សកម្មជន​ការពារ​ព្រៃ​ឡង់​បារម្ភ​ខ្លាច​អាជ្ញាធរ​ចាប់​ខ្លួន​ដោយសារ​សកម្មភាព​ការពារ​ព្រៃ​ឈើ

0:00 / 0:00

បណ្ដាញ​ការពារ​ព្រៃ​ឡង់​ក្នុង​ខេត្ត​កំពង់ធំ ជាង ២០​នាក់ បាន​ចុះ​ល្បាត​បទល្មើស​ព្រៃ​ឈើ​រយៈពេល ៣​ថ្ងៃ ចាប់​ពី​ថ្ងៃ​ទី​២៧ ដល់​ថ្ងៃ​ទី​២៩ ខែ​តុលា។

ការ​ល្បាត​បទល្មើស​ព្រៃ​ឈើ​ក្នុង​តំបន់​ព្រៃ​ឡង់​នេះ ពួក​គាត់​ចាប់​បាន​វត្ថុ​តាង​មួយ​ចំនួន ដូច​ជា ឈើ​រាប់​សិប​ម៉ែត្រ​គូប​ដែល​គេ​កាប់​គរ​ទុក​ក្នុង​ព្រៃ និង​ម៉ាស៊ីន​រណារ​យន្ត ជាដើម។ ប៉ុន្តែ​អាជ្ញាធរ បាន​ចោទ​សកម្មជន​ទាំង​នោះ​ថា បណ្ដាញ​ការពារ​ព្រៃ​ឡង់​ធ្វើ​ការ​ខុស​តួនាទី​របស់​ខ្លួន និង​ខុស​ច្បាប់។

សហគមន៍​ការពារ​ព្រៃ​ឡង់ កំពុង​ព្រួយ​បារម្ភ​ចំពោះ​បញ្ហា​ប្រឈម​នឹង​ការ​ចាប់​ខ្លួន ដោយសារ​អាជ្ញាធរ​ចោទ​ថា សកម្មភាព​ល្បាត​បទល្មើស​ព្រៃ​ឈើ ធ្វើ​ឡើង​មិន​បាន​ជូន​ដំណឹង​ទៅ​អាជ្ញាធរ និង​ពុំ​មាន​លិខិត​ចុះ​បេសកកម្ម​ត្រឹមត្រូវ។

បណ្ដាញ​សហគមន៍​ការពារ​ព្រៃ​ឡង់​ខេត្ត​កំពង់ធំ លោក ហឿន សុភាព ថ្លែង​នៅ​ថ្ងៃ​ទី​២៩ តុលា ថា ចាប់​តាំង​ពី​យប់​ថ្ងៃ​ទី​២៨ តុលា រហូត​មក​ដល់​ព្រឹក​ថ្ងៃ​ទី​២៩ តុលា កង​កម្លាំង​សមត្ថកិច្ច​ជាង ២០​នាក់ ដឹក​នាំ​ដោយ​អធិការ​ស្រុក​សណ្ដាន់ លោក អួង ម៉ាលី បាន​សួរ​នាំ​សហគមន៍​ជាច្រើន ជុំវិញ​សកម្មភាព​ចុះ​ល្បាត​បទល្មើស​ព្រៃ​ឈើ ដែល​ថា​បាន​ធ្វើ​ឡើង​ដោយ​មិន​បាន​សហការ​ជាមួយ​អាជ្ញាធរ និង​ស្ថាប័ន​ជំនាញ ហើយ​ថា​ការ​ដុត​វត្ថុ​តាង​ដែល​ចាប់​បាន គឺ​ខុស​ច្បាប់។ ប៉ុន្តែ​លោក​បារម្ភ​ខ្លាច​មាន​ការ​ឃាត់​ខ្លួន លោក​ក៏​សុខ​ចិត្ត​ឆ្លើយ​ទទួល​កំហុស​ថា ចាប់​ពី​ពេល​នេះ​ត​ទៅ សហគមន៍​នឹង​សហការ​ជាមួយ​អាជ្ញាធរ​ឡើង​វិញ។

