សកម្មជន​បរិស្ថាន​រក​ឃើញ​បទល្មើស​ព្រៃ​ឈើ​នៅ​តំបន់​ព្រៃ​ឡង់​និង​ព្រៃ​សហគមន៍​ខេត្ត​ស្ទឹងត្រែង

0:00 / 0:00

សកម្មជន​ការពារ​សង្គម និង​បរិស្ថាន​រក​ឃើញ​ថា សកម្មភាព​ទន្ទ្រាន​ព្រៃ​ឈើ​នៅ​តំបន់​ព្រៃ​ឡង់ និង​ព្រៃ​សហគមន៍​ជនជាតិ​ដើម​ភាគតិច​កួយ ខេត្ត​ស្ទឹងត្រែង នៅ​តែ​កើត​មាន​ដោយ​ពុំ​មាន​ការ​ទប់ស្កាត់​ពី​អាជ្ញាធរ​រដ្ឋាភិបាល​ឡើយ។ បញ្ហា​នេះ ពួក​គេ​ចាត់​ទុក​ថា អាជ្ញាធរ​មូលដ្ឋាន​ថ្នាក់​ក្រោម​ជាតិ និង​សមត្ថកិច្ច​ពាក់ព័ន្ធ​នៅ​ខេត្ត​ស្ទឹងត្រែង ហាក់​មិន​អើពើ​អនុវត្ត​បទបញ្ជា​ប្រមុខ​រដ្ឋាភិបាល​នោះ​ទេ នឹង​នាំ​ឲ្យ​ពលរដ្ឋ​អស់​ជំនឿ​លើ​ប្រសាសន៍​ប្រមុខ​រដ្ឋាភិបាល ហើយ​ជនជាតិ​ដើម​ភាគតិច​កួយ នៅ​តែ​រងគ្រោះ​ពី​ការ​បាត់បង់​ធនធាន​ធម្មជាតិ​ដដែល។

ការ​រក​ឃើញ​នេះ បន្ទាប់​ពី​ក្រុម​យុវជន​ការពារ​សង្គម និង​បរិស្ថាន បាន​ចុះ​ពិនិត្យ​ស្ថានភាព​ព្រៃ​ឈើ​ក្នុង​ស្រុក​ថាឡាបរិវ៉ាត់ ខេត្ត​ស្ទឹងត្រែង រយៈពេល​មួយ​ថ្ងៃ​កាល​ពី​ថ្ងៃ​ទី​៣០ សីហា ដើម្បី​ស៊ើប​អង្កេត​ពី​ទិដ្ឋភាព​ព្រៃ​ឈើ និង​ការ​យក​ចិត្ត​ទុក​ដាក់​អភិរក្ស​ព្រៃ​ឈើ​របស់​អាជ្ញាធរ​ពាក់ព័ន្ធ​ក្នុង​ខេត្ត​ស្ទឹងត្រែង ផ្អែក​តាម​ប្រសាសន៍​ប្រមុខ​រដ្ឋាភិបាល ដែល​ជំរុញ​ឲ្យ​អាជ្ញាធរ​មូលដ្ឋាន និង​ក្រសួង​ពាក់ព័ន្ធ​ចូលរួម​សហការ​អភិរក្ស​ព្រៃ​ឈើ​ឲ្យ​មាន​ប្រសិទ្ធភាព។

