សកម្មភាព​កាប់​ឈើ​នៅ​តំបន់​ព្រៃ​ឡង់​ខេត្ត​ព្រះវិហារ​កើន​ឡើង

សកម្មជន​ការពារ​ព្រៃ​ឈើ​បាន​លើក​ឡើង​ថា សកម្មភាព​កាប់​ឈើ​នៅ​តំបន់​ព្រៃ​ឡង់ កំពុង​កើត​មាន​យ៉ាង​អានាធិបតេយ្យ​នៅ​ខេត្ត​ព្រះវិហារ។ ក្រុម​ប្រជាពលរដ្ឋ​បាន​លើក​ឡើង​ថា សកម្មភាព​កាប់​ឈើ​នេះ ក្រោម​រូបភាព​ក្រុមហ៊ុន​បាន​ឲ្យ​ប្រជាពលរដ្ឋ​ជា​អ្នក​ធ្វើ​សកម្មភាព​កាប់​ឈើ ហើយ​ក្រុមហ៊ុន​ទទួល​យក​ពី​ប្រជាពលរដ្ឋ។

0:00 / 0:00

សកម្មជន​ការពារ​ព្រៃ​ឈើ​បាន​ឲ្យ​ដឹង​នៅ​ថ្ងៃ​ទី២២ សីហា ថា សកម្មជន​ភាព​កាប់​ព្រៃ​ឈើ​នៅ​តំបន់​ព្រៃ​ឡង់ ក្នុង​ខេត្ត​ព្រះវិហារ កំពុង​តែ​កើត​មាន​យ៉ាង​អានាធិបតេយ្យ ដោយ​គ្មាន​អាជ្ញាធរ​មូលដ្ឋាន​គ្មាន​ការ​ទប់ស្កាត់​នោះ​ឡើយ។

មន្ត្រី​ស៊ើប​អង្កេត​ជាន់​ខ្ពស់​នៃ​មជ្ឈមណ្ឌល​សិទ្ធិ​មនុស្ស​កម្ពុជា លោក ឈឹម សាវុធ មាន​ប្រសាសន៍​ថា នៅ​ក្នុង​រយៈពេល​ប៉ុន្មាន​ថ្ងៃ​កន្លង​មក​នេះ លោក​បាន​ចុះ​ស្រាវជ្រាវ​នៅ​ខេត្ត​ព្រះវិហារ រក​ឃើញ​ថា ក្រុមហ៊ុន​របស់​លោក​ឧកញ៉ា ទ្រី ភាព កំពុង​ធ្វើ​សកម្មភាព​ដឹក​ឈើ​ចេញ​ពី​តំបន់​ព្រៃ​ឡង់ ជា​រៀង​រាល់​ថ្ងៃ ហើយ​សមត្ថកិច្ច​គ្មាន​ទប់ស្កាត់។ លោក ឈឹម សាវុធ បញ្ជាក់​ថា សកម្មភាព​កាប់​ឈើ​លើក​នេះ មិន​មែន​ជា​រូបភាព​រដ្ឋាភិបាល​ផ្ដល់​ដី​សម្បទាន​សេដ្ឋកិច្ច​ឲ្យ​នោះ​ទេ គឺ​ក្រុមហ៊ុន​បាន​ប្រើប្រាស់​ប្រជាពលរដ្ឋ​ចូល​ទៅ​កាប់​ព្រៃ​យក​មក​លក់​ឲ្យ​ក្រុមហ៊ុន។

លោក ឈឹម សាវុធ អះអាង​ថា តំបន់​ដែល​មាន​កាប់​ព្រៃ​ឈើ​ខ្លាំង​នោះ ស្ថិត​នៅ​ស្រុក​រវៀង ស្រុក​ឆែប ពិសេស​ស្រុក​ជ័យសែន និង​នៅ​តំបន់​ព្រំ​ប្រទល់​ខេត្ត​ព្រះវិហារ ស្ទឹងត្រែង ក្រចេះ និង​ខេត្ត​កំពង់ធំ ដែល​ជា​តំបន់​ព្រៃ​ស្រោង​ធំៗ ត្រូវ​បាន​ក្រុមហ៊ុន​កាប់​យក​ទៅ​លក់​នៅ​បរទេស។

ប្រជាពលរដ្ឋ​មួយ​រូប​នៅ​ស្រុក​រវៀង ឈ្មោះ ឡូញ សុផន់ បាន​រៀប​រាប់​ថា សកម្មភាព​កាប់​ព្រៃ​ឈើ​នេះ កើត​មាន​នៅ​មុន​ពេល​បោះ​ឆ្នោត និង​ក្រោយ​ពេល​បោះ​ឆ្នោត ដែល​គេ​ធ្វើ​សកម្មភាព​ខ្លាំង។ លោក​បញ្ជាក់​ថា សកម្មភាព​កាប់​ឈើ​នេះ គឺ​មាន​ការ​ឃុបឃិត​ជាមួយ​អាជ្ញាធរ​ខេត្ត ពីព្រោះ​ថា សមត្ថកិច្ច​ពុំ​បាន​ចុះ​បង្ក្រាប ឬ​ទប់ស្កាត់​ឡាន​ដឹក​ឈើ​ទាំង​នោះ​ទេ។

