គណ:កម្មការសម្របសម្រួល និងការពារបេតិកភណ្ឌអន្តរជាតិ (ICC = អាយ.ស៊ី.ស៊ី) ជាមួយអាជ្ញាធរអប្សរា ធ្លាប់បានសម្ដែងការព្រួយបារម្ភជាខ្លាំងទៅលើការកាប់ឈើ និងរានព្រៃនៅលើខ្នងភ្នំគូលែន។
ការបំផ្លាញព្រៃឈើទាំងនោះ ត្រូវក្រុមអ្នកជំនាញពន្យល់ថា ជាដំណើរឈានទៅរកការបាត់បង់ធម្មជាតិ និងគំរាមកំហែងដល់វត្ថុបុរាណជាច្រើនរបស់អតីតទីក្រុងបុរាណមួយនេះ។
មន្ត្រីរដ្ឋាភិបាល ធ្លាប់បានដាស់តឿនឱ្យអាជ្ញាធរខេត្តសៀមរាប ប្រញាប់ប្រញាល់រៀបចំគណៈកម្មការមួយ ដើម្បីសិក្សាទៅលើស្ថានភាព ព្រមទាំងចាត់វិធានការការពារខ្ពង់រាបភ្នំគូលែន នោះជាបន្ទាន់។
តើរហូតមកដល់ពេលនេះ វិធានការនៃកិច្ចការពារភ្នំគូលែន បានកើតជារូបរាងយ៉ាងណា?
ប្រភពពីប្រជាពលរដ្ឋរស់នៅឃុំខ្នងភ្នំ បានឱ្យដឹងថា បច្ចុប្បន្ន សកម្មភាពកាប់ឈើធ្វើអាជីវកម្មខុសច្បាប់ និងការកាប់រានព្រៃ ដើម្បីយកដីនៅតែបន្តកើតឡើងលើខ្នងភ្នំគូលែន នៃស្រុកស្វាយលើ ដែលជាតំបន់ឧទ្យានជាតិការពារដោយព្រះរាជក្រឹត្យមួយនេះ។ ក្រុមប្រជាពលរដ្ឋខ្លះ បានឱ្យដឹងថា ឈ្មួញរកស៊ីឈើមួយចំនួន នៅតែកាប់ឈើពីតំបន់ភ្នំគូលែន យកទៅជួញដូរ។
បុរសម្នាក់ដែលជាអ្នកភូមិអន្លង់ធំ នៃឃុំខ្នងភ្នំ សុំមិនបញ្ចេញឈ្មោះ។ គាត់បានមានប្រសាសន៍ថា កាលពីសប្ដាហ៍មុន ក្រុមអ្នកមានអំណាចខ្លះបានទៅកាប់ឈើនៅក្នុងតំបន់ព្រៃសហគមន៍ភូមិតាពេញ ចំណែកឯឈ្មួញមួយចំនួន កំពុងបន្តកាប់ឈើនៅតំបន់ភូមិពពេល៖ «ព្រៃនៅតំបន់ភូមិតាពេញ ហ្នឹង កាប់អារជាគ្រឿងផ្ទះ ឈើដើមផ្ដៀកមុខ ០,៥០-០,៦០-០,៧០ម៉ែត្រ។ កាប់អារប៉ុន្មានថ្ងៃ អ្នកស្រុកគេរាយការណ៍ទៅមន្ត្រីបរិស្ថាន មកក៏ឈប់ហ៊ានទៀត។ បើដូចខាងពពេល ព្រះអង្គជប់ អានោះបានដឹកចូលព្រះអង្គធំ រាល់តែយប់។ គេអ្នករកស៊ី និងមន្ត្រីពាក់ព័ន្ធខ្លះឯងដែលជួលឱ្យអ្នកស្រុកអារប្រភេទជាក្ដារលេខពីរ អាក្ដារទំហំ ២តឹកនោះ កាប់តែឈើដើមឈើទាល ដើមផ្ដៀក គគីរ»។
ក្រុមប្រជាពលរដ្ឋមួយចំនួន បានសម្ដែងការព្រួយបារម្ភខ្លាចបាត់បង់ព្រៃឈើនៅលើតំបន់ខ្នងភ្នំគូលែន ដែលជាកន្លែងពួកគេធ្លាប់ទទួលប្រយោជន៍ពីអនុផលព្រៃដែរនោះ។ ក៏ប៉ុន្តែ មន្ត្រីពាក់ព័ន្ធនៅលើខ្នងភ្នំគូលែន បានបដិសេធចោលការអះអាងរបស់អ្នកភូមិ ដែលថាមានការកាប់បំផ្លាញព្រៃឈើទីនោះ។
