អ្នក​ភូមិ​នៅ​មណ្ឌលគិរី​អំពាវនាវ​ឲ្យ​សមត្ថកិច្ច​ចុះ​ដោះស្រាយ​ករណី​បទល្មើស​ព្រៃ​ឈើ

ក្រុម​សហគមន៍​ជនជាតិ​ដើម​ភាគ​តិច​ព្នង នៅ​ខេត្ត​មណ្ឌលគិរី កំពុង​បារម្ភ​ពី​សុវត្ថិភាព បន្ទាប់​ពី​ពួកគាត់​បាន​ចាប់​ម៉ាស៊ីន​កាត់​ឈើ​ខុស​ច្បាប់​បី​គ្រឿង​របស់​មន្ត្រី​យោធា​ដែល​លួច​អារ​ច្រៀក​ឈើ​នៅ​ក្នុង​ព្រៃ​សហគមន៍​អភិរក្ស។ មន្ត្រី​ឃ្លាំមើល​សិទ្ធិ​មនុស្ស​កត់​សម្គាល់​ថា ប្រសិន​អាជ្ញាធរ​ពាក់ព័ន្ធ​យឺតយ៉ាវ​ចុះ​ដោះស្រាយ​បញ្ហា​នេះ ផល​ប៉ះពាល់​សហគមន៍​កាន់​តែ​កើត​មាន​ច្រើន​ឡើង។

0:00 / 0:00

តំណាង​សហគមន៍​ការពារ​ព្រៃ​ឈើ​ភូមិ​ពូញ៉ាវ ឃុំ​មេម៉ង់ ស្រុក​កែវសីមា ខេត្ត​មណ្ឌលគិរី អំពាវនាវ​សុំ​ឲ្យ​អាជ្ញាធរ​មាន​សមត្ថកិច្ច​ពាក់ព័ន្ធ​បទល្មើស​ព្រៃ​ឈើ ចុះ​ដោះស្រាយ​ករណី​បទល្មើស​ព្រៃ​ឈើ​បង្ក​ឡើង​ដោយ​មន្ត្រី​យោធា​នៅ​មូលដ្ឋាន និង​ទទួល​យក​វត្ថុ​តាង​ម៉ាស៊ីន​កាត់​ឈើ​ដែល​សហគមន៍​រឹប​អូស​បាន។

ប្រធាន​សហគមន៍​លោក ហឺយ មីវ នៅ​ថ្ងៃ​អង្គារ ទី​៥ ខែ​វិច្ឆិកា មាន​ប្រសាសន៍​បញ្ជាក់​ថា សុវត្ថិភាព​សហគមន៍​ឋិត​ក្នុង​ការ​គំរាមកំហែង ដោយសារ​តែ​មន្ត្រី​យោធា​នៅ​តែ​ព្យាយាម​ទាមទារ​យក​ម៉ាស៊ីន​កាត់​ឈើ​ដែល​សហគមន៍​រឹប​អូស។

លោក​បន្ត​ថា នេះ​ជា​បទល្មើស​ព្រៃឈើ​ជាក់ស្ដែង ដូច្នេះ​សហគមន៍​មិន​យល់​ព្រម​សម្របសម្រួល​ទទួល​យក​ប្រាក់​ពី​យោធា​ដែល​បាន​ប្រព្រឹត្ត​បទល្មើស​ព្រៃឈើ​នោះ​ទេ ដូច្នេះ​សហគមន៍​ស្នើ​សុំ​មន្ត្រី​ជំនាញ​ពាក់ព័ន្ធ​ចុះ​មក​ដោះស្រាយ​បញ្ហា និង​ទទួល​យក​វត្ថុ​តាង​ និង​ចាត់​វិធានការ​ផ្លូវ​ច្បាប់​ចំពោះ​ជន​ប្រព្រឹត្ត​ខុស៖ «រឿង​ម៉ាស៊ីន​ហ្នឹង​គេ​ចង់​យក​រាល់​ថ្ងៃៗ ខ្ញុំ​អត់​ហ៊ាន​ឲ្យ​ដែរ​ម៉ាស៊ីន​ហ្នឹង។ ម៉ាស៊ីន​មួយ​គេ​ថា​ឲ្យ ១០​ម៉ឺន»

