បណ្ដាញ​សហគមន៍​ការពារ​ព្រៃ​ឡង់​រក​ឃើញ​គំនរ​ឈើ​ប្រណិត​រាប់​រយ​ម៉ែត្រ​គូប​នៅ​កំពង់ធំ

0:00 / 0:00

សមាជិក​បណ្ដាញ​សហគមន៍​ការពារ​ព្រៃ​ឡង់ ប្រមាណ ៥០​នាក់ បាន​នាំ​គ្នា​ចុះ​ល្បាត​ការ​កាប់​បំផ្លាញ​ព្រៃ​ឈើ​រយៈពេល ៤​ថ្ងៃ ចាប់​ពី​ថ្ងៃ​ទី​៨ ដល់​ថ្ងៃ​ទី​១១ ខែ​មិថុនា ដើម្បី​ដាក់​របាយការណ៍​ទៅ​រដ្ឋាភិបាល។ ក្រុម​សហគមន៍​បាន​ចាត់​ទុក​ភាព​អនាធិបតេយ្យ នៃ​បទ​ល្មើស​ព្រៃ​ឈើ​នេះ ថា​បាន​ធ្វើ​ឡើង​ពី​សំណាក់​ប្រជាពលរដ្ឋ​សាមញ្ញ អ្នក​មាន​លុយ អ្នក​មាន​បុណ្យស័ក្ដិ និង​ក្រុមហ៊ុន​មួយ​ចំនួន។

សមាជិក​បណ្ដាញ​ការពារ​ព្រៃ​ឡង់ សហការ​គ្នា​ជាមួយ​អង្គការ​ការពារ​ធនធាន​ធម្មជាតិ បាន​ចុះ​ល្បាត​បទល្មើស​ព្រៃ​ឈើ ហើយ​រក​ឃើញ​ឈើ​ដែល​ជន​ល្មើស​កាប់​គរ​ទុក​រាប់​រយ​ម៉ែត្រ​គូប និង​វត្ថុ​តាង​ជាច្រើន​នៅ​ក្នុង​ទឹក​ដី​ស្រុក​សណ្ដាន់ ខេត្ត​កំពង់ធំ។

សមាជិក​បណ្ដាញ​ព្រៃ​ឡង់ លោក ហឿន សុភាព ថ្លែង​នៅ​ថ្ងៃ​ទី​១០ មិថុនា ថា សហគមន៍​ដែល​ជា​បណ្ដាញ​ព្រៃ​ឡង់​ចំនួន ២​ក្រុម​មាន​គ្នា​ប្រមាណ ៥០​នាក់ បាន​ចុះ​ល្បាត​ព្រៃ​ឡង់​ចំនួន ៤​ថ្ងៃ គឺ​ពី​ថ្ងៃ​ទី​៨ ដល់​ថ្ងៃ​ទី​១១។ លោក​ថា ក្រុម​ទី​១​ចុះ​នៅ​ចំណុច​ជុំវិញ​ភ្នំ​ជី ឃុំ​ទំរីង ស្រុក​សណ្ដាន់ ខេត្ត​កំពង់ធំ ដែល​គេ​បាន​ឃើញ​ឈើ​អារ​ច្រៀក​រួច និង​ឈើ​មូល​គរ​ទុក​ជា​ច្រើន​គំនរ ដែល​អាច​ប៉ាន់​ប្រមាណ​ថា​រាប់​រយ​ម៉ែត្រ​គូប។ ឯ​ក្រុម​ទី​២ សហគមន៍​បាន​ល្បាត​នៅ​ចំណុច​វាល​បឹង ឃុំ​ដងកាំបិត ស្រុក​សណ្ដាន់ ជាប់​ព្រំ​ប្រទល់​ខេត្ត​កំពង់ធំ និង​ខេត្ត​ព្រះវិហារ នោះ ប្រមូល​បាន​ភស្តុតាង​ជា​ច្រើន ដូចជា ឈើ​ប្រណិត​ជា​ច្រើន​ប្រភេទ​ជា​ឈើ​អារ​ច្រៀក​រួច និង​ប្រភេទ​ឈើ​មូល​ប្រហែល ៥០​ម៉ែត្រ​គូប អាត្រាក់​មួយ​គ្រឿង ម៉ាស៊ីន​ត្រង់ស៊ីន័រ​មួយ​គ្រឿង និង​រថយន្ត​ច្នៃ​ប្រភេទ​គោយន្ត​ចំណុះ ៦​តោន​មួយ​គ្រឿង ដែល​សហគមន៍​ស្គាល់​ថា​ជា​រថយន្ត​របស់​អនុ​ប៉ុស្តិ៍​ឃុំ​សណ្ដាន់ លោក ចាន់ មានជ័យ។ រីឯ​ជន​ប្រព្រឹត្តិ​ផ្សេង​ទៀត បាន​រត់​គេច​ខ្លួន​នៅ​ពេល​ឃើញ​សហគមន៍​ចុះ​ទៅ​ដល់។