ប៉ុន្តែ​ផ្ទុយ​ទៅ​វិញ លោក​ថា សកម្មភាព​ល្បាត​ពីរ​យប់​បី​ថ្ងៃ​នៅ​ចំណុច​ជាំក្ដារ និង​ចំណុច​ដំណាក់​កកោះ ឃុំ​មានរិទ្ធ ស្រុក​សណ្ដាន់ ពួក​គាត់​ចាប់​បាន​ឈើ​ដែល​គេ​កាប់​រលំ​រួច មាន​ដូចជា កកោះ ផ្ដៀក ឈើ​ទាល និង​ដួងចែម ប្រមាណ ៥០​ម៉ែត្រ​គូប និង​ម៉ាស៊ីន​រណារ​យន្ត​ចំនួន ៥​គ្រឿង គឺ​ពួក​គាត់​បាន​ប្រគល់​ជូន​នាយ​ផ្នែក​រដ្ឋបាល​ព្រៃ​ឈើ​ទំរីង។ រីឯ​ការ​ចុះ​បេសកកម្ម​នេះ​ទៀត​សោត គឺ​មិន​មែន​ជា​លើក​ទី​១​ទេ ហើយ​ពួក​គាត់​ក៏​បាន​ជូន​ដំណឹង​អាជ្ញាធរ​ដែន​ដី​ដែរ៖ «ការងារ​នេះ គឺ​ជា​ការងារ​រដ្ឋបាល​ព្រៃ​ឈើ និង​សមត្ថកិច្ច​ទាំងអស់​ទេ ប៉ុន្តែ​យើង​មាន​ឆន្ទៈ​ចង់​ជួយ ដោយសារ​បទល្មើស​នេះ​វា​កើត​ឡើង​ខ្លាំង​ពេក​នៅ​ក្នុង​តំបន់​ព្រៃ​ឡង់។ អ្នក​ដែល​ជួយ​ទៅ​ជា​អ្នក​ដែល​មាន​ទោស ហើយ​អ្នក​ដែល​បំផ្លាញ​ទៅ​ជា​មនុស្ស​ល្អ គិត​ថា​វា​ផ្ទុយ​ខុស​ស្រឡះ​ជាមួយ​នឹង​ច្បាប់ វា​អស់​កម្លាំង​ធ្វើ​ការ។ យើង​ខំ​ប្រឹងប្រែង​ចាប់​ម៉ាស៊ីន​បាន វា​ផ្ទុយ​ទៅ​វិញ គឺ​សមត្ថកិច្ច​ដែល​គេ​មក​សាកសួរ សម្រាប់​ក្រុម​ពួក​ខ្ញុំ​នេះ​មាន​តែ​ការ​បន្ទោស មាន​តែ​ការ​រារាំង​ពួក​ខ្ញុំ​ទៅ​វិញ»

ឆ្លើយ​តប​បញ្ហា​នេះ អធិការ​ស្រុក​សណ្ដាន់ លោក អួង ម៉ាលី បាន​បដិសេធ​ថា កម្លាំង​សមត្ថកិច្ច​គ្រាន់​តែ​សាកសួរ មិន​មាន​បំណង​ឃាត់​ខ្លួន​អ្វី​នោះ​ទេ។ លោក​ថា សហគមន៍​នេះ​គ្មាន​ការ​ទទួល​ស្គាល់​តាម​ច្បាប់​ឡើយ ដែល​ទាមទារ​ឲ្យ​ពួក​គាត់​ផ្អាក​សកម្មភាព​ចុះ​ល្បាត​ក្នុង​ព្រៃ​មួយ​រយៈ​សិន៖ «គាត់​ធ្វើ​អី​កុំ​ឲ្យ​វា​ហួស​ហេតុ ឈើ​ដែល​បាន​តាម​ផ្លូវ​គ្រប​ទុក​យក​របស់​គេ ចូល​ភាព​បំផ្លិចបំផ្លាញ​ទ្រព្យ​សម្បត្តិ​អ្នក​ដទៃ។ តាម​ពិត យើង​ប្រជុំ​ជាមួយ​គាត់​កន្លង​មក គាត់​ត្រូវ​សហការ​ជាមួយ​យើង​ហើយ ប៉ុន្តែ​ធ្វើ​នេះ​ឲ្យ​មាន​ក្របខ័ណ្ឌ កុំ​ឲ្យ​ធ្វើ​អត់​មាន​ការ​ដឹក​នាំ ចេះ​តែ​នឹក​ឃើញ​ធ្វើ​វា​ខុស​ច្បាប់​ណា»