វិទ្យុ​អាស៊ីសេរី មិន​អាច​ទាក់ទង លោក​ឧកញ៉ា ទ្រី ភាព និង​អភិបាល​ខេត្ត​ព្រះវិហារ លោក អ៊ំ ម៉ារ៉ា ដើម្បី​សួរ​អំពី​ការ​ចោទ​ប្រកាន់​នេះ​បាន​ទេ នៅ​ថ្ងៃ​ទី២២ សីហា ឆ្នាំ​២០១៣។

អនុ​ប្រធាន​នាយកដ្ឋាន​នីតិកម្ម និង​ពង្រឹង​ការ​អនុវត្ត​ច្បាប់​នៃ​រដ្ឋបាល​ព្រៃ​ឈើ ក្រសួង​កសិកម្ម លោក ឡាវ សេដ្ឋាផល បាន​ឲ្យ​ដឹង​ថា លោក​កំពុង​ចុះ​ទៅ​ស្រាវជ្រាវ​នៅ​ខេត្ត​ព្រះវិហារ អំពី​ការ​កាប់​ឈើ​នេះ បន្ទាប់​ពី​ខាង​ក្រសួង​ទទួល​បាន​ព័ត៌មាន​អំពី​ករណី​កាប់​ឈើ​នេះ និង​ចាត់​វិធាន​ការ​តាម​វិធី​ច្បាប់។

នៅ​ក្នុង​យុទ្ធនាការ​ឃោសនា​បោះ​ឆ្នោត​កន្លង​មក​នេះ គ្រប់​គណបក្ស​នយោបាយ​បាន​ធ្វើ​ការ​ឃោសនា និង​ប្ដេជ្ញា​ចិត្ត​ក្នុង​ការ​ថែ​រក្សា​ធនធាន​ធម្មជាតិ ពិសេស​ព្រៃ​ឈើ ក្នុង​នោះ​មាន​ទាំង​គណបក្ស​កាន់​អំណាច​ផង។ ប៉ុន្តែ ក្រុម​សកម្មជន​ការពារ​ព្រៃ​ឈើ បាន​លើក​ឡើង​ថា រដ្ឋាភិបាល​អាណត្តិ​ទី៤ បាន​បរាជ័យ​ក្នុង​ការ​ទប់ស្កាត់​បទ​ល្មើស​ព្រៃ​ឈើ​នេះ។ ការ​ផ្ដល់​ដី​សម្បទាន​សេដ្ឋកិច្ច​របស់​រដ្ឋាភិបាល​ឲ្យ​ទៅ​ក្រុមហ៊ុន​ឯកជន​នោះ ក៏​ជា​កត្តា​មួយ​ធ្វើ​ឲ្យ​មាន​ការ​កាប់​ព្រៃ​ឈើ​នៅ​តំបន់​ព្រៃ​ឡង់ នេះ​ដែរ។

ព្រៃ​ឡង់ មាន​ទំហំ​ប្រមាណ ៣.៦០០​គីឡូម៉ែត្រ​ក្រឡា ជា​ព្រៃ​ធម្មជាតិ​ចុង​ក្រោយ ហើយ​ធំ​ជាង​គេ​នៅ​អាស៊ី​អាគ្នេយ៍ គ្រប​ដណ្ដប់​ភាគ​ខាង​ជើង​នៃ​ប្រទេស​កម្ពុជា លើ​ខេត្ត​ចំនួន​៤ គឺ​ខេត្ត​កំពង់ធំ ព្រះវិហារ ក្រចេះ និង​ខេត្ត​ស្ទឹងត្រែង។

សហគមន៍​ព្រៃ​ឡង់ ជា​ជនជាតិ​ដើម​ភាគ​តិច​ក្នុង​ខេត្ត​ក្រចេះ ស្ទឹងត្រែង ព្រះវិហារ និង​ខេត្ត​កំពង់ធំ បាន​នាំ​គ្នា​ធ្វើ​ពិធី​សែន​ព្រេន​តាម​ទំនៀម​ទម្លាប់ ដោយ​បួង​សួង​ឲ្យ​អារុក្ខអារក្ខ​ជួយ​ការពារ​ព្រៃ​ឡង់ ជាច្រើន​លើក​កន្លង​មក។ ការ​សែន​ព្រេន​នោះ ដោយសារ​ពួក​គាត់​អស់​ជំនឿ​ទៅ​លើ​អាជ្ញាធរ​មាន​សមត្ថកិច្ច ក្នុង​ការ​បង្ក្រាប​បទ​ល្មើស​កាប់​ព្រៃ​ឈើ ក្នុង​នោះ​មាន​ទាំង​ការ​កាប់​ដើម​ជ័រ​ច្បោះ​ដែល​ពួក​គាត់​អាស្រ័យ​ផល​ជា​ដើម៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖

ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។