សកម្មភាព​កាប់​ឈើ​ខុស​ច្បាប់​កើន​ឡើង​នៅ​ខេត្ត​ពោធិ៍សាត់

សកម្មភាព​កាប់ និង​ដឹក​ជញ្ជូន​ឈើ​ខុស​ច្បាប់​នៅ​ឃុំ​ថ្មដា ស្រុក​វាលវែង ខេត្ត​ពោធិ៍សាត់ កំពុង​តែ​កក្រើក​ឡើង​ខ្លាំង ហើយ​ពុំ​មាន​អាជ្ញាធរ ឬ​មន្ត្រី​ជំនាញ​ណា​ចុះ​ទៅ​បង្ក្រាប​ឡើយ។ ប្រជាពលរដ្ឋ​រស់​នៅ​ភូមិ​មួយ​ចំនួន​នៃ​ឃុំ​ថ្មដា បាន​បញ្ជាក់​ថា ការ​កើន​ឡើង​នូវ​សកម្មភាព​រក​ស៊ី​ឈើ​ខុស​ច្បាប់ គឺ​បណ្ដាល​មក​ពី​អាជ្ញាធរ​ពាក់ព័ន្ធ និង​មន្ត្រី​ជំនាញ​មាន​ការ​ឃុបឃិត​គ្នា​ជា​មួយ​ក្រុមហ៊ុន អិម.ឌី.អែស (MDS) របស់​លោក​ឧកញ៉ា ទ្រី ភាព ដើម្បី​ប្រព្រឹត្ត​បទ​ល្មើស​នេះ។

0:00 / 0:00

ប្រភព​ព័ត៌មាន​ពី​ប្រជាពលរដ្ឋ​រស់​នៅ​ភូមិ​សង្គមថ្មី ភូមិ​កណ្ដាល និង​ភូមិ​ឯកភាព នៃ​ឃុំ​ថ្មដា បាន​ឲ្យ​ដឹង​ថា ឈើ​ប្រណីត​ជា​ច្រើន​ប្រភេទ ត្រូវ​បាន​ជន​ល្មើស​លួច​កាប់ និង​ដឹក​ចេញ​ស្ទើរ​រៀង​រាល់​ថ្ងៃ​ពី​តំបន់​ខ្សែ​ក្រវាត់​ព្រំដែន​ខ្មែរ-ថៃ និង​ពី​លើ​ភ្នំ​មួយ​ពាន់​ប្រាំ​រយ ព្រម​ទាំង​តំបន់​មួយ​ចំនួន​ទៀត​នៃ​ឃុំ​ថ្មដា ដើម្បី​នាំ​ចេញ​ទៅ​ខេត្ត​ត្រាត ប្រទេស​ថៃ និង​មួយ​ចំនួន​ទៀត បាន​ដឹក​ចូល​ស្ដុក​ទុក​ក្នុង​ដី​របស់​ក្រុមហ៊ុន អិម.ឌី.អែស។

ប្រជាពលរដ្ឋ​រស់​នៅ​ភូមិ​ឯកភាព លោក ជា សាយ័ន ថ្លែង​ថា ប្រភេទ​ឈើ​គ្រញូង និង​ប្រភេទ​ឈើ​មាន​តម្លៃ​ផ្សេង​ទៀត ភាគ​ច្រើន​ជន​ល្មើស​ធ្វើ​សកម្មភាព​នៅ​ពេល​យប់ និង​ពេល​ភ្លៀង​ធ្លាក់​ខ្លាំង៖ «វា​ទៅ​ឈូស​ឆាយ​អា​ធំៗ វា​ដក​ហូត​ពី​ប្រជាពលរដ្ឋ វា​ទៅ​ដាំ​កៅស៊ូ​ដាំ​អី។ ឥឡូវ​ហ្នឹង ឈើ​វា​ដឹក​រាល់​ថ្ងៃ ដល់​ពេល​ភ្លៀង​ធ្លាក់ វា​ដឹក​ចេញ ហើយ​ចាំ​បាច់​បំផុត​ដែល​ប្រជាពលរដ្ឋ​អត់​អាស្រ័យ​ផល គាត់​ទៅ​លួច​គ្រញូង​លួច​អី​បាន​មក ហើយ​ពេល​ណា​បាន​មក វា​ដក​យក​អា​ធំៗ​អស់ វា​ទុក​អា​កម្ទេច​កន្ទក់​ឲ្យ​លក់​ដោយ​ខ្លួន​ឯង និយាយ​ទៅ វា​ពុក​រលួយៗ​ហួស​ហេតុ»