ប្រធានសហគមន៍ព្រៃឈើភូមិតាពេញ លោក ហន ហូន បានមានប្រសាសន៍ថា បច្ចុប្បន្នមិនមានការកាប់បំផ្លាញព្រៃឈើនៅក្នុងតំបន់លោកគ្រប់គ្រងទេ។ ទោះយ៉ាងណា ប្រធានសហគមន៍ដដែលបានទទួលស្គាល់ថា កាលពីជាង ១សប្ដាហ៍មុន គឺអតីតប្រធានសហគមន៍ អតីតមេឃុំ និងរូបលោក បាននាំគ្នាទៅកាប់ឈើ ២-៣ដើម នៅក្នុងព្រៃសហគមន៍នោះ ដោយសារតែឈើនោះបានឆេះភ្លើងព្រៃខូច និងដល់ពេលវាងាប់ទៅហើយ។
បើទោះបីជាមិនមានសកម្មភាពកាប់ឈើថ្មីៗក៏ដោយ ក៏ប្រធានសហគមន៍ព្រៃឈើភូមិតាពេញ បានសម្ដែងការព្រួយបារម្ភ ដោយថាព្រៃឈើជាច្រើន បានបាត់បង់នៅមុនពេលដែលលោកគ្រប់គ្រង ឯការកាប់ព្រៃរុករានយកដីព្រៃសហគមន៍របស់លោក ដែលធ្វើឱ្យរួមតូច ក៏នៅតែគំរាមកំហែងនៅឡើយ៖ «បើថាឈើធ្វើសំណង់នោះវាអស់តាំងពីឆ្នាំ២០០៣-២០០៤ តាំងពីខ្ញុំមិនទាន់ធ្វើជាប្រធានសហគមន៍ម្ល៉េះ។ ខ្ញុំនេះគេថាសាច់មិនបានស៊ីយកឆ្អឹងព្យួរក ដូចពាក្យចាស់គេថា អីចឹងឯង។ កាលពីឆ្នាំ២០០៧ នោះ ខាងសង្កែឡាក់ គេត្រួសចូលក្នុងព្រៃសហគមន៍យើងខ្ញុំនោះចំនួនប្រហែលជា ២ហិកតារជាងដែរ ចេះបំព្រួញមកខាងណេះនៅតូចជាង»។
លោក ហន ហូន បានបញ្ជាក់ថា សហគមន៍ការពារព្រៃឈើភូមិតាពេញ របស់លោក បានបង្កើតឡើងកាលពីឆ្នាំ២០០១ ដោយកាន់កាប់ដីព្រៃឈើទំហំជាង ៤៤០ហិកតារ ក៏ប៉ុន្តែបច្ចុប្បន្ន ដោយសារតែមានការកាប់ព្រៃរុករានយកដី គឺដែនព្រៃសហគមន៍របស់លោកបានរួមតូចមកនៅត្រឹមតែ ៨២ហិកតារ។
ចំណែកប្រធានស្នាក់ការបរិស្ថាននៅលើខ្នងភ្នំគូលែន លោក ស៊ី ណាត បានមានប្រសាសន៍ថា មិនមានសកម្មភាពកាប់ឈើខុសច្បាប់នៅតាមតំបន់ភ្នំគូលែន ទេ ក៏ប៉ុន្តែលោកក៏មិនបដិសេធចំពោះការកាប់ព្រៃ ដើម្បីយកដីធ្វើចម្ការពនេចរតាមរបៀបប្រពៃណីរបស់ប្រជាពលរដ្ឋទេ៖ «នៅលើខ្នងភ្នំព្រះអង្គធំ ខ្នងភ្នំយើងវាមានភូមិ៥ ទៅប្រជាជនរស់នៅកាប់វិលជុំ ដល់ពេលរដូវវស្សាអីចេះ គាត់ធ្វើកាប់ដាំស្រូវ។ ជាបញ្ហា ការប្រឈមនឹងប្រជាពលរដ្ឋដែលរស់នៅលើនេះកាប់ព្រៃធ្វើចម្ការបុះ»។
ទោះយ៉ាងណា កាលពីសប្ដាហ៍មុន បុរសម្នាក់ដែលជាអ្នកស្រុកបន្ទាយស្រី បានអះអាងថា ពួកឈ្មួញធ្លាប់ជួលគាត់ឱ្យបររទេះគោទៅដឹកជញ្ជូនឈើចុះពីលើភ្នំ។ គាត់បញ្ជាក់ថា ចាប់តាំងពី ២ខែមុន គឺក្រុមអ្នករកស៊ីឈើខុសច្បាប់បានបញ្ជូនម៉ាស៊ីនជាច្រើនគ្រឿងទៅកាប់ឈើនៅកំពូលភ្នំគូលែន ម្ដុំភូមិសាស្ត្រថ្មអារ ព្រៃបេង និងវាលទទឹងថ្ងៃ ជាប់គ្នានឹងព្រំប្រទល់ភ្នំហប់ នៃស្រុកបន្ទាយស្រី។
