ពលរដ្ឋ​នៅ​ព្រំដែន​កម្ពុជា​ថៃ​អះអាង​ថា​ឈ្មួញ​បន្ត​ដឹក​ឈើ​ទៅ​ថៃ

ប្រជាពលរដ្ឋ​នៅ​ព្រំដែន​កម្ពុជា-ថៃ អះអាង​ថា មន្ត្រី​ចក្រ​ព្រំដែន​អន្តរជាតិ​អូស្មាច់ និង​មេ​ព្រៃ បាន​បើក​ដៃ​ឲ្យ​ឈ្មួញ​បន្ត​ដឹក​ឈើ​ចូល​ទៅ​ប្រទេស​ថៃ យ៉ាង​គំហុក ក្នុង​អំឡុង​ពេល​យុទ្ធនាការ​បោះ​ឆ្នោត និង​ក្រោយ​ថ្ងៃ​បោះ​ឆ្នោត។

ពលរដ្ឋ​នៅ​ស្រុក​ចុងកាល់ ខេត្ត​ឧត្តរមានជ័យ ដែល​ថ្លែង​ក្នុង​លក្ខខណ្ឌ​សុំ​មិន​បញ្ចេញ​ឈ្មោះ នៅ​ថ្ងៃ​ទី​១០ តុលា ថា ប្រភេទ​ឡាន​យីឌុប ដែល​មាន​សណ្ដោង​រ៉ឺម៉ក​ធំៗ បាន​ដឹក​ជញ្ជូន​ឈើ​ពេញៗ​ឡាន​ចូល​ទៅ​ប្រទេស​ថៃ មិន​ក្រោម ៥​ឡាន​ទេ​ជា​រៀង​រាល់​ថ្ងៃ។ លោក​បន្ត​ថា ឈើ​ដែល​ដឹក​ចេញ​នោះ គឺ​ឆ្លង​កាត់​តាម​ច្រក​ព្រំដែន​អន្តរជាតិ​អូស្មាច់ ខេត្ត​ឧត្តរមានជ័យ ឈម​នឹង​ខេត្ត​សុរិន្ទ ប្រទេស​ថៃ។ ចំណែក​ប្រធាន​ច្រក​អូស្មាច់ និង​មេ​ព្រៃ​ប្រចាំ​តំបន់ ហាក់​មិន​អើពើ​ក្នុង​ការ​ទប់ស្កាត់​ឡើយ៖ «មន្ត្រី​រាជការ​យើង​នៅ​ក្នុង​នេះ​ឥត​មាន​អ្នក​ណា​ហ្នឹង​អើពើ ឃើញ​ឈើ​គេ​ដឹង​ប៉ុណ្ណេះ​ហើយ ឥត​មាន​ការ​សោកស្ដាយ។ ខ្ញុំ​នឹក​ឃើញ​ដល់​ពេល​នេះ ថៃ គេ​ខាង​សុខាកន ថៃ​គេ​និយាយ​គេ​ថា ខ្ញុំ​បើ​សិន​ជនជាតិ​ខ្មែរ ខ្ញុំ​នឹង​អង្គុយ​យំ​នឹង​មុខ​ឡាន​ដែល​គេ​ដឹក​ឈើ​ច្រើន​ណាស់។ គេ​ស្ដាយ​ជំនួស​យើង​អ៊ីចេះ»

ឈើ​ដែល​ដឹក​ចេញ​ពី​ប្រទេស​កម្ពុជា ចូល​ទៅ​ប្រទេស​ថៃ នេះ ត្រូវ​គេ​ដឹង​ថា យក​ចេញ​ពី​ចំណុច​បាក់នឹម នៃ​ឃុំ​កូនក្រៀល ស្រុក​ចុងកាល់ ខេត្ត​ឧត្តរមានជ័យ។ ក្នុង​នោះ ប្រភេទ​ឈើ​ដែល​ត្រូវ​ដឹក​ចេញ មាន​ធ្នង់ នាង​នួន ផ្ចឹក សុក្រំ និង​ក្រឡាញ់ ជាដើម ដែល​ជា​ប្រភេទ​ឈើ​នៅ​សេសសល់​ចុង​ក្រោយ​គេ​របស់​ប្រទេស​កម្ពុជា។

វិទ្យុ​អាស៊ីសេរី ពុំ​អាច​ទាក់ទង​មន្ត្រី​ជំនាញ និង​មេ​ប៉ុស្តិ៍​ប្រចាំ​ច្រក​ព្រំដែន​អន្តរជាតិ​អូស្មាច់ បាន​ទេ​នៅ​ថ្ងៃ​ទី​១០ ខែ​តុលា៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖

ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។