លោក​បញ្ជាក់​ថា ជន​ល្មើស និង​អាជ្ញាធរ ព្រម​ទាំង​មន្ត្រី​ជំនាញ បាន​ត្រូវរ៉ូវ​គ្នា​ក្នុង​ការ​ប្រព្រឹត្ត​បទ​ល្មើស​ទាំង​នោះ និង​មាន​ការ​បើក​ដៃ​ពី​ប្រធាន​វារៈ​កង​ការពារ​ព្រំដែន ប្រចាំ​ការ​នៅ​ច្រក​ឃុំ​ថ្មដា លោក គួច សារឿន ហៅ ចុន។

ចំណែក​ពលរដ្ឋ​រស់​នៅ​ភូមិ​សង្គមថ្មី ដែល​ថ្លែង​សុំ​មិន​បញ្ចេញ​ឈ្មោះ បញ្ជាក់​ថា ជន​ល្មើស​បាន​ធ្វើ​សកម្មភាព​រក​ស៊ី​ឈើ​ប្រណីត​ខុស​ច្បាប់​ស្ទើរ​កើត​មាន​នៅ​ទូទាំង​ឃុំ​ថ្មដា ក៏ប៉ុន្តែ ពុំ​មាន​អាជ្ញាធរ ឬ​មន្ត្រី​ជំនាញ​ណា​ហ៊ាន​ចុះ​មក​បង្ក្រាប​ឡើយ៖ «ចំណុច​ដែល​ដឹង ឃើញ​ចេញ​ពី​ផ្លូវ​អូរដើមគរ ហ្នឹង ស្រប​មាត់​ស្ទឹង​ម្កាក់ ស្ទឹង​អី​ហ្នឹង វា​ចម្រុះ គេ​ដឹក​ជញ្ជូន​ពី​ព្រៃៗ​មក​បន្តៗ​មក​ដល់​ជិត​ស្ទឹង​ហ្នឹង គេ​ដាក់​ឡាន​ចម្លង​យក​មក។ គេ​ធ្វើ​បាន​គ្រញូង​ខុស​ច្បាប់ ចំណែក​ប្រជាពលរដ្ឋ​កាប់​ព្រៃ​របស់​បន្តិចបន្តួច​សម្រាប់​ដាំ​ដំណាំ ហើយ​និង​ធ្វើ​ផ្ទះ​ខ្ទម​តិចតួច​មិន​បាន​ហ្នឹង ខ្ញុំ​ចង់​សំណូម​ពរ​ទៅ​រដ្ឋាភិបាល​ឲ្យ​បាន​ដឹង​ឮ​ដែល​ធ្វើ​បាប​ប្រជាពលរដ្ឋ​ជា​រៀង​រាល់​ថ្ងៃ​នេះ សូម​ឲ្យ​ចុះ​មក​មើល​ជាក់ស្ដែង ទៅ​សំណូម​ពរ​តែ​ប៉ុណ្ណឹង​ទេ កុំ​ធ្វើ​បាប​ប្រជាពលរដ្ឋ»