ទាក់ទង​បញ្ហា​នេះ មន្ត្រី​ស៊ើប​អង្កេត​ជាន់​ខ្ពស់​នៃ​អង្គការ​សិទ្ធិ​មនុស្ស​លីកាដូ (Licadho) លោក អំ សំអាត មាន​មតិ​ថា ការ​ចោទ​ប្រកាន់​របស់​អាជ្ញាធរ​ទៅ​លើ​សហគមន៍​នេះ គឺ​មិន​ត្រឹមត្រូវ​ទេ។ លោក​ថា នេះ គឺ​ជា​ការ​រារាំង​សកម្មភាព និង​គំរាម​កំហែង​សហគមន៍ តែ​ផ្ទុយ​ទៅ​វិញ គួរ​តែ​លើក​ទឹក​ចិត្ត​ប្រជាពលរដ្ឋ។

បណ្ដាញ​ការពារ​ព្រៃ​ឡង់​ដដែល លោក ហឿន សុភាព អះអាង​ថា ម៉ាស៊ីន​រណារ​យន្ត​ចំនួន ៥​គ្រឿង ដែល​ពួក​គាត់​ចាប់​បាន​នៅ​ពេល​នេះ គឺ​លោក​ដឹង​ថា​ជាប់​ពាក់ព័ន្ធ​មន្ត្រី​ប៉ូលិស និង​ប៉េអិម​នៅ​ស្រុក​សណ្ដាន់។ រីឯ​ឈើ និង​វត្ថុ​តាង​ផ្សេងៗ​ដែល​ចាប់​បាន នៅ​ពេល​សហគមន៍​ប្រគល់​ជូន​ស្ថាប័ន​ជំនាញ ច្រើន​ទៅ​ដល់​ដៃ​ជន​ល្មើស​វិញ។ ជាង​នេះ​ទៅ​ទៀត សហគមន៍​អស់​ជំនឿ​ទៅ​លើ​ការ​បង្ក្រាប​បទល្មើស​ព្រៃ​ឈើ​របស់​កម្លាំង​ជំនាញ​ថា​គ្មាន​ប្រសិទ្ធភាព ដោយសារ​តែ​ក្រុម​នោះ​បាន​ការពារ និង​យក​លុយ​ពី​ក្រុម​អ្នក​រក​ស៊ី​ឈើ​ទាំង​នោះ​ទៅ​វិញ។

ក្រៅ​អំពី​បណ្ដាញ​សហគមន៍​ការពារ​ព្រៃ​ឡង់​ខេត្ត​កំពង់ធំ ដែល​បាន​ចុះ​ល្បាត​ព្រៃ​ឈើ​នេះ សហគមន៍​ក្នុង​ខេត្ត​ចំនួន​បី​ទៀត គឺ​ខេត្ត​ក្រចេះ ស្ទឹងត្រែង និង​ខេត្ត​ព្រះវិហារ ក៏​បាន​ចុះ​ធ្វើ​សកម្មភាព​ដូច​គ្នា​ដែរ​ក្នុង​រយៈពេល​បី​ថ្ងៃ ចាប់​ពី​ថ្ងៃ​ទី​២៧ ដល់​ថ្ងៃ​ទី​២៩ ខែ​តុលា។

បណ្ដាញ​ការពារ​ព្រៃ​ឡង់​ទាំង​បួន​ខេត្ត ក៏​កំពុង​មាន​គម្រោង​ហែ​ក្បួន​ក្នុង​បំណង​ផ្សព្វផ្សាយ និង​ជំរុញ​ឲ្យ​រដ្ឋាភិបាល ទប់ស្កាត់​ការ​កាប់​បំផ្លាញ​ព្រៃ​ឈើ​នៅ​កម្ពុជា ដែល​កំពុង​រងគ្រោះ និង​ហិនហោច​ទៅៗ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖

ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។