សមត្ថកិច្ច​ព្រៃ​ឈើ​ចាប់​ពលរដ្ឋ​កាប់​រាន​ព្រៃ​ឈើ​ខុស​ច្បាប់​១៨​នាក់​នៅ​មណ្ឌលគិរី

ពលរដ្ឋ​ជនជាតិ​ចាម ចំនួន ១៨​នាក់ ត្រូវ​បាន​មន្ត្រី​អភិរក្ស​ព្រៃ​ឈើ​ស្រុក​កែវសីមា ខេត្ត​មណ្ឌលគិរី ចាប់​ខ្លួន​នៅ​ថ្ងៃ​ទី​១៨ ខែ​វិច្ឆិកា ពី​បទ​កាប់​រាន​ព្រៃ​ឈើ​ខុស​ច្បាប់។

មន្ត្រី​ឃ្លាំ​មើល​សិទ្ធិ​មនុស្ស​នៃ​សមាគម​អាដហុក (adhoc) ខេត្ត​មណ្ឌលគិរី លោក សុក រដ្ឋា ឲ្យ​ដឹង​ថា មន្ត្រី​អយ្យការ​តុលាការ​ខេត្ត​មណ្ឌលគិរី បាន​ដោះ​លែង​ពលរដ្ឋ ៩​នាក់​ក្នុង​ចំណោម ១៨​នាក់ ឲ្យ​វិល​ទៅ​លំនៅឋាន​វិញ បន្ទាប់​ពី​សាកសួរ​ពួក​គេ​រួច​រាល់។ ចំណែក​ពលរដ្ឋ ៩​នាក់​ទៀត បាន​បញ្ជូន​ទៅ​រក្សា​ទុក​ជា​បណ្ដោះអាសន្ន​នៅ​ពន្ធនាគារ​ខេត្ត​នា​រសៀល​ថ្ងៃ​ដដែល ដើម្បី​សាកសួរ​បន្ត​នៅ​ថ្ងៃ​ស្អែក៖ «វា​ខុស​ច្បាប់​ហើយ​អា​ហ្នឹង! ជាក់ស្តែង​រដ្ឋាភិបាល​កំពុង​រឹត​បន្តឹង​ករណី​កាប់​បំផ្លាញ​ព្រៃ​ឈើ​ផង។ ករណី​នេះ​យើង​បាន​សួរ​ទៅ​គាត់​បំភ្លឺ​មក​ថា​ជា​លើក​ដំបូង​ទេ ដែល​គាត់​មក​ទី​នេះ ទើប​បាន ១​សប្ដាហ៍ ២​សប្ដាហ៍​អ្នក​ខ្លះ​ហ្នឹង។ បើ​សិន​ករណី​ហ្នឹង​គួរ​អប់រំ​គាត់​ទៅ ហើយ​ដោះ​លែង​គាត់​ទៅ បើ​សិន​គាត់​មិន​ទាន់​កាប់​ជា​លក្ខណៈ​ទ្រង់ទ្រាយ​ធំ»

ជនជាតិ​ចាម ទាំង ៩​នាក់​ដែល​ត្រូវ​ឃុំ​ខ្លួន​បណ្ដោះអាសន្ន​មាន​ឈ្មោះ ម៉ាប់មី ហៃរ៉ៃ ជូនម៉ាច ម៉ាចយ៊ូដេះ ឡមឡេះ សុះម៉ាច យ៉ារីន អឹមយ៉ូលីន និង យ៊ូសុះ។ ពួក​គេ​មាន​ទីលំនៅ​នៅ​ខេត្ត​ត្បូងឃ្មុំ ហើយ​ត្រូវ​ចាប់​ខ្លួន​នៅ​ចំណុច​ព្រៃ​អភិរក្ស​ក្នុង​ភូមិ​ពូគង់ ឃុំ​ស្រែឈូក ស្រុក​កែវសីមា ខណៈ​កំពុង​កាប់​រាន​ព្រៃ​យក​ដី​ធ្វើ​កសិកម្ម៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖

ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។