ប្រជាសហគមន៍ការពារព្រៃឡង់ ស្រុកសណ្ដាន់ បានចោទសមត្ថកិច្ចថា មិនមានវិធានការបង្ក្រាបបទល្មើសព្រៃឈើឲ្យស្របតាមបទបញ្ជាប្រមុខដឹកនាំនោះទេ។
សកម្មជនការពារព្រៃឡង់រាប់រយនាក់មកពីខេត្ត ៤ មានខេត្តកំពង់ធំ ខេត្តក្រចេះ ខេត្តព្រះវិហារ និងខេត្តស្ទឹងត្រែង ត្រៀមចូលព្រៃឡង់ ដើម្បីរុករកបទល្មើសព្រៃឈើដែលឈ្មួញកំពុងធ្វើសកម្មភាពអនាធិបតេយ្យ។
តំណាងសហគមន៍ព្រៃឡង់ លោក ឈៀង វុទ្ធី បានឲ្យដឹងនៅថ្ងៃច័ន្ទ ទី៦ ខែឧសភា ថា បទល្មើសកាប់ព្រៃឈើនៅក្នុងតំបន់ព្រៃឡង់ នាស្រុកសណ្ដាន់ ខេត្តកំពង់ធំ បានបន្តកើតមានរាល់ថ្ងៃ។ លោកឲ្យដឹងថា រយៈពេល ៣ថ្ងៃ ដើមខែឧសភា ប្រជាសហគមន៍បាននាំគ្នាដើរល្បាតព្រៃឡង់ ហើយចាប់បានម៉ាស៊ីនអារឈើចំនួន ៥គ្រឿង យកទៅប្រគល់ជូននាយសង្កាត់រដ្ឋបាលព្រៃឈើសណ្តាន់ ជួយមានវិធានការបន្ត។
លោកចោទសមត្ថកិច្ចមួយចំនួននៅខេត្តកំពង់ធំ ថាទំនងជាអាចជាប់ពាក់ព័ន្ធ ឬនៅពីក្រោយវិនាសកម្មនៃបទល្មើសព្រៃឈើ ទើបសកម្មភាពនៃបទល្មើសព្រៃឈើបន្តកើតមាន និងគ្មានអាជ្ញាធរបង្ក្រាប៖ «ឃើញសកម្មភាពអារឈើអនាធិបតេយ្យនៅតំបន់ព្រៃឡង់ គឺមានច្រើន ហើយអាជ្ញាធរមិនដឹងជាគេគិតមានវិធានការយ៉ាងណាទេ បានជាបទល្មើសនៅតែបន្តអារនៅតំបន់ព្រៃឡង់»។
ទាក់ទិនបញ្ហានេះ លោក ឈឹម សាវុធ មន្ត្រីមជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជា ដែលបានចូលព្រៃជាមួយសកម្មជនព្រៃឡង់ នៅដើមខែឧសភា បានរកឃើញថា បទល្មើសព្រៃឈើកំពុងកើតមានក្នុងតំបន់ព្រៃឡង់ មានរូបភាពធ្ងន់ធ្ងរ។
លោកបន្តថា មជ្ឈមណ្ឌលកំពុងរៀបចំឯកសារដាក់ជូនទីស្ដីការគណៈរដ្ឋមន្ត្រី ក្រសួងកសិកម្ម ក្រសួងបរិស្ថាន និងខុទ្ទកាល័យលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ដើម្បីជួយចាត់វិធានការបង្ក្រាប។
លោករៀបរាប់ថា សកម្មភាពដឹកជញ្ជូនឈើតាមរថយន្តចេញពីព្រៃឡង់ មានមិនតិចជាង ១០គ្រឿងទេក្នុងមួយថ្ងៃៗ៖ «ដែលយើងស្គាល់ថា ជាក្រុមហ៊ុន ស៊ី.អរ.ស៊ី.ខេ (CRCK) សម្បទានដីសេដ្ឋកិច្ចហ្នឹង បច្ចុប្បន្នកំពុងសម្រុកដឹកឈើមូលចេញពីតំបន់ព្រៃឡង់ ចូលមកក្រុមហ៊ុន ហើយដឹកជញ្ជូនចេញតាមរថយន្តយីឌុប ប្រភេទពី ៤០ ទៅ ៥០គូបហ្នឹងតាមច្រកស្រុកសណ្ដាន់ ខ្លះ និងតាមច្រកកំពង់ថ្ម ខ្លះ។ ក្នុង១ថ្ងៃ១យប់អាចមានពី ៥ ទៅ ១០ ឬទៅដល់ ១៥ឡានធំ ដែលដឹកឈើចេញពីក្រុមហ៊ុន ស៊ី.