ពលរដ្ឋ​អះអាង​ថា​សមត្ថកិច្ច​មិន​ទប់ស្កាត់​សកម្មភាព​កាប់​ឈើ​នៅ​ពោធិ៍សាត់

0:00 / 0:00

សកម្មភាព​កាប់​បំផ្លាញ​ព្រៃ​ឈើ​នៅ​តំបន់​មួយ​ចំនួន​នៃ​ស្រុក​ក្រគរ ខេត្ត​ពោធិ៍សាត់ កាន់​តែ​កើត​មាន​ច្រើន​ឡើង​ពី​មួយ​ថ្ងៃ​ទៅ​មួយ​ថ្ងៃ។ ប្រជាពលរដ្ឋ​ក្នុង​មូលដ្ឋាន​អះអាង​ថា សកម្មភាព​កាប់​ឈើ​នេះ​មាន​ប្រើ​រណារ​ង៉ោង​រាប់​សិប​គ្រឿង លាន់​កង​រំពង​ពេញ​ព្រៃ ប៉ុន្តែ​ខាង​អាជ្ញាធរ និង​មន្ត្រី​ជំនាញ​មាន​សមត្ថកិច្ច​មិន​អើពើ ឬ​មិន​មាន​វិធានការ​ទប់ស្កាត់​ចំពោះ​បញ្ហា​នេះ​ឡើយ។

ប្រជាពលរដ្ឋ​រស់នៅ​ស្រុក​ក្រគរ ឲ្យ​ដឹង​នៅ​ថ្ងៃ​ទី​២៩ ខែ​តុលា ថា រទេះ​គោយន្ត​ប្រដាប់​ដោយ​ម៉ាស៊ីន​អារ​ឈើ ឬ​រណារ​យន្ត ឬ​រណារ​ង៉ោង​ប្រមាណ​ជា ២០​គ្រឿង​ក្នុង​មួយ​ថ្ងៃៗ បាន​សម្រុក​ចូល​កាប់​ឈើ​គ្រប់​ប្រភេទ នៅ​ចំណុច​ភ្នំ​តាកុច ភ្នំ​អូរធំ និង​ចំណុច​ភ្នំ​ខុស នៃ​ឃុំ​ស្វាយស ស្រុក​ក្រគរ។ ក្រុម​អ្នក​កាប់​ឈើ ភាគ​ច្រើន​មក​ពី​ខេត្ត​កំពង់ឆ្នាំង កំពង់ស្ពឺ និង​ពី​តាម​ស្រុក​នានា​នៃ​ខេត្ត​ពោធិ៍សាត់។

ពលរដ្ឋ​ម្នាក់​ដែល​ថ្លែង​ក្នុង​លក្ខខណ្ឌ​សុំ​មិន​បញ្ចេញ​ឈ្មោះ​បញ្ជាក់​ថា សកម្មភាព​កាប់​បំផ្លាញ និង​ធ្វើ​អាជីវកម្ម​ប្រភេទ​ឈើ​ផ្ចឹក ធ្នង់ ឧស​ស្ទែរ និង​ប្រភេទ​ឈើ​ដំ​សម្បក បាន​កើត​ឡើង​ជាច្រើន​ឆ្នាំ​មក​ហើយ​នៅ​ក្នុង​មូលដ្ឋាន​របស់​គាត់ ប៉ុន្តែ​ក្នុង​រយៈពេល​ចុង​ក្រោយ​នេះ ក្រុម​ឈ្មួញ​បាន​បង្កើត​ដេប៉ូ​ទិញ​ប្រភេទ​ឈើ​ចម្រុះ​ចំនួន ១០​កន្លែង​ទៀត នៅ​ក្នុង​ទឹក​ដី​ឃុំ​ស្វាយស និង​ឃុំ​ឈើតុំ។