តំណាង​ក្រុម​យុវជន​ការពារ​សង្គម និង​បរិស្ថាន លោក ជុំ ហួត សម្ដែង​ការ​ខក​ចិត្ត​យ៉ាង​ខ្លាំង បន្ទាប់​ពី​ប្រសាសន៍​របស់​ប្រមុខ​រដ្ឋាភិបាល បង្គាប់​ឲ្យ​អាជ្ញាធរ​ថ្នាក់​ក្រោម​ជាតិ​ហាក់​មិន​បាន​អនុវត្ត​ឲ្យ​មាន​ប្រសិទ្ធភាព បង្ក​ឲ្យ​មាន​បទល្មើស​ព្រៃ​ឈើ​ទ្រង់ទ្រាយ​ធំ​នៅ​តែ​កើត​មាន។ លោក​ថា ក្រុម​យុវជន​ប្រទះ​ឃើញ​ឈ្មួញ​សម្រុក​កាប់​រំលំ​ដើម​ឈើ​ធំៗ ដើម្បី​យក​ដី​ប្រើប្រាស់​ផ្ទាល់​ខ្លួន និង​ធ្វើ​អាជីវកម្ម​នៅ​តំបន់​ព្រៃ​ឡង់ និង​ព្រៃ​សហគមន៍​អន្លង់​ក្រមួន អស់​រាប់​ពាន់​ហិកតារ ពុំ​មាន​ការ​ទប់ស្កាត់​ពី​សមត្ថកិច្ច និង​អាជ្ញាធរ​រដ្ឋាភិបាល​នោះ​ទេ។ លោក​បារម្ភ​ថា ចលនា​កាប់​ទន្ទ្រាន​នឹង​កាន់​តែ​រីក​ធំ​ឡើង បើ​ស្ថាប័ន​ជំនាញ​មិន​ចុះ​ទប់ស្កាត់​ឲ្យ​ទាន់​ពេល​ទេ៖ « គាត់​មាន​ប្រសាសន៍​ហើយ​មិន​បាន​អើពើ​តាមដាន​អ្វី​ដែល​កំពុង​កើត​ឡើង​ពី​ការ​កាប់​បំផ្លាញ​ព្រៃ​ឈើ​ទៀត។ ជនជាតិ​កួយ គាត់​ខំ​ការពារ​ណាស់ តែ​អ្វី​ដែល​គាត់​ការពារ បែរ​ជា​ត្រូវ​កាប់​បំផ្លាញ និង​មាន​ការ​គំរាម​កំហែង។ សូម​រដ្ឋាភិបាល​មេត្តា​គិតគូរ​ឡើង​វិញ ព្រៃ​ឈើ​របស់​ពួក​គាត់ និង​ជីវភាព​ពួក​គាត់​ដែល​នៅ​សេសសល់ »

ជនជាតិ​ដើម​ភាគតិច​កួយ រស់នៅ​ឃុំ​ស្រែឫស្សី ស្រុក​ថាឡាបរិវ៉ាត់ លោក ថាន់ វ៉ន់ ហាក់​មិន​អស់​ចិត្ត​ចំពោះ​អនុសាសន៍​ប្រមុខ​រដ្ឋាភិបាល ដែល​ប្ដេជ្ញា​អភិរក្ស​ព្រៃ​ឈើ​ជា​ថ្មី​នេះ គឺ​ហាក់​ពុំ​មាន​ឥទ្ធិពល​ជា​វិជ្ជមាន​ដល់​មន្ត្រី​ថ្នាក់​ក្រោម​ជាតិ និង​ស្ថាប័ន​ពាក់ព័ន្ធ អនុវត្ត​ឲ្យ​មាន​ប្រសិទ្ធភាព​ទេ។ លោក​មាន​សង្ឃឹម​តិចតួច​ណាស់​ថា អាជ្ញាធរ​នឹង​ស៊ើប​អង្កេត​ដោយ​ត្រឹមត្រូវ​ដើម្បី​ចាប់​ជន​ល្មើស​កាប់​ទន្ទ្រាន​ដី​ព្រៃ​អស់​រាប់​ពាន់​ហិកតារ និង​ព្រៃ​សហគមន៍​មក​ផ្ដន្ទាទោស​តាម​ច្បាប់ បើ​ទោះ​បី​មាន​បទបញ្ជា​ប្រមុខ​រដ្ឋាភិបាល​ក្តី។

