរក្សធនធានធម្មជាតិ លោក បឿ ប៊ុនថន ថ្លែងបដិសេធថាពុំមានសកម្មភាពកាប់បំផ្លាញព្រៃឈើច្រើននៅក្នុងទឹកដីស្រុកទឹកផុស ឡើយ ដោយអាជ្ញាធរ និងសមត្ថកិច្ចពាក់ព័ន្ធ ដុតដៃដុតជើងធ្វើសកម្មភាពអប់រំ និងទប់ស្កាត់។ លោកថា ជារៀងរាល់មួយខែម្ដង មន្ត្រីជំនាញ អាជ្ញាធរពាក់ព័ន្ធ រួមនិងមន្ត្រីអង្គការក្រៅរដ្ឋាភិបាលផង បានចុះអប់រំដល់ប្រជាពលរដ្ឋតាមមូលដ្ឋាន និងចលនាឲ្យពួកគាត់ប្រគល់រណាង៉ោងជូនសមត្ថកិច្ច ហើយមកដល់ពេលនេះ នៅទូទាំងស្រុកទឹកផុស ខាងសមត្ថកិច្ចប្រមូលបានរណាង៉ោងចំនួន ១៣០គ្រឿងហើយ៖ «បង! អាហ្នឹងដូចជាអត់មានទេ (បទល្មើសនៅក្នុងសហគមន៍) ត្បិតអីគោលការណ៍របស់ឯកឧត្ដមអភិបាលខេត្ត កំពុងធ្វើការដកហូតម៉ាស៊ីនត្រង់តឺន័រ (រណាង៉ោង) ឥឡូវយើងដកបាន ១៣០គ្រឿងហើយ។ របៀបអប់រំក្នុងមួយខែម្ដង យើងធ្វើតាមរយៈអាជ្ញាធរឃុំប៉ុស្តិ៍រដ្ឋបាល។ យើងអញ្ជើញគាត់មកប្រជុំនៅសាលាបុណ្យអ៊ីចឹងទៅ ហើយក្នុងនោះ ក៏មានអង្គការ (NGO) មួយចំនួនដែលគាត់កំពុងតែផែនការគ្រប់គ្រងសហគមន៍តំបន់ការពារហ្នឹង»។
មន្ត្រីអភិរក្សបរិស្ថានម្នាក់ដែលថ្លែងក្នុងលក្ខខណ្ឌសុំមិនបញ្ចេញឈ្មោះ និងសំឡេងបញ្ជាក់ថា ឧសដុតឡធ្យូង ឧសស្ទែរ និងប្រភេទឈើជាច្រើនទៀត ពិតជាត្រូវបានគេកាប់បំផ្លាញច្រើននៅតាមតំបន់ខ្លះនៃស្រុកទឹកផុស។ មន្ត្រីបរិស្ថាន និងតំណាងសហគមន៍ ធ្លាប់ចូលរួមទប់ស្កាត់ជាប្រចាំ ប៉ុន្តែបទល្មើសកាន់តែកើតមានច្រើនពីមួយថ្ងៃទៅមួយថ្ងៃ។ លោកថា វិធានការទប់ស្កាត់ដ៏មានប្រសិទ្ធភាពនោះ គឺលុបបំបាត់ឲ្យអស់នូវក្រុមឈ្មួញដើរទិញឧស ឬប្រភេទឈើផ្សេងៗបន្តពីប្រជាពលរដ្ឋ។ នៅពេលនោះ ពួកគាត់នឹងបញ្ឈប់សកម្មភាពកាប់បំផ្លាញដោយខ្លួនឯង៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖
ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។