លោក​បន្ត​ថា កន្លង​ទៅ​លោក​ធ្លាប់​ប្ដឹង​បញ្ហា​នេះ​ដល់​អាជ្ញាធរ​មូលដ្ឋាន​ដែរ ប៉ុន្តែ​ត្រូវ​គេ​បដិសេធ និង​ឆ្លើយ​តប​ថា​ពុំ​មាន​សមត្ថភាព​អាច​ទប់ស្កាត់​បាន។ អ្នក​ភូមិ​កំពុង​ព្រួយ​បារម្ភ​ចំពោះ​ការ​បាត់​បង់​ព្រៃ​ឈើ​អាស្រ័យ​ផល និង​ឈើ​សម្រាប់​ធ្វើ​ផ្ទះ​សម្បែង​នា​ថ្ងៃ​អនាគត៖ «សំខាន់ ខ្ញុំ​ទាក់ទង​ជាមួយ​អាជ្ញាធរ​ខ្លាំង​ជាង​គេ ខ្ញុំ​មាន​ការ​អី។ ខ្ញុំ​ក៏​ក្នុង​នាម​ខ្ញុំ​ធ្វើ​ការ តែ​ខ្ញុំ​ទៅ​សុំ​គាត់ៗ មួយ​ឆ្លើយ​ដាក់​មួយៗ​អ៊ីចឹង​ទៅ ម្ល៉ោះ​ហើយ​ខ្ញុំ​មិន​ដឹង​ទៅ​គិត​យ៉ាង​ម៉េច ចង់​បបួល​ពលរដ្ឋ​ធ្វើ​បាតុកម្ម​ក៏​មិន​ហ៊ាន ម្ល៉ោះ​ហើយ​ខ្ញុំ​នឹក​ឃើញ​មាន​តែ​ឲ្យ​បង​ជួយ​ផ្សព្វផ្សាយ​ទៅ​ប្រមុខ​រដ្ឋាភិបាល ដើម្បី​ដាក់​កម្លាំង​មក​ជួយ​បង»

ទាក់ទង​បញ្ហា​នេះ ប្រធាន​មន្ទីរ​បរិស្ថាន​ខេត្ត​ពោធិ៍សាត់ លោក ថៃ ចន្ថា មិន​ធ្វើ​អត្ថាធិប្បាយ​អ្វី​ឡើយ ក្រោម​ហេតុផល​ទូរស័ព្ទ​ពិបាក​ទាក់ទង រួច​ក៏​ចុច​ផ្ដាច់​ការ​សន្ទនា​តែ​ម្ដង។

ប៉ុន្តែ ជំទប់​ទី​១​ឃុំ​ស្វាយស លោក ចាន់ សៃ ទទួល​ស្គាល់​ថា សកម្មភាព​កាប់​ឈើ​ពិត​ជា​កើត​មាន​ខ្លះ​មែន​នៅ​ក្នុង​ឃុំ​របស់​លោក តែ​ពុំ​មាន​ច្រើន​នោះ​ទេ ដោយ​អ្នក​កាប់​ភាគ​ច្រើន សម្រុក​ហួស​ទៅ​កាប់​នៅ​ចំណុច​រាំង​ខ្វាវ នៃ​ឃុំ​សន្ទ្រែ ស្រុក​ភ្នំក្រវាញ។ លោក​ថា កាល​ពី​ពេល​ថ្មីៗ​នេះ អាជ្ញាធរ​បាន​ចុះ​ធ្វើ​កិច្ចសន្យា​បញ្ឈប់​សកម្មភាព​កាប់​បំផ្លាញ​ព្រៃ​ឈើ​ដោយ​រណារ​យន្ត ឬ​រណារ​ង៉ោង​ចំនួន ៣៦​គ្រឿង។

ប្រធាន​អង្គការ​ការពារ​ធនធាន​ធម្មជាតិ លោក ឈឹម សាវុធ ធ្លាប់​បញ្ជាក់​ថា សកម្មភាព​កាប់​បំផ្លាញ​ព្រៃ​ឈើ ពិត​ជា​បាន​ប្រព្រឹត្ត​ដោយ​ប្រជាពលរដ្ឋ​មែន ប៉ុន្តែ​ក្រុម​ឈ្មួញ ឬ​អ្នក​មាន​លុយ និង​មាន​អំណាច​ទេ ដែល​ជា​អ្នក​ផ្ដើម​ក្នុង​ការ​កាប់​បំផ្លាញ​ធនធាន​ធម្មជាតិ តាម​រយៈ​ការ​ផ្ដល់​សម្ភារៈ ឬ​ដើរ​ប្រមូល​ទិញ​ឈើ​ទាំង​នោះ​ពី​ប្រជាពលរដ្ឋ។ សកម្មភាព​ទាំង​នេះ អាជ្ញាធរ និង​មន្ត្រី​ពាក់ព័ន្ធ ទប់ស្កាត់​ពុំ​មាន​ប្រសិទ្ធភាព​ឡើយ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖

ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។