លោក ថាន់ វ៉ន់ ចាត់​ទុក​ព្រៃ​ឈើ​ជា​អាយុ​ជីវិត​របស់​ជនជាតិ​ដើម​ភាគតិច​កួយ តាំង​ពី​ដើម​មក ដ្បិត​ការ​ចិញ្ចឹម​ជីវិត​ជនជាតិ​ដើម​ភាគតិច​កួយ បាន​មក​ពី​ព្រៃ​ឈើ ដូចជា​ដង​ជ័រ​ទឹក រក​ឃ្មុំ ដាក់​អន្ទាក់​សត្វ បេះ​បន្លែ​ផ្លែ​ឈើ និង​បោច​វល្លិ ជាដើម។ លោក​រិះគន់​អាជ្ញាធរ​មូលដ្ឋាន និង​រដ្ឋបាល​ព្រៃ​ឈើ ថា​មិន​បាន​យក​ចិត្ត​ទុក​ដាក់​ទប់ស្កាត់​បទល្មើស​ព្រៃ​ឈើ និង​អនុវត្ត​ច្បាប់​ព្រៃ​ឈើ​ឲ្យ​មាន​ប្រសិទ្ធភាព​ទេ ថែម​ទាំង​បណ្តោយ​ឲ្យ​ឈ្មួញ​កាប់​ទន្ទ្រាន​តាម​អំពើ​ចិត្ត។ លោក​អំពាវនាវ​ឲ្យ​រដ្ឋាភិបាល ផ្តល់​សិទ្ធិ​ឲ្យ​ជនជាតិ​ដើម​ភាគតិច​កួយ គ្រប់គ្រង​ដី​ព្រៃ​សហគមន៍​ភូមិ​អន្លង់ក្រមួន ស្រប​ច្បាប់ ខណៈ​ក្រុម​ឈ្មួញ​កំពុង​សម្រុក​កាប់​ដណ្ដើម​គ្នា​ឥត​ឈប់​ឈរ៖ « ព្រោះ​ព្រៃ​ឈើ​កន្លែង​នេះ​វា​ដូច្នេះ កន្លែង​ព្រៃ​ដែល​គេ​កាប់​ត្រូវ​កាប់​ហើយ​មិន​ថា​ទេ ហើយ​ព្រៃ​សហគមន៍​គោលការណ៍​ច្បាប់​ដែល​ខំ​ធ្វើ​ទាំងអស់​គ្នា ដើម្បី​ការពារ។ មើល​ទៅ​មេ​ភូមិ មេ​ឃុំ​របស់​ពួក​ខ្ញុំ​ដូច​មិន​អើពើ។ ពី​មុន​ថា​វា​ហី​ទៅ​ចុះ ! ឥឡូវ​សម្ដេច​គាត់​បើក​ភ្លើង​ខៀវ​ហើយ មិន​យក​ចិត្ត​ទុក​ដាក់​សម្ដេច​ផង »

អភិបាល​ស្រុក​ថាឡាបរិវ៉ាត់ លោក ថោង ស្រាន់ មិន​ធ្វើ​អធិប្បាយ​ករណី​នេះ​ទេ នៅ​ថ្ងៃ​ទី​៣១ សីហា ដោយ​លោក​ប្រាប់​ថា​កំពុង​ជាប់​ប្រជុំ។

ចំណែក​ប្រធាន​រដ្ឋបាល​សាលា​ស្រុក​ថាឡាបរិវ៉ាត់ លោក ថៃ អ៊ី មាន​ប្រសាសន៍​ថា អាជ្ញាធរ​ស្រុក​គ្មាន​ចេតនា​រារាំង​រាល់​ការ​ស្នើសុំ​បង្កើត​សហគមន៍​ការពារ​ព្រៃ​ឈើ​របស់​ជនជាតិ​ដើម​ភាគតិច​ទេ ប្រសិន​បើ​ការ​បង្កើត​នោះ​មាន​លក្ខណៈ​ត្រឹមត្រូវ និង​មិន​ប៉ះពាល់​ដល់​ដី​លំនៅឋាន​អ្នក​ភូមិ។ លោក​ថា អាជ្ញាធរ​ស្រុក​នឹង​ចុះ​ស៊ើប​អង្កេត​បញ្ហា​នេះ​នៅ​ពេល​ឆាប់ៗ​នេះ ហើយ​អាជ្ញាធរ​ខេត្ត​ក៏​គ្រោង​បង្កើត​ក្រុម​ការងារ​មួយ ដើម្បី​ពិនិត្យ​មើល​ទីតាំង​ដែល​សហគមន៍​ស្នើសុំ​ប្រើប្រាស់​ជា​ដី​សមូហភាព៖ « អភិបាល​ស្រុក​កំពុង​ចាត់​វិធានការ​ពិនិត្យ​ឡើង​វិញ​បញ្ហា​មួយ​ចំនួន​ហ្នឹង ដែល​កន្លង​មក​មាន​បញ្ហា​ច្រើន »

ស្ថាបនិក​បណ្ដាញ​ព្រះសង្ឃ​ឯករាជ្យ​ដើម្បី​យុត្តិធម៌​សង្គម រក​ឃើញ​ថា ចាប់​ពី​ឆ្នាំ​២០១៦ មក ភាព​អសកម្ម​របស់​សមត្ថកិច្ច និង​អាជ្ញាធរ​រដ្ឋាភិបាល​មាន​ពីរ​យ៉ាង គឺ​ប៉ះពាល់​ចំណូល​សេដ្ឋកិច្ច​ដែល​បាន​មក​ពី​បទល្មើស​ព្រៃ​ឈើ និង​ទី​២ ពុំ​មាន​ការ​ប្ដេជ្ញា​ចិត្ត​ពី​ក្រសួង​បរិស្ថាន និង​អាជ្ញាធរ​ពាក់ព័ន្ធ​ចំពោះ​ការ​ទប់ស្កាត់​បទល្មើស​ព្រៃ​ឈើ​ត្រូវ​ផ្ដន្ទាទោស​តាម​ច្បាប់។