លោក ហឿន សុភាព បញ្ជាក់​ថា ឈើ​ដែល​ចាប់​បាន​នោះ សហគមន៍​បាន​សម្រេច​ដុត​កម្ទេច​ចោល​ខ្លះ ដោយសារ​មិន​អាច​រង់ចាំ​ស្ថាប័ន​ពាក់ព័ន្ធ​ទៅ​ប្រមូល ប៉ុន្តែ​សហគមន៍​មួយ​ចំនួន​បាន​យាម​ភស្តុតាង​ទាំង​នេះ ស្រប​ពេល​ដែល​លោក​បាន​រាយការណ៍​ជូន​សមត្ថកិច្ច​ជំនាញ​ផ្នែក​រដ្ឋបាល​ព្រៃ​ឈើ​ពាក់ព័ន្ធ និង​អាជ្ញាធរ​ខេត្ត​រួច​ហើយ​នោះ៖ «ខាង​ខ្ញុំ​ចង់​ឲ្យ​អាជ្ញាធរ​រដ្ឋបាល​ព្រៃ​ឈើ ដែល​ជា​ជំនាញ​អ្នក​ការពារ​ព្រៃ​ឈើ ជួយ​ធ្វើ​អន្តរាគមន៍ និង​ជួយ​គាំទ្រ​សកម្មភាព​របស់​សហគមន៍ ដែល​គាត់​ធ្វើ​នោះ​ធ្វើ​ម៉េច​ឲ្យ​ទាន់​សភាពការណ៍ កុំ​ឲ្យ​ថា​រាយការណ៍​ទៅ​គេ​ឆ្លើយ​យក​តែ​រួច​ខ្លួន។ ប្រជាជន​ភ្នែក​ច្រើន គាត់​មើល​ឃើញ​ច្រើន​មែន​ទែន​ហ្មង​បទ​ល្មើស​នៅ​ក្នុង​តំបន់​ព្រៃ​ឡង់ ប៉ុន្តែ​សម្រាប់​ជំនាញ​រដ្ឋបាល​ព្រៃ​ឈើ អត់​សូវ​មាន​ការ​ចុះ។ គាត់​ដែរ ប៉ុន្តែ​បទ​ល្មើស​នៅ​តែ​កើត​ឡើង​ដដែល ធ្វើ​រួច​សកម្មភាព​វា​នៅ​តែ​កើត​នៅ​តែ​ចំណុច​ដដែលៗ អត់​មាន​កាត់​បន្ថយ​បាន​ទេ មិន​ដឹង​ជា​គាត់​ធ្វើ​ដើម្បី​ឲ្យ​ល្អ​មើល​ឲ្យ​ប្រជាជន​មើល​ឃើញ​ថា​គាត់​ធ្វើ»

វិទ្យុ​អាស៊ីសេរី មិន​អាច​ទាក់ទង​នាយ​ប៉ុស្តិ៍​រដ្ឋបាល​ព្រៃ​ឈើ ខេត្ត​កំពង់ធំ លោក តិប ញ៉ាតា បាន​ទេ​នៅ​ថ្ងៃ​ទី​១០ មិថុនា ដោយ​ទូរស័ព្ទ​របស់​លោក​ជាប់​រវល់​រហូត។

យ៉ាង​ណា​ក៏ដោយ អភិបាល​ខេត្ត​កំពង់ធំ លោក អ៊ុត សំអន មាន​ប្រសាសន៍​ថា លោក​បាន​ទទួល​ព័ត៌មាន​អំពី​ការ​ចុះ​ល្បាត​របស់​សហគមន៍ ដោយ​លោក​បាន​បញ្ជា​ទៅ​ជំនាញ និង​អាជ្ញាធរ​ស្រុក ឲ្យ​ចុះ​អនុវត្ត​តាម​ច្បាប់​ចំពោះ​ករណី​នេះ។ ប៉ុន្តែ​លោក​ពុំ​បាន​ដឹង​ទេ​ថា រថយន្ត​ច្នៃ​ដែល​សហគមន៍​ចាប់​បាន​នោះ​ជា​របស់​អនុ​ប្រធាន​ប៉ុស្តិ៍​រដ្ឋបាល​ឃុំ​សណ្ដាន់៖ «ខ្ញុំ​នឹង​ស្រាវជ្រាវ​មើល ហើយ​បើ​សិន​ជា​ថា​គាត់​មាន​ឡាន​ហ្នឹង​មែន បើ​សិន​ជា​ឡាន​ហ្នឹង​គាត់​ទៅ​រក​ស៊ី​ដឹក​វត្ថុ​តាង​បទ​ល្មើស វា​ពិត​ជា​ខុស​ឆ្គង យើង​នឹង​មាន​វិធានការ»