កាល​ពី​ចុង​ខែ​តុលា សមាជិក​សហគមន៍​មាន​គ្នា ១២​នាក់ បាន​ចុះ​ល្បាត​ព្រៃ ហើយ​ប្រទះ​ឃើញ​ក្រុម​យោធា​ស្រុក​កែវសីមា មាន​គ្នា ៥​នាក់ កំពុង​លួច​អារ​ឈើ​នៅ​តំបន់​ព្រៃ​ការពារ​ចំណុច​អូរអន្ទ្រះ ទើប​អ្នក​ភូមិ​នាំ​គ្នា​ចាប់​រឹប​អូស​ម៉ាស៊ីន​កាត់​ឈើ​នាំ​មក​រក្សា​ទុក​នៅ​រោង​ប្រជុំ​សហគមន៍ និង​បាន​រាយការណ៍​ជូន​អាជ្ញាធរ​ឃុំ។

ចំណែក​មន្ត្រី​យោធា​ឈ្មោះ វណ្ណ បាន​ព្យាយាម​សម្របសម្រួល​ឲ្យ​សហគមន៍​ប្រគល់​ម៉ាស៊ីន​កាត់​ឈើ​វិញ​ជា​ថ្នូរ​នឹង​ការ​បង់​ប្រាក់​ជូន​សហគមន៍ ប៉ុន្តែ​សហគមន៍​មិន​យល់​ព្រម និង​បាន​រាយការណ៍​ករណី​នេះ​ជូន​មន្ត្រី​ការពារ​សិទ្ធិ​មនុស្ស​អន្តរាគមន៍​ទៅ​ស្ថាប័ន​ពាក់ព័ន្ធ​ចាត់​វិធានការ​ដោះស្រាយ​បញ្ហា​ជូន​សហគមន៍។

មន្ត្រី​សម្របសម្រួល​សមាគម​អាដហុក ខេត្ត​មណ្ឌលគិរី លោក សុក រដ្ឋា មាន​ប្រសាសន៍​បញ្ជាក់​ថា លោក​បាន​អន្តរាគមន៍​ពាក្យ​ប្ដឹង​របស់​សហគមន៍​ទៅ​អាជ្ញាធរ​ខេត្ត ស្ថាប័ន​អយ្យការ​តុលាការ​ខេត្ត ខណ្ឌ​រដ្ឋបាល​ព្រៃ​ឈើ មន្ទីរ​បរិស្ថាន មន្ទីរ​ទំនាក់ទំនង​ព្រឹទ្ធ​សភា​រដ្ឋ​សភា និង​អធិការកិច្ច​ស្ដីពី​ករណី​នេះ​ហើយ ប៉ុន្តែ​រហូត​បច្ចុប្បន្ន លោក​មិន​បាន​ដឹង​ថា តើ​ស្ថាប័ន​ពាក់ព័ន្ធ​ទាំង​នោះ​ចាត់​វិធានការ​បែប​ណា​នៅ​ឡើយ។

លោក សុក រដ្ឋា៖ «ខាង​សមាគម​ខ្ញុំ​ក៏​មាន​ការ​ព្រួយ​បារម្ភ​ពី​សុវត្ថិភាព​នៃ​ការ​រស់​នៅ​របស់​ប្រជាពលរដ្ឋ​នៅ​ក្នុង​ភូមិ​ហ្នឹង​ដែរ។ គាត់​តែង​តែ​ត្អូញត្អែរ ទូរស័ព្ទ​មក​សុំ​ជួយ​អន្តរាគមន៍ ដើម្បី​ឲ្យ​មន្ត្រី​ជំនាញ​ចុះ​ទៅ​ដោះស្រាយ​ឲ្យ​ពួក​គាត់​តាម​នីតិវិធី​ច្បាប់។ ពួក​បទល្មើស​ចេះ​តែ​មក​គំរាម​គាត់​រៀងរាល់​ថ្ងៃ​ទារ​យក​ម៉ាស៊ីន​វិញ។ ឲ្យ​ឃុំ​ហ្នឹង​ជួយ​ដោះស្រាយ ឃុំ​ថា​អត់​ដឹង​ទេ​រឿង​ហ្នឹង។ គេ​ថា បើ​សហគមន៍​ទៅ​ចាប់​ទេ អ៊ីចឹង​ខ្ញុំ​មិន​ទៅ​ដោះស្រាយ​ឲ្យ​ទេ»