អរ.ស៊ី.ខេ ជាប្រភេទឈើមូលហ្នឹង ហើយដោយឡែកយើងរកឃើញថា មានក្រុមហ៊ុនថ្មី១ទៀតដែលកំពុងតែដំណើរការហ្នឹង គឺមានម៉ាស៊ីនអារឈើចំនួន ៧គ្រឿង គឺកំពុងដាក់ឲ្យដំណើរការនៅក្នុងស្រុកសណ្ដាន់ ក្នុងឃុំមានឫទ្ធិ ជាប់ក្រុមហ៊ុន ស៊ី.អរ.ស៊ី.ខេ»។
លោកថា នៅប៉ុន្មានថ្ងៃទៀតនេះ សហគមន៍ព្រៃឡង់ មានគម្រោងប្រមូលផ្តុំប្រជាពលរដ្ឋចំនួន ៤ខេត្ត ចូលព្រៃឡង់ដើម្បីប្រមូលវត្ថុតាងនៃបទល្មើស ដើម្បីដាក់ជូនរាជរដ្ឋាភិបាលបានដឹងពីវិនាសកម្មនេះ។
លោក ឈឹម សាវុធ បន្តថា បើរដ្ឋាភិបាលពិតជាមានចេតនាទប់ស្កាត់បទល្មើសព្រៃឈើមែននោះ គួរបញ្ជូនមន្ត្រីជំនាញចុះទៅតំបន់ព្រៃឡង់ ដើម្បីស៊ើបអង្កេតឲ្យដឹងការពិត។
នាយសង្កាត់រដ្ឋបាលព្រៃឈើសណ្តាន់ ខេត្តកំពង់ធំ លោក តាន់ ផាន្នី បានទទួលស្គាល់ថា បទល្មើសព្រៃឈើព្រៃឡង់ ពិតជាបន្តកើតមាននៅខេត្តកំពង់ធំ។ ប៉ុន្តែលោកថា បទល្មើសនេះ មន្ត្រីជំនាញមិនព្រងើយកន្តើយទេ។
លោកបន្តថា កាលពីថ្ងៃទី៤ ខែសភា នេះ សង្កាត់រដ្ឋបាលព្រៃឈើសណ្តាន់ បានទទួលម៉ាស៊ីនអារឈើចំនួន ៥គ្រឿងពីប្រជាសហគមន៍ព្រៃឡង់ និងកំពុងសហការបង្ក្រាប៖ «បើគាត់ប្ដឹងមកយើង យើងដឹងកន្លែងហ្នឹងវាចាំបាច់ យើងនឹងចុះទៅភ្លាម។ ព្រោះគាត់ចុះថ្ងៃមុននោះ ខ្ញុំសួរគាត់ថា គាត់ជួបម៉ាស៊ីនតិចតួច និងច្រៀកឈើកំប៉ិកកំប៉ុកទេ។ ខ្ញុំថា បើវាកំប៉ិកកំប៉ុក គិតតាមកំប៉ិកកំប៉ុក បើថាវាធំដុំចាំគិតតាមហ្នឹងទៀត»។
បទល្មើសព្រៃឈើនេះ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានដាក់បទបញ្ជាឲ្យមន្ត្រីពាក់ព័ន្ធតាមខេត្តនានា ទប់ស្កាត់ឲ្យមានប្រសិទ្ធភាព។ បន្ថែមលើនេះ លោកបានព្រមានចាត់វិធានការទៅលើមន្ត្រីទាំងឡាយណាដែលជាប់ពាក់ព័ន្ធនឹងបទល្មើសព្រៃឈើ។
យ៉ាងណាក៏ដោយ គេសង្កេតឃើញថា បទល្មើសព្រៃឈើនៅតែបន្តកើតមានតាមខេត្តមួយចំនួនដដែល ហើយថា អ្នកនៅពីក្រោយបទល្មើសព្រៃឈើ ភាគច្រើនជាមន្ត្រីមានអំណាចក្នុងជួរកម្លាំងប្រដាប់អាវុធ មានប៉ូលិស កងរាជអាវុធហត្ថ និងមន្ត្រីយោធាជាដើម៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។