ព្រះតេជព្រះគុណ ប៊ុត ប៊ុនតិញ មាន​ថេរ​ដីកា​ថា ប្រសិន​បើ​ការ​អនុវត្ត​ច្បាប់​ព្រៃ​ឈើ​មិន​បាន​ពេញលេញ​នោះ​ទេ មាន​ន័យ​ថា​នាយក​រដ្ឋមន្ត្រី​គ្មាន​លទ្ធភាព​ទប់ស្កាត់​បទល្មើស​ព្រៃ​ឈើ​ទេ។ លើស​ពី​នេះ ប្រសិន​បើ​ការ​ទប់ស្កាត់​បទល្មើស​ព្រៃ​ឈើ​ក្រោម​រូបភាព​កេង​ចំណេញ​នយោបាយ គឺ​គ្មាន​ប្រយោជន៍​ទេ នៅ​គ្រា​ដែល​អ្នក​ធ្វើ​កិច្ចការ​ក្រោម​ម្លប់​នយោបាយ ឬ​ចំណេញ​នយោបាយ តែងតែ​បិទ​ភ្នែក​មិន​អើពើ​ចំពោះ​រឿង​ដែល​ត្រឹមត្រូវ​ក្នុង​ការ​អភិរក្ស​ព្រៃ​ឈើ។ ព្រះតេជព្រះគុណ​ស្នើ​ឲ្យ​ក្រសួង​រៀបចំ​ដែនដី នគរូបនីយកម្ម និង​សំណង់ ធ្វើ​យ៉ាង​ណា​សហការ​ជាមួយ​ក្រសួង​បរិស្ថាន ពន្លឿន​ការ​ចុះ​បញ្ជី​ដី​ព្រៃ​សហគមន៍ ដើម្បី​ផ្តល់​ភាព​ងាយ​ស្រួល​ដល់​សហគមន៍​អភិរក្ស​ព្រៃ​ឈើ៖ « នាយក​រដ្ឋមន្ត្រី​បាន​ស្នើ​ឲ្យ​អាជ្ញាធរ​មូលដ្ឋាន មេត្តា​បញ្ឈប់​ជា​បន្ទាន់​ចំពោះ​ការ​យាយី ឬ​ការ​ប៉ុនប៉ង​សហគមន៍​ដែល​ធ្វើ​ការ​ដើម្បី​ប្រយោជន៍​ជាតិ នេះ​ជា​ប្រសាសន៍​នាយក​រដ្ឋមន្ត្រី​កាល​ពី​ថ្ងៃ​ទី​២២ ចម្រើន​ពរ។ ប្រសិន​បើ​អាជ្ញាធរ​មូលដ្ឋាន​នៅ​តែ​មិន​ស្តាប់​នាយក​រដ្ឋមន្ត្រី អាត្មា​គិត​ថា​នាយក​រដ្ឋមន្ត្រី​គ្រាន់​តែ​ជា​សត្វ​រងាវ »

ព្រះតេជព្រះគុណ ប៊ុត ប៊ុនតិញ ជំរុញ​ឲ្យ​ក្រសួង​បរិស្ថាន ពន្លឿន​សកម្មភាព​ការងារ​របស់​ខ្លួន​ទាក់ទិន​ការ​អភិរក្ស​ព្រៃ​ឈើ ដើម្បី​ទប់ស្កាត់​បទល្មើស​ព្រៃ​ឈើ​ឲ្យ​ទាន់​ពេលវេលា បើ​ពុំ​ដូច្នេះ​ទេ បទល្មើស​នឹង​កាន់​តែ​រីក​ធំ​ឡើង៖ « ដូច្នេះ​អាត្មា​សុំ​បិណ្ឌបាត​ទៅ​នាយក​រដ្ឋមន្ត្រី និង​ក្រសួង​បរិស្ថាន ថា​យើង​មិន​មែន​ធ្វើ​កិច្ចការ​ដើម្បី​សល់​ព្រៃ​ធនធាន​ធម្មជាតិ ធនធាន​របស់​ជាតិ​ក្នុង​រូបភាព​ម្លប់​នយោបាយ ឬ​ក៏​ក្រោម​ស្លាប​នយោបាយ​ទេ យើង​ធ្វើ​កិច្ចការ​នេះ​ដោយ​ស្មោះ​ចំពោះ​ប្រជាពលរដ្ឋ និង​ប្រជាជាតិ ទើប​ព្រៃ​ឈើ និង​ធនធាន​ធម្មជាតិ​របស់​ជាតិ​សល់ »