យោង​ឯកសារ​ដែល​វិទ្យុ​អាស៊ីសេរី ទទួល​បាន​ពី​មន្ត្រី​អាដហុក ដដែល​ឲ្យ​ដឹង​ថា នាយ​ខណ្ឌ​រដ្ឋបាល​ព្រៃឈើ​ខេត្ត​បាន​ចារ​លើ​ពាក្យ​ប្ដឹង​របស់​សហគមន៍ កាល​ពី​ថ្ងៃ​ទី​២៥ ខែ​តុលា ថា​តំបន់​ព្រៃ​សហគមន៍​កើត​មាន​បទល្មើស​ព្រៃ​ឈើ គឺ​ឋិត​ក្នុង​ដែន​ជម្រក​សត្វ​ព្រៃ​ភ្នំ​ព្រេច ក្រោម​ការ​គ្រប់គ្រង​របស់​មន្ត្រី​ជំនាញ​បរិស្ថាន។

ចំណែក​ប្រធាន​មន្ទីរ​បរិស្ថាន ខេត្ត​មណ្ឌលគិរី លោក ឈិត សុផល មាន​ប្រសាសន៍​ទទួល​ស្គាល់​ថា លោក​បាន​ទទួល​លិខិត​អន្តរាគមន៍​ពី​មន្ត្រី​អាដហុក រួច​ហើយ​ក្នុង​ករណី​នេះ។

លោក​បញ្ជាក់​ថា នឹង​ចាត់​មន្ត្រី​ចុះ​ទៅ​ដោះស្រាយ​បញ្ហា​នេះ៖ «មន្ត្រី​ខ្ញុំ​មាន ម៉េចៗ​ឲ្យ​គាត់​ទាក់ទង​មក​ខ្ញុំ​ភ្លាម​មក ពី​ណា​ហ្នឹង​ក៏​ថ្លើម​ពាស​មេឃ​ម្ល៉េះ? ដំណាក់កាល​ស្រុក​ទេស​ប៉ុណ្ណេះ​ហើយ។ ឥឡូវ​បើ​ខ្លាច​យប់ ទុក​មិន​បាន​ទេ ថ្ងៃ​ឡើង​យក​គ្នា ១០​នាក់ យក​ម៉ាស៊ីន​បី​មក​ខេត្ត សួរ​រក​ខ្ញុំ​ប្រធាន​មន្ទីរ​បរិស្ថាន ខ្ញុំ​ទទួល ហើយ​បើ​ទាហាន​ណា​ចង់​បាញ់​ខ្ញុំ មក​ចង់​យក​ម៉ាស៊ីន​វិញ ឲ្យ​មក»

មេ​ឃុំ​មេម៉ង់ លោក ចាន់ សាមេន បាន​ទទួល​ស្គាល់​ថា មន្ត្រី​យោធា​ស្រុក​ឈ្មោះ វណ្ណ ពិត​ជា​មាន​ពាក់ព័ន្ធ​អារ​ឈើ​ក្នុង​ព្រៃ​ការពារ​មែន។ ប៉ុន្តែ​លោក​មាន​បំណង​សម្របសម្រួល​អប់រំ និង​ធ្វើ​កិច្ចសន្យា​ឲ្យ​ក្រុម​យោធា​ឈប់​ប្រព្រឹត្ត​បទល្មើស​ព្រៃ​ឈើ​នេះ៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ​៖

ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។