ទាក់ទង​បញ្ហា​នេះ នាយក​អង្គការ​ការពារ​ធនធាន​ធម្មជាតិ លោក ឈឹម សាវុធ ដែល​បាន​ចូល​ល្បាត​ជាមួយ​សហគមន៍​ការពារ​ព្រៃ​ឡង់​ដែរ​នោះ ឲ្យ​ដឹង​ថា សហគមន៍​មាន​គំនាប​ពី​អាជ្ញាធរ​មូលដ្ឋាន​អំពី​កិច្ចការ​ចុះ​ល្បាត ត្រូវ​តែ​ជូន​ដំណឹង​អាជ្ញាធរ​ឲ្យ​ដឹង​ជា​មុន ដើម្បី​បង្ហាញ​ការ​សហការ​ជាមួយ​អាជ្ញាធរ។ ដូច្នេះ លោក​មិន​អាច​សន្និដ្ឋាន​បាន​ទេ ពីព្រោះ​បទ​ល្មើស​នេះ​ឃើញ​នៅ​តែ​វត្ថុ​តាង មិន​បាន​ជួប​ជន​ល្មើស​ដូច​មុន​ឡើយ។ លោក​ថា មូលហេតុ​នៃ​ការ​ចុះ​ល្បាត​លើក​នេះ សហគមន៍ និង​អង្គការ​លោក នឹង​ធ្វើ​របាយការណ៍​ទៅ​រដ្ឋាភិបាល​ជា​ថ្មី​ទៀត។

លោក ឈឹម សាវុធ៖ «ថ្ងៃ​ទី​៨ មួយ ហើយ​ថ្ងៃ​៩ យើង​តាម​ឈើ​ដែល​រដ្ឋបាល​ព្រៃ​ឈើ​ចូល​ទៅ​ចាប់​ប្រហែល​ជា ៣០០​គូប​ហ្នឹង យក​អត់​អស់​ពាក់​កណ្ដាល​ផង ដឹក​យក​មក​ដាក់​នៅ​ទំរីង ចូល​មក​ទំរីង ជួប​ជាមួយ​រដ្ឋបាល​ព្រៃ​ឈើ គេ​អត់​ឲ្យ​ជួប​ទៀត។ ដល់​តែ​ក្រោយ​មក ណាត់​ព្រះរាជ​អាជ្ញា​ជួប​ឡើង​មក​កំពង់ធំ ក៏​គេ​អត់​ឲ្យ​ជួប​ទៀត។ ហើយ​ឈើ​អា​ក្រៅ​ពី​ចាប់​ពី​នៅ​គ្រប់​កន្លែង​ទាំងអស់​នៅ​តាម​ផ្ទះ​ប្រជាពលរដ្ឋ នៅ​ស្នង​អន​នៅ​អី​គ្រប់​កន្លែង​ទាំងអស់។ យូរៗ​ទៅ​យើង​មិន​ដឹង​ទៅ​ធ្វើ​របាយការណ៍​យ៉ាង​ម៉េច​ទេ វា​ច្រើន​ពេក អ៊ីចឹង​កន្លែង​ណា​ក៏​កាប់ៗ​ដែរ»

លោក ឈឹម សាវុធ មាន​មតិ​ថា ការ​ចុះ​ល្បាត​របៀប​នេះ​គ្រាន់​តែ​ជា​ការ​ទប់ស្កាត់​បទ​ល្មើស​ម្ដងម្កាល​តែ​ប៉ុណ្ណោះ។ លោក​ថា ចង់​ទប់ស្កាត់​បទល្មើស​ឲ្យ​អស់ លុះត្រា​តែ​អាជ្ញាធរ និង​កម្លាំង​ជំនាញ​មាន​វិធានការ​ជាក់​លាក់ ទើប​មាន​ប្រសិទ្ធភាព។ ប៉ុន្តែ​យ៉ាង​ហោច​ណាស់ ជា​ការ​បង្ហាញ​ពី​ឆន្ទៈ​របស់​សហគមន៍​ដែល​ស្រឡាញ់​ធនធាន​ធម្មជាតិ ហ៊ាន​ចំណាយ​កម្លាំង​ចិត្ត កម្លាំង​កាយ និង​ថវិកា ដើម្បី​ចូលរួម​ការពារ​ធនធាន​ធម្មជាតិ។ ព្រៃ​ឡង់ មាន​ទំហំ​លាត​សន្ធឹង​ពី​ខេត្ត​កំពង់ធំ ក្រចេះ ស្ទឹងត្រែង និង​ខេត្ត​ព្រះវិហារ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖

ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។