ទាក់ទង​នឹង​បញ្ហា​នេះ មេ​ឃុំ​ថ្មដា លោក ព្រំ ង៉ុន មាន​ប្រសាសន៍​បែប​ស្ទាក់ស្ទើរ​ថា នៅ​ក្នុង​ឃុំ​ថ្មដា ពុំ​មាន​បទ​ល្មើស​ព្រៃ​ឈើ ឬ​ការ​ជួញ​ដូរ​ឈើ​គ្រញូង​ដូច​ការ​ចោទ​ប្រកាន់​របស់​ប្រជាពលរដ្ឋ​នោះ​ទេ ដោយសារ​ថា នៅ​ក្នុង​ឃុំ​របស់​លោក​អស់​ប្រភេទ​ឈើ​ដែល​មាន​តម្លៃ​ហើយ ហើយ​នៅ​ក្នុង​ដី​សម្បទាន​សេដ្ឋកិច្ច​របស់​ក្រុមហ៊ុន អិម.ឌី.អែស ក៏​មាន​សុទ្ធតែ​ព្រៃ​សឹករិចរិល​ហើយ​ដែរ៖ «នៅ​ជាប់​ដី​ថៃ វា​អត់​មាន​ឈើ​គ្រញូង​អី​ផង​ហ្នឹង មាន​ក៏​តិចតួច មាន​ឯ​ណា​បើ​ព្រៃ​ជាប់​នឹង​ថៃ ហើយ​វា​មាន​អី​ច្រើន។ អា​នេះ​ខាង​ខ្ញុំ​ក៏​មិន​ក្ដាប់​មិន​បាន​ដែរ​អូន! អា​រឿង​បញ្ហា​ការ​ឃុបឃិត​គ្នា​អី​ម៉េច​ម៉ា ហើយ​ខាង​អ៊ំ​នេះ​ក៏​មិន​មាន​អី​ទាក់ទិន​នឹង​បញ្ហា​នេះ​ដែរ»

វិទ្យុ​អាស៊ីសេរី មិន​អាច​ទាក់ទង​នាយ​ខណ្ឌ​រដ្ឋបាល​ព្រៃ​ឈើ​ខេត្ត​ពោធិ៍សាត់ លោក ខឹម ចន្ថា និង​ប្រធាន​វរ​កង​ការពារ​ព្រំដែន​ឃុំ​ថ្មដា លោក គួច សារឿន ព្រម​ទាំង​មន្ត្រី​ពាក់ព័ន្ធ​មួយ​ចំនួន ដើម្បី​សុំ​ការ​ពន្យល់​បន្ថែម​ជុំវិញ​បញ្ហា​នេះ​បាន​ទេ នៅ​ថ្ងៃ​ទី​៧ ខែ​តុលា។

មន្ត្រី​សម្រប​សម្រួល​សមាគម​អាដហុក (Adhoc) ប្រចាំ​ខេត្ត​ពោធិ៍សាត់ លោក ភួង សុធា ថ្លែង​ថា កាល​ពី​ចុង​ខែ​មីនា ឆ្នាំ​២០១៣ កន្លង​ទៅ លោក និង​ក្រុម​ការងារ​ធ្លាប់​បាន​ចុះ​ទៅ​ស៊ើប​អង្កេត​ករណី​ដីធ្លី​ផ្ទាល់​ដល់​តំបន់​នោះ ហើយ​នៅ​អំឡុង​ពេល​នៃ​ការ​ស៊ើប​អង្កេត លោក​ក៏​បាន​ប្រទះ​ឃើញ​បទ​ល្មើស​ឈើ​ប្រណីត​មួយ​ចំនួន​ផង​ដែរ៖ «បទ​ល្មើស​នៅ​ពោធិ៍សាត់ នេះ​គឺ​មាន​ទំហំ​ធំ​ធេង​មែន​ទែន ហើយ​ដូច​ជា​អត់​មាន​ការ​យក​ចិត្ត​ទុក​ដាក់​ពី​មន្ត្រី​អាជ្ញាធរ​ទេ ហើយ​បើ​មាន​ការ​ទប់ស្កាត់​ក៏​មាន​ការ​ទប់ស្កាត់​តិចតួច​ដែរ»

លោក​បញ្ជាក់​ថា ក្រុម​ប្រជាពលរដ្ឋ​ដែល​បាន​ប្រទះ​ឃើញ​បទ​ល្មើស​ព្រៃ​ឈើ និង​ចង់​ការពារ​ធនធាន​ធម្មជាតិ​នៅ​ក្នុង​សហគមន៍​របស់​ខ្លួន ជា​ពិសេស​នៅ​ស្រុក​ភ្នំក្រវាញ និង​ស្រុក​វាលវែង ភាគ​ច្រើន​ពួក​គាត់​មិន​ហ៊ាន​ប្ដឹង​ទៅ​អាជ្ញាធរ ឬ​មន្ត្រី​ជំនាញ​ឲ្យ​ទប់ស្កាត់​នោះ​ទេ ដោយ​ពួក​គាត់​ដឹង​ថា មន្ត្រី​ទាំង​នោះ​មាន​ជាប់​ពាក់ព័ន្ធ​ទៅ​នឹង​បទ​ល្មើស​ព្រៃ​ឈើ។