ភ្នំគូលែន ជាអតីតរាជធានីបុរាណឈ្មោះ មហិន្ទ្របព៌ត មានអាយុកាលជាង ១ពាន់ឆ្នាំមកហើយរបស់អាណាចក្រខ្មែរ។ ទីនោះ ក្រៅតែនៅមានសេសសល់ប្រាសាទបុរាណជាង ៥០ផ្ទាំងថ្មចម្លាក់ និងកន្លែងសម្រាប់សក្ការៈបូជាព្រហ្មញ្ញជាច្រើនទៀត គឺថែមទាំងមានព្រៃឈើជាជម្រកសត្វព្រៃរស់នៅ ដែលរដ្ឋាភិបាលបានរក្សាទុកជាឧទ្យានជាតិ។
«សំឡេងចាប»
ចម្លាក់ថ្មបុរាណដែលនៅសេសសល់តាមផ្ទាំងថ្ម និងនៅក្រោមទឹកអូរ ក៏កំពុងទាក់ទាញភ្ញៀវទេសចរជាតិ និងអន្តរជាតិ ឱ្យធ្វើដំណើរទៅទស្សនាឥតដាច់ជារៀងរាល់ថ្ងៃ។
ទឹកជ្រោះដែលហូរធ្លាក់ពីជ្រលងភ្នំលើចម្លាក់បុរាណបែបព្រហ្មញ្ញសាសនាចុះទៅក្រោម ក្រៅតែពីធ្វើឱ្យគេជឿថាជាទឹកមន្តនៃជីវិតសត្វលោក ក៏ធ្វើឱ្យអ្នកទេសចរចម្រុះជាតិសាសន៍សប្បាយគយគន់ និងនាំគ្នាចុះងូតកម្សាន្តដែរ។
«សំឡេងទឹកហូរ»
កាលពីខែធ្នូ ឆ្នាំ២០១២ កន្លងទៅ មន្ត្រីរដ្ឋាភិបាលដែលជួបប្រជុំជាមួយគណៈកម្មការសម្របសម្រួល និងការពារបេតិកភណ្ឌអន្តរជាតិ បានឱ្យដឹងថា បច្ចុប្បន្នដោយសារតែប្រជាពលរដ្ឋបានចូលទៅរស់នៅលើភ្នំគូលែន ជាបន្តបន្ទាប់ ធ្វើឱ្យមានការកាប់ឈើខុសច្បាប់ និងកាប់រានព្រៃដើម្បីធ្វើចម្ការកាន់តែធ្ងន់ធ្ងរឡើងៗ។
អ្នកនាំពាក្យទីស្ដីការគណៈរដ្ឋមន្ត្រី លោក ផៃ ស៊ីផាន ធ្លាប់មានប្រសាសន៍ថា នៅក្នុងកិច្ចប្រជុំរវាងមន្ត្រីរដ្ឋាភិបាល និងក្រុមអ្នកជំនាញអន្តរជាតិ អាយ.ស៊ី.ស៊ី បានយល់ឃើញរួមគ្នាថា ជាគោលដៅធំ គឺត្រូវតែការពារភ្នំគូលែន ឱ្យគេចផុតការបំផ្លិចបំផ្លាញជាបន្ទាន់។
នៅក្នុងកិច្ចប្រជុំនោះ លោក សុខ អាន ជាឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីទីស្ដីការគណៈរដ្ឋមន្ត្រី បានប្រគល់ភារកិច្ចទៅអាជ្ញាធរខេត្តសៀមរាប ឱ្យប្រញាប់ប្រញាល់រៀបចំគណៈកម្មការដែលមានក្រុមជំនាញ ដើម្បីសិក្សាជាបន្ទាន់ទៅលើស្ថានភាពជាក់ស្ដែង និងរៀបចំឯកសារច្បាស់លាស់ ដែលនៅក្នុងនោះមានលើកឡើងពីវិធានការកែលំអ ព្រមទាំងវិធានការការពារខ្ពង់រាបភ្នំគូលែន នេះ។
ក៏ប៉ុន្តែ លោក ឃឹម ប៊ុនសុង ជាអភិបាលខេត្តសៀមរាប ដែលទើបតែឡើងកាន់តំណែងថ្មី បានមានប្រសាសន៍ថា រហូតមកដល់ពេលនេះ លោកមិនទាន់បានរៀបចំគណៈកម្មការដើម្បីចាត់វិធានការការពារខ្ពង់រាបភ្នំគូលែន ដើម្បីឆ្លើយតបតាមអនុសាសន៍មួយចំនួននោះនៅឡើយទេ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។
