ប្រជាសហគមន៍នៅឃុំដងកាំបិត ស្រុកសណ្ដាន់ ខេត្តកំពង់ធំ បារម្ភកាន់តែខ្លាំងពីវាសនាព្រៃសហគមន៍ក្បាលអូរតាគង់ ដ្បិតព្រៃសហគមន៍នេះកំពុងរងការកាប់បំផ្លាញពីសំណាក់ក្រុមជនល្មើសជារៀងរាល់យប់។ ប្រជាសហគមន៍លើកឡើងថា បញ្ហាប្រឈមក្នុងកិច្ចការពារព្រៃសហគមន៍ គឺជនល្មើសធ្វើសកម្មភាពនៅពេលយប់ ដែលជាពេលវេលាមួយពិបាកសម្រាប់ពួកគាត់ចុះល្បាត។
ព្រៃសហគមន៍ក្បាលអូរតាគង់ ស្ថិតនៅក្នុងឃុំដងកាំបិត ដែលមានទំហំជិត ៣ពាន់ហិកតារ (២.៧៧៣ហិកតារ) ចេះតែរងការកាប់បំផ្លាញពីសំណាក់ជនល្មើសធ្វើអាជីវកម្មជារៀងរាល់យប់ ដោយមានមេខ្លោងចាំទទួលទិញឈើពីពួកគេនៅស្រុកសណ្ដាន់។ ប្រជាពលរដ្ឋអះអាងថា បានរាយការណ៍ទៅអាជ្ញាធរមូលដ្ឋាន និងមន្ត្រីជំនាញអំពីសកម្មភាពកាប់បំផ្លាញឈើធំៗនៅក្នុងព្រៃសហគមន៍របស់ពួកគាត់ដែរ ប៉ុន្តែមិនឃើញមានវិធានការឡើយ។
អនុប្រធានព្រៃសហគមន៍ក្បាលអូរតាគង់ លោក គឹម ឆេង មានប្រសាសន៍ថា សកម្មភាពកាប់ និងដឹកជញ្ជូនឈើចេញពីព្រៃសហគមន៍កើនឡើងខ្លាំងនៅក្នុងឆ្នាំ២០១៧ តែម្តង។ លោកបន្តថា ក្នុងមួយយប់ៗ ឈើដែលដឹកចេញពីព្រៃសហគមន៍ប្រមាណ ៤ម៉ែត្រគូបទៅ ៥ម៉ែត្រគូប។ ប្រភពដដែលបន្ថែមថា ប្រជាពលរដ្ឋអាចចុះល្បាតបានតែនៅពេលថ្ងៃប៉ុណ្ណោះ ចំណែកពេលយប់គឺពួកគាត់រវល់ការងារផ្ទាល់ខ្លួន ទើបជាឱកាសល្អសម្រាប់ក្រុមជនល្មើស៖ « ខ្ញុំមានការព្រួយបារម្ភខ្លាចទៅមុខទៀត វាបាត់បង់គម្របព្រៃ វាអស់ព្រៃសេសសល់ទាំងប៉ុន្មាន វាអស់ជាបន្តបន្ទាប់ »។
ព្រៃសហគមន៍ក្បាលអូរតាគង់ បង្កើតឡើងនៅឆ្នាំ២០១០ មានទំហំជិត ៣ពាន់ហិកតារស្ថិតនៅឃុំដងកាំបិត ហើយបច្ចុប្បន្នគម្របព្រៃឈើនៅសេសសល់មានប្រមាណ ៥០០ហិកតារប៉ុណ្ណោះ។ ការបាត់បង់គម្របព្រៃឈើយ៉ាងច្រើននេះ មួយផ្នែកបណ្ដាលមកពីការកាប់ទន្ទ្រានយកដីដាំដំណាំ និងមួយផ្នែកទៀតដោយសារសកម្មភាពកាប់ឈើធ្វើអាជីវកម្ម។
ក្រៅពីព្រៃសហគមន៍ក្បាលអូរតាគង់ ក៏មានព្រៃសហគមន៍ផ្សេងទៀត ដូចជាព្រៃសហគមន៍ក្បាលអូរធ្នង់ ដែលមានទំហំជិត ៣ពាន់ហិកតារ ក៏កំពុងរងការកាប់បំផ្លាញធ្វើអាជីវកម្មដែរ។
ប្រជាសហគមន៍បញ្ជាក់ថា ប្រភេទឈើដែលកំពុងរងការកាប់បំផ្លាញដើម្បីយកទៅលក់បន្តឲ្យឈ្មួញ គឺឈើទាល និងផ្ដៀក ដែលមានតម្លៃចន្លោះពី ៧០ម៉ឺនទៅ ១លានរៀលក្នុងមួយម៉ែត្រគូប។