មន្ត្រី​សម្រប​សម្រួល​គម្រោង​នៃ​មជ្ឈមណ្ឌល​សិទ្ធិ​មនុស្ស​កម្ពុជា លោក ឈឹម សាវុធ បាន​ថ្លែង​ប្រាប់​វិទ្យុ​អាស៊ីសេរី ពី​កណ្ដាល​ព្រៃ​ឡង់​មក​ថា បទ​ល្មើស​ព្រៃ​ឈើ​បាន​កក្រើក​ឡើង​យ៉ាង​ខ្លាំង​នៅ​ទូទាំង​ប្រទេស​កម្ពុជា ចាប់​តាំង​ពី​មុន​ពេល​នៃ​ការ​បោះ​ឆ្នោត​មក ហើយ​ភាគ​ច្រើន​នៃ​អ្នក​ប្រព្រឹត្តិ​បទ​ល្មើស​ទាំង​នោះ គឺ​ជា​មន្ត្រី​កម្លាំង​ប្រដាប់​អាវុធ និង​អ្នក​មាន​លុយ និង​អំណាច៖ «ខ្ញុំ​គ្រាន់​តែ​និយាយ​ចុង​ក្រោយ ហើយ​ផ្ដាំ​ផ្ញើ​ទាំងអស់​បង​ប្អូន​ទូទាំង​ប្រទេស ក៏​ដូច​ជា​អ្នក​នៅ​អន្តរជាតិ ឲ្យ​បាន​ជ្រាប​ថា ព្រៃ​ឈើ​នៅ​ស្រុក​ខ្មែរ​ក្នុង​រយៈពេល​យ៉ាង​យូរ​បំផុត​បើ​និយាយ​ពី​ឈើ​ប្រណីត​នៅ​ទាំង​រតនគិរី ទាំង​ដែន​ជម្រក​សត្វ​សម្កុះ ទាំង​នៅ​ព្រៃ​ឡង់ យ៉ាង​យូរ​បំផុត​រយៈពេល ៣​ខែ​ទៀត បើ​គ្មាន​វិធាន​ការ​ទប់ស្កាត់​ជា​បន្ទាន់ ហើយ​មាន​ប្រសិទ្ធភាព​ទេ នឹង​រលាយ​អស់​ជា​ស្ថាពរ​ពី​ក្នុង​ព្រៃ​តែ​ម្ដង។ អា​ហ្នឹង​ជា​ជំពូក​ឈើ​ប្រណីត»

លោក ឈឹម សាវុធ បញ្ជាក់​ថា ធនធាន​ធម្មជាតិ និង​ប្រភេទ​ឈើ​ប្រណីត​គ្រប់​ប្រភេទ​នៅ​កម្ពុជា នឹង​វិនាស​ហិនហោច​ក្នុង​រយៈពេល​ដ៏​ខ្លី​ខាង​មុខ ប្រសិន​បើ​អាជ្ញាធរ​នៅ​តែ​បណ្ដែត​បណ្ដោយ​ត​ទៅ​ទៀត។ ដោយ​លោក​បាន​លើក​យក​ឧទាហរណ៍​នូវ​បទ​ល្មើស​មួយ​ករណី នៅ​ឃុំ​ដងកាំបិត ស្រុក​សណ្ដាន់ ខេត្ត​ក្រចេះ ដែល​ប្រជា​សហគមន៍​ចាប់​បាន​ឈើ​ជាច្រើន​ប្រភេទ​សរុប​ជិត ១០០​ម៉ែត្រ​គូប នៅ​ថ្ងៃ​ទី៧ ខែ​តុលា៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖

ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។