អតីត​មន្ត្រី​សម្របសម្រួល​អង្គការ​បណ្ដាញ​ការពារ​ទន្លេ​បី លោក មៀច មាន ធ្លាប់​ប្រាប់​អាស៊ីសេរី ថា សកម្មភាព​ទប់ស្កាត់​បទល្មើស​ព្រៃ​ឈើ​ធ្វើ​ទៅ​បាន ទាល់​តែ​មាន​បទបញ្ជា​ពី​នាយក​រដ្ឋមន្ត្រី ហើយ​កិច្ច​សហការ​ហាក់​មិន​បើក​ឱកាស​ឲ្យ​ទូលំទូលាយ។ ចំណែក​សកម្មភាព​ការងារ​មួយ​ចំនួន​របស់​អាជ្ញាធរ​ថ្នាក់​ក្រោម​ជាតិ គឺ​ធ្វើ​ឡើង​ដូចជា​ភ្លើង​ចំបើង ឬ​បាន​តែ​មួយ​ឆាវ៖ « ខ្ញុំ​មើល​ឃើញ​ថា យន្តការ​របស់​សម្ដេច​ដែល​បាន​ចេញ​កន្លង​មក​ហ្នឹង វា​មាន​ចំណុច​ល្អ ប៉ុន្តែ​សមត្ថភាព​កម្រិត​នៃ​ការ​អនុវត្ត​ច្បាប់ ឬ​ក៏​កម្រិត​នៃ​ការ​យល់​ដឹង​អ្វី​ផ្សេងៗ​របស់​មន្ត្រី​ថ្នាក់​ក្រោម​ជាតិ​នៅ​មាន​កម្រិត​នៅ​ឡើយ។ ទាក់ទង​ទៅ​នឹង​ផែនការ​ជាតិ​ក៏ដោយ ឬ​មួយ​ផែនការ​ជាតិ​ដែល​បាន​លើក​ឡើង​ដោយ​មន្ត្រី​ជំនាញ​ផ្សេងៗ​ដែល​ដាក់​ចុះ​ផែនការ​អនុវត្ត​ការ​សកម្មភាព គឺ​មិន​អនុវត្ត​បាន​ដោយសារ​ខ្វះ​កញ្ចប់​ថវិកា​ក៏​មាន​ដែរ »

ជនជាតិ​ដើម​ភាគតិច និង​អង្គការ​សង្គម​ស៊ីវិល​រក​ឃើញ​ថា ចលនា​កាប់​ទន្ទ្រាន​ដី​ព្រៃ​មក​ប្រើប្រាស់​ជា​សម្បត្តិ​ឯកជន និង​ធ្វើ​អាជីវកម្ម កំពុង​កើត​ឡើង​យ៉ាង​អនាធិបតេយ្យ​អស់​រាប់​ពាន់​ហិកតារ​នៅ​គ្រប់​ស្រុក​ទាំង​៥ នៃ​ខេត្ត​ស្ទឹងត្រែង ក្នុង​នោះ​ក៏​មាន​ការ​កាប់​បំផ្លាញ​ព្រៃ​សហគមន៍​ជនជាតិ​ដើម​ភាគតិច និង​ព្រៃ​ការពារ​ដែរ។

ប្រពៃណី​ចិញ្ចឹម​ជីវិត​របស់​ជនជាតិ​ដើម​ភាគតិច​កួយ ដូចជា​បោច​វល្លិ រក​ឃ្មុំ បរបាញ់​សត្វ បេះ​បន្លែ​ផ្លែ​ឈើ និង​ដង​ជ័រ ជាដើម។ ប្រពៃណី​នេះ គឺ​ជា​ដង្ហើម​នៃ​របរ​ចិញ្ចឹម​ជីវិត​របស់​ពលរដ្ឋ​ជនជាតិ​ដើម​ភាគតិច​កួយ តាំង​ពី​ដើម​មក។ ការ​ថែរក្សា​ព្រៃ​ឈើ​ឲ្យ​គង់វង្ស គឺ​ជា​បំណង​ប្រាថ្នា​របស់​ជនជាតិ​ដើម​ភាគតិច និង​ជា​ផ្នែក​មួយ​ជួយ​អភិរក្ស​បរិស្ថាន​ធម្មជាតិ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖

ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។