ទាក់ទងបញ្ហានេះ នាយខណ្ឌរដ្ឋបាលព្រៃឈើកំពង់ធំ លោក តិប ញាតា មានប្រសាសន៍នៅថ្ងៃទី២៣ មីនា ថា មិនមែនតែព្រៃសហគមន៍ទាំងនេះទេដែលរងការកាប់បំផ្លាញ ប៉ុន្តែក៏មានព្រៃសហគមន៍ផ្សេងទៀតដែរ គ្រាន់តែតំបន់ខ្លះសកម្មភាពបទល្មើសតិច ឬច្រើនប៉ុណ្ណោះ។ លោកបន្តថា ខាងមន្ត្រីជំនាញបានសហការជាមួយប្រជាសហគមន៍ជាហូរហែ ដើម្បីទប់ស្កាត់បទល្មើសទាំងនោះ ហើយមន្ត្រីជំនាញក៏ធ្លាប់ផ្តល់ថវិកាមួយចំនួនដែលបានមកពីអង្គការក្រៅរដ្ឋាភិបាលជូនពួកគាត់ សម្រាប់ការពារព្រៃសហគមន៍របស់ខ្លួន។ យ៉ាងនេះក្តី លោកថាទាំងសហគមន៍ និងមន្ត្រីជំនាញមិនអាចនៅយាមព្រៃ ២៤ម៉ោងទេ ជាហេតុធ្វើឲ្យបទល្មើសអាចកើតឡើងដោយលួចលាក់បាន៖ « ចង់ឲ្យដោះស្រាយហ្នឹង ពួកគាត់ដាក់ពាក្យបណ្ដឹងមក ពីព្រោះគ្នាក៏តិច ហើយស្រុកហ្នឹងក៏រវល់ដែរ។ គាត់មិនមានជំនាញខាង ជី . អាយ . អេស ឬ ជី . ភី . អេស ហ្នឹងគ្រប់គ្រាន់ (GIS/GPS)»។
ព្រៃសហគមន៍ទាំងនេះ គឺមានទីតាំងនៅស្ថិតនៅជាប់តំបន់ព្រៃឡង់ក្នុងស្រុកសណ្ដាន់។ ព្រៃសហគមន៍នៅជុំវិញតំបន់ព្រៃឡង់ទាំងមូល គឺមានចំនួនជាង ៤០កន្លែង ហើយបច្ចុប្បន្នព្រៃឈើនៅតាមសហគមន៍ជាច្រើនកំពុងរងការកាប់បំផ្លាញគួរឲ្យបារម្ភ។
អ្នកសម្របសម្រួលបណ្ដាញការពារព្រៃឡង់ លោក សេង សុខហេង មើលឃើញថា ប្រជាសហគមន៍បានខិតខំការពារព្រៃអភិរក្សរបស់ខ្លួន ប៉ុន្តែមិនសូវមានប្រសិទ្ធភាពប៉ុន្មានទេ។ បន្ថែមពីនេះ ការឆ្លើយតបពីមន្ត្រីជំនាញ ឬអាជ្ញាធរដែនដីនៅមានភាពយឺតយ៉ាវ និងមិនសូវមានការគាំទ្រទាំងបច្ចេកទេស ឬថវិកាដល់ប្រជាពលរដ្ឋឡើយ។ លោកអះអាងថា បទល្មើសអាចកើតឡើងដោយសារមានការគាំទ្រពីឈ្មួញធំៗ និងមន្ត្រីអាជ្ញាធរមួយចំនួននៅពីក្រោយខ្នង៖ « ទាមទារឲ្យមានការធ្វើការងារច្រើនទាំងការស៊ើបអង្កេត ទាំងការចាប់អ្នកប្រព្រឹត្តិបទល្មើសជាក់ស្តែង និងការស្រាវជ្រាវរកមេខ្លោងដែលពាក់ព័ន្ធក្នុងការកាប់ឈើហ្នឹង »។
លោក សេង សុខហេង យល់ថា អាជ្ញាធរដែនដី និងមន្ត្រីជំនាញមានការទទួលខុសត្រូវខ្ពស់ក្នុងរឿងនេះ ដោយមិនត្រូវរុញដាក់សហគមន៍ឡើយ ពីព្រោះប្រជាសហគមន៍ចូលរួមការពារព្រៃឈើដោយស្ម័គ្រចិត្តប៉ុណ្ណោះ